០៥ ធ្នូ ២០២៥

Written on 24/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃសុក្រ

(ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

ថ្ងៃសុក្រ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥១

ឱ​ព្រះជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូល‌បង្គំផង

ត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធមកពីសេចក្តីពិត ជាជីវិតដែលព្រះជាម្ចាស់បាន​បង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៤)។

បន្ទរទី១ ៖ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងយញ្ញបូជាស្របតាមវិន័យ ដែលគេនឹងយកមកថ្វាយនៅលើតុសក្ការៈរបស់ព្រះអង្គ។

ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ
តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង
សូមលើកលែងទោសឱ្យទូលបង្គំ
តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។

សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង
សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប!

ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ
អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។

ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ
គឺទាស់នឹងព្រះអង្គតែមួយគត់
ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។

ទូលបង្គំមានកំហុសតាំងពីកំណើតមក
ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ!

ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។
សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ

សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន
សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
១០
សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំនឹងមានអំណរសប្បាយ
ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។
១១
ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។
សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។
១២
ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ
សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។
១៣
សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។
១៤
សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ
សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។
១៥
ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
១៦
ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់
ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។
១៧
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង
នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
១៨
ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។
១៩
យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង
ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
២០
ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន
សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។
២១
ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ
គឺតង្វាយដុតទាំងមូល និងយញ្ញបូជា
គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងយញ្ញបូជាស្របតាមវិន័យ ដែលគេនឹងយកមកថ្វាយនៅលើតុសក្ការៈរបស់ព្រះអង្គ។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤៥,១៥-២៥)

មនុស្សគ្រប់ជាតិសាសន៍នឹងក្លាយជាសាវ័ករបស់ព្រះអម្ចាស់

ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ (ភីល ២,១០)។

បន្ទរទី២ ៖ ពូជ‌ពង្សអ៊ីស្រា‌អែលទាំងមូលនឹងសុចរិត ហើយខ្ពស់មុខដោយ‌សារព្រះ‌អម្ចាស់។

(បទពាក្យ ៧)

១៥- ឱព្រះជាម្ចាស់នៃយើងខ្ញុំ ជាព្រះឧត្តមព្រះសង្គ្រោះ  
  មនុស្សពិបាករកឃើញណាស់ កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង
១៦- ឱ្យអស់អ្នកដែលធ្វើរូបព្រះ ឱនក្រាបសំពះគ្មានរអែង  
  ត្រូវអាម៉ាស់មុខខ្លាំងក្រៃលែង ចេញទៅទីផ្សេងទាំងអៀនខ្មាស
១៧- ចំណែកជនជាតិអ៊ីស្រាអែល គេបានដំណែលពីព្រះម្ចាស់  
  គឺការសង្គ្រោះយ៉ាងជាក់ច្បាស់ គេមិនអាម៉ាស់សោះឡើយណា
១៨- ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃ ដីធំអនេកលើលោកា  
  សត្វលោកស្នាក់នៅជួបជុំគ្នា សុខដុមរមនាគ្រប់ៗប្រាណ
  ហើយទ្រង់មានព្រះបន្ទូលថា គឺយើងនេះណាព្រះថ្កើងថ្កាន  
  ព្រះក្រៅពីយើងនោះគឺគ្មាន ទាំងប្រាជ្ញាញាណទាំងបារមី
១៩- យើងមិននិយាយលាក់ស្ងៀមស្ងាត់ ក្នុងទីងងឹតនៃផែនដី  
  យើងមិនប្រាប់ពូជយ៉ាកុបអី ឱ្យឆាប់វិលវៃរកយើងទេ
  យើងជាព្រះម្ចាស់និយាយទៅ ពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ  
  អ្វីដែលយើងប្រកាសប្រាប់គេ សុទ្ធតែគួរគាប់ពិតត្រឹមត្រង់
២០- ជនជាតិសេសសល់គ្រប់គ្នាអើយ កុំនៅកន្តើយធ្វើរេរង់  
  ត្រូវខំឃ្មាតខ្មីកុំបង្អង់ ខិតចូលមកផងឱ្យជិតគ្នា
  ឱអ្នកដែលសែងព្រះខ្លួនធ្វើ ពីស្ពាន់ពីឈើគ្រប់អង្គា  
  បួងសួងព្រះដែលមិនបានការ ពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ
២១- ចូរអ្នករាល់គ្នាគិតមើលចុះ ឱ្យបានធ្លាយធ្លុះការនេះទៅ  
  តើនរណាបានប្រាប់ទុកនៅ ហេតុការណ៍ដែលត្រូវកើតពេលនេះ
  គឺមានតែយើងព្រះអម្ចាស់ ដែលបានប្រកាសមុនប៉ុណ្ណោះ  
  យើងព្រះសុចរិតព្រះសង្គ្រោះ ក្រៅពីយើងនោះគ្មានព្រះផ្សេង
២២- ឱអ្នកដែលរស់នៅទីឆ្ងាយ ចូរវិលមកអាយកុំកន្តើយ  
  ខិតមកជិតយើងនឹងបានស្បើយ គឺយើងនេះហើយព្រះនៃអ្នក
២៣- អ្វីៗដែលយើងនិយាយមក មិនមែនឆរបោកសុទ្ធសច្ចៈ  
  មិនអាចក្រឡះភូតកុហក យើងសូមប្រាប់អ្នកដូច្នេះថា
  មនុស្សលោកទាំងអស់នឹងមកសុំ ក្រាបថ្វាយបង្គំយើងគ្រប់គ្នា  
  មនុស្សគ្រប់សញ្ជាតិនឹងសច្ចា គោរពសន្យាបម្រើយើង
២៤- គេនឹងពោលថាមានតែព្រះ ដែលជាអម្ចាស់មួយព្រះអង្គ  
  ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់ អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់
២៥- ពូជពង្សអ៊ីស្រាអែលទាំងអស់ នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ  
  ហើយបានសុចរិតឥតប្រែផ្លាស់ ដោយសារព្រះម្ចាស់តរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ពូជ‌ពង្សអ៊ីស្រា‌អែលទាំងមូលនឹងសុចរិត ហើយខ្ពស់មុខដោយ‌សារព្រះ‌អម្ចាស់។

ទំនុកតម្កើងលេខ ១០០

អំណរសប្បាយនៃអស់អ្នកដែលចូលក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់!

ព្រះអម្ចាស់បានត្រាស់ហៅប្រជាជនដែលព្រះអង្គបានលោះ ឱ្យច្រៀងចម្រៀងនៃជ័យជម្នះ (សន្តអាថាណាស)។

បន្ទរទី៣ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ !

មនុស្សនៅលើផែនដីទាំងមូលអើយ!
ចូរអបអរសាទរថ្វាយព្រះអម្ចាស់!

ចូរគោរពបម្រើព្រះអម្ចាស់ ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ!

ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន!
ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ត្ររបស់ព្រះអង្គ
គឺជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា។

ចូរនាំគ្នាចូលព្រះដំណាក់របស់ព្រះអង្គ ទាំងអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងបរិវេណព្រះវិហារ ទាំងពោលសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!

ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរជានិច្ច
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣០,២១-២២)

មេ​ដឹក​នាំ​នឹង​កើត​ចេញ​ពី​ចំណោម​ពួក​គេ អ្នក​គ្រប់‌គ្រង​ក៏​កើត​ពី​ចំណោម​ពួក​គេ​ដែរ។ យើង​នឹង​ឲ្យ​មេ​ដឹក​នាំ​នោះ​ចូល​មក​ជិត​យើង ដ្បិត​គ្មាន​នរណា​ហ៊ាន​ចូល​មក​ជិត​យើងដោយ​ចិត្ត​ឯង​ឡើយ។ - នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌អម្ចាស់ -អ្នក​រាល់​គ្នា​នឹង​ធ្វើជា​ប្រជា‌រាស្ដ្រ​របស់​យើង ហើយយើង​នឹង​ធ្វើជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

បន្ទរ៖ យេរូ‌សាឡឹមអើយ ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ ! *សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

អាទិត្យទី១៖ ព្រះជាម្ចាស់របស់យើងយាងមកប្រសូតជាមនុស្ស ក្នុងរាជ្យវង្សព្រះបាទដាវីឌ ដើម្បីគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ អាលេលូយ៉ា!។

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

ព្រះជាម្ចាស់ជាព្រះបិតា បានបង្ហាញសិរីរុងរឿងរបស់ព្រះអង្គមក មនុស្សលោក តាមរយៈព្រះបុត្រាព្រះអង្គ។ ហេតុនេះហើយបានជាយើងខ្ញុំបន្លឺសម្លេងយ៉ាងខ្លាំងៗ ដោយអំណរសប្បាយថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់! សូមឱ្យព្រះនាមព្រះអង្គត្រូវគេលើកតម្កើងឡើង !

ឱព្រះអម្ចាស់អើយ! សូមបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់គ្នាទៅវិញ ទៅមក
—ដូចព្រះគ្រីស្តបានស្រឡាញ់យើងខ្ញុំ ដើម្បីលើកតម្កើងសិរីរុងរឿងនៃព្រះបិតាដែរ។ (បន្ទរ)

សូមព្រះអង្គចាក់បំពេញនូវអំណរសប្បាយ និងសេចក្តីសុខសាន្តក្នុងជំនឿឱ្យយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំដើរដោយមានសេចក្តីសង្ឃឹម និងកម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គជួយដល់មនុស្សគ្រប់ជាតិសាសន៍ដោយព្រះហឫទ័យមេត្តាករុណា
—សូមព្រះអង្គគង់នៅជិតអស់អ្នកដែលស្វែងរកធម៌មេត្តារបស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គត្រាស់ហៅ និងបន្សុទ្ធអ្នកដែលព្រះអង្គបានជ្រើសរើស
—ទោះបីយើងខ្ញុំជាអ្នកបាបក៏ដោយ សូមព្រះអង្គប្រទានមកុដនៃសុភមង្គលមកយើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! មានតែព្រះអង្គទេ ដែលសង្រ្គោះមនុស្សលោក ឲ្យរួចផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
សូមព្រះអង្គមេត្តាសម្តែងឫទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះអង្គ មកប្រែចិត្តគំនិតរបស់យើងខ្ញុំ ឲ្យកាន់កិរិយាមារយាទល្អត្រឹមត្រូវបរិសុទ្ធ និងបានគាប់ព្រះហឫទ័យព្រះអង្គផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។