០២ មករា ២០២៧

Written on 27/10/2026
Mary Siya Khim

ចាប់ពីថ្ងៃទី២ មករា ដល់បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

សន្តបាស៊ីល និងសន្តក្រេគ័រ

ជាជនដ៏ប្រសើរឧត្តម នៅណាស៊ីយ៉ាង

(បុណ្យរំឭកចាំបាច់)

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះគ្រីស្តបានប្រសូតមកសម្រាប់យើង! ចូរនាំគ្នាមក យើងលើកតម្កើងព្រះអង្គ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២

វិន័យ​របស់​ព្រះ‌អម្ចាស់

សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរទី១ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត។

១៤៥ បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
១៤៦
ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧
ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨
ទូលបង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩
សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ 
តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០
អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១
បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២
តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត។

បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)

ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម

អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នក​បម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។

បន្ទរទី២ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ខ្ញុំនឹងសរសើរតម្កើងព្រះ‌អម្ចាស់អស់មួយជីវិត ដ្បិតព្រះអង្គសង្គ្រោះទូលបង្គំ។

(បទព្រហ្មគីតិ)

១- ខ្ញុំស្រែកច្រៀងថ្វាយព្រះ ជាអម្ចាស់ដែលមានជ័យ  
  លើទ័ពសេះល្បាញល្បី លិចលង់ក្ស័យក្នុងសមុទ្រ ។
២- ព្រះម្ចាស់ជាកម្លាំង ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត  
  ខ្ញុំសូមឱនក្រាបលុត ទាំងច្រៀងបទថ្កើងព្រះអង្គ ។
  ព្រោះទ្រង់បានសង្គ្រោះ ខ្ញុំឲ្យរស់ផុតសៅហ្មង  
  ព្រះឪពុកខ្ញុំផង ព្រះខ្ពស់ខ្ពង់លើសអ្វីៗ ។
៣- ទ្រង់ជាវីរបុរស ប្រសើរខ្ពស់លើផែនដី  
  អង់អាចពូកែក្រៃ ព្រះនាមថ្លៃ “ព្រះអម្ចាស់ ។
៤- ព្រះអង្គបានធ្វើឲ្យ កងទ័ពថយវិនាសអស់  
  ទាំងទ័ពទាំងរទេះ ត្រូវវិនាសក្នុងសមុទ្រ ។
៨- ពេលខ្យល់បក់បោកមក ទឹករលកផ្តុំគ្នាឡើង  
  ទំនប់ទឹករលើង មកនៅគឿងសមុទ្រជាន់ ។
៩- ខ្មាំងសត្រូវពោលថា ខ្ញុំដេញគេតាមឲ្យទាន់  
  ខ្ញុំទទួលជយភណ្ឌ ច្រើនគ្រប់គ្រាន់ទើបចាត់ការ ។
១០- ព្រះអង្គទ្រង់ផ្លុំខ្យល់ ទឹកវិលវល់គ្រប់កាយា  
  ពួកគេលិចមរណា ក្នុងជលសាដូចសំណ ។
១១- បពិត្រព្រះអម្ចាស់ ប្រសើរណាស់ពេញបវរ  
  តើមានព្រះណាល្អ យុត្តិធម៌ដូចព្រះអង្គ ? ។
  ទ្រង់វិសុទ្ធរឿងរុង អស្ចារ្យខ្លាំងពេកកន្លង  
  គួរស្ញែងខ្លាចព្រឺផង ហើយមានទាំងឫទ្ធីខ្ពស់ ។
១២- ព្រះអង្គក្តៅព្រះទ័យ គ្មានប្រណីគិតស្រណោះ  
  ពេលទ្រង់លើកព្រះហស្ត ផែនដីប្រេះស្រូបគេឈឹង ។
១៣- ព្រះអង្គបានលោះលា រាស្រ្តគ្រប់គ្នាមានរំពឹង  
  ដឹកនាំគេតម្រង់ ដំណាក់ទ្រង់ដ៏ឧត្តម ។
១៧- ព្រះអង្គនាំប្រជា រាស្រ្តគ្រប់គ្នាទៅលើភ្នំ  
  ជាចំណែកដ៏ធំ កន្លែងសំណាក់ព្រះអង្គ ។
  ឱព្រះអម្ចាស់អើយ ព្រះអង្គហើយដែលបានសង់  
  ទីសក្ការៈត្រចង់ ដោយហស្តទ្រង់កសាងផ្ទាល់ ។
១៨- ព្រះម្ចាស់នឹងគ្រងរាជ្យ ពេញអំណាចអស់កប្បកល្ប  
  ជានិច្ចគ្មានពិភាល់ ជារៀងរាល់អង្វែងទៅ ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ខ្ញុំនឹងសរសើរតម្កើងព្រះ‌អម្ចាស់អស់មួយជីវិត ដ្បិតព្រះអង្គសង្គ្រោះទូលបង្គំ។

ទំនុកតម្កើងលេខ ១១៧

ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា

រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គ​សម្តែង​ព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។

បន្ទរទី៣ ៖ អាលេលូយ៉ា!

១ ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
២
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។
សូមសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់  (អស ៩,៥-៦)

ដ្បិត​មាន​ព្រះរាជបុត្រ​មួយ​អង្គ​ប្រសូត​មកសម្រាប់​យើង ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះ‌អង្គមក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច ព្រះ‌អង្គ​ម្ចាស់​នៃ​សេចក្ដីសុខ‌សាន្ត”។ ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះ‌អង្គ​នឹង​ធ្វើ​ឱ្យ​រាជ​បល្ល័ង្ក​របស់ព្រះ‌បាទ​ដាវីឌ និង​នគរ​របស់​ព្រះ‌អង្គមាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះ‌អង្គ​យក​សេចក្ដីសុចរិត និង​យុត្តិ‌ធម៌មក​ពង្រឹង​នគរ​របស់​ព្រះ‌អង្គ​ឱ្យ​បាន​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែងត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់យ៉ាង​ខ្លាំង​ចំពោះ​យើង។
 
បន្ទរ៖ ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ *អាលេលូយ៉ា! អាលេលូយ៉ា! ។ បន្ទរឡើងវិញ៖...
-ដោយព្រះ‌ចេស្ដា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ គឺព្រះអង្គហ្នឹងហើយ ដែលមានចែងទុកក្នុងគម្ពីរថា ៖ ព្រះគ្រីស្តនឹងប្រសូតនៅអ៊ីស្រាអែល ហើយព្រះរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេររហូតតទៅ។

ពាក្យអង្វរសកល

នៅចុងបំផុតនៃផែនដីបានឃើញព្រះយេស៊ូគ្រីស្ត ដែលជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ចូរយើងកោតសរសើរព្រះអង្គ ហើយស្រែកឡើងដោយអំណរសប្បាយថា ៖

បន្ទរ៖ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត !

ឱព្រះសង្រ្គោះនៃមនុស្សលោក ! ព្រះអង្គបានយាងមករំលំជញ្ជាំងដែលខណ្ឌចែករវាងជនជាតិយូដា និងសាសន៍ដទៃចោល
—ដែលជាឫសគល់នៃការរើសអើង ដោយបានបំផ្លាញមនុស្សជាតិយើងយ៉ាងស៊ីជម្រៅ។ (បន្ទរ)


ដោយព្រះអង្គចាប់កំណើតជាមនុស្ស ព្រះអង្គបានបង្ហាញវត្តមានរបស់ព្រះអង្គក្នុងចំណោមយើង
—សូមបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់ព្រះវត្តមានរបស់ព្រះអង្គក្នុងព្រះសហគមន៍ និងនៅក្នុងខ្លួនមនុស្សម្នាក់ៗផង។ (បន្ទរ)


ព្រះអង្គជាវិវរណៈដ៏ពេញលេញរបស់ព្រះបិតា
—សូមបង្ហាញយើងខ្ញុំអំពីរបៀបដែលយើងខ្ញុំអាចទទួលព្រះបន្ទូលព្រះអង្គ ដោយមានជំនឿ និងប្រព្រឹត្តតាមយ៉ាងទៀងត្រង់ផង។ (បន្ទរ)


ព្រះអង្គជាព្រះជាម្ចាស់ដែលគង់នៅជាមួយយើងខ្ញុំ ព្រះអង្គបំផ្លាស់បំប្រែស្នាព្រះហស្តទាំងប៉ុន្មានយ៉ាងអស្ចារ្យ
—ចូរឱ្យគ្រប់ដង្ហើម គ្រប់ភាសា និងគ្រប់កិច្ចការ នៅទូទាំងសកលលោក បានផ្លាស់ប្រែជាថ្មីឡើង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺព្រះសហគមន៍ ដោយសារការប្រៀនប្រដៅ និងការរស់នៅរបស់សន្តបាស៊ីល និងសន្តក្រេគ័រ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្វែងរកសេចក្តីពិត និងសេចក្តីស្រឡាញ់ ដើម្បីឱ្យយើងខ្ញុំប្រព្រឹត្តនូវអ្វីៗទាំងអស់ ដោយចិត្តសុភាពរាបសារ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។