រដូវធម្មតា សប្តាហ៍ទី២០ ថ្ងៃពុធ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ ! ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១០៨
ពាក្យសរសើរតម្កើងព្រះជាម្ចាស់ និងពាក្យទូលអង្វរ
តាំងពីព្រះជាម្ចាស់លើកព្រះបុត្រាឡើងស្ថានបរមសុខ
សិរីរុងរឿងរបស់ព្រះអង្គត្រូវបានប្រកាសទូទាំងភពផែនដី (Arnobius)។
បន្ទរទី១៖ ឱព្រះជាម្ចាស់អើយ ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច !
| ២ | ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច! ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតបទតម្កើងអស់ពីដួងចិត្ត! |
| ៣ | ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះ |
| ៤ | ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា |
| ៥ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
| ៦ | ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ ហើយសូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល! |
| ៧ | សូមយាងមកសង្គ្រោះយើងខ្ញុំដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឱ្យប្រជាជនជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត! |
| ៨ | ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា: «យើងនឹងយកជ័យជម្នះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូតចែកប្រជារាស្ដ្ររបស់យើង។ |
| ៩ | កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។ |
| ១០ | ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថា យើងជាម្ចាស់លើទឹកដីនេះ។ យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។ |
| ១១ | តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុងដ៏រឹងមាំបាន? តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម? |
| ១២ | ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។ |
| ១៣ | សូមជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតប្រយោជន៍អ្វីសោះ។ |
| ១៤ | បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងឱ្យរាប។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះជាម្ចាស់អើយ ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច !
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦១,១០-៦២,៥)
បន្ទរទី២៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។
(បទពាក្យ ៧)
| ១០- | ខ្ញុំមានអំណរសប្បាយខ្លាំង | ព្រោះតែព្រះអង្គស្តាប់អង្វរ | |
| ព្រះអង្គសង្គ្រោះខ្ញុំកំដរ | រហូតរៀងមកមិនដែលខាន | ។ | |
| លម្អខ្ញុំដូចកូនកំលោះ | ពាក់មកុដស្រស់ល្អភុំផាន | ||
| ដូចកូនក្រមុំយ៉ាងចំណាន | នៅលើវិមានថ្ងៃរៀបការ | ។ | |
| ១១- | ដីធ្វើឱ្យគ្រាប់ពូជធារដុះ | ពន្លកសក្បុសនៅក្នុងច្បារ | |
| លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា | ក្តីសុចរិតថ្លាមិនបាត់បង់ | ។ | |
| និងការសរសើរលើកតម្កើង | លូតលាស់ផុសឡើងមិនបង្អង់ | ||
| ចេញពីទឹកដីល្អផូរផង់ | នៅមុខទូទាំងជាតិទាំងឡាយ | ។ | |
| ១- | យើងតែងនិយាយការពារក្រុង | ឱ្យនៅគង់វង្សមានអ្នកថែ | |
| យេរូសាឡឹមស៊ីយ៉ូនដែរ | យើងមិនស្ងៀមទេមិនកន្តើយ | ។ | |
| ដរាបទាល់តែក្តីសុចរិត | ចាំងចែងពេញពិតទើបធូរស្បើយ | ||
| ដូចថ្ងៃរះពេញពន្លឺហើយ | ការសង្គ្រោះឱ្យភ្លឺដូចភ្លើង | ។ | |
| ២- | ពេលនោះមនុស្សគ្រប់ជាតិសាសន៍ | ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង | |
| ស្តេចទាំងប៉ុន្មាននឹកឃើញឡើង | សិរីរុងរឿងនៃអ្នកដែរ | ។ | |
| ឈ្មោះចាស់ក្រុងឯងគេលែងហៅ | គេពោលសំដៅតាមគេប្រែ | ||
| ឈ្មោះល្អសែនសមអ្វីម៉្លេះទេ | ព្រះប្រទានគេឱ្យរុងរឿង | ។ | |
| ៣- | ក្រុងឯងនឹងទៅជាភួងជ័យ | ប្រណីតពេកក្រៃសែនថ្កុំថ្កើង | |
| នឹងទៅជាមកុដរាជ្យរុងរឿង | ព្រះហស្តព្រះយើងទ្រង់កាន់កាប់ | ។ | |
| ៤- | គេនឹងលែងហៅអ្នកឯងថា | ស្ត្រីមិនបានការមិនចំណាប់ | |
| ស្ត្រីប្តីបោះបង់មិនគួររាប់ | គេលែងបង្អាប់ដល់អ្នកទៀត | ។ | |
| តំបន់ជុំវិញគេក៏លែង | មើលងាយហៅថាចោលម្សៀត | ||
| ថាស្ងាត់ជ្រងំដូចព្រៃស្បាត | ដែលមានដុះសុទ្ធស្មៅទៀតទេ | ។ | |
| តែផ្ទុយទៅវិញគេនឹងហៅ | ឯងថាពាលពៅបងសូមស្នេហ៏ | ||
| តំបន់ជុំវិញគេបំពេរ | ថាស្ងួនមាសមេភរិយាបង | ។ | |
| ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ | នឹងអ្នកពេកក្រៃគ្មានសៅហ្មង | ||
| ដូចពាក្យសំដីឆ្លើយសារសង | ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា | ។ | |
| ៥- | ព្រះម្ចាស់បង្កើតជារូបអ្នក | ទ្រង់គង់ថ្នមថ្នាក់រាល់វេលា | |
| សប្បាយឥតខ្វល់ដូចភរិយា | ថ្មីថ្មោងជាគ្នានឹងស្វាមី | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។
ទំនុកតម្កើងលេខ ១៤៦
សុភមង្គលរបស់អស់អ្នកដែលជឿទុកចិត្តលើព្រះជាម្ចាស់
ការសរសើរតម្កើងព្រះជាម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង មានន័យថា គ្រប់យ៉ាងដែលយើងធ្វើ ត្រូវតែសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ (Arnobius)។
បន្ទរទី៣៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។
| ១ | អាលេលូយ៉ា! ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់អស់ពីដួងចិត្ត! |
| ២ | ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ខ្ញុំនឹងស្មូតបទថ្វាយព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។ |
| ៣ | កុំទុកចិត្តមេដឹកនាំ កុំទុកចិត្តមនុស្សលោក ដែលពុំអាចសង្គ្រោះនរណាបាននោះឡើយ |
| ៤ | ពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។ |
| ៥ | អ្នកណាដែលព្រះរបស់លោកយ៉ាកុបសង្គ្រោះ ហើយអ្នកណាដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ |
| ៦ | ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។ |
| ៧ | ព្រះអង្គរកយុត្តិធម៌ឱ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នកដែលស្រេកឃ្លាន ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង |
| ៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត |
| ៩ | ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែព្រះអង្គធ្វើឱ្យគម្រោងការរបស់មនុស្សអាក្រក់ត្រូវរលាយសូន្យ។ |
| ១០ | ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ! ព្រះរបស់អ្នកនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៤,៣៩-៤០)
ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។ អ្នកត្រូវកាន់តាមវិន័យ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឱ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឱ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឱ្យអ្នកមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឱ្យអ្នករហូតតទៅ។
បន្ទរ៖ ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ *គ្រប់ពេលវេលា។ បន្ទរឡើងវិញ៖...
-ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ចូរយើងគោរពបម្រើព្រះអម្ចាស់ក្នុងភាពដ៏រិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
ពាក្យអង្វរសកល
ព្រះគ្រីស្តជាសិរីរុងរឿងរបស់ព្រះបិតា ព្រះអង្គបំភ្លឺយើងខ្ញុំដោយសារព្រះបន្ទូលរបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅថា ៖
បន្ទរ ៖ ឱព្រះមហាក្សត្រនៃសិរីរុងរឿងអស់កល្បជានិច្ចអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង។
សូមលើកតម្កើងព្រះជាម្ចាស់ ព្រះអង្គជាអាល់ផា និងជាអូមេកានៃជំនឿរបស់យើងខ្ញុំ
—ព្រោះព្រះអង្គដែលបានត្រាស់ហៅយើងខ្ញុំចេញពីទីងងឹត ដើម្បីចូលទៅក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ និងមនុស្សថ្លង់ឱ្យស្តាប់ឮ
—សូមព្រះអង្គជួយដល់អ្នកដែលគ្មានជំនឿផង។ (បន្ទរ)
ឱព្រះអម្ចាស់អើយ! សូមព្រះអង្គថែរក្សាការពារយើងខ្ញុំ និងសហគមន៍របស់យើងខ្ញុំ ក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
—សូមកុំឱ្យយើងបែកពីគ្នាឡើយ។ (បន្ទរ)
សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ នៅពេលយើងខ្ញុំស្ថិតក្នុងការល្បួង និងឱ្យយើងខ្ញុំមានចិត្តស៊ូទ្រាំនៅពេលមានទុក្ខលំបាក
—ហើយឱ្យយើងខ្ញុំមានចិត្តកត្តញ្ញូ នៅពេលសម្បូរសប្បាយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា ! សូមព្រះអង្គនឹកចាំពីសម្ពន្ធមេត្រីដ៏វិសុទ្ធ ដែលចងឡើងដោយព្រះលោហិតរបស់កូនចៀម។ សូមព្រះអង្គលើកលែងទោសបាបរបស់ប្រជាជន ហើយសូមឱ្យថ្ងៃថ្មីនេះ នាំយើងខ្ញុំមកដល់កាន់តែជិតការសង្រ្គោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

