១៣ ធ្នូ ២០២៥

Written on 16/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃសៅរ៍

សន្តីលូស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី

(បុណ្យរំឭកចាំបាច់)

(ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

ថ្ងៃសៅរ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៩២

កោតសរសើរព្រះជាម្ចាស់នៃពិភពទាំងមូល

ចូរច្រៀងកោតសរសើរកិច្ចប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។

បន្ទរទី១ ៖ ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់។

បពិត្រព្រះអម្ចាស់! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់
ស្មូតបទតម្កើង សរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ!

ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក
ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់

ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។

បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់
ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្តរបស់ព្រះអង្គ។

បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់
ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!

មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។

មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ
មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ
ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។

រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច!
១០
បពិត្រព្រះអម្ចាស់ ! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
១១
ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី
ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
១២
ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល
ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ
១៣
មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត
ហើយចម្រើនធំឡើងដូចដើមតាត្រៅនៅ​ស្រុក​លីបង់។
១៤
ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់
១៥
ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល
គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
១៦
ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់។

បទលើកតម្កើងតាមគម្ពីរទុតិយកថា (ទក ៣២,១-១២)

ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ

ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប (មថ ២៣,៣៧)។

បន្ទរទី២ ៖ ទូល‌បង្គំនឹងថ្លែងអំពីភាពឧត្តុង្គ‌ឧត្ដមរបស់ព្រះ‌អង្គ។

(បទពាក្យ ៧)

១- ឱផ្ទៃមេឃអើយចូរត្រងត្រាប់ ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង  
  ផែនដីអើយចូរអ្នកខំប្រឹង ស្តាប់ឱ្យបានដឹងខ្ញុំបរិយាយ
២- សូមឱ្យពាក្យខ្ញុំទាំងប៉ុន្មាន ដែលបានទូន្មានរៀងរាល់ថ្ងៃ  
  ឱ្យដូចសន្សើមភ្លៀងធ្លាក់ថ្មី រុក្ខជាតិខៀវខ្ចីស្រស់បំព្រង
៣- ខ្ញុំនឹងប្រកាសពីព្រះនាម មិនព្រមនៅស្ងៀមមិនភ្លេចម្តង  
  លើកតម្កើងភាពខ្ពស់កន្លង រុងរឿងគ្មានហ្មងព្រះនៃយើង
៤- ព្រះអម្ចាស់ប្រៀបដូចថ្មដា ជាផ្ទាំងសិលាដ៏សែនរឹង  
  មាគ៌ាព្រះអង្គសុចរិតត្រង់ បរិសុទ្ធឥតហ្មងឥតមានខ្ចោះ
៥- ប៉ុន្តែព្រះអង្គទ្រង់ជ្រាបថា អ្នកទាំងអស់គ្នាក្បត់ទាំងអស់  
  ដោយអ្នកមានចិត្តមិនត្រង់ស្មោះ ព្រះអង្គផាត់អស់មិនទុកនៅ
  លែងរាប់លែងរកលែងទុកថា ជាបុត្រធីតាជាកូនចៅ  
  អ្នករាល់គ្នាមានចិត្តអាស្រូវ វៀចវេរមិនត្រូវក្បត់ព្រះអង្គ
៦- ឱជនល្ងីល្ងើឥតប្រាជ្ញា ចុះម្តេចឡើយណាមិនបោះបង់  
  ព្រះគុណព្រះអង្គច្រើនកន្លង តោងគិតផ្គូរផ្គងគិតនឹកនា
  ទ្រង់ជាបិតាដែលបង្កើត ឱ្យមានកំណើតកើតជន្មា  
  ឱ្យអ្នកបានក្លាយជាប្រជា ជាតិមាំអស្ចារ្យខ្លាំងទៀតផង
៧- ចូរអ្នករាល់គ្នានឹកនាចាំ គិតអំពីឆ្នាំដែលកន្លង  
  ឪពុកដូនតាកុំមានហ្មង រ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់
៨- ពេលព្រះខ្ពង់ខ្ពស់ប្រទានដី ជាកេរថ្លាថ្លៃទ្រព្យសំណព្វ  
  ពេលទ្រង់បំបែកមនុស្សលោកសព្វ ថែមទាំងកំណត់ព្រំដែនឱ្យ
  ព្រះអង្គប្រទានតាមចំនួន ឱ្យបានសមសួនមិនបណ្តោយ  
  គ្នាតិចបានតិចមិនឱ្យធ្លោយ គ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង
៩- ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែល ទុកជារាស្ត្រផ្ទាល់នៃព្រះអង្គ  
  ទាំងពូជយ៉ាកុបថែមទៀតផង ទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន
១០- ព្រះម្ចាស់រកឃើញអ៊ីស្រាអែល នៅតាមទីវាលរហោស្ថាន  
  ក្នុងដីហួតហែងព្រៃស្មសាន សុទ្ធតែតិរច្ឆានស្នាក់នៅជុំ
  តែព្រះអង្គបានបីបាច់ថែ ថ្នាក់ថ្នមរូបគេហើយអប់រំ  
  ការពារក្រសោបឱ្យនៅជុំ គេរស់សុខដុមផុតវេទនា
១១- ព្រះអង្គការពារនិងណែនាំ ឱ្យដើរត្រង់ចំផ្លូវសាស្តា  
  ដូចសត្វឥន្ទ្រីយ៍ជាបក្សា ត្រដាងស្លាបវាបាំងកូនបាន
១២- មានតែព្រះម្ចាស់មួយព្រះអង្គ ដឹកនាំរាស្ត្រទ្រង់យ៉ាងចំណាន  
  ឱ្យគេរស់នៅយ៉ាងសុខសាន្ត ព្រះផ្សេងមិនបានដូចទ្រង់ឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ទូល‌បង្គំនឹងថ្លែងអំពីភាពឧត្តុង្គ‌ឧត្ដមរបស់ព្រះ‌អង្គ។

ទំនុកតម្កើងលេខ ៨

សិរីរុង​រឿង​របស់​ព្រះ‌ជាម្ចាស់ និង​កិត្តិយស​របស់​មនុស្ស

ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត
ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ (អភ ១,២២)។

បន្ទរទី៣ ៖ បពិត្រព្រះអម្ចាស់ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត !

បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត!។

ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។

ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ

ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
តើបុត្រមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?

ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដរាជ្យ។

ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ

គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន

ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ
និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
១០
បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១១,១-៥)

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញាឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យតាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្តីតាម​ដែល​ឮ​គេ​និយាយ​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិ‌ធម៌ កាត់​ក្តី​ឲ្យ​ជន​ទុរគត ដោយ​ទៀង​ត្រង់។ ព្រះ‌អង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះ‌អង្គ​ចេញ​បញ្ជាមនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។ ព្រះ‌អង្គ​នឹង​យក​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ធ្វើជា​សង្វារ។

បន្ទរ៖ យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

អាទិត្យទី២៖ យើង​នឹង​លើក​ដៃ​ធ្វើ​សញ្ញា​ដល់​ប្រជា‌ជាតិ​នានា យើងនឹងប្រមូលជនជាតិអ៊ីស្រាអែល ដែល​បានបែកខ្ញែកគ្នា ឲ្យ​មក​ជួប‌ជុំគ្នាឡើងវិញ។

ពាក្យអង្វរសកល ៖ អាទិត្យទី២

ព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះនៃយើង ព្រះអង្គនឹងយាងមកវិញក្នុងសិរីរុងរឿង ប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យ។ ចូរយើងទូលអង្វរព្រះអង្គដោយចិត្តរាបសាថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះអម្ចាស់យេស៊ូ ! ព្រះអង្គនឹងយាងមកវិញ ប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យ
—សូមព្រះអង្គទតមើលមកភាពទន់ទាបរបស់យើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំសាកសមទទួលព្រះអំណោយទានរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះយេស៊ូបានយាងមក ព្រះអង្គជាដំណឹងល្អដល់មនុស្សគ្រប់ជាតិ សាសន៍
—សូមឱ្យយើងខ្ញុំប្រកាសពីព្រះរាជកិច្ចសង្រ្គោះរបស់ព្រះអង្គជានិច្ច។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! ព្រះអង្គសមនឹងទទួលការកោតសរសើរ ដ្បិតទ្រង់មានព្រះជន្មគង់នៅ និងគ្រប់គ្រងលើអ្វីៗទាំងអស់
—សូមជួយយើងខ្ញុំឱ្យទន្ទឹងរង់ចាំព្រះអង្គដែលយាងមកក្នុងសិរីរុងរឿង ដោយមានចិត្តសង្ឃឹម និងអំណរសប្បាយផង។ (បន្ទរ)

យើងខ្ញុំទទូចអង្វរសូមព្រះហឫទ័យប្រណីសន្តោស នៅពេលព្រះអង្គយាងមកវិញ សូមព្រះមេត្តាប្រោសប្រណីដល់យើងខ្ញុំ
—ហើយសូមលួងលោមចិត្តយើងខ្ញុំ ដោយប្រទានព្រះអំណោយនៃព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកបំភ្លឺមនុស្សលោក។ ព្រះបុត្រាយាងមកប្រកបដោយសិរីរុងរឿងយ៉ាងអស្ចារ្យ ទ្រង់នឹងបំបាត់ភាពងងឹត និងសេចក្តីអាក្រក់គ្រប់យ៉ាង។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំធ្វើជាបុត្រធីតាដ៏វិសុទ្ធរបស់ព្រះអង្គផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។