រដូវធម្មតា សប្ដាហ៍ទី២៣ ថ្ងៃអង្គារ
ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី
(បុណ្យគោរព)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាប្រារព្ធថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី ! ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះបុត្រាព្រះនាង ជាព្រះគ្រីស្តអម្ចាស់ !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ៥។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៦៣,២-៩
ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់
អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។
បន្ទរទី១៖ យើងរំឭកថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី ជាកូនចៅលោកអប្រាហាំ កើតពីកុលសម្ពន្ធនៃជនជាតិយូដា និងជាពូជពង្សរបស់ស្តេចដាវីឌ។
| ២ | ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។ |
| ៣ | ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ |
| ៤ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
| ៥ | ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។ |
| ៦ | ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។ |
| ៧ | ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ |
| ៨ | ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។ |
| ៩ | ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ យើងរំឭកថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី ជាកូនចៅលោកអប្រាហាំ កើតពីកុលសម្ពន្ធនៃជនជាតិយូដា និងជាពូជពង្សរបស់ស្តេចដាវីឌ។
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)
ចូរគ្រប់ស្នាព្រះហស្ថទាំងអស់ សរសើរតម្កើងព្រះអម្ចាស់ !
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។
បន្ទរទី២៖ នៅពេលព្រះនាងព្រហ្មចារិនីដ៏វិសុទ្ធបានប្រសូតមក ធ្វើឱ្យពិភពលោកទាំងមូលមានរស្មី។ មានសុភមង្គលហើយ ! មែកណាដែលបង្កើតផលផ្លែដ៏វិសុទ្ធ។
| ៥៧- | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
| ជារៀងដរាប | សូមនាំគ្នាស្មូត | តម្កើងរហូត | |
| អស់កល្បអន្លាយ | ។ | ||
| ៥៨- | ឱផ្ទៃមេឃអើយ | កុំនៅកន្តើយ | ហាក់ដូចជិនណាយ |
| ស្មូតបទតម្កើង | ដោយចិត្តសប្បាយ | អស់កល្បអន្លាយ | |
| តទៅកុំឈប់ | ។ | ||
| ៥៩- | សូមឱ្យទេវទូត | តម្កើងរហូត | ទាំងថ្ងៃទាំងយប់ |
| ព្រះម្ចាស់ថ្កុំថ្កើង | អស់កល្បអស់កប្ប | តម្កើងកុំឈប់ | |
| តទៅរាល់ថ្ងៃ | ។ | ||
| ៦០- | ចូរទឹកទាំងឡាយ | អបអរសប្បាយ | លើនភាល័យ |
| នាំគ្នាសរសើរ | តម្កើងម្ចាស់ថ្លៃ | កុំបង្អង់អី | |
| អស់កល្បអង្វែង | ។ | ||
| ៦១- | ហ្វូងតារារះ | នៃព្រះអម្ចាស់ | នាំគ្នាសម្ដែង |
| តម្កើងព្រះអង្គ | សរសើរស្ញប់ស្ញែង | គ្រប់ទីកន្លែង | |
| តទៅឥតដាច់ | ។ | ||
| ៦២- | សូមព្រះអាទិត្យ | ព្រះចន្ទមានឫទ្ធិ | ពន្លឺចិញ្ចាច |
| តម្កើងព្រះអង្គ | ដោយចិត្តអង់អាច | កុំភ័យកុំខ្លាច | |
| តទៅកុំប្រែ | ។ | ||
| ៦៣- | សូមអស់ទាំងផ្កាយ | ដែលនៅរាត់រាយ | លើមេឃផងដែរ |
| សរសើរតម្កើង | កុំបីប្រួលប្រែ | កុំក្រឡះកែ | |
| រាល់ថ្ងៃខែឆ្នាំ | ។ | ||
| ៦៤- | សូមឱ្យសន្សើម | ទឹកភ្លៀងដ៏ឆ្នើម | ធ្លាក់ជាប្រចាំ |
| ចូរលើកតម្កើង | ទាំងថ្វាយបង្គំ | ព្រះម្ចាស់ឧត្តម | |
| ជានិច្ចកុំរា | ។ | ||
| ៦៥- | ចូរអស់ទាំងខ្យល់ | ធ្លាប់បក់វិលវល់ | រាល់ប្រាំងវស្សា |
| គ្រប់ទីកន្លែង | តម្កើងព្រះជា | ម្ចាស់អ្នករាល់គ្នា | |
| កុំបីឆ្មៃឆ្មើង | ។ | ||
| ៦៦- | ចូរឱ្យកម្ដៅ | ទាំងក្នុងទាំងក្រៅ | ឱ្យមានទាំងភ្លើង |
| នាំគ្នាជួយលើក | សរសើរតម្កើង | ព្រះអង្គខ្ពស់ឡើង | |
| តទៅឥតអាក់ | ។ | ||
| ៦៧- | ចូរឱ្យខ្យល់ក្តៅ | ពេលនេះតទៅ | និងខ្យល់ត្រជាក់ |
| សរសើរតម្កើង | ព្រះជាម្ចាស់អ្នក | កុំបីអន់អាក់ | |
| ជានិច្ចតទៅ | ។ | ||
| ៦៨- | សន្សើមនិងព្រឹល | សូមអ្នកកុំខ្ជិល | កុំបង្អង់នៅ |
| ស្មូតបទតម្កើង | ព្រះម្ចាស់ជាផ្លូវ | អង្វែងតទៅ | |
| អស់កល្បជានិច្ច | ។ | ||
| ៦៩- | ចូរថ្ងៃនិងយប់ | កោតកុំឈរឈប់ | សរសើរកុំភ្លេច |
| ស្មូតបទតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
| អស់កល្បស្ថេរស្ថិត | ។ | ||
| ៧០- | ចូរឱ្យពន្លឺ | រន្ទាលរន្ទឺ | និងភាពងងឹត |
| សរសើរតម្កើង | អម្ចាស់មានឫទ្ធិ | រាល់ថ្ងៃកុំគិត | |
| ខ្វល់ខ្វាយឡើយណា | ។ | ||
| ៧១- | អាកាសត្រជាក់ | ខ្យល់រងាធ្លាក់ | មកជាធម្មតា |
| ចូរលើកតម្កើង | ព្រះអម្ចាស់ជា | ព្រះអ្នករាល់គ្នា | |
| កុំបីឃ្លាងឃ្លាត | ។ | ||
| ៧២- | សូមឱ្យទឹកកក | កុំបីខានខក | ទាំងសន្សើមទៀត |
| ចូរលើកតម្កើង | កុំបីរវាត | កុំឱ្យឃ្លាងឃ្លាត | |
| រហូតតទៅ | ។ | ||
| ៧៣- | សូមដុំពពក | ផ្លេកបន្ទោរមក | កុំបង្អង់នៅ |
| តម្កើងព្រះអង្គ | កុំបីហ្មងសៅ | ស្មូតរហូតទៅ | |
| អស់កល្បយូរលង់ | ។ | ||
| ៧៤- | សូមឱ្យផែនដី | ទាំងមូលលកលៃ | តម្កើងព្រះអង្គ |
| សរសើរកុំឈប់ | កុំនៅរេរង់ | កោតសរសើរទ្រង់ | |
| កុំប្រែសាវា | ។ | ||
| ៧៥- | សូមឱ្យភ្នំធំ | កុំនៅសំងំ | ភ្នំតូចផងណា |
| ស្មូតបទតម្កើង | ព្រះម្ចាស់រាល់គ្នា | ថ្កើងព្រះនាមា | |
| អស់កល្បជានិច្ច | ។ | ||
| ៧៦- | សព្វអស់អ្វីៗ | ដែលដុះលើដី | កុំបីមានភ្លេច |
| ចូរលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
| អស់កល្បអន្លាយ | ។ | ||
| ៧៧- | ចូរសមុទ្រស្ទឹង | ទន្លេល្វើយល្វឹង | តូចធំទាំងឡាយ |
| នាំគ្នាតម្កើង | ដោយក្តីរីករាយ | សរសើរម្ចាស់ថ្លៃ | |
| ឱ្យលាន់រងំ | ។ | ||
| ៧៨- | ចូរប្រភពទឹក | មានច្រើនសន្ធឹក | ព្រែកទាំងតូចធំ |
| ទឹកហូរពីជ្រោះ | ទឹកធ្លាក់ពីភ្នំ | កុំនៅសំងំ | |
| តម្កើងព្រះអង្គ | ។ | ||
| ៧៩- | ចូរអស់ទាំងត្រី | តូចធំម្តេចក្តី | និងសត្វរស់ក្នុង |
| ទន្លេសមុទ្រ | តាមព្រែកបួរបឹង | កុំសំងំឈឹង | |
| តម្កើងព្រះម្ចាស់ | ។ | ||
| ៨០- | សូមបក្សីសត្វ | ដែលរស់ខ្វែងខ្វាត់ | ច្រើនមីរដេរដាស |
| ស្មូតបទតម្កើង | ព្រះជាអម្ចាស់ | កុំបីចន្លោះ | |
| អស់កល្បយូរលង់ | ។ | ||
| ៨១- | សូមឱ្យសត្វស្រុក | រស់នៅអែអុក | ទាំងសត្វព្រៃផង |
| នាំគ្នាសរសើរ | តម្កើងព្រះអង្គ | អស់កល្បយូរលង់ | |
| តទៅអន្លាយ | ។ | ||
| ៨២- | ចូរឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | កុំបីឃ្លាតឆ្ងាយ |
| សរសើរព្រះអង្គ | ជាព្រះម្ចាស់ថ្លៃ | រៀងរាល់យប់ថ្ងៃ | |
| កុំបីអល់អែក | ។ | ||
| ៨៣- | ឱអ៊ីស្រាអែល | អ្នកជាជាតិដែល | វិសុទ្ធពន់ពេក |
| ចូរលើកតម្កើង | ព្រះខ្ពស់អនេក | ហួសទាំងផ្ទៃមេឃ | |
| កុំសំងំនៅ | ។ | ||
| ៨៤- | អស់បូជាចារ្យ | ទាំងឡាយនាំគ្នា | ឆ្ពោះតម្រង់ទៅ |
| តម្កើងព្រះអង្គ | ទាំងថ្ងៃយប់ជ្រៅ | កុំសំងំនៅ | |
| សរសើរកុំឈប់ | ។ | ||
| ៨៥- | ចូរអ្នកទាំងឡាយ | ដែលតែងខ្វល់ខ្វាយ | បម្រើគោរព |
| ស្មូតតម្កើងព្រះ | ទាំងថ្ងៃទាំងយប់ | កុំឈរកុំឈប់ | |
| នៅស្ងៀមឱ្យសោះ | ។ | ||
| ៨៦- | ចូរវិញ្ញាណក្ខ័ន្ធ | អ្នកស្លាប់ប៉ុន្មាន | កុំបីចន្លោះ |
| ព្រលឹងនៃអ្នក | សុចរិតទាំងអស់ | តម្កើងដោយស្មោះ | |
| កុំនៅកន្តើយ | ។ | ||
| ៨៧- | អស់អ្នកគោរព | ប្រណិប័តន៍គ្រប់ | ព្រះអម្ចាស់អើយ |
| និងអ្នកដាក់ចិត្ត | ជាអ្នកខ្សត់ហើយ | កុំបង្អង់ឡើយ | |
| តម្កើងព្រះអង្គ | ។ | ||
| ៨៨- | លោកអណានីយ៉ា | រួមជាមួយគ្នា | អសារីយ៉ាផង |
| និងមីកាអែល | តម្កើងព្រះអង្គ | ស្មូតតម្កើងផង | |
| តទៅដរាប | ។ | ||
| ព្រះអង្គរំដោះ | យើងខ្ញុំឱ្យរស់ | ផុតពីក្តីស្លាប់ | |
| ហើយទ្រង់សង្គ្រោះ | ខ្ញុំជាប្រញាប់ | រួចផុតទុក្ខសព្វ | |
| ទាំងភ្លើងសន្ធៅ | ។ |
បន្ទរ៖ នៅពេលព្រះនាងព្រហ្មចារិនីដ៏វិសុទ្ធបានប្រសូតមក ធ្វើឱ្យពិភពលោកទាំងមូលមានរស្មី។ មានសុភមង្គលហើយ ! មែកណាដែលបង្កើតផលផ្លែដ៏វិសុទ្ធ។
ទំនុកតម្កើងលេខ ១៤៩
ចម្រៀងនៃអំណរសប្បាយរបស់សន្តបុគ្គល
ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់ ត្រេកអរសប្បាយចំពោះព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។
បន្ទរទី៣៖ ចូរយើងប្រារព្ធថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារីដ៏មានសុភមង្គល ដោយអំណរសប្បាយ ដើម្បីព្រះនាងជួយទូលអង្វរឱ្យយើង នៅមុខព្រះភក្រ្តព្រះយេស៊ូគ្រីស្តជាអម្ចាស់។
| ១ | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ចូរច្រៀងសរសើរព្រះអង្គនៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ! |
| ២ | ចូរឲ្យជនជាតិអ៊ីស្រាអែលរីករាយនឹងព្រះអង្គ ដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូនមានអំណរសប្បាយ នឹងព្រះមហាក្សត្ររបស់ខ្លួន! |
| ៣ | ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងដេញពិណ! |
| ៤ | ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងប្រជារាស្ដ្ររបស់ព្រះអង្គ ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាបដោយសង្គ្រោះពួកគេ |
| ៥ | ចូរឲ្យអស់អ្នកដែលជឿលើព្រះអង្គនាំគ្នាអរសប្បាយដ៏លើសលប់ ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ! |
| ៦ | សូមឲ្យគេសរសើរតម្កើងព្រះអង្គមិនដាច់ពីមាត់ ហើយឲ្យគេកាន់ដាវមុខពីរនៅជាប់នឹងដៃជានិច្ច |
| ៧ | ដើម្បីសងសឹកប្រជាជាតិនានា និងដាក់ទោសជាតិសាសន៍ទាំងឡាយ |
| ៨ | ហើយយកច្រវាក់ចងស្តេច និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។ |
| ៩ | ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសម្រេចរបស់ព្រះជាម្ចាស់នេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នកស្មោះត្រង់នឹងព្រះអង្គ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ចូរយើងប្រារព្ធថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារីដ៏មានសុភមង្គល ដោយអំណរសប្បាយ ដើម្បីព្រះនាងជួយទូលអង្វរឱ្យយើង នៅមុខព្រះភក្រ្តព្រះយេស៊ូគ្រីស្តជាអម្ចាស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១១,១-៣ក)
មានខ្នែងមួយដុះចេញពីគល់របស់លោកយេសាយ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឱ្យចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ និងចិត្តអង់អាច ព្រះវិញ្ញាណដែលបំភ្លឺឱ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងឱ្យមានអំណរសប្បាយក្នុងការកោតខ្លាចព្រះអម្ចាស់។
បន្ទរ៖ ព្រះអម្ចាស់បានជ្រើសរើសនាង *ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ តាំងពីដើមរៀងមក។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានជ្រើសរើសនាងឱ្យរស់នៅរួមជាមួយព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ឱព្រះនាងព្រហ្មចារិនីជាព្រះមាតានៃព្រះជាម្ចាស់អើយ ! ថ្ងៃកំណើតរបស់ព្រះនាងបានប្រកាសអំណរសប្បាយដល់ពិភពលោកទាំងមូល ដ្បិតព្រះអាទិត្យដ៏រុងរឿងកើតចេញពីអ្នក គឺព្រះគ្រីស្តជាព្រះជាម្ចាស់របស់យើង។ ព្រះអង្គបានរំដោះយើងចេញពីបណ្តាសាចាស់ ហើយបំពេញយើងដោយភាពដ៏វិសុទ្ធ។ ព្រះអង្គបានបំផ្លាញសេចក្តីស្លាប់ និងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើង។
ពាក្យអង្វរសកល
ចូរយើងលើកតម្កើងសិរីរុងរឿងព្រះសង្រ្គោះ ដែលបានជ្រើសរើសព្រះនាងម៉ារី ធ្វើជាព្រះមាតា។ ចូរយើងទូលសូមព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះមាតាជួយអង្វរព្រះអង្គឱ្យយើងខ្ញុំផង !
ព្រះនាងព្រហ្មចារិនីមិនជំពាក់បាប ជាព្រះអាទិត្យនៃយុត្តិធម៌ ជាថ្ងៃរះដែលមានពន្លឺពណ៌ស បានប្រកាសពីការរស់ឡើងវិញរបស់ព្រះអង្គ
—សូមប្រោសឱ្យយើងខ្ញុំរស់នៅក្នុងពន្លឺរបស់ព្រះអង្គជានិច្ចផង។ (បន្ទរ)
ឱព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច ! ព្រះអង្គបានជ្រើសរើសព្រះនាងម៉ារី ដូចជាហិបនៃកន្លែងស្នាក់នៅរបស់ព្រះអង្គដែលមិនចេះខូច
—សូមព្រះអង្គរំដោះយើងខ្ញុំឱ្យរួចផុតពីភាពរលួយនៃបាបនោះផង។ (បន្ទរ)
ឱព្រះសង្រ្គោះនៃមនុស្សលោក ! ព្រះមាតារបស់ព្រះអង្គឈរនៅក្បែរឈើឆ្កាង
—តាមរយៈពាក្យអង្វររបស់ព្រះនាង សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយ ក្នុងការរងទុក្ខរួមជាមួយព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គបានប្រទានព្រះនាងម៉ារី ធ្វើជាមាតារបស់ក្រុមសាវ័កដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ដោយព្រះហឫទ័យសប្បុរស និងសេចក្តីស្រឡាញ់
—សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះរស់នៅ សមជាកូនៗ របស់ព្រះមាតាដ៏ថ្លៃថ្នូរផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

