រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃពុធ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៣៦
អំពើទុច្ចរិតរបស់មនុស្សបាប និងសេចក្ដីសុចរិតរបស់ព្រះអម្ចាស់
អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ
គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។
បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
| ២ | ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា “មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។ |
| ៣ | គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។ |
| ៤ | គេពោលសុទ្ធតែពាក្យកុហកបោកប្រាស គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ |
| ៥ | សូម្បីតែនៅពេលដេក ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។ |
| ៦ | បពិត្រព្រះអម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
| ៧ | ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ |
| ៨ | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមានតម្លៃដ៏លើសលប់បំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ |
| ៩ | ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក ពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។ |
| ១០ | ដ្បិតព្រះអង្គជាប្រភពនៃជីវិត យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។ |
| ១១ | សូមសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត សូមសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។ |
| ១២ | សូមកុំឱ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ! |
| ១៣ | មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
បទលើកតម្កើងតាមនាងយូឌីត (យឌ ១៦,១.១៣-១៥)
ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក ព្រះអង្គការពារប្រជាជនរបស់ព្រះអង្គ
គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។
បន្ទរទី២ ៖ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ប្រកបដោយសិរីរុងរឿង និងឫទ្ធិបារមីដ៏អស្ចារ្យ។
(បទកាកគតិ)
| ១- | ចូរអ្នករាល់គ្នា | បង្គំវន្ទា | ច្រៀងរាំទូលថ្វាយ |
| ព្រះជាអម្ចាស់ | ប្រគុំភ្លេងខ្លុយ | ឈឹងស្គរអោនកាយ | |
| សរសើរតម្កើង | ។ | ||
| ១៣- | ខ្ញុំនឹងច្រៀងបទ | ថ្មីហើយវិសុទ្ធ | ថ្វាយព្រះថ្កើងថ្កាន |
| ព្រះអង្គពិតជា | ប្រសើរហួសស្មាន | បារមីចំណាន | |
| ខ្លាំងក្លាអស្ចារ្យ | ។ | ||
| ១៤- | សូមឱ្យសត្វលោក | ក្នុងទឹកលើគោក | កុំនៅសោកា |
| សុខចិត្តបម្រើ | ព្រះមានចេស្តា | ឥតមាននរណា | |
| ជំទាស់បានឡើយ | ។ | ||
| ១៥- | ពេលទ្រង់យាងមក | ភ្នំក៏កក្រើក | រង្គើអស់ហើយ |
| ធ្លាក់ក្នុងសមុទ្រ | នៅមិនបានឡើយ | ទោះថ្មក៏ដោយ | |
| ក៏ត្រូវអន្តរាយ | ។ | ||
| ប៉ុន្តែព្រះម្ចាស់ | តែងតែសន្តោស | អាណិតពេកក្រៃ | |
| អាសូរដល់រាស្ត្រ | អ្នកទាបក្រក្រី | គោរពរាល់ថ្ងៃ | |
| កោតខ្លាចព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ប្រកបដោយសិរីរុងរឿង និងឫទ្ធិបារមីដ៏អស្ចារ្យ។
ទំនុកតម្កើងលេខ ៤៧
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
| ២ | ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ ! |
| ៣ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ |
| ៤ | ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។ |
| ៥ | ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។ |
| ៦ | ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ |
| ៧ | ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ ! ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង ! |
| ៨ | ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។ |
| ៩ | ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។ |
| ១០ | អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់ ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥០,៥-៧)
ព្រះជាអម្ចាស់ណែនាំខ្ញុំឱ្យយកចិត្តទុកដាក់ស្ដាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំងឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកចង្ការបស់ខ្ញុំ ពេលគេប្រមាថមើលងាយ និងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់យាងមកជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំរក្សាទឹកមុខរឹងប៉ឹង ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឱ្យមានសេរីភាព»។
ពាក្យអង្វរសកល
សូមលើកតម្កើងព្រះជាម្ចាស់ ដែលប្រទានការសង្រ្គោះមកមនុស្សលោក។ ព្រះអង្គបានចេញព្រះរាជបញ្ជាឱ្យមនុស្សត្រូវកើតជាថ្មីក្នុងព្រះអង្គ នៅពេលអ្វីៗទាំងអស់នឹងបង្កើតសាជាថ្មី។ ចូរយើងទូលសូមព្រះអង្គ ដោយមានទំនុកចិត្តថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកយើងខ្ញុំផង !
បពិត្រព្រះអម្ចាស់ ! ព្រះអង្គមានព្រះបន្ទូលសន្យាអំពីផ្ទៃមេឃ និងផែនដីថ្មី
—តាមរយៈព្រះវិញ្ញាណព្រះអង្គ សូមឱ្យយើងខ្ញុំរីករាយនឹងព្រះវត្តមានព្រះអង្គនៅក្រុងយេរូសាឡឹម ឯស្ថានបរមសុខអស់កល្បជានិច្ចផង។ (បន្ទរ)
សូមជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការរួមជាមួយព្រះអង្គ ដើម្បីធ្វើឱ្យពិភពលោកនេះមានជីវិត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
—និងកសាងផែនដីជាទីក្រុងនៃភាពយុត្តិធម៌ សេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត។ (បន្ទរ)
សូមព្រះអង្គរំដោះយើងខ្ញុំចេញពីការធ្វេសប្រហែស និងភាពខ្ជិលច្រអូស
—សូមប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ក្នុងព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឱ្យរួចពីមារកំណាច
—និងទាសករផ្លូវអារម្មណ៍ ដែលធ្វើឱ្យយើងខ្វាក់ភ្នែក មើលមិនឃើញសេចក្តីល្អ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់បុត្រធីតាព្រះអង្គ ដែលមានចិត្តសោកស្តាយចំពោះអំពើបាបរបស់ខ្លួន។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តបម្រើព្រះអង្គជារៀងរហូតផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

