១១ ធ្នូ ២០២៥

Written on 18/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃព្រហស្បតិ៍

(ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

ថ្ងៃព្រហស្បតិ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨០

ឱព្រះអម្ចាស់អើយ! សូម​យាង​មក​ជួយ​ចម្ការ​ទំពាំងបាយជូរ​នេះ​ផង!

ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គឱ្យយើងខ្ញុំឃើញ ហើយសូមយាងមកសង្គ្រោះយើងខ្ញុំផង!

ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង
ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម
ឱ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​ពួក​ខេរូប៊ីមអើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ

សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ
សូមយាងមកសង្គ្រោះយើងខ្ញុំផង!

ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!

បពិត្រព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល!
តើព្រះអង្គទ្រង់ព្រះពិរោធ មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត?

ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។

ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ
ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។

ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។

ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក
ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។
១០
ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក
១១
ម្លប់នៃទំពាំងបាយជូរនោះ គ្របដណ្តប់ទៅលើភ្នំនានា
ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។
១២
ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ
ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។
១៣
ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ
បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ?
១៤
ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ
សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។
១៥
ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ!
សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
១៦
សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់
គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង!
១៧


សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ
ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។

១៨
សូមដាក់ព្រះហស្តលើស្តេចដែលគង់នៅខាងស្តាំព្រះអង្គ
គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។
១៩
យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ
សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង
នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។
២០
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គឱ្យយើងខ្ញុំឃើញ ហើយសូមយាងមកសង្គ្រោះយើងខ្ញុំផង!

បទលើកតម្កើងតាមព្យាការីអេសាយ (អស ១២,១-៦)

អំណរសប្បាយរបស់ប្រជារាស្រ្តដែលព្រះអង្គបានលោះ

អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ (យហ ៧,៣៧)។

បន្ទរទី២ ៖ ព្រះអង្គបានសម្ដែងការប្រសើរអស្ចារ្យចំពោះយើង ចូរឱ្យយើងប្រកាសពីការអស្ចារ្យទាំងនេះ ឱ្យមនុស្សនៅលើផែន‌ដីទាំងមូលដឹងផង!

(បទពាក្យ ៧)

១- ឱព្រះម្ចាស់អើយទូលបង្គំ លើកហត្ថប្រណម្យសូមតម្កើង  
  គ្រាមុនព្រះអង្គពិរោធយើង ឥឡូវព្រះអង្គសម្រាលទុក្ខ
២- ព្រះអម្ចាស់ជាព្រះសង្គ្រោះ ជីវិតខ្ញុំរស់ស្គាល់តែសុខ  
  លែងភ័យលែងខ្លាចលែងកើតទុក្ខ ពីនេះទៅមុខពឹងលើព្រះ
  ដ្បិតព្រះអម្ចាស់ជាកម្លាំង ខ្ញុំអាចតតាំងអាចយកឈ្នះ  
  ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ
៣- ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នា ផុតទុក្ខគ្រប់គ្រារស់សុខដុម  
  ចូរទៅដងទឹកត្រជាក់ជុំ ចេញពីប្រភពសង្គ្រោះផង
៤- ចូរអរព្រះគុណព្រះអម្ចាស់ ហើយចូរប្រកាសនាមព្រះអង្គ  
  ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ ប្រាប់ប្រជាជនផងទាំងឡាយ
៥- ចូរស្មូតទំនុកតម្កើងថ្វាយ ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ  
  ដ្បិតការអស្ចារ្យច្រើនពេកក្រៃ ឱ្យមនុស្សលើដីបានដឹងផង
៦- អុះឱ អ្នកក្រុងស៊ីយ៉ូនអើយ ចូរកុំកន្តើយស្រែករំពង  
  ដោយអរសប្បាយដ្បិតព្រះអង្គ វិសុទ្ធឥតហ្មងព្រះនៃយើង
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអង្គបានសម្ដែងការប្រសើរអស្ចារ្យចំពោះយើង ចូរឱ្យយើងប្រកាសពីការអស្ចារ្យទាំងនេះ ឱ្យមនុស្សនៅលើផែន‌ដីទាំងមូលដឹងផង!

ទំនុកតម្កើងលេខ ៨១

សម្ពន្ធមេត្រីដែលចងឡើងវិញយ៉ាងឱឡារិក

បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ (ហប ៣,១២)។

បន្ទរទី៣ ៖ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង!

ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង!
ចូរអបអរសាទរព្រះរបស់លោកយ៉ាកុប!

ចូរនាំគ្នាប្រគុំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ!

ចូរផ្លុំស្នែងនៅពេលចាប់ផ្តើមខ្នើត នៅពេលខែពេញបូរមី គឺជាថ្ងៃបុណ្យរបស់យើង

ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល ជាបទបញ្ជានៃព្រះរបស់លោកយ៉ាកុប

ជាវិន័យដែលព្រះអង្គបង្គាប់មកពូជពង្សរបស់លោកយ៉ូសែប
នៅពេលដែលព្រះអង្គវាយប្រហារស្រុកអេស៊ីប។
ខ្ញុំឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ឮទាល់តែសោះ បន្លឺថា ៖

“យើងបានយកអង្រែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ!


នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានរំដោះអ្នក
យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅក្បែរប្រភពទឹកមេរីបា។

ប្រជារាស្ត្ររបស់យើងអើយ! ចូរស្តាប់សេចក្តីដែលយើងរំលឹកដាស់តឿនអ្នក
ឱអ៊ីស្រាអែលអើយ! ចូរស្តាប់ពាក្យយើង
១០
កុំឱ្យមានព្រះណាទៀតនៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំព្រះដទៃឱ្យសោះ
១១
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីបមក
ចូរបើកចិត្តឱ្យទូលាយ យើងនឹងឱ្យពរអ្នកយ៉ាងពេញបរិបូណ៌។
១២
ប៉ុន្តែ ប្រជារាស្ត្ររបស់យើងមិនបានស្តាប់សំឡេងយើងទេ
អ៊ីស្រាអែលក៏មិនចង់ស្គាល់យើងទៀតដែរ។
១៣
ហេតុនេះហើយបានជាយើងបណ្តោយគេទៅតាមចិត្តរឹងរូសរបស់ខ្លួន
ឱ្យគេនាំគ្នាប្រព្រឹត្តតាមទំនើងចិត្តគេទៅចុះ!។
១៤
ប្រសិនបើប្រជារាស្ត្ររបស់យើង ស្តាប់សំឡេងរបស់យើង
ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង
១៥
យើងមុខជានឹងបង្ក្រាបខ្មាំងសត្រូវរបស់គេ
យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។
១៦
អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ
ព្រះអង្គនឹងដាក់ទោសគេជាដរាបតរៀងទៅ។
១៧
ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឱ្យអ៊ីស្រាអែលបរិភោគ
ព្រមទាំងឱ្យគេមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៥,៨)

ចូរ​ឲ្យ​ផ្ទៃ​មេឃ​សម្រក់​សេចក្ដី​សុចរិត​ចុះ​មកដូច​ទឹក​សន្សើម ចូរ​ឲ្យ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មកដូច​ទឹក​ភ្លៀង ចូរ​ឲ្យ​ផែន‌ដី​បើក​ចំហ ដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើង និង​ឲ្យ​សេចក្ដី​សុចរិតពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​អ្នក​នោះ​មក»។

បន្ទរ៖ យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
-អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

អាទិត្យទី២៖ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹងជួយអ្នក។ យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។

ពាក្យអង្វរសកល ៖ អាទិត្យទី២

ចូរយើងទូលអង្វរទៅព្រះជាម្ចាស់ ជាព្រះបិតា ដែលបានប្រទានព្រះបុត្រាឱ្យសង្រ្គោះមនុស្សលោក ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសម្តែងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមកយើងខ្ញុំផង !

បពិត្រព្រះបិតា ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! យើងខ្ញុំសូមប្រកាសជំនឿលើព្រះគ្រីស្តរបស់ព្រះអង្គ តាមបបូរមាត់របស់យើងខ្ញុំ
—សូមព្រះអង្គការពារយើងខ្ញុំពីការបដិសេដព្រះបុត្រា តាមរយៈសកម្មភាពរបស់យើងខ្ញុំផង។ (បន្ទរ)

ព្រះអង្គបានប្រទានព្រះបុត្រាមករំដោះយើងខ្ញុំ
—សូមព្រះអង្គដកយកទុក្ខព្រួយទាំងប៉ុន្មានចេញពីផែនដី និងពីប្រទេសដែលយើងខ្ញុំកំពុងរស់នៅសព្វថ្ងៃនេះ។ (បន្ទរ)

ទឹកដីរបស់យើងខ្ញុំទន្ទឹងរង់ចាំព្រះបុត្រាព្រះអង្គ ដោយក្តីរីករាយ
—ចូរឱ្យទឹកដីនេះមានបទពិសោធន៍ខាងអំណរសប្បាយដ៏ពេញលេញផង។ (បន្ទរ)

ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមជួយយើងខ្ញុំឱ្យរស់នៅបានវិសុទ្ធ និងឥតសៅហ្មងក្នុងលោកនេះ
—ទាំងទន្ទឹងរង់ចាំព្រះគ្រីស្តយាងមកក្នុងសិរីរុងរឿងយ៉ាងអន្ទះសារ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះយើងខ្ញុំ។ សូមព្រះអង្គមេត្តាកែប្រែចិត្តគំនិតរបស់យើងខ្ញុំ ឲ្យស្ម័គ្រចិត្តរៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកំពុងយាងមក។ សូមប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់បម្រើព្រះអង្គ ដោយសេចក្តីស្រឡាញ់ និងជួយដល់អ្នកកម្សត់ទុគ៌ត។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។