២២ ឧសភា ២០២៦

Written on 11/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃសុក្រ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥១

ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូល‌បង្គំផង!

ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មីឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មីដ៏​សុចរិត និង​វិសុទ្ធ មក​ពី​សេចក្ដីពិត
ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ (អភ ៤,២៣-២៤)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង អាលេលូយ៉ា!

ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ
តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង
សូមលើកលែងទោសឱ្យទូលបង្គំ
តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។

សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង
សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប!

ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ
អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។

ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ
គឺទាស់នឹងព្រះអង្គតែមួយគត់
ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។

ទូលបង្គំមានកំហុសតាំងពីកំណើតមក
ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ!

ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។
សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ

សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន
សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
១០
សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំនឹងមានអំណរសប្បាយ
ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។
១១
ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។
សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។
១២
ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ
សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។
១៣
សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។
១៤
សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ
ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ
សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។
១៥
ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
១៦
ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់
ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។
១៧
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង
នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
១៨
ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។
១៩
យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង
ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
២០
ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន
សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។
២១
ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ
គឺតង្វាយដុតទាំងមូល និងយញ្ញបូជា
គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីយេរេមី (យរ ១៤,១៧-២១)

សំណោករបស់ប្រជាជននៅពេលអត់ឃ្លាន និងពេលមានសង្រ្គាម

ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ (មក ១,១៥)។

បន្ទរទី២ ៖ ព្រះគ្រីស្តបាន​ផ្ទុក​បាបរបស់​យើងក្នុង​ព្រះកាយ​របស់​ព្រះអង្គដែល​ជាប់​លើ​ឈើ​ឆ្កាង អាលេលូយ៉ា!

(បទពាក្យ ៧)

១៧- ទឹកភ្នែកខ្ញុំហូររាល់យប់ថ្ងៃ ព្រោះតែស្រមៃឥតស្រាកស្រាន្ត  
  ទីក្រុងដែលធ្លាប់តែថ្កើងថ្កាន ត្រូវខ្មាំងសាមាន្យបំផ្លាញអស់
១៨- បើខ្ញុំចេញទៅទីវាលស្រែ ឃើញសុទ្ធសឹងតែសាកសពសោះ  
  ពេលចូលដល់ក្រុងឃើញទាំងអស់ សុទ្ធអ្នករងគ្រោះដោយទុរ្ភិក្ស
  អស់ព្យាការីដើរតត្រុក ដើរឆ្លងកាត់ស្រុកមិនដែលនឹក  
  ទាំងបូជាចារ្យច្រើនសន្ធឹក ស្រុកកើតទុរ្ភឹក្សគេមិនខ្វល់
១៩- ឱព្រះអម្ចាស់តើព្រះអង្គ ពិតជាបោះបង់យូដាចោល  
  ឬទុកស៊ីយ៉ូនឱ្យតែលតោល ឬមួយកាត់ចោលស្អប់លែងរាប់
  យើងខ្ញុំសង្ឃឹមថាបានសុខ តែជួបតែទុក្ខស្ទើរតែស្លាប់  
  ថាបានសះស្បើយជាឆាប់ៗ តែប្រែមិនគាប់ជួបអាសន្ន
២០- ឱព្រះម្ចាស់អើយខ្ញុំសូមក្រាប ទទួលសារភាពមិនអាក់អន់  
  ប្រព្រឹត្តអំពើបាបពីមុន អាក្រក់ពេកពន់មិនគប្បី
  រួមទាំងដូនតានៃយើងខ្ញុំ ក៏ធ្វើមិនសមចិត្តអប្រីយ៍  
  យើងខ្ញុំសាងបាបរៀងរាល់ថ្ងៃ ទាស់នឹងព្រះទ័យនៃព្រះអង្គ
២១- ដោយយល់ព្រះនាមព្រះអម្ចាស់ មេត្តាសន្តោសកុំបោះបង់  
  បំបាក់មុខខ្ញុំធ្វើឱ្យក្រុង ដែលធ្លាប់រឿងរុងត្រូវអាម៉ាស់
  សូមនឹកពីសម្ពន្ធមេត្រី ដែលព្រះអង្គលៃចងយូរណាស់  
  ជាមួយយើងខ្ញុំមិនគួរផ្លាស់ ផ្តាច់ចោលស្រឡះដូច្នេះឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះគ្រីស្តបាន​ផ្ទុក​បាបរបស់​យើងក្នុង​ព្រះកាយ​របស់​ព្រះអង្គដែល​ជាប់​លើ​ឈើ​ឆ្កាង អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១០០

អំណរសប្បាយរបស់អស់អ្នកដែលចូលក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់

ព្រះអម្ចាស់ត្រាស់ហៅប្រជារាស្រ្តដែលព្រះអង្គបានលោះ ឱ្យច្រៀងចម្រៀងនៃជ័យជម្នះ (សន្តអាថាណាស)។

បន្ទរទី៣ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ ! អាលេលូយ៉ា!

មនុស្សនៅលើផែនដីទាំងមូលអើយ!
ចូរអបអរសាទរថ្វាយព្រះអម្ចាស់!

ចូរគោរពបម្រើព្រះអម្ចាស់ ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ!

ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ត្ររបស់ព្រះអង្គ គឺជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា។

ចូរនាំគ្នាចូលព្រះដំណាក់របស់ព្រះអង្គ ទាំងអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងបរិវេណព្រះវិហារ ទាំងពោលសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!

ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ ! អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,៣០-៣២)

ព្រះ​នៃ​បុព្វបុរស​របស់​យើង ព្រះ‌អង្គ​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ ឱ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះ‌អង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឱ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឱ្យ​រួច​ពី​បាប។ យើង​ខ្ញុំ​ជា​សាក្សីអំពី​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​ព្រះជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ជា​សាក្សី​ដែរ»។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ព្រះយេស៊ូគ្រីស្តសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មគង់នៅខាងស្តាំព្រះបិតាអស់កល្បជានិច្ច ដើម្បីទូលអង្វរឱ្យយើងខ្ញុំ អាលេលូយ៉ា!

ពាក្យអង្វរសកល

សូមថ្វាយសិរីរុងរឿង ព្រះកិត្តិនាមដល់ព្រះជាម្ចាស់អស់កល្បជាអង្វែងតរៀងទៅ! សូមព្រះអង្គប្រោសឱ្យយើងខ្ញុំពោរពេញដោយសេចក្តីសង្ឃឹម និងឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ ចូរយើងទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយាងមកជួយសង្រ្គោះយើងខ្ញុំផង !

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព ! ព្រះអង្គជ្រាបច្បាស់ហើយថា យើងខ្ញុំជាមនុស្សទន់ខ្សោយ ទោះជានៅពេលយើងខ្ញុំអធិដ្ឋានក្តី
—សូមប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំ ដើម្បីឱ្យទ្រង់ជួយទូលអង្វរជំនួសយើងខ្ញុំ។ (បន្ទរ)

សូមព្រះអង្គចាត់ព្រះវិញ្ញាណដែលជាពន្លឺរស្មីនៃអំណរ
—ដើម្បីកាន់កាប់ដួងចិត្តរបស់យើងខ្ញុំ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! យើងខ្ញុំជាស្នាព្រះហស្តរបស់ព្រះអង្គ
—សូមព្រះអង្គកុំទុកយើងខ្ញុំចោល ឱ្យជាប់ជាឈ្លើយនៃអំពើបាបរបស់យើងខ្ញុំឡើយ។ (បន្ទរ)

សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះបង្ហាញការគោរព ចំពោះអស់អ្នកដែលមានជំនឿទន់ខ្សោយ
—សូមកុំឱ្យយើងមានការពិបាក ឬខ្វះការអត់ធ្មត់ជាមួយគេឡើយ តែសូមឱ្យយើងខ្ញុំប្រព្រឹត្តចំពោះពួកគេ ដោយសេចក្តីស្រឡាញ់ជានិច្ចវិញ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! យើងខ្ញុំសូមលើកតម្កើងព្រះគ្រីស្ត ដែលបានចាត់ព្រះវិញ្ញាណព្រះអង្គឱ្យមកយើង ហើយព្រះអង្គបានបើកផ្លូវឱ្យយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច។ សូមឱ្យការចែករំលែកព្រះអំណោយទានទាំងនេះ បង្កើនសេចក្តីស្រឡាញ់របស់យើងខ្ញុំ និងពង្រឹងជំនឿរបស់យើងខ្ញុំឱ្យកាន់តែរឹងមាំឡើង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។