១៩ មិថុនា ២០២៦

Written on 24/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១១ ថ្ងៃសុក្រ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​នាំ​គ្នា​មកអរព្រះគុណព្រះអម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥១

ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូល‌បង្គំផង!

ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មីឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មីដ៏​សុចរិត និង​វិសុទ្ធ មក​ពី​សេចក្ដីពិត
ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ (អភ ៤,២៣-២៤)។

បន្ទរទី១ ៖ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ឱ​ព្រះ‌ជាម្ចាស់​អើយ ! សូមប្រណី​សន្ដោស​ទូល‌បង្គំផង។

ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ
តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង
សូមលើកលែងទោសឱ្យទូលបង្គំ
តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។

សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង
សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប!

ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ
អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។

ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ
គឺទាស់នឹងព្រះអង្គតែមួយគត់
ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។

ទូលបង្គំមានកំហុសតាំងពីកំណើតមក
ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ!

ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។
សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ

សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន
សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
១០
សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំនឹងមានអំណរសប្បាយ
ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។
១១
ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។
សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។
១២
ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ
សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។
១៣
សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។
១៤
សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ
ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ
សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។
១៥
ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
១៦
ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់
ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។
១៧
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង
នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
១៨
ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។
១៩
យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង
ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
២០
ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន
សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។
២១
ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ
គឺតង្វាយដុតទាំងមូល និងយញ្ញបូជា
គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូមប្រណី​សន្ដោស​ទូល‌បង្គំផង!។

បទលើកតម្កើងតាមព្យាការីយេរេមី (យរ ១៤,១៧-២១)

សំណោករបស់ប្រជាជននៅពេលអត់ឃ្លាន និងពេលមានសង្រ្គាម

ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ (មក ១,១៥)។

បន្ទរទី២ ៖ ទូល‌បង្គំទទួល​សារ‌ភាព​ថា ទូល‌បង្គំបាន​ធ្វើខុស​ហើយ ទូល‌បង្គំបាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យព្រះ‌អង្គ។

(បទពាក្យ ៧)

១៧- ទឹកភ្នែកខ្ញុំហូររាល់យប់ថ្ងៃ ព្រោះតែស្រមៃឥតស្រាកស្រាន្ត  
  ទីក្រុងដែលធ្លាប់តែថ្កើងថ្កាន ត្រូវខ្មាំងសាមាន្យបំផ្លាញអស់
១៨- បើខ្ញុំចេញទៅទីវាលស្រែ ឃើញសុទ្ធសឹងតែសាកសពសោះ  
  ពេលចូលដល់ក្រុងឃើញទាំងអស់ សុទ្ធអ្នករងគ្រោះដោយទុរ្ភិក្ស
  អស់ព្យាការីដើរតត្រុក ដើរឆ្លងកាត់ស្រុកមិនដែលនឹក  
  ទាំងបូជាចារ្យច្រើនសន្ធឹក ស្រុកកើតទុរ្ភឹក្សគេមិនខ្វល់
១៩- ឱព្រះអម្ចាស់តើព្រះអង្គ ពិតជាបោះបង់យូដាចោល  
  ឬទុកស៊ីយ៉ូនឱ្យតែលតោល ឬមួយកាត់ចោលស្អប់លែងរាប់
  យើងខ្ញុំសង្ឃឹមថាបានសុខ តែជួបតែទុក្ខស្ទើរតែស្លាប់  
  ថាបានសះស្បើយជាឆាប់ៗ តែប្រែមិនគាប់ជួបអាសន្ន
២០- ឱព្រះម្ចាស់អើយខ្ញុំសូមក្រាប ទទួលសារភាពមិនអាក់អន់  
  ប្រព្រឹត្តអំពើបាបពីមុន អាក្រក់ពេកពន់មិនគប្បី
  រួមទាំងដូនតានៃយើងខ្ញុំ ក៏ធ្វើមិនសមចិត្តអប្រីយ៍  
  យើងខ្ញុំសាងបាបរៀងរាល់ថ្ងៃ ទាស់នឹងព្រះទ័យនៃព្រះអង្គ
២១- ដោយយល់ព្រះនាមព្រះអម្ចាស់ មេត្តាសន្តោសកុំបោះបង់  
  បំបាក់មុខខ្ញុំធ្វើឱ្យក្រុង ដែលធ្លាប់រឿងរុងត្រូវអាម៉ាស់
  សូមនឹកពីសម្ពន្ធមេត្រី ដែលព្រះអង្គលៃចងយូរណាស់  
  ជាមួយយើងខ្ញុំមិនគួរផ្លាស់ ផ្តាច់ចោលស្រឡះដូច្នេះឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ទូល‌បង្គំទទួល​សារ‌ភាព​ថា ទូល‌បង្គំបាន​ធ្វើខុស​ហើយ ទូល‌បង្គំបាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យព្រះ‌អង្គ។

ទំនុកតម្កើងលេខ ១០០

អំណរសប្បាយរបស់អស់អ្នកដែលចូលក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់

ព្រះអម្ចាស់ត្រាស់ហៅប្រជារាស្រ្តដែលព្រះអង្គបានលោះ ឱ្យច្រៀងចម្រៀងនៃជ័យជម្នះ (សន្តអាថាណាស)។

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់​ពិត​ជា​ព្រះជាម្ចាស់​មែន ! យើង​ជា​ប្រជារាស្ដ្ររបស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។

មនុស្សនៅលើផែនដីទាំងមូលអើយ!
ចូរអបអរសាទរថ្វាយព្រះអម្ចាស់!

ចូរគោរពបម្រើព្រះអម្ចាស់ ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ!

ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ត្ររបស់ព្រះអង្គ គឺជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា។

ចូរនាំគ្នាចូលព្រះដំណាក់របស់ព្រះអង្គ ទាំងអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងបរិវេណព្រះវិហារ ទាំងពោលសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!

ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់​ពិត​ជា​ព្រះជាម្ចាស់​មែន ! យើង​ជា​ប្រជារាស្ដ្ររបស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ១២,៩ខ-១០)

«ការប្រណីសន្តោសរបស់យើង ល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតអាងអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឱ្យឫទ្ធានុភាពរបស់ព្រះគ្រីស្តមកសណ្ឋិតលើខ្ញុំ។ ហេតុនេះ ព្រោះតែព្រះគ្រីស្ត ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតនៅពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។

បន្ទរ៖ នៅពេលថ្ងៃ ព្រះ‌អម្ចាស់*សម្ដែងព្រះ‌ហឫទ័យមេត្តាករុណាចំពោះខ្ញុំ។ បន្ទរឡើងវិញ៖…
-សូមប្រោសប្រទានឱ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ដ្ររបស់ព្រះ‌អង្គ។

ពាក្យអង្វរសកល

ចូរយើងសម្លឹងមើលទៅព្រះគ្រីស្ត ដែលបានប្រសូតមកជាមនុស្ស និងសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ដើម្បីប្រជារាស្ត្ររបស់ព្រះអង្គ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ ឱព្រះជាអម្ចាស់អើយ ! សូមសង្រ្គោះអស់អ្នកដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គផង។

យើងខ្ញុំសូមកោតសរសើរព្រះយេស៊ូ ដែលប្រោសលោះមនុស្សជាតិ ព្រះអង្គមិនស្ទាក់ស្ទើរក្នុងការឆ្លងកាត់ទុក្ខលំបាក និងសេចក្តីស្លាប់
—ដើម្បីសង្រ្គោះយើងខ្ញុំដោយព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងប្រទានទឹកដែលផ្តល់ជីវិតអស់កល្បជានិច្ច
—សូមព្រះអង្គចាក់បង្ហូរនូវព្រះវិញ្ញាណដ៏វិសុទ្ធមកលើមនុស្សទាំងអស់។ (បន្ទរ)

ព្រះអង្គបានចាត់ក្រុមសាវ័កឱ្យទៅផ្សាយដំណឹងល្អ ទៅដល់ប្រជាជាតិទាំងឡាយ
—សូមព្រះអង្គជួយដល់ពួកគេ ក្នុងការពង្រីកជ័យជម្នះនៃឈើឆ្កាងរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានប្រទានឱ្យអ្នកជំងឺ និងអ្នករងទុក្ខលំបាក ចែករំលែកឈើឆ្កាងរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានឱ្យអ្នកទាំងនេះ មានសេចក្តីអត់ធ្មត់ និងកម្លាំងរឹងមាំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! សូមឱ្យពន្លឺរស្មីរបស់ព្រះអង្គបំភ្លឺការរស់នៅរបស់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចដើរនៅក្នុងពន្លឺនៃវិន័យរបស់ព្រះអង្គ ដោយរួមជាមួយព្រះអង្គជាអ្នកដឹកនាំយើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។