២០ មីនា ២០២៧

Written on 02/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃសៅរ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូសឡើយ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២

វិន័យ​របស់​ព្រះ‌អម្ចាស់

សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរទី១ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គតាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត។

១៤៥ បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
១៤៦
ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧
ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨
ទូលបង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩
សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ
តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០
អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១
បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២
តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គតាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត។

បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)

ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម

អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នក​បម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។

បន្ទរទី២ ៖ ព្រះអម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំសូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំ។

(បទពាក្យ ៧)

១- ខ្ញុំស្រែកច្រៀងថ្វាយព្រះ ជាអម្ចាស់ដែលមានជ័យ  
  លើទ័ពសេះល្បាញល្បី លិចលង់ក្ស័យក្នុងសមុទ្រ ។
២- ព្រះម្ចាស់ជាកម្លាំង ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត  
  ខ្ញុំសូមឱនក្រាបលុត ទាំងច្រៀងបទថ្កើងព្រះអង្គ ។
  ព្រោះទ្រង់បានសង្គ្រោះ ខ្ញុំឲ្យរស់ផុតសៅហ្មង  
  ព្រះឪពុកខ្ញុំផង ព្រះខ្ពស់ខ្ពង់លើសអ្វីៗ ។
៣- ទ្រង់ជាវីរបុរស ប្រសើរខ្ពស់លើផែនដី  
  អង់អាចពូកែក្រៃ ព្រះនាមថ្លៃ “ព្រះអម្ចាស់ ។
៤- ព្រះអង្គបានធ្វើឲ្យ កងទ័ពថយវិនាសអស់  
  ទាំងទ័ពទាំងរទេះ ត្រូវវិនាសក្នុងសមុទ្រ ។
៨- ពេលខ្យល់បក់បោកមក ទឹករលកផ្តុំគ្នាឡើង  
  ទំនប់ទឹករលើង មកនៅគឿងសមុទ្រជាន់ ។
៩- ខ្មាំងសត្រូវពោលថា ខ្ញុំដេញគេតាមឲ្យទាន់  
  ខ្ញុំទទួលជយភណ្ឌ ច្រើនគ្រប់គ្រាន់ទើបចាត់ការ ។
១០- ព្រះអង្គទ្រង់ផ្លុំខ្យល់ ទឹកវិលវល់គ្រប់កាយា  
  ពួកគេលិចមរណា ក្នុងជលសាដូចសំណ ។
១១- បពិត្រព្រះអម្ចាស់ ប្រសើរណាស់ពេញបវរ  
  តើមានព្រះណាល្អ យុត្តិធម៌ដូចព្រះអង្គ ? ។
  ទ្រង់វិសុទ្ធរឿងរុង អស្ចារ្យខ្លាំងពេកកន្លង  
  គួរស្ញែងខ្លាចព្រឺផង ហើយមានទាំងឫទ្ធីខ្ពស់ ។
១២- ព្រះអង្គក្តៅព្រះទ័យ គ្មានប្រណីគិតស្រណោះ  
  ពេលទ្រង់លើកព្រះហស្ត ផែនដីប្រេះស្រូបគេឈឹង ។
១៣- ព្រះអង្គបានលោះលា រាស្រ្តគ្រប់គ្នាមានរំពឹង  
  ដឹកនាំគេតម្រង់ ដំណាក់ទ្រង់ដ៏ឧត្តម ។
១៧- ព្រះអង្គនាំប្រជា រាស្រ្តគ្រប់គ្នាទៅលើភ្នំ  
  ជាចំណែកដ៏ធំ កន្លែងសំណាក់ព្រះអង្គ ។
  ឱព្រះអម្ចាស់អើយ ព្រះអង្គហើយដែលបានសង់  
  ទីសក្ការៈត្រចង់ ដោយហស្តទ្រង់កសាងផ្ទាល់ ។
១៨- ព្រះម្ចាស់នឹងគ្រងរាជ្យ ពេញអំណាចអស់កប្បកល្ប  
  ជានិច្ចគ្មានពិភាល់ ជារៀងរាល់អង្វែងទៅ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ព្រះអម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំសូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំ។

ទំនុកតម្កើងលេខ ១១៧

ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា

រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គ​សម្តែង​ព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។

បន្ទរទី៣ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !

១ ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
២
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។
សូមសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦៥,១ខ-៣ក)​

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួន តែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។ ប្រជា‌ជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះ ទោះ‌បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។ រៀង‌រាល់​ថ្ងៃ យើង​លាត​ដៃ​ទៅ​ចង់​ជួយ​គេ តែ​ប្រជា‌រាស្ដ្រ​នេះ​រឹង​ចចេស​ណាស់ គឺ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់ និង​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ជាតិ​សាសន៍​នេះ​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​ជា‌និច្ច ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​មុខ​យើង។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ព្រះ‌យេស៊ូត្រូវ​សោយ​ទិវង្គត ដើម្បី​ឲ្យ​កូន​ចៅ​របស់​ព្រះ‌ជាម្ចាស់ដែល​បែក‌ខ្ញែក​គ្នា មក​រួប‌រួម​ជា​ប្រជាជន​តែ​មួយ។

ពាក្យអង្វរសកល

ដើម្បីបង្កើតយើងខ្ញុំសាជាថ្មី ព្រះគ្រីស្តជាអម្ចាស់បានប្រទានទឹក និងព្រះកាយ ព្រមទាំងព្រះបន្ទូល ដែលផ្តល់ឱ្យយើងខ្ញុំកើតជាថ្មី។
ចូរយើងទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ សូមព្រះអង្គបន្តប្រទានព្រះអំណោយទានឱ្យយើងខ្ញុំ !

ឱព្រះយេស៊ូដែលមានព្រះហឫទ័យស្លូតបូត និងសុភាពរាបសារ ! សូមព្រះអង្គបំពាក់យើងខ្ញុំនូវចិត្តមេត្តា ចិត្តសប្បុរស និងចេះដាក់ខ្លួន
—សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តអត់ធ្មត់ជាមួយនឹងមនុស្សគ្រប់គ្នាផង។ (បន្ទរ)

សូមព្រះអង្គបង្រៀនយើងខ្ញុំ ឱ្យក្លាយជាអ្នកជិតខាងពិតប្រាកដសម្រាប់មនុស្សទាំងអស់ នៅពេលពួកគេជួបបញ្ហា និងទុក្ខលំបាក
—ដូច្នេះ យើងខ្ញុំអាចយកតម្រាប់តាមព្រះអង្គ ជាសាសន៍សាម៉ារីដ៏ល្អ។ (បន្ទរ)

សូមព្រះនាងព្រហ្មចារិនីម៉ារីជាព្រះមាតា ជួយអង្វរព្រះអង្គឱ្យអស់អ្នកដែលថ្វាយពាក្យសច្ចាប្រណិធានរស់នៅជាព្រហ្មចារី
—ដូច្នេះ ពួកគេអាចលះបង់ខ្លួនឯងចោលកាន់តែជ្រៅទៅៗ ចំពោះព្រះអង្គ និងព្រះសហគមន៍។ (បន្ទរ)

សូមប្រោសប្រទានព្រះអំណោយទាននៃធម៌មេត្តារបស់ព្រះអង្គឱ្យយើងខ្ញុំ
—ហើយសូមព្រះអង្គអត់ទោសបាបរបស់យើងខ្ញុំ និងដកយកទណ្ឌកម្មរបស់ពួកគេផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោកគ្រប់ពេលវេលា។ សូមព្រះអង្គមេត្តាថែរក្សាការពារយើងខ្ញុំ ជាបុត្រធីតារបស់ព្រះអង្គ ហើយសូមបន្តណែនាំបងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។