១៨ ធ្នូ ២០២៥

Written on 11/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃព្រហស្បតិ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់គង់នៅជិតបង្កើយហើយ ចូរយើងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨៧

ក្រុងយេរូសាឡឹមជាមាតានៃយើងទាំងអស់គ្នា

រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រីអ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ (កាឡ ៤,២៦)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី១ ៖ ឱ​ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំផ្ចង់​ចិត្តគំនិត​ទៅ​រក​ព្រះ‌អង្គ។ ដ្បិតព្រះអង្គជាជម្រក និងជាកម្លាំងរបស់ទូលបង្គំ សូមព្រះអង្គយាងមក និងសង្រ្គោះទូលបង្គំផង។

ព្រះអម្ចាស់បានសង់ក្រុងយេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។

ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូនជាងកន្លែងឯទៀតៗទាំងអស់ នៅលើទឹកដីលោកយ៉ាកុប។

ឱក្រុងរបស់ព្រះជាម្ចាស់អើយ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក ដោយពោលថាៈ

ក្នុងចំណោមអ្នកដែលស្គាល់ខ្ញុំ មានជនជាតិអេស៊ីប និងជនជាតិបាប៊ីឡូន
អ្នកខ្លះកើតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី។

ចំពោះបុរីស៊ីយ៉ូនវិញ គេពោលថា យើងទាំងអស់គ្នាសុទ្ធតែកើតចេញមកពីបុរីស៊ីយ៉ូននេះ!
ព្រះដ៏ខ្ពង់ខ្ពស់បំផុតធ្វើឱ្យបុរីនេះរឹងមាំ។

ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ដ្រ​នានា​ចុះ​ក្នុង​បញ្ជី ហើយ​សរសេរ​ថា
បុរីស៊ីយ៉ូន​ជា​ស្រុក​កំណើតរបស់​ពួក​គេ​ទាំង​អស់​គ្នា។

ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា
“បុរីស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំផ្ចង់​ចិត្តគំនិត​ទៅ​រក​ព្រះ‌អង្គ។ ដ្បិតព្រះអង្គជាជម្រក និងជាកម្លាំងរបស់ទូលបង្គំ សូមព្រះអង្គយាងមក និងសង្រ្គោះទូលបង្គំផង។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤០,១០-១៧)

គង្វាលដ៏សប្បុរស៖ ព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់ ព្រះអង្គមានបញ្ញាឈ្លាសវៃលើសគេ

ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្តាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត” (វវ ២២,១២)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានព្រះពរដល់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងត្រឡប់មកវិញ។ សូមឱ្យការអះអាងរបស់ពួកព្យាការីព្រះអង្គ ក្លាយជាការពិត។

(បទកាកគតិ)

១០- មើលហ្ន! ព្រះជា អម្ចាស់រាល់គ្នា ទ្រង់បានយាងមក
  ដោយព្រះបារមី ខ្លាំងក្រៃលើលោក ព្រះអង្គយាងមក
    ដើម្បីគ្រងរាជ្យ
១១- ព្រះអង្គប្រៀបបាន គង្វាលចំណាន ពេញដោយអំណាច
  នាំអស់ហ្វូងចៀម រាល់ថ្ងៃព្រឹកល្ងាច ទាំងមេកូនតូច
    កំពុងបំបៅ
១២- តើនរណាចេះ អាចមានតំរិះ នឹងវាស់ជម្រៅ
  មហាសមុទ្រ ធំហើយសែនជ្រៅ វាស់រហូតទៅ
    ទាំងផ្ទៃមេឃា
  តើនរណាអាច មានតំរិះប្រាជ្ញ អាចនឹងគណនា
  ធូលីហ្មត់ល្អិត ថ្លឹងទាំងព្រឹក្សា គិរីបុព្វតា
    ដោយខ្លួនឯងបាន
១៣- តើនរណាអាច ស្ទង់នូវញាណប្រាជ្ញ នៃព្រះថ្កើងថ្កាន
  អាចធ្វើជាទី ប្រឹក្សាចំណាន ផ្តល់គំនិតបាន
    ចំពោះព្រះអង្គ
១៤- ទ្រង់ឥតមានសួរ យោបល់គាប់គួរ ឬមួយផ្តោះផ្តង
  តែទ្រង់វិនិច្ឆ័យ ត្រឹមត្រូវកន្លង ប្រាជ្ញាញាណផង
    ទ្រង់ចេះដឹងសព្វ
១៥- ប្រជាទាំងឡាយ ដូចទឹកហូរខ្ចាយ ដែលគេកំពប់
  គេមានតម្លៃ បីដូចជាគ្រាប់ ធូលីគេចាប់
    យកទៅដាក់ថ្លឹង
  ម្យ៉ាងទៀតដូចកោះ ដែលមានទាំងអស់ មិនអាចនៅនឹង
  ដូចជាធូលី ត្រូវខ្យល់បក់វឹង កោះគ្មានលំនឹង
    ខ្យល់កួចទៅបាត់
១៦- ព្រៃឈើក្នុងស្រុក ក៏មិនល្មមទុក ធ្វើជាសម្បត្តិ
  ឬធ្វើជាអុស រួមទាំងសព្វសត្វ ទាំងអស់ត្រូវបាត់
    ធ្វើយញ្ញពុំបាន
១៧- ចំពោះព្រះភក្ត្រ ព្រះរបស់អ្នក ប្រជាប៉ុន្មាន
  គ្មានតម្លៃអ្វី ថោកហួសការស្មាន ប្រើការមិនបាន
    ឥតមានប្រយោជន៍
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានព្រះពរដល់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងត្រឡប់មកវិញ។ សូមឱ្យការអះអាងរបស់ពួកព្យាការីព្រះអង្គ ក្លាយជាការពិត។

ទំនុកតម្កើងលេខ ៩៩

ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ

ព្រះគ្រីស្តមានឋានៈធំជាងពួកខេរូប៊ីម នៅពេលព្រះអង្គយកភាពទន់ខ្សោយរបស់យើង ព្រះអង្គបានផ្លាស់ប្តូរអំពើបាបរបស់ពិភពលោក (សន្តអាថាណាស)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់អើយ សូមព្រះអង្គវិលមកវិញ ! សូម​យាង​មក​សង្គ្រោះ​ប្រជារាស្រ្តរបស់ព្រះអង្គជា​ប្រញាប់ !

ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។
ព្រះ‌អង្គ​គង់​នៅ​ពី​លើ​ពួក​ខេរូប៊ីម ហើយ​ផែន‌ដី​កក្រើក​ញាប់‌ញ័រ។

ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម នៅក្រុងស៊ីយ៉ូន
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។

មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាមដ៏ឧត្តុង្គឧត្តម
គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះវិសុទ្ធ!។

បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយឫទ្ធានុភាព
ព្រះអង្គជាព្រះមហាក្សត្រដែលស្រឡាញ់យុត្តិធម៌!
ព្រះអង្គបានតែងច្បាប់ ហើយធ្វើឱ្យមានសេចក្តីសុចរិត
និងយុត្តិធម៌ នៅក្នុងស្រុកអ៊ីស្រាអែល!។

ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង
ចូរនាំគ្នាក្រាបទាបព្រះបាទារបស់ព្រះអង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!

លោកម៉ូសេ និងលោកអរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ
លោកសាមូអែលជាមនុស្សម្នាក់ ក្នុង​ចំណោមអ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ
ពេល​លោក​ទាំង​នោះ​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ឆ្លើយ​តប​មក​លោក​វិញ។

ព្រះអង្គមានព្រះបន្ទូលពីក្នុងដុំពពកមកអស់លោក
អស់លោក​បាន​កាន់​តាម​ព្រះ‌បញ្ជា និង​ប្រតិបត្តិតាម​សេចក្ដី​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។

ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោក ទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​លោក​ទាំង​នោះ
ព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្តី ក៏​ព្រះ‌អង្គ​តែង‌តែ​អត់‌ទោស​ឲ្យ​ពួក​លោក​ជា‌និច្ច។

ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង
ចូរនាំគ្នាក្រាបថ្វាយបង្គំ តម្រង់​ទៅ​រក​ភ្នំ​ដ៏‌វិសុទ្ធ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់អើយ សូមព្រះអង្គវិលមកវិញ ! សូម​យាង​មក​សង្គ្រោះ​ប្រជារាស្រ្តរបស់ព្រះអង្គជា​ប្រញាប់ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៣,១១-១២)

បង‌ប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺដល់ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។ យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះ‌បង់​អំពើ​នៃ​សេចក្ដី​ងងឹត​ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។

បន្ទរ៖ យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតព្រះ‌អម្ចាស់របស់អ្នករាល់គ្នាជិតយាងមកដល់ហើយ។

ពាក្យអង្វរសកល

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ដែលវិនិច្ឆ័យទោសទាំងមនុស្សរស់ និងមនុស្សស្លាប់ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក !

បពិត្រព្រះអម្ចាស់យេស៊ូ ព្រះអង្គបានយាងមក ដើម្បីសង្រ្គោះអ្នកបាប
—សូមការពារយើងខ្ញុំនៅពេលជួបនឹងការល្បួងទាំងឡាយផង។ (បន្ទរ)

ព្រះអង្គនឹងយាងមកក្នុងសិរីរុងរឿង ដើម្បីធ្វើជាចៅក្រមរបស់យើងខ្ញុំ
—សូមសម្តែងឫទ្ធានុភាពរបស់ព្រះអង្គ ជួយសង្រ្គោះយើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រកាន់ខ្ជាប់តាមការប្រៀនប្រដៅនៃច្បាប់របស់ព្រះអង្គ ដោយកម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ
—ទាំងទន្ទឹងរង់ចាំព្រះអង្គ ដោយសេចក្តីស្រឡាញ់ផង។ (បន្ទរ)

សូមឱ្យមនុស្ស​នៅ​គ្រប់​ជំនាន់លើក​តម្កើង​ពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យរបស់ព្រះ‌អង្គ
សូមឱ្យព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ជួយយើងខ្ញុំឱ្យរស់នៅមានភាពស្មោះត្រង់ និងចេះប្រមាណខ្លួនក្នុងជីវិតនេះ
—នៅពេលយើងខ្ញុំទន្ទឹងរង់ចាំ ដោយមានចិត្តសង្ឃឹមថា នឹងបានចូលទៅក្នុងសិរីរុងរឿងរួមជាមួយព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឲ្យមានសេរីភាពដ៏ពិតប្រាកដខាងផ្លូវចិត្ត និងតម្រង់ចិត្តគំនិតរបស់យើងខ្ញុំ ដើម្បីរៀបចំខ្លួនធ្វើពិធីលើកតម្កើងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គដែលប្រសូតមកជាមនុស្ស។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។