១៣ មេសា ២០២៦

Written on 21/01/2026
Mary Siya Khim

  រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃចន្ទ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៤២

ទូល‌បង្គំស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់!

អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សូមអញ្ជើញមកទទួលទឹកដែលផ្តល់ជីវិត ដោយមិនបាច់បង់ថ្លៃ ! (វវ ២២,១៧)។

បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់ ! ទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់ ដូចក្តាន់ប្រាថ្នារកទឹកហូរ អាលេលូយ៉ា!

បពិត្រព្រះជាម្ចាស់ ! ទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់។
ដូចក្តាន់ប្រាថ្នារកទឹកហូរដែរ។

ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះដ៏មានព្រះជន្មគង់នៅ
តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?

ខ្ញុំសម្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃ ឥតមានល្ហែ។
គេចេះតែពោលមកខ្ញុំថា “តើព្រះរបស់អ្នកនៅឯណា?” ។

ខ្ញុំស្រណោះស្រណោកយ៉ាងក្រៃលែង
នឹកឃើញពីគ្រាដែលខ្ញុំនាំមុខប្រជាជនមួយចំនួនធំ
ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ពួកគេមានអំណរសប្បាយ ស្រែកហ៊ោរ និងអរព្រះគុណព្រះអង្គ។

ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំស្រយុតចិត្តជាខ្លាំង
ហេតុនេះហើយ បានជាទូលបង្គំនឹកដល់ព្រះអង្គ
ពីភូមិទន្លេយ័រដាន់ ភ្នំហ៊ែរម៉ូន និងភ្នំមីតសារ។

ព្រះអង្គបានធ្វើឱ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំផ្ទួនៗគ្នា
ដូចទឹកជ្រោះធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។

សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំនៅពេលថ្ងៃ
ដូច្នេះ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ នៅពេលយប់
ខ្ញុំសូមអង្វរព្រះអង្គជាម្ចាស់នៃជីវិតខ្ញុំ។
១០
ខ្ញុំទូលសូមព្រះជាម្ចាស់ ដែលជាថ្មដារបស់ខ្ញុំថា
“ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវមុខស្រពោន
ដោយត្រូវខ្មាំងសង្កត់សង្កិនដូច្នេះ?” ។
១១
ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ
រហូតដល់ធ្វើឱ្យទូលបង្គំឈឺចុកចាប់សព្វសាព៌ាង្គកាយ
គេចេះតែពោលមកទូលបង្គំ គ្រប់ពេលគ្រប់វេលាថា
“តើព្រះរបស់អ្នកនៅឯណា?” ។
១២
ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរអំពីខ្លួនឯងធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះជាម្ចាស់ ! ទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់ ដូចក្តាន់ប្រាថ្នារកទឹកហូរ អាលេលូយ៉ា!

បទលើកតម្កើងតាមបេនស៊ីរ៉ាក់ (បសរ ៣៦,១-៥.៧.១០-១៣)

ពាក្យ​អង្វរ​សូម​ព្រះ‌អម្ចាស់​រំដោះ​ក្រុងយេរូសាឡឹម

រីឯ​ជីវិត​អស់​កល្ប‌ជានិច្ច​នោះ គឺ​ឱ្យ​គេ​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់
និង​ឱ្យ​គេ​ស្គាល់​ព្រះ‌យេស៊ូ‌គ្រីស្ដ ដែល​ព្រះ‌អង្គ​ចាត់​ឱ្យ​មក (យហ ១៧,៣)។

បន្ទរទី២ ៖ ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះអម្ចាស់ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ប្រកាស​ប្រាប់​ប្រជាជន​ទាំងឡាយអំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ! អាលេលូយ៉ា !

(បទពាក្យ ៧)

១- ឱព្រះជាម្ចាស់ដែលគ្រប់គ្រង លើលោកឥតហ្មងទាំងមូលអើយ  
  សូមអាណិតអាសូរយើងហើយ ទតកុំកន្តើយយើងខ្ញុំផង
២- សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយ រស់ទាំងខ្វល់ខ្វាយកុំបង្អង់  
  ឱ្យគេបានឃើញឫទ្ធិព្រះអង្គ ស្ញប់ស្ញែងខ្លាចផងអានុភាព
៣- សូមព្រះអង្គលើកព្រះហស្តវាយ ប្រជាជិតឆ្ងាយជាដរាប  
  ដើម្បីឱ្យគេស្គាល់អានុភាព ឱ្យគេជ្រួតជ្រាបពីបារមី
៤- ដោយព្រះអង្គដាក់ទោសយើងខ្ញុំ ពិតជាសក្តិសមគ្មានទាស់អ្វី  
  តែសូមសម្តែងព្រះបារមី ឱ្យជាតិដទៃឃើញច្បាស់ថា
  ព្រះអង្គជាព្រះដ៏វិសុទ្ធ វិសេសបំផុតលើលោកា  
  សូមសម្តែងឱ្យខ្ញុំដឹងថា ព្រះអង្គផ្តន្ទាពួកគេដែរ
៥- សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ ទទួលស្គាល់ច្បាស់គ្មានកែប្រែ  
  ក្រៅពីព្រះអង្គគ្មានព្រះទេ ត្រូវចេះរិះរេស្គាល់ព្រះអង្គ
៧- សូមទ្រង់សម្តែងថ្លែងសិរី រុងរឿងម្ចាស់ថ្លៃកុំបង្អង់  
  បារមីខ្លាំងក្លានៃព្រះអង្គ ឱ្យមនុស្សទាំងពួងសរសើរកោត
១០- សូមពេលចុងក្រោយឆាប់មកដល់ ព្រះអង្គកុំខ្វល់ភ្លេចសម្តែង  
  គេនឹងរៀបរាប់ដោយកោតក្រែង អស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត
១១- សូមឱ្យភ្លើងនៃព្រះពិរោធ កំហឹងក្រេវក្រោធឆេះបំបាត់  
  ដុតកម្ទេចពួកអ្នកទុច្ចរិត កុំឱ្យវារត់រួចសោះឡើយ
១២- សូមទ្រង់បំបែកក្បាលសត្រូវ កុំទុកឱ្យនៅពួកនោះហើយ  
  វាពោលក្តែងៗគ្មានគិតឡើយ ថាវានេះហើយសំខាន់ណាស់
១៣- សូមទ្រង់ប្រមូលកុលសម្ពន្ធ ឱ្យឆាប់រួសរាន់កុំក្រឡះ  
  ពូជពង្សយ៉ាកុបមានច្រើនណាស់ រស់នៅដេរដាសឱ្យមកជុំំ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះអម្ចាស់ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ប្រកាស​ប្រាប់​ប្រជាជន​ទាំងឡាយអំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ! អាលេលូយ៉ា !

ទំនុកតម្កើងលេខ ១៩

ស្នាព្រះហស្តទាំងប៉ុន្មាន ចូរសរសើរតម្កើងព្រះជាម្ចាស់

ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
និងដើម្បីតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្តីសុខសាន្ត (លក ១,៧៨-៧៩)។

បន្ទរទី៣ ៖ ដ្បិត​សិរី‌រុង​រឿង​របស់​ព្រះជាម្ចាស់​បំភ្លឺក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។

ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។
អាកាសវេហាស៍ ប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ។

ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតឱ្យបានដឹង។

ដោយមិនប្រើភាសា ឬពាក្យសំដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។

ប៉ុន្តែ សេចក្តីថ្លែងរបស់មេឃត្រេចចរលើផែនដីទាំងមូល
ហើយសំឡេងរបស់អាកាសវេហាស៍
លាន់ឮរហូតដល់ដាច់ស្រយាលនៃពិភពលោក
ជាកន្លែងដែលព្រះជាម្ចាស់ បានតម្លើងពន្លាសម្រាប់ព្រះអាទិត្យ។

ព្រះអាទិត្យរះឡើងប្រៀបបីដូចជាកូនកំលោះ ចេញមកសំពះផ្ទឹម
ដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងទាំងអរសប្បាយ។

ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត
គ្មានអ្វីអាចបំបាំងកម្តៅរបស់ព្រះអាទិត្យបានឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដ្បិត​សិរី‌រុង​រឿង​របស់​ព្រះជាម្ចាស់​បំភ្លឺក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១០,៨ខ-១០)

«ព្រះ‌បន្ទូល​ស្ថិត​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ត​អ្នក​ដែរ»។ ព្រះ‌បន្ទូល​នេះ​ជា​ព្រះ‌បន្ទូល​ស្ដីអំពី​ជំនឿ​ដែល​យើង​ប្រកាស។ ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូពិត​ជា​ព្រះ‌អម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះជាម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះយេស៊ូឱ្យមាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ «ខ្ញុំ​សូម​ជម្រាប​លោកឱ្យដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មីទេ គេ​មិន​អាច​ឃើញ​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់​ឡើយ»។ អាលេលូយ៉ា!

ពាក្យអង្វរសកល

សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា ដោយ​ប្រោស​ព្រះ‌យេស៊ូគ្រីស្តឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ចូរយើងទូលអង្វរព្រះអង្គ ដោយមានទំនុកចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមបំភ្លឺចិត្តគំនិតយើងខ្ញុំផង !

ឱព្រះបិតានៃពន្លឺ ! ព្រះអង្គបានធ្វើឱ្យពិភពលោកមានភាពរុងរឿង នៅពេលព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញក្នុងសិរីរុងរឿង
—សូមព្រះអង្គបំពេញចិត្តគំនិតរបស់យើងខ្ញុំ ដោយពន្លឺនៃជំនឿក្នុងថ្ងៃនេះផង។ (បន្ទរ)

ដោយការរស់ឡើងវិញនៃព្រះបុត្រា ព្រះអង្គបានបើកផ្លូវចូលទៅកាន់ជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ
—សូមព្រះអង្គទ្រទ្រង់យើងខ្ញុំជាមួយសេចក្តីសង្ឃឹមនៃសិរីរុងរឿង ដូចយើងខ្ញុំធ្វើការនៅថ្ងៃនេះ។ (បន្ទរ)

ដោយព្រះបុត្រាមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធមកពិភពលោក
—សូមព្រះអង្គដុតភ្លើងនៃសេចក្តីស្រឡាញ់ខាងវិញ្ញាណក្នុងដួងចិត្តយើងខ្ញុំ។ (បន្ទរ)

សូមព្រះយេស៊ូគ្រីស្តដែលត្រូវគេឆ្កាងរំដោះយើងខ្ញុំឱ្យមានសេរីភាព
—សូមព្រះអង្គសង្រ្គោះ និងប្រោសលោះយើងខ្ញុំនៅថ្ងៃនេះផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គប្រោសឱ្យយើងខ្ញុំហៅព្រះអង្គថា «ព្រះបិតា»។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តគំនិតស្របតាមឋានៈខ្លួនជាបុត្រធីតាព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។