រដូវបុណ្យចម្លង សប្តាហ៍ទី៤ ថ្ងៃសៅរ៍
សន្តអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩២
ចូរកោតសរសើរព្រះជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់
ចូរច្រៀងកោតសរសើរអំពីកិច្ចការប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។
បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ អាលេលូយ៉ា!
| ២ | បពិត្រព្រះអម្ចាស់ ! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់ ស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ ! |
| ៣ | ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់ |
| ៤ | ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។ |
| ៥ | បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់ ទូលបង្គំសប្បាយចិត្តយ៉ាងខ្លាំងនឹងស្នាព្រះហស្តរបស់ព្រះអង្គ។ |
| ៦ | បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ! |
| ៧ | មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។ |
| ៨ | មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។ |
| ៩ | រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច! |
| ១០ | បពិត្រព្រះអម្ចាស់! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ |
| ១១ | ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ |
| ១២ | ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ |
| ១៣ | មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត ហើយចម្រើនធំឡើងដូចដើមគគីរ។ |
| ១៤ | ពួកគេប្រៀបបាននឹងដើមឈើដុះនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គេលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៃយើង |
| ១៥ | ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។ |
| ១៦ | ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីអេសេគីអែល (អគ ៣៦,២៤-២៨)
ព្រះជាម្ចាស់នឹងបង្កើតប្រជារាស្រ្តសាជាថ្មី
ព្រះពន្លារបស់ព្រះជាម្ចាស់ ស្ថិតនៅជាមួយមនុស្សលោកហើយ !
ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ (វវ ២១,៣)។
បន្ទរទី២ ៖ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា អាលេលូយ៉ា!
(បទពាក្យ ៧)
| ២៤- | យើងនឹងនាំយកអ្នករាល់គ្នា | ចេញពីប្រជាជាតិទាំងឡាយ | |
| ប្រមូលមិនឱ្យនៅរាយប៉ាយ | ពីស្រុកជិតឆ្ងាយមកមាតុភូមិ | ។ | |
| ២៥- | យើងនឹងប្រោះទឹកបរិសុទ្ធ | លើអ្នកប្រាកដដោយថ្នាក់ថ្នម | |
| ជំរះឱ្យអ្នកស្អាតទាំងព្រម | ផុតពីសៅហ្មងផងទាំងឡាយ | ។ | |
| លែងឱ្យអ្នករាល់គ្នាជាប់ចិត្ត | លើព្រះមិនពិតព្រះក្លែងក្លាយ | ||
| ឱ្យអ្នកផុតទុក្ខជួបសប្បាយ | ក្តីសោកទាំងឡាយវិនាសបង់ | ។ | |
| ២៦- | យើងនឹងប្រគល់ចិត្តគំនិត | ថ្មីល្អប្រណីតវិញ្ញាណផង | |
| ដកចិត្តដូចថ្មរឹងកន្លង | ផ្លាស់ប្តូរវិញម្តងចេះមេត្តា | ។ | |
| ២៧- | យើងដាក់វិញ្ញាណយើងទៅក្នុង | អ្នករាល់គ្នាផងមិនរួញរា | |
| ឱ្យអ្នកធ្វើតាមបទបញ្ជា | វិន័យធម្មាដំបូន្មាន | ។ | |
| ២៨- | អ្នករាល់គ្នានឹងរស់ក្នុងស្រុក | ជួបតែក្តីសុខមិនរំខាន | |
| ទឹកដីដែលយើងបានប្រទាន | ឱ្យទៅតាដូនរបស់អ្នក | ។ | |
| ហើយយើងនឹងព្រមទទួលយក | អ្នកទាំងអស់មកប្រាកដជាក់ | ||
| ធ្វើជារាស្ត្រយើងគ្មានសល់ម្នាក់ | ព្រោះយើងជាព្រះអ្នកឯងហើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៨
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត
ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ (អភ ១,២២)។
បន្ទរទី៣ ៖ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើបងប្អូន រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រីស្ត ហើយព្រះគ្រីស្តបម្រើព្រះជាម្ចាស់ អាលេលូយ៉ា!
| ២ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត!។ |
| ៣ | ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។ |
| ៤ | ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ |
| ៥ | ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? |
| ៦ | ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។ |
| ៧ | ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ |
| ៨ | គឺទាំងចៀមទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន |
| ៩ | ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ |
| ១០ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើបងប្អូន រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រីស្ត ហើយព្រះគ្រីស្តបម្រើព្រះជាម្ចាស់ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៤,៧-៩)
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ពេលគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តបានបង្ហាញឱ្យយើងស្គាល់ពីជីវិតដែលស្ថិតស្ថេរជារៀងរហូត។ ចូរយើងស្រែកទូលព្រះអង្គ ដោយជំនឿ និងអំណរសប្បាយថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យការរស់ឡើងវិញរបស់ព្រះអង្គ នាំព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គមកយើងខ្ញុំ!
ឱគង្វាលអស់កល្បជានិច្ច ! សូមព្រះអង្គទតមកហ្វូងចៀមរបស់ព្រះអង្គ ពេលពួកគេក្រោកពីដំណេក
—សូមព្រះអង្គចិញ្ចឹមយើងខ្ញុំជាមួយនឹងព្រះបន្ទូលដែលផ្តល់ជីវិត និងអាហារពីស្ថានបរមសុខផង។ (បន្ទរ)
សូមព្រះអង្គថែរក្សាការពារយើងខ្ញុំពីពួកឆ្កែចចក និងជនស៊ីឈ្នួល
—ហើយសូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ ក្នុងការស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គគង់នៅជាមួយអ្នកប្រកាសដំណឹងល្អគ្រប់ៗរូប ហើយប្រទានឱ្យពួកគេមានអំណាចក្នុងការថ្លែងព្រះបន្ទូល
—នៅថ្ងៃនេះ សូមព្រះអង្គធ្វើឱ្យយើងខ្ញុំក្លាយជាអ្នកប្រកាសដំណឹងល្អ អំពីការរស់ឡើងវិញរបស់ព្រះអង្គ ដោយសារជីវិតដ៏វិសុទ្ធរបស់យើងខ្ញុំ។ (បន្ទរ)
សូមព្រះអង្គធ្វើជាអំណរសប្បាយដ៏លើសលុបរបស់យើងខ្ញុំ ដែលគ្មាននរណាអាចយកចេញពីយើងខ្ញុំបានឡើយ
—ដូច្នេះ យើងខ្ញុំអាចបដិសេធអំពើបាប ហើយឈោងឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានជ្រើសរើសសន្តអាថាណាស ជាអភិបាលឱ្យធ្វើជាជនដ៏ឆ្នើមខាងជំនឿ ដោយប្រកាសថា ព្រះបុត្រាព្រះអង្គពិតជាព្រះជាម្ចាស់។ តាមការប្រៀនប្រដៅរបស់សន្តអាថាណាស សូមព្រះអង្គប្រោសឱ្យយើងខ្ញុំស្គាល់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

