រដូវធម្មតា សប្ដាហ៍ទី២ ថ្ងៃអង្គារ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះដ៏ប្រសើរឧត្ដម។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤៣
ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឱ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត (យហ ១២,៤៦)។
បន្ទរទី១ ៖ សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ។
| ១ | ឱព្រះជាម្ចាស់អើយ ! សូមរកយុត្តិធម៌ឱ្យទូលបង្គំផង ! សូមកាន់ក្តីទូលបង្គំ តទល់នឹងមនុស្សទមិឡ ! សូមរំដោះទូលបង្គំឱ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។ |
| ២ | បពិត្រព្រះជាម្ចាស់នៃទូលបង្គំ! ព្រះអង្គជាកំពែងការពារទូលបង្គំ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គត្រូវមុខស្រពោន ដោយខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ? |
| ៣ | សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ ឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ! |
| ៤ | ទូលបង្គំនឹងទៅដល់អាសនៈរបស់ព្រះអង្គ ជាប្រភពនៃអំណរដ៏លើសលប់របស់ទូលបង្គំ។ ឱព្រះជាម្ចាស់ ជាព្រះនៃទូលបង្គំអើយ ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសម្លេងពិណ ! |
| ៥ | ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!” ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៨,១០-១៤.១៧-២០)
ទុក្ខសោករបស់មនុស្សស្លាប់ និងសេចក្តីរីករាយនៅពេលប្រោសឱ្យជាឡើងវិញ
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។
យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ ( វវ ១,១៨)។
បន្ទរទី២ ៖ ព្រះអម្ចាស់នឹងថែរក្សាការពារយើងខ្ញុំជារៀងរាល់ថ្ងៃ អស់មួយជីវិត។
(បទកាកគតិ)
| ១០- | ខ្ញុំនឹកគិតថា | នឹងមានវាសនា | រស់ពាក់កណ្តាល |
| អាយុនៃមនុស្ស | មិនត្រេកត្រអាល | នៅស្ថានកណ្តាល | |
| ទៅទៀតបានឡើយ | ។ | ||
| ១១- | ខ្ញុំនឹកគិតថា | លែងឃើញភក្រ្តា | អម្ចាស់ទៀតហើយ |
| លែងឃើញទាំងមុខ | លែងទាំងឆ្លងឆ្លើយ | មនុស្សម្នាអើយ | |
| ខ្ញុំលាក្សិណក្ស័យ | ។ | ||
| ១២- | ជីវិតខ្ញុំត្រូវ | ឃ្លាតចាកឆ្ងាយទៅ | ផុតអាយុខៃ |
| ដូចជាគង្វាល | រើគ្មានសំចៃ | ជំរំអាស្រ័យ | |
| ស្នាក់នៅពេលមុន | ។ | ||
| ព្រះម្ចាស់ធ្វើឱ្យ | ជីវិតខ្ញុំផុយ | នាពេលសាយ័ណ្ហ | |
| ដូចជាងតម្បាញ | ត្បាញចប់គ្រប់គ្រាន់ | រូតរះបន្ទាន់ | |
| មូរក្រណាត់ទុក | ។ | ||
| ១៣- | ខ្ញុំត្រូវវិនាស | មុនពេលថ្ងៃរះ | នៅមិនស្រណុក |
| ឈឺពេញទាំងកាយ | រស់ដូចទូលទុក្ខ | ដូចសិង្ហសម្រុក | |
| ចាប់ជាចំណី | ។ | ||
| ឱព្រះម្ចាស់អើយ | ចាប់ពីថ្ងៃហើយ | លុះដល់រាត្រី | |
| ព្រះអង្គធ្វើឱ្យ | ជីវិតខ្ញុំក្ស័យ | ដេកនៅក្នុងដី | |
| ជារៀងដរាប | ។ | ||
| ១៤- | ខ្ញុំស្រែកខ្ញុំយំ | ដូចត្រចៀកកាំ | ខ្ញុំថ្ងូរដូចព្រាប |
| ភ្នែកខ្ញុំស្រវាំង | មើលមិនឃើញទៀត | សូមព្រះម្ចាស់ឆ្លៀត | |
| ជួយផងព្រះអើយ | ។ | ||
| ១៧- | ឥឡូវទ្រង់ប្រោស | ឱ្យខ្ញុំជាសះ | ព្រោះទ្រង់អាណិត |
| ប្រទានឱ្យខ្ញុំ | រស់មានជីវិត | ទុក្ខព្រួយខ្ញុំបាត់ | |
| សែនអរព្រឺព្រួច | ។ | ||
| ទ្រង់សព្វព្រះទ័យ | ករុណាប្រណី | រំដោះខ្ញុំរួច | |
| ពីដៃមច្ចុរាជ | អំពើបាបខូច | ខ្ញុំសែនព្រឺព្រួច | |
| រួចផុតល្ហែល្ហើយ | ។ | ||
| ១៨- | មនុស្សស្លាប់អស់ជន្ម | មិនអាចអរគុណ | ព្រះអង្គបានឡើយ |
| រួមទាំងមច្ចុរាជ | ទៀតផងក៏ដោយ | គ្មានសង្ឃឹមឡើយ | |
| ពឹងលើព្រះអង្គ | ។ | ||
| ១៩- | មានតែមនុស្ស | មានជីវិតរស់ | ស្ថិតស្ថេរគង់វង្ស |
| ទើបគេអាចលើក | តម្កើងព្រះអង្គ | ប្រាប់តកូនផង | |
| ពីព្រះទ័យស្មោះ | ។ | ||
| ២០- | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | មេត្តាសង្គ្រោះ |
| យើងខ្ញុំមិនភ្លេច | ដំណាក់របស់ | ព្រះជាអម្ចាស់ | |
| លេងភ្លេងរាំថ្វាយ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់នឹងថែរក្សាការពារយើងខ្ញុំជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ទំនុកតម្កើងលេខ ៦៥
ពាក្យអរព្រះគុណយ៉ាងឱឡារិក
ក្រុងស៊ីយ៉ូនបង្ហាញពីស្ថានបរមសុខ (Origen)។
បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។
| ២ | បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន យើងខ្ញុំត្រូវតែថ្វាយតង្វាយស្របតាមពាក្យដែលយើងខ្ញុំបានបន់។ |
| ៣ | ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់មនុស្សលោកជានិច្ច មនុស្សលោកក៏អាចមករកព្រះអង្គបានដែរ។ |
| ៤ | កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ ប៉ុន្តែ ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ។ |
| ៥ | អ្នកដែលព្រះអង្គជ្រើសរើស មានសុភមង្គលហើយ គេរស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។ យើងខ្ញុំនឹងស្កប់ចិត្ត ដោយបានទទួលព្រះពរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។ |
| ៦ | បពិត្រព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ! ព្រះអង្គប្រកបដោយសេចក្តីសុចរិត ព្រះអង្គតែងតែឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច ប្រជាជននានា ដែលរស់នៅទីដាច់ស្រយាលនៃផែនដី រហូតដល់នាយសមុទ្រ ក៏នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!។ |
| ៧ | ព្រះអង្គពង្រឹងភ្នំទាំងឡាយឱ្យរឹងមាំ ដោយសារព្រះចេស្តារបស់ព្រះអង្គ ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។ |
| ៨ | ព្រះអង្គធ្វើឱ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេង បានស្ងប់ឈឹង ព្រះអង្គក៏ធ្វើឱ្យចលាចលរបស់ប្រជាជនទាំងឡាយ បានស្ងប់ស្ងៀមដែរ។ |
| ៩ | អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនាំគ្នាស្ញែងខ្លាច ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអង្គធ្វើឱ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច ស្រែកដោយអំណរសប្បាយដ៏លើសលប់។ |
| ១០ | ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី ព្រះអង្គប្រទានឱ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូររបស់ព្រះអង្គពោរពេញទៅដោយទឹក ព្រះអង្គប្រទានស្រូវឱ្យមនុស្សលោក។ ព្រះអង្គរៀបចំដីដូចតទៅនេះ |
| ១១ | គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឱ្យដីបានរាបស្មើ ព្រះអង្គធ្វើឱ្យទឹកភ្លៀងដក់នៅតាមវាលស្រែ ព្រះអង្គប្រទានពរឱ្យគ្រាប់ពូជទាំងឡាយដុះឡើង។ |
| ១២ | នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។ ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលហូរហៀរ។ |
| ១៣ | រីឯនៅវាលរហោស្ថានមានស្មៅដុះឡើងយ៉ាងបរិបូណ៌ នៅតាមភ្នំនានា ក៏ពោរពេញទៅដោយអំណរដែរ។ |
| ១៤ | វាលស្មៅពោរពេញទៅដោយហ្វូងសត្វ ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់! ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៥,៤-៥)
បងប្អូនអើយ ! បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្តីងងឹត បណ្តោយឱ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។ បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងសេចក្តីងងឹតទេ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង! *ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ បន្ទរឡើងវិញ៖…
-ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ព្រះអម្ចាស់បានសង្គ្រោះយើងឱ្យរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
ពាក្យអង្វរសកល
យើងខ្ញុំសូមកោតសរសើរព្រះសង្គ្រោះដែលបានបំភ្លឺភពផែនដី ដោយមានព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តសុភាពរាបសារថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គណែនាំយើងខ្ញុំឱ្យស្គាល់សេចក្តីពិតផង។
ឱព្រះយេស៊ូជាអម្ចាស់អើយ ! នៅពេលព្រឹកនេះ យើងខ្ញុំសូមលើកតម្កើងព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញ ប្រកបដោយសិរីរុងរឿង
—យើងខ្ញុំសង្ឃឹមលើសិរីរុងរឿងរបស់ព្រះអង្គដែលរះបំភ្លឺនៅថ្ងៃនេះ។ (បន្ទរ)
ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទទួលពាក្យអធិដ្ឋាន និងពាក្យអង្វរយើងខ្ញុំដោយអនុគ្រោះ
—ទុកជាផលផ្លែដំបូងនៃការងាររបស់យើងខ្ញុំផង។ (បន្ទរ)
នៅថ្ងៃនេះ សូមព្រះអង្គព្រះមេត្តាប្រទានឱ្យយើងខ្ញុំ រឹតតែមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គ
—ហើយសូមប្រទានឱ្យយើងខ្ញុំ ចេះរួបរួមគ្នាប្រព្រឹត្តតែអំពើល្អ ដើម្បីជាប្រយោជន៍ដល់អ្នកដទៃផង។ (បន្ទរ)
សូមព្រះអង្គធ្វើឱ្យពន្លឺរបស់យើងខ្ញុំបញ្ចេញរស្មីយ៉ាងត្រចះត្រចង់នៅមុខមនុស្សលោក
—នោះពិភពលោកនឹងឃើញពីកិច្ចការដ៏ល្អប្រពៃរបស់យើងខ្ញុំ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតា។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គជាពន្លឺដ៏ពិតប្រាកដនៃពិភពលោក។ ព្រះអង្គបាននាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួលការសង្គ្រោះ សូមទ្រង់ព្រះមេត្តាប្រទាននូវព្រះអំណោយទាន សេចក្តីក្លាហាន និងកម្លាំងឱ្យយើងខ្ញុំ ក្នុងការកសាងពិភពលោកមួយប្រកបដោយយុត្តិធម៌ និងសេចក្តីសុខសាន្ត ដើម្បីត្រៀមខ្លួនទទួលព្រះរាជ្យដែលកំពុងយាងមក ព្រះអង្គគង់នៅជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

