០១ ឧសភា ២០២៦

Written on 28/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៤ ថ្ងៃសុក្រ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥១

ឱ​ព្រះជាម្ចាស់​អើយ! សូម​អាណិតមេត្តាទូល‌បង្គំផង

ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មីឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មីដ៏​សុចរិត និង​វិសុទ្ធ មក​ពី​សេចក្ដីពិត
ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ (អភ ៤,២៣-២៤)។

បន្ទរទី១ ៖ ព្រះគ្រីស្ត​បាន​បូជា​ព្រះជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ អាលេលូយ៉ា!

ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ
តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង
សូមលើកលែងទោសឱ្យទូលបង្គំ
តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។

សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង
សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប!

ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ
អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។

ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ
គឺទាស់នឹងព្រះអង្គតែមួយគត់
ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។

ទូលបង្គំមានកំហុសតាំងពីកំណើតមក
ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ!

ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។
សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ

សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន
សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
១០
សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំនឹងមានអំណរសប្បាយ
ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។
១១
ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។
សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។
១២
ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ
សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។
១៣
សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។
១៤
សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ
សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។
១៥
ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
១៦
ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់
ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។
១៧
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង
នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
១៨
ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។
១៩
យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង
ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
២០
ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន
សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។
២១
ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ
គឺតង្វាយដុតទាំងមូល និងយញ្ញបូជា
គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះគ្រីស្ត​បាន​បូជា​ព្រះជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរលោកតូប៊ីត (តប ១៣,៨-១១.១៣-១៥)

ពាក្យអរព្រះគុណសម្រាប់ការរំដោះប្រជាជន

ទេវទូត​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឱ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ
ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់ (វវ ២១,១០)។

បន្ទរទី២ ៖ ឱក្រុងយេរូសាឡឹមនៃព្រះជាម្ចាស់អើយ ! អ្នកនឹងមានពន្លឺរស្មី អាលេលូយ៉ា!

(បទកាកគតិ)

៨- រីឯខ្ញុំវិញ ខ្ញុំឃ្លាតចាកចេញ ពីដែនបុរី
  ហើយបានមករស់ នៅលើទឹកដី ពួកខ្មាំងអប្រីយ៍
    ក៏មិនភ្លេចដែរ
  ខ្ញុំបង្ហាញប្រាប់ ឱ្យអស់អ្នកបាប ស្គាល់ជាហូរហែរ
  ថាព្រះអង្គមាន ឫទ្ធាពូកែ បារមីគ្មានប្រែ
    ខ្លាំងក្លាឧត្តម
  ឱអស់អ្នកបាប កាន់ចិត្តសុភាព វិលមកជួបជុំ
  ប្រព្រឹត្តសុចរិត កុំនៅសំងំ ទ្រង់នឹងថ្នាក់ថ្នម
    មេត្តាប្រណី
៩- ខ្ញុំលើកតម្កើង ព្រះដ៏រុងរឿង ដោយចិត្តមេត្រី
  អំណរសប្បាយ លើសលប់ពេកក្រៃ មហាក្សត្រថ្លៃ
    នៃស្ថានសួគ៌ា
១០- សូមឱ្យអស់អ្នក ដែលបាននៅស្នាក់ ក្នុងក្រុងគ្រប់គ្នា
  ប្រកាសអំពី បារមីឫទ្ធា ព្រះអម្ចាស់ជា
    ព្រះរបស់យើង
  យេរូសាឡឹម ក្រុងធំស្កៃស្កឹម ទ្រង់នឹងបំប៉ើង
  ដាក់ទោសពួកអ្នក រលំរលើង ធ្វើឫកឆ្មៃឆ្មើង
    សាងអំពើបាប
  ប៉ុន្តែព្រះម្ចាស់ មិនព្រមបង់បោះ ចោលជាដរាប
  ព្រះអង្គមុខជា អាណិតអ្នកទាប កូនចៅសុភាព
    សុចរិតមិនខាន
១១- សូមលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើង ផុតអស់ទីស្ថាន
  ជាមហាក្សត្រ វិសុទ្ធថ្កើងថ្កាន ដែលព្រះអង្គបាន
    សោយរាជ្យយូរលង់
  ព្រះអង្គមុខជា ឱ្យគេគ្រប់គ្នា សង់ដំណាក់ទ្រង់
  ឡើងវិញម្តងទៀត មិនឱ្យបាត់បង់ នៅក្នុងទីក្រុង
    យេរូសាឡឹម
១៣- ពន្លឺចិញ្ចាច ភ្លឺដល់ទីដាច់ ស្រយាលផែនដី
  ចុងកាត់មាត់ញក ប្រជាប្រុសស្រី នាំគ្នាឃ្មាតខ្មី
    មករកព្រះអង្គ
  មានកាន់តង្វាយ នៅគ្រប់ៗដៃ ឱនកាយក្រាបផង
  ថ្វាយមហាក្សត្រ ស្ថានបរមសុខផង ប្រជាទាំងពួង
    នឹងបានសប្បាយ
  មនុស្សជាន់ក្រោយ នឹងមិនបណ្តោយ ឬឱ្យរលាយ
  គេនឹងនឹកចាំ ពីក្រុងដ៏ល្បី ដែលព្រះម្ចាស់ថ្លៃ
    ជ្រើសរើសទុកដាក់
១៤- សូមជនទាំងឡាយ ដែលធ្លាប់សប្បាយ គំរាមពួកអ្នក
  រំលំកំពែង បំផ្លាញទីស្នាក់ ដុតចោលផ្ទះអ្នក
    ត្រូវបណ្តាសា
  តែសូមព្រះអង្គ ប្រទានពរផង អស់កល្បយូរយារ
  ដល់អស់អ្នកណា ខ្លាចអ្នករាល់គ្នា ផុតអស់វេទនា
    អង្វែងតទៅ
១៥- ចូរអរសប្បាយ សើចលេងក្អាកក្អាយ ព្រោះតែកូនចៅ
  មនុស្សសុចរិត រួមគ្នាក្នុងក្រៅ ប្រមូលគ្នានៅ
    មិនឱ្យខ្ចាត់ខ្ចាយ
  គេលើកតម្កើង សិរីរុងរឿង ព្រះម្ចាស់រាល់ថ្ងៃ
  ដែលមានព្រះជន្ម គង់នៅវែងឆ្ងាយ អស់កល្បអន្លាយ
    ស្ថិតស្ថេរជានិច្ច
  ជនណាសប្បាយ រីករាយក្អាកក្អាយ ឥតមានពេលភ្លេច
  គេជួយអបអរ ដល់អ្នកជានិច្ច ព្រះម្ចាស់មិនភ្លេច
    ឱ្យគេបានសុខ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ឱក្រុងយេរូសាឡឹមនៃព្រះជាម្ចាស់អើយ ! អ្នកនឹងមានពន្លឺរស្មី អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៤៧,១២-២០

ការស្តារក្រុងយេរូសាឡឹមឡើងវិញ

"សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឱ្យលោកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម” (វវ ២១,៩)។

បន្ទរទី៣៖ ខ្ញុំ​ឃើញ​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរមសុខ អាលេលូយ៉ា!

១២ ក្រុងយេរូសាឡឹមអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់!
ក្រុងស៊ីយ៉ូនអើយ! ចូរសរសើរតម្កើងព្រះរបស់អ្នក!
១៣
ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឱ្យមានសន្តិសុខ
ព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។
១៤
ព្រះអង្គប្រទានឱ្យទឹកដីអ្នកមានសន្តិភាព
ព្រះអង្គប្រទានឱ្យអ្នកមានស្រូវដ៏ល្អយ៉ាងបរិបូណ៌
១៥
ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី
ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស
១៦
ព្រះអង្គធ្វើឱ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី
ព្រះអង្គធ្វើឱ្យមានសន្សើមធ្លាក់ចុះមកយ៉ាងសក្បុស
១៧
ព្រះអង្គធ្វើឱ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ
តើនរណាអាចទ្រាំនឹងអាកាសធាតុត្រជាក់ ដែលព្រះអង្គបានបង្កើតមកនេះ?
១៨
ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកកនិងព្រឹលក៏រលាយទៅជាទឹក
ព្រះអង្គធ្វើឱ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។
១៩
ព្រះអង្គសម្តែងឱ្យពូជពង្សរបស់លោកយ៉ាកុប ស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ
ព្រះអង្គប្រទានក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗឱ្យជនជាតិអ៊ីស្រាអែល។
២០
ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះជនជាតិទាំងឡាយទេ
ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។
សូមសរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំ​ឃើញ​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរមសុខ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,៣០-៣២)

ព្រះ​នៃ​បុព្វបុរស​របស់​យើង ព្រះ‌អង្គ​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ ឱ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះ‌អង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឱ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឱ្យ​រួច​ពី​បាប។ យើង​ខ្ញុំ​ជា​សាក្សីអំពី​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​ព្រះជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ជា​សាក្សី​ដែរ»។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ពេល​ខ្ញុំ​ទៅ​រៀប‌ចំ​កន្លែង​ទុក​ឱ្យ​អ្នក​រាល់​គ្នា​រួច​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ យក​អ្នក​រាល់​គ្នា​ទៅ​ជា​មួយ​ខ្ញុំ ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះជាម្ចាស់ជាព្រះបិតាបានប្រោសព្រះគ្រីស្តឱ្យតើនឡើង ដោយសារព្រះវិញ្ញាណ ហើយព្រះអង្គក៏នឹងប្រោសរូបកាយយើងដែលរមែងស្លាប់នេះ ឱ្យក្រោកឡើងវិញផងដែរ។ ចូរយើងស្រែកអង្វរព្រះអង្គថា ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមប្រោសយើងខ្ញុំឱ្យមានជីវិត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធផង !

បពិត្រព្រះបិតាដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានទទួលយកការសម្លាប់ព្រះបុត្រា ដោយប្រោសព្រះអង្គឱ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់
—សូមព្រះអង្គទទួលដង្វាយដែលយើងខ្ញុំថ្វាយនៅថ្ងៃនេះ ហើយសូមនាំយើងខ្ញុំឱ្យទៅកាន់ជីវិតអស់កល្បជានិច្ចផង។ (បន្ទរ)

សូមព្រះអង្គទតមកយើងខ្ញុំដោយក្តីមេត្តា លើរាល់កិច្ចការដែលយើងខ្ញុំប្រព្រឹត្តនៅថ្ងៃនេះ
—ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងជនដ៏វិសុទ្ធនៃផែនដី។ (បន្ទរ)

សូមឱ្យកិច្ចការដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ មិនអសារឥតការនោះឡើយ ប៉ុន្តែ សូមឱ្យយើងធ្វើសម្រាប់សេចក្តីល្អដល់ពិភពលោកទាំងមូល
—ហើយតាមរយៈកិច្ចការទាំងនោះ ណែនាំយើងខ្ញុំទៅដល់ព្រះរាជ្យព្រះអង្គ។ (បន្ទរ)

នៅថ្ងៃនេះ សូមព្រះអង្គបើកភ្នែកយើងខ្ញុំឱ្យចេះទទួលស្គាល់បងប្អូន និងបើកដួងចិត្តយើងខ្ញុំឱ្យចេះស្រឡាញ់ពួកគេ
—ដើម្បីឱ្យយើងខ្ញុំអាចស្រឡាញ់ និងចេះបម្រើគ្នាទៅវិញទៅមក។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសឱ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ តាមព្រះបន្ទូលសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឱ្យយល់ពីគម្រោងការដ៏អស្ចារ្យនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។