រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃពុធ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៦
ពាក្យអធិដ្ឋានរបស់មនុស្សកំសត់ទុគ៌តនៅពេលមានទុក្ខព្រួយ
សូមលើកតម្កើងព្រះជាម្ចាស់ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា។
ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខគ្រប់បែបយ៉ាង (២ករ ១,៣-៤)។
បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ អាលេលូយ៉ា!
| ១- | ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង! សូមឆ្លើយតបមកទូលបង្គំវិញ ដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត! |
| ២- | សូមរក្សាការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលផ្ញើជីវិតលើព្រះអង្គនេះផង! |
| ៣- | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ ដ្បិតទូលបង្គំស្រែកហៅរកព្រះអង្គពេញមួយថ្ងៃ។ |
| ៤- | ឱព្រះអម្ចាស់អើយ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ |
| ៥- | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស និងតែងតែអត់អោនឱ្យយើងខ្ញុំ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។ |
| ៦- | ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអង្វររបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង។ |
| ៧- | នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ។ |
| ៨- | បពិត្រព្រះអម្ចាស់! ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។ |
| ៩- | បពិត្រព្រះអម្ចាស់! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។ |
| ១០- | ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអង្គធ្វើការអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។ |
| ១១- | ឱព្រះអម្ចាស់អើយ! សូមបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្តីពិតរបស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។ |
| ១២- | បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតរៀងទៅ |
| ១៣- | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់ ព្រះអង្គបានរំដោះជីវិតទូលបង្គំឱ្យរួចផុតពីមច្ចុរាជ។ |
| ១៤- | បពិត្រព្រះអម្ចាស់! មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅមួយពួក ចង់ដកជីវិតទូលបង្គំ អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។ |
| ១៥- | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គអត់ធ្មត់ ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។ |
| ១៦- | សូមបែរព្រះភក្រ្តមកទតមើលទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំ ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។ |
| ១៧- | សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យចំពោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ត្រូវអាម៉ាស់។ បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៣,១៣-១៦)
ការវិនិច្ឆ័យត្រឹមត្រូវរបស់ព្រះជាម្ចាស់
ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន
និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ (កក ២,៣៩)។
បន្ទរទី២ ៖ ពេលនោះ យើងនឹងឃើញព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើង អាលេលូយ៉ា!
(បទកាកគតិ)
| ១៣- | ឱអ្នកដែលនៅ | ស្រុកឆ្ងាយៗត្រូវ | នាំគ្នាប្រុងស្តាប់ |
| អំពីកិច្ចការ | ដែលយើងធ្វើស្រាប់ | ត្រូវខំត្រងត្រាប់ | |
| ស្តាប់ទាំងអស់គ្នា | ។ | ||
| ឯអ្នកដែលនៅ | ជិតៗនេះត្រូវ | កុំនៅរួញរា | |
| ត្រូវទទួលស្គាល់ | បារមីឫទ្ធា | អានុភាពចេស្តា | |
| យើងខ្លាំងក្លាក្រៃ | ។ | ||
| ១៤- | នៅក្រុងស៊ីយ៉ូន | មនុស្សបាបញ័រខ្លួន | រន្ធត់ភិតភ័យ |
| ពួកទមិឡតក់ស្លុត | ញ័រអស់ជើងដៃ | គេពោលស្រដី | |
| ពាក្យដូច្នេះថា | ។ | ||
| ពួកយើងទាំងអស់ | នរណាអាចរស់ | ជិតភ្លើងខ្លាំងក្លា | |
| ឬក្បែរគុកភ្លើង | ឆេះខ្លាំងអស្ចារ្យ | អស់កល្បយូរយារ | |
| តទៅជានិច្ច | ។ | ||
| ១៥- | មានតែអ្នកបាន | ប្រព្រឹត្តតាមដាន | មាគ៌ាសុចរិត |
| និងអ្នកនិយាយ | តែពាក្យដែលពិត | ទើបអាចស្ថេរស្ថិត | |
| កៀកកិតនៅជាប់ | ។ | ||
| គឺអ្នកមិនធ្វើ | ទៅតាមអំពើ | ហិង្សាមិនគាប់ | |
| ចង់រកកម្រៃ | ប្រវ័ញ្ចគៃកិប | មិនទទួលយក | |
| សំណូកទៀតផង | ។ | ||
| ១៦- | មនុស្សបែបនេះ | នឹងបាននៅរស់ | កន្លែងខ្ពស់ខ្ពង់ |
| មានថ្មរឹងមាំ | ជ្រកកោនទៀតផង | អាហារគ្រប់គ្រាន់ | |
| ទាំងទឹកមិនខ្វះ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ពេលនោះ យើងនឹងឃើញព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើង អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៩៨
ព្រះអម្ចាស់វិនិច្ឆ័យទោស ដោយព្រះហឫទ័យមេត្តាករុណា
នៅក្នុងទំនុកតម្កើងមួយនេះ មានរៀបរាប់អំពីការយាងមកលើកដំបូងរបស់ព្រះអម្ចាស់
ហើយមានមនុស្សគ្រប់ជាតិសាសន៍ នឹងទទួលជឿលើព្រះអង្គ (សន្តអាថាណាស)។
បន្ទរទី៣ ៖ មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង អាលេលូយ៉ា!
| ១- | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានប្រព្រឹត្តការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្តាដ៏វិសុទ្ធរបស់ព្រះអង្គ។ |
| ២- | ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គបានសម្តែងឱ្យប្រជាជាតិនានា ឃើញសេចក្តីសុចរិតរបស់ព្រះអង្គ។ |
| ៣- | ព្រះអង្គនៅតែសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង។ |
| ៤- | មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរអបអរសាទរព្រះអម្ចាស់ដោយអំណរ! ចូរស្រែកហ៊ោរយ៉ាងសប្បាយ ព្រមទាំងដេញតូរ្យតន្ត្រីផង! |
| ៥- | ចូរដេញពិណថ្វាយព្រះអម្ចាស់ ចូរដេញយ៉ាងពីរោះថ្វាយព្រះអង្គ |
| ៦- | ចូរផ្លុំត្រែ និងផ្លុំស្នែង ចូរអបអរសាទរព្រះអម្ចាស់ ជាព្រះមហាក្សត្រ!។ |
| ៧- | សមុទ្រ និងអ្វីដែលមានជីវិតនៅក្នុងសមុទ្រ ផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! |
| ៨- | ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោរព្រមៗគ្នាឡើង |
| ៩- | នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី ព្រះអង្គនឹងគ្រប់គ្រងផែនដីដោយយុត្តិធម៌ ព្រះអង្គនឹងគ្រប់គ្រងប្រជាជនទាំងឡាយដោយទៀងត្រង់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៦,៨-១១)
ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ដ យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ ព្រោះយើងដឹងថា ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឱ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។ រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រីស្ដយេស៊ូ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖...
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឱ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ត អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើជាបន្ទាល់ឱ្យវិញ្ញាណរបស់យើងដឹងថា យើងខ្ញុំជាបុត្រធីតារបស់ព្រះជាម្ចាស់។
ចូរយើងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា ដោយទូលថា ៖
បន្ទរ៖ បពិត្រព្រះបិតា ! សូមព្រះសណ្តាប់ពាក្យអង្វររបស់បុត្រធីតាព្រះអង្គផង !
បពិត្រព្រះជាម្ចាស់ដែលមានព្រះហឫទ័យអត់ធ្មត់ និងលួងលោម ! សូមបង្រៀនយើងខ្ញុំឱ្យមានចិត្តថ្លើមតែមួយ ដោយយកគំរូតាមព្រះយេស៊ូ
—ដូច្នេះ យើងខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គ ដោយសម្លេងតែមួយ និងវិញ្ញាណតែមួយ។ (បន្ទរ)
សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទាំងអស់គ្នា ចេះស្វែងរកការបម្រើអ្នកជិតខាង
—ដោយការធ្វើអំពើល្អ និងកសាងសហគមន៍នៃក្តីស្រឡាញ់។ (បន្ទរ)
សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំស្ថិតនៅក្រោមការណែនាំពីវិញ្ញាណនៃលោកីយ៍ ដែលចាក់ឫសនៅក្នុងមារកំណាចនោះឡើយ
—តែសូមដឹកនាំយើងខ្ញុំដោយសារព្រះវិញ្ញាណដែលមកពីព្រះអង្គវិញ។ (បន្ទរ)
ព្រះអង្គឈ្វេងយល់ចិត្តគំនិតមនុស្សទាំងអស់
—សូមណែនាំយើងខ្ញុំឱ្យដើរតាមមាគ៌ានៃសេចក្តីពិត និងភាពស្មោះត្រង់ជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ! សូមព្រះអង្គបង្រួបបង្រួមព្រះសហគមន៍ឱ្យរួមគ្នាក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងខ្ញុំអាចបម្រើព្រះអង្គដោយអស់ពីដួងចិត្ត ហើយធ្វើការរួមជាមួយគ្នាដោយសេចក្តីស្រឡាញ់ ដែលមិនអាត្មានិយម។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

