រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃសៅរ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងនាំគ្នាស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ! ចូរយើងនាំគ្នាចូលមកសម្រាកនៅក្រោមម្លប់បារមីរបស់ព្រះអង្គ!
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩២
ចូរកោតសរសើរព្រះជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់
ចូរច្រៀងកោតសរសើរអំពីកិច្ចការប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។
បន្ទរទី១ ៖ ទូលបង្គំស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយក៏ប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក។
| ២ | បពិត្រព្រះអម្ចាស់ ! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់ ស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ ! |
| ៣ | ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់ |
| ៤ | ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។ |
| ៥ | បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់ ទូលបង្គំសប្បាយចិត្តយ៉ាងខ្លាំងនឹងស្នាព្រះហស្តរបស់ព្រះអង្គ។ |
| ៦ | បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ! |
| ៧ | មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។ |
| ៨ | មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។ |
| ៩ | រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច! |
| ១០ | បពិត្រព្រះអម្ចាស់! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ |
| ១១ | ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ |
| ១២ | ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ |
| ១៣ | មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត ហើយចម្រើនធំឡើងដូចដើមគគីរ។ |
| ១៤ | ពួកគេប្រៀបបាននឹងដើមឈើដុះនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គេលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៃយើង |
| ១៥ | ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។ |
| ១៦ | ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយក៏ប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក។
បទលើកតម្កើងតាមព្យាការីអេសេគីអែល (អគ ៣៦,២៤-២៨)
ព្រះជាម្ចាស់នឹងបង្កើតប្រជារាស្រ្តសាជាថ្មី
ព្រះពន្លារបស់ព្រះជាម្ចាស់ ស្ថិតនៅជាមួយមនុស្សលោកហើយ !
ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ (វវ ២១,៣)។
បន្ទរទី២ ៖ យើងនឹងប្រគល់ចិត្តគំនិតថ្មីឱ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។
(បទពាក្យ ៧)
| ២៤- | យើងនឹងនាំយកអ្នករាល់គ្នា | ចេញពីប្រជាជាតិទាំងឡាយ | |
| ប្រមូលមិនឱ្យនៅរាយប៉ាយ | ពីស្រុកជិតឆ្ងាយមកមាតុភូមិ | ។ | |
| ២៥- | យើងនឹងប្រោះទឹកបរិសុទ្ធ | លើអ្នកប្រាកដដោយថ្នាក់ថ្នម | |
| ជំរះឱ្យអ្នកស្អាតទាំងព្រម | ផុតពីសៅហ្មងផងទាំងឡាយ | ។ | |
| លែងឱ្យអ្នករាល់គ្នាជាប់ចិត្ត | លើព្រះមិនពិតព្រះក្លែងក្លាយ | ||
| ឱ្យអ្នកផុតទុក្ខជួបសប្បាយ | ក្តីសោកទាំងឡាយវិនាសបង់ | ។ | |
| ២៦- | យើងនឹងប្រគល់ចិត្តគំនិត | ថ្មីល្អប្រណីតវិញ្ញាណផង | |
| ដកចិត្តដូចថ្មរឹងកន្លង | ផ្លាស់ប្តូរវិញម្តងចេះមេត្តា | ។ | |
| ២៧- | យើងដាក់វិញ្ញាណយើងទៅក្នុង | អ្នករាល់គ្នាផងមិនរួញរា | |
| ឱ្យអ្នកធ្វើតាមបទបញ្ជា | វិន័យធម្មាដំបូន្មាន | ។ | |
| ២៨- | អ្នករាល់គ្នានឹងរស់ក្នុងស្រុក | ជួបតែក្តីសុខមិនរំខាន | |
| ទឹកដីដែលយើងបានប្រទាន | ឱ្យទៅតាដូនរបស់អ្នក | ។ | |
| ហើយយើងនឹងព្រមទទួលយក | អ្នកទាំងអស់មកប្រាកដជាក់ | ||
| ធ្វើជារាស្ត្រយើងគ្មានសល់ម្នាក់ | ព្រោះយើងជាព្រះអ្នកឯងហើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ៨
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត
ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ (អភ ១,២២)។
បន្ទរទី៣ ៖ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ។
| ២ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត!។ |
| ៣ | ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។ |
| ៤ | ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ |
| ៥ | ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? |
| ៦ | ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។ |
| ៧ | ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ |
| ៨ | គឺទាំងចៀមទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន |
| ៩ | ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ |
| ១០ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,១៣-១៤)
យើងទន្ធឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលប្រកបដោយសេចក្តីសុចរិត តាមព្រះបន្ទូលសន្យា។ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ! ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំកិច្ចការទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឱ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។
បន្ទរ៖ ចូរច្រៀងតម្កើងព្រះអង្គដោយអំណរ *ចូរស្មូតទំនុកតម្កើងថ្វាយព្រះអង្គ!។ បន្ទរឡើងវិញ៖…
-ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ សូមព្រះអង្គតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្ដីសុខសាន្ត។
ពាក្យអង្វរសកល
ចូរយើងលើកតម្កើងព្រះជាម្ចាស់ ដែលបានប្រទានសេចក្តីសង្ឃឹម និងជីវិតដល់ពិភពលោក តាមរយៈព្រះបុត្រាព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយចិត្តរាបសារថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះសណ្តាប់យើងខ្ញុំផង !
បពិត្រព្រះបិតា ជាព្រះអម្ចាស់នៃអ្វីៗទាំងអស់ ! ព្រះអង្គបាននាំយើងខ្ញុំមកកាន់ថ្ងៃថ្មីនេះ
—សូមប្រោសឱ្យយើងខ្ញុំរស់នៅរួមជាមួយព្រះគ្រីស្ត និងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបានចាក់បង្ហូរនូវជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ដល់យើងខ្ញុំ
—សូមព្រះអង្គរក្សាទុកព្រះអំណោយទានទាំងនេះ ក្នុងដួងចិត្តយើងខ្ញុំផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! សូមឱ្យកែវភ្នែករបស់យើងខ្ញុំសម្លឹងមើលព្រះអង្គជានិច្ច
—ដើម្បីឱ្យយើងខ្ញុំឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គផង។ (បន្ទរ)
សូមព្រះអង្គការពារយើងខ្ញុំឱ្យចាកផុតពីអន្ទាក់ និងការល្បួងរបស់មារ
—សូមរក្សាជំហានយើងខ្ញុំ កុំឱ្យជំពប់ដួលឡើយ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គជាពន្លឺដ៏ពិតប្រាកដ ដែលភ្លឺត្រចះត្រចង់ គ្មានថ្ងៃបញ្ចប់ឡើយ។ សូមឱ្យរស្មីនៃការយាងមករបស់ព្រះអង្គ បណ្តេញភាពងងឹតនៃអំពើបាបចេញពីចិត្តគំនិតរបស់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

