១៨ មេសា ២០២៦

Written on 23/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃសៅរ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៩២

កោតសរសើរព្រះជាម្ចាស់នៃពិភពទាំងមូល

ចូរច្រៀងកោតសរសើរកិច្ចប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។

បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! កិច្ចការដែលព្រះអង្គធ្វើនាំឱ្យទូលបង្គំមានអំណរដ៏លើសលប់ ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្តរបស់ព្រះអង្គ អាលេលូយ៉ា!

បពិត្រព្រះអម្ចាស់! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់
ស្មូតបទតម្កើង សរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ!

ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក
ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់

ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។

បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ
នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់
ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្តរបស់ព្រះអង្គ។

បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់
ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!

មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។

មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ
មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ
ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។

រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច!
១០
បពិត្រព្រះអម្ចាស់ ! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
១១
ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី
ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
១២
ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល
ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ
១៣
មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត
ហើយចម្រើនធំឡើងដូចដើមតាត្រៅនៅ​ស្រុក​លីបង់។
១៤
ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់
១៥
ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល
គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
១៦
ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! កិច្ចការដែលព្រះអង្គធ្វើនាំឱ្យទូលបង្គំមានអំណរដ៏លើសលប់ ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្តរបស់ព្រះអង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរទុតិយកថា (ទក ៣២,១-១២)

ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ

ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប (មថ ២៣,៣៧)។

បន្ទរទី២ ៖ យើង​ផ្តល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើឱ្យ​របួស និង​ធ្វើឱ្យ​ជា​វិញ អាលេលូយ៉ា!

(បទពាក្យ ៧)

១- ឱផ្ទៃមេឃអើយចូរត្រងត្រាប់ ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង  
  ផែនដីអើយចូរអ្នកខំប្រឹង ស្តាប់ឱ្យបានដឹងខ្ញុំបរិយាយ
២- សូមឱ្យពាក្យខ្ញុំទាំងប៉ុន្មាន ដែលបានទូន្មានរៀងរាល់ថ្ងៃ  
  ឱ្យដូចសន្សើមភ្លៀងធ្លាក់ថ្មី រុក្ខជាតិខៀវខ្ចីស្រស់បំព្រង
៣- ខ្ញុំនឹងប្រកាសពីព្រះនាម មិនព្រមនៅស្ងៀមមិនភ្លេចម្តង  
  លើកតម្កើងភាពខ្ពស់កន្លង រុងរឿងគ្មានហ្មងព្រះនៃយើង
៤- ព្រះអម្ចាស់ប្រៀបដូចថ្មដា ជាផ្ទាំងសិលាដ៏សែនរឹង  
  មាគ៌ាព្រះអង្គសុចរិតត្រង់ បរិសុទ្ធឥតហ្មងឥតមានខ្ចោះ
៥- ប៉ុន្តែព្រះអង្គទ្រង់ជ្រាបថា អ្នកទាំងអស់គ្នាក្បត់ទាំងអស់  
  ដោយអ្នកមានចិត្តមិនត្រង់ស្មោះ ព្រះអង្គផាត់អស់មិនទុកនៅ
  លែងរាប់លែងរកលែងទុកថា ជាបុត្រធីតាជាកូនចៅ  
  អ្នករាល់គ្នាមានចិត្តអាស្រូវ វៀចវេរមិនត្រូវក្បត់ព្រះអង្គ
៦- ឱជនល្ងីល្ងើឥតប្រាជ្ញា ចុះម្តេចឡើយណាមិនបោះបង់  
  ព្រះគុណព្រះអង្គច្រើនកន្លង តោងគិតផ្គូរផ្គងគិតនឹកនា
  ទ្រង់ជាបិតាដែលបង្កើត ឱ្យមានកំណើតកើតជន្មា  
  ឱ្យអ្នកបានក្លាយជាប្រជា ជាតិមាំអស្ចារ្យខ្លាំងទៀតផង
៧- ចូរអ្នករាល់គ្នានឹកនាចាំ គិតអំពីឆ្នាំដែលកន្លង  
  ឪពុកដូនតាកុំមានហ្មង រ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់
៨- ពេលព្រះខ្ពង់ខ្ពស់ប្រទានដី ជាកេរថ្លាថ្លៃទ្រព្យសំណព្វ  
  ពេលទ្រង់បំបែកមនុស្សលោកសព្វ ថែមទាំងកំណត់ព្រំដែនឱ្យ
  ព្រះអង្គប្រទានតាមចំនួន ឱ្យបានសមសួនមិនបណ្តោយ  
  គ្នាតិចបានតិចមិនឱ្យធ្លោយ គ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង
៩- ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែល ទុកជារាស្ត្រផ្ទាល់នៃព្រះអង្គ  
  ទាំងពូជយ៉ាកុបថែមទៀតផង ទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន
១០- ព្រះម្ចាស់រកឃើញអ៊ីស្រាអែល នៅតាមទីវាលរហោស្ថាន  
  ក្នុងដីហួតហែងព្រៃស្មសាន សុទ្ធតែតិរច្ឆានស្នាក់នៅជុំ
  តែព្រះអង្គបានបីបាច់ថែ ថ្នាក់ថ្នមរូបគេហើយអប់រំ  
  ការពារក្រសោបឱ្យនៅជុំ គេរស់សុខដុមផុតវេទនា
១១- ព្រះអង្គការពារនិងណែនាំ ឱ្យដើរត្រង់ចំផ្លូវសាស្តា  
  ដូចសត្វឥន្ទ្រីយ៍ជាបក្សា ត្រដាងស្លាបវាបាំងកូនបាន
១២- មានតែព្រះម្ចាស់មួយព្រះអង្គ ដឹកនាំរាស្ត្រទ្រង់យ៉ាងចំណាន  
  ឱ្យគេរស់នៅយ៉ាងសុខសាន្ត ព្រះផ្សេងមិនបានដូចទ្រង់ឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ យើង​ផ្តល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើឱ្យ​របួស និង​ធ្វើឱ្យ​ជា​វិញ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ៨

សិរីរុង​រឿង​របស់​ព្រះ‌ជាម្ចាស់ និង​កិត្តិយស​របស់​មនុស្ស

ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត
ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ (អភ ១,២២)។

បន្ទរទី៣ ៖ ព្រះអង្គ​ប្រទាន​សិរី‌រុង​រឿង និង​កិត្តិយស​ដល់​អ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេក ទុក​ជា​មកុដរាជ្យ អាលេលូយ៉ា!

បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត!។

ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។

ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ

ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
តើបុត្រមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?

ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដរាជ្យ។

ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ

គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន

ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ
និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
១០
បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គ​ប្រទាន​សិរី‌រុង​រឿង និង​កិត្តិយស​ដល់​អ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេក ទុក​ជា​មកុដរាជ្យ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៤,៧-៩)

ក្នុង​ចំណោម​បង‌ប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្តី ស្លាប់​ក្តី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជា‌និច្ច ដ្បិត​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។
 
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖...
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ «សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។ អាលេលូយ៉ា! គឺខ្ញុំទេតើ កុំខ្លាចអី! អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តបានបង្ហាញឱ្យយើងស្គាល់ពីជីវិតដែលស្ថិតស្ថេរជារៀងរហូត។ ចូរយើងស្រែកទូលព្រះអង្គ ដោយជំនឿ និងអំណរសប្បាយថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យការរស់ឡើងវិញរបស់ព្រះអង្គ នាំព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គមកយើងខ្ញុំ !

ឱគង្វាលអស់កល្បជានិច្ច! សូមព្រះអង្គទតមកហ្វូងចៀមរបស់ព្រះអង្គ ពេលពួកគេក្រោកពីដំណេក
—សូមព្រះអង្គចិញ្ចឹមយើងខ្ញុំជាមួយនឹងព្រះបន្ទូល ដែលផ្តល់ជីវិត និងអាហារពីស្ថានបរមសុខផង។ (បន្ទរ)
 
សូមព្រះអង្គថែរក្សាការពារយើងខ្ញុំពីពួកឆ្កែចចក និងជនស៊ីឈ្នួល
—ហើយសូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ ក្នុងការស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គផង។ (បន្ទរ)
 
ព្រះអង្គគង់នៅជាមួយអ្នកប្រកាសដំណឹងល្អគ្រប់ៗរូប ហើយប្រទានឱ្យពួកគេមានអំណាចក្នុងការថ្លែងព្រះបន្ទូល
—នៅថ្ងៃនេះ សូមព្រះអង្គធ្វើឱ្យយើងខ្ញុំក្លាយជាអ្នកប្រកាសដំណឹងល្អ អំពីការរស់ឡើងវិញរបស់ព្រះអង្គ ដោយសារជីវិតដ៏វិសុទ្ធរបស់យើងខ្ញុំ។ (បន្ទរ)
 
សូមព្រះអង្គធ្វើជាអំណរសប្បាយដ៏លើសលុបរបស់យើងខ្ញុំ ដែលគ្មាននរណាអាចយកចេញពីយើងខ្ញុំបានឡើយ
—ដូច្នេះ យើងខ្ញុំអាចបដិសេធអំពើបាប ហើយឈោងឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយព្រះប្រាជ្ញាញាណ ! ព្រះអង្គណែនាំព្រះសហគមន៍ស្របតាមព្រះហឫទ័យព្រះអង្គ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យដោះស្រាយបញ្ហានៃព្រះសហគមន៍សព្វថ្ងៃ ក្រោមពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យព្រះបន្ទូលព្រះអង្គ បានឮសុសសាយពាសពេញក្នុងពិភពលោក។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។