រដូវបុណ្យចម្លង សប្តាហ៍ទី៤ ថ្ងៃអាទិត្យ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៨
ចម្រៀងនៃអំណរសប្បាយសម្រាប់ការសង្រ្គោះ
«ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” » (កក ៤,១១)។
បន្ទរទី១ ៖ ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនត្រូវស្លាប់ឡើយ ដើម្បីរៀបរាប់អំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់ អាលេលូយ៉ា!
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុន ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៥ | នៅពេលតប់ប្រមល់ ខ្ញុំអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏ឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។ |
| ៦ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? |
| ៧ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយគាំទ្រខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។ |
| ៨ | ផ្ញើជីវិតលើព្រះអម្ចាស់ ប្រសើរជាងទុកចិត្តលើមនុស្ស។ |
| ៩ | ផ្ញើជីវិតលើព្រះអម្ចាស់ ប្រសើរជាងទុកចិត្តលើអ្នកធំ។ |
| ១០ | ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
| ១១ | ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី ខ្ញុំបានកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
| ១២ | ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេត្រូវឆេះអស់ទៅ ដូចភ្លើងដែលឆេះបន្លា ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៣ | គេបានច្រានខ្ញុំយ៉ាងខ្លាំងដើម្បីឱ្យខ្ញុំដួល តែព្រះអម្ចាស់យាងមកជួយខ្ញុំ។ |
| ១៤ | ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំស្រែករកព្រះនាមព្រះអង្គនៅពេលចេញទៅច្បាំង ព្រះអង្គសង្គ្រោះខ្ញុំ។ |
| ១៥ | មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោរ នៅក្នុងជំរំរបស់ខ្លួន ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រោះតែមានជ័យជម្នះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព! |
| ១៦ | ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព។ |
| ១៧ | ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនត្រូវស្លាប់ឡើយ ដើម្បីរៀបរាប់អំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់។ |
| ១៨ | មែនហើយ! ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែព្រះអង្គមិនបណ្តោយឱ្យខ្ញុំស្លាប់ឡើយ។ |
| ១៩ | ចូរនាំគ្នាបើកទ្វារសម្រាប់មនុស្សសុចរិត ដើម្បីឱ្យចូលទៅលើកតម្កើងព្រះអម្ចាស់។ |
| ២០ | នេះនែ៎! ទ្វារដែលនាំទៅគាល់ព្រះអម្ចាស់ មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ |
| ២១ | ទូលបង្គំលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ |
| ២២ | ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ |
| ២៣ | ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ |
| ២៤ | ថ្ងៃនេះ ជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! |
| ២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
| ២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
| ២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈ |
| ២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ! |
| ២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនត្រូវស្លាប់ឡើយ ដើម្បីរៀបរាប់អំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់ អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥២-៥៧)
ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!
…សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន! (រ៉ូម ១,២៥)។
បន្ទរទី២ ៖ សូមសរសើរព្រះនាមដ៏វិសុទ្ធ ប្រកបដោយសិរីរុងរឿង អាលេលូយ៉ា!
(បទកាកគតិ)
| ៥២ | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
| សូមកោតសរសើរ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម | |
| អស់កល្បតទៅ | ។ | ||
| ខ្ញុំសូមតម្កើង | លើកព្រះខ្ពស់ឡើង | ពុំមានអាស្រូវ | |
| សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ | |
| សរសើរព្រះអង្គ | ។ | ||
| ៥៣ | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
| ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ | |
| កុំនៅទីមទាម | ។ | ||
| ៥៤ | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីម |
| ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូតទាំងញញឹម | |
| តម្កើងជានិច្ច | ។ | ||
| ៥៥ | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
| សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច | |
| កុំប្រែក្រឡះ | ។ | ||
| ៥៦ | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
| ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស | |
| ព្រះអង្គរហូត | ។ | ||
| ៥៧ | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
| ជារៀងដរាប | សូមនាំគ្នាស្មូត | តម្កើងរហូត | |
| អស់កល្បអន្លាយ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ សូមសរសើរព្រះនាមដ៏វិសុទ្ធ ប្រកបដោយសិរីរុងរឿង អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១៥០
ចូរសរសើរតម្កើងព្រះអម្ចាស់!
សូមឱ្យចិត្ត និងគំនិត ស្ថិតក្នុងបទចម្រៀងរបស់អ្នក។
នេះគឺជាការលើកតម្កើងព្រះជាម្ចាស់ ដោយខ្លួនអ្នកផ្ទាល់ (Hesychius)។
បន្ទរទី៣ ៖ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើងរបស់ព្រះនៃយើង ! ស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់ អាលេលូយ៉ា!
| ១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះជាម្ចាស់ នៅក្នុងទីសក្ការៈរបស់ព្រះអង្គ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហរអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ! |
| ២ | ចូរសរសើរតម្កើងព្រះអង្គចំពោះស្នាព្រះហស្តដ៏អស្ចារ្យ! ចូរសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គប្រសើរឧត្តុង្គឧត្តមបំផុត! |
| ៣ | ចូរផ្លុំត្រែសរសើរតម្កើងព្រះអង្គ ចូរដេញចាប៉ី និងដេញពិណ សរសើរតម្កើងព្រះអង្គ! |
| ៤ | ចូរវាយក្រាប់ និងរាំរបាំ សរសើរតម្កើងព្រះអង្គ! ចូរវាយឃឹម និងផ្លុំខ្លុយ សរសើរតម្កើងព្រះអង្គ! |
| ៥ | ចូរវាយស្គរយ៉ាងពីរោះ សរសើរតម្កើងព្រះអង្គ! ចូរវាយស្គរឱ្យលាន់ឮរំពង សរសើរតម្កើងព្រះអង្គ! |
| ៦ | ចូរឱ្យអ្វីៗទាំងអស់ ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើងរបស់ព្រះនៃយើង ! ស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១០,៤០-៤៣)
ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និងប្រោសប្រទានឱ្យព្រះអង្គបង្ហាញខ្លួន ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុន ឱ្យធ្វើជាបន្ទាល់បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ ដែលបានបរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ពុំបានឱ្យព្រះយេស៊ូបង្ហាញខ្លួនឱ្យប្រជារាស្ដ្រទាំងមូលឃើញទេ។ ព្រះយេស៊ូបានបញ្ជាឱ្យយើងធ្វើជាបន្ទាល់ ប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឱ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។ ព្យាការីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសឱ្យរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។
បន្ទរ៖ បពិត្រព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ ! សូមអាណិតអាសូរយើងខ្ញុំ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។ ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ អាលេលូយ៉ា!
ពាក្យអង្វរសកល
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានលើកព្រះយេស៊ូឱ្យធ្វើជាផលដំបូងពីចំណោមមនុស្សស្លាប់ និងធ្វើជាព្រះសង្រ្គោះយើងខ្ញុំ។ ចូរយើងហៅរកព្រះអង្គ ហើយទូលថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានសិរីរុងរឿងនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំផង !
ឱព្រះបិតាដ៏វិសុទ្ធ ! ព្រះអង្គបាននាំព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គចេញពីភាពងងឹតនៃសេចក្តីស្លាប់ ឱ្យចូលទៅកាន់សិរីរុងរឿងដ៏ត្រចះត្រចង់
—សូមព្រះអង្គនាំយើងខ្ញុំឱ្យចូលទៅក្នុងពន្លឺដ៏អស្ចារ្យនោះផង។ (បន្ទរ)
ព្រះអង្គបានប្រទានជំនឿឱ្យយើងខ្ញុំ ដើម្បីសង្រ្គោះយើងខ្ញុំ
—សូមឱ្យយើងខ្ញុំរស់នៅដោយសារជំនឿនៃអគ្គសញ្ញាជ្រមុជទឹកក្នុងថ្ងៃនេះផង។ (បន្ទរ)
ព្រះអង្គបានបង្គាប់ឱ្យយើងខ្ញុំស្វែងរកអ្វីៗដែលនៅស្ថានលើ ជាកន្លែងដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះបិតា
—សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់បោកការបញ្ជោតនៃអំពើបាបឡើយ។ (បន្ទរ)
សូមឱ្យជីវិតរបស់យើងខ្ញុំលាក់ខ្លួនជាមួយព្រះគ្រីស្តនៅក្នុងព្រះបិតា ដែលបំភ្លឺនៅមុខមនុស្សលោក
—ដោយទន្ទឹងរង់ចាំផ្ទៃមេឃ និងផែនដីថ្មី។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គតែងតាំងព្រះយេស៊ូជាគង្វាលដ៏ប្រសើរ ដែលប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ទៅជាមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងព្រះអង្គ និងបម្រើអ្នកដទៃតាមគង្វាលដ៏ប្រសើរនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

