រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃអាទិត្យ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩៣
សិរីរុងរឿងរបស់ព្រះជាម្ចាស់
ព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាលើអ្វីទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ (វវ ១៩,៦-៧)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ក្រឹត្យវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយអស្ចារ្យខ្លាំងជាងរលកសមុទ្រទៅទៀត។
| ១ | ព្រះអម្ចាស់ជាព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្តា ដូច្នេះ ផែនដីនៅរឹងមាំឥតរង្គើឡើយ។ |
| ២ | បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំទាំ តាំងពីដើមរៀងមក ព្រះអង្គមានព្រះជន្មគង់នៅតាំងពីអស់កល្បជានិច្ច។ |
| ៣ | បពិត្រព្រះអម្ចាស់! មហាសាគរបន្លឺសំឡេងឡើង មហាសាគរបន្លឺសំឡេងឡើងយ៉ាងគគ្រឹកគគ្រេង។ |
| ៤ | ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្តុង្គឧត្តម ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំងជាងសំឡេងមហាសាគរ ព្រះអង្គមានបារមីខ្លាំងជាងរលកសមុទ្រទៅទៀត។ |
| ៥ | បពិត្រព្រះអម្ចាស់! ក្រឹត្យវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធអស់កល្បតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ក្រឹត្យវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយអស្ចារ្យខ្លាំងជាងរលកសមុទ្រទៅទៀត។
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)
ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!
«អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!» (វវ ១៩,៥)។
បន្ទរទី២ ៖ ប្រភពទឹកទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់ ! សូមលើកតម្កើងសិរីរុងរឿងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ !
(បទកាកគតិ)
| ៥៧- | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
| ជារៀងដរាប | សូមនាំគ្នាស្មូត | តម្កើងរហូត | |
| អស់កល្បអន្លាយ | ។ | ||
| ៥៨- | ឱផ្ទៃមេឃអើយ | កុំនៅកន្តើយ | ហាក់ដូចជិនណាយ |
| ស្មូតបទតម្កើង | ដោយចិត្តសប្បាយ | អស់កល្បអន្លាយ | |
| តទៅកុំឈប់ | ។ | ||
| ៥៩- | សូមឱ្យទេវទូត | តម្កើងរហូត | ទាំងថ្ងៃទាំងយប់ |
| ព្រះម្ចាស់ថ្កុំថ្កើង | អស់កល្បអស់កប្ប | តម្កើងកុំឈប់ | |
| តទៅរាល់ថ្ងៃ | ។ | ||
| ៦០- | ចូរទឹកទាំងឡាយ | អបអរសប្បាយ | លើនភាល័យ |
| នាំគ្នាសរសើរ | តម្កើងម្ចាស់ថ្លៃ | កុំបង្អង់អី | |
| អស់កល្បអង្វែង | ។ | ||
| ៦១- | ហ្វូងតារារះ | នៃព្រះអម្ចាស់ | នាំគ្នាសម្ដែង |
| តម្កើងព្រះអង្គ | សរសើរស្ញប់ស្ញែង | គ្រប់ទីកន្លែង | |
| តទៅឥតដាច់ | ។ | ||
| ៦២- | សូមព្រះអាទិត្យ | ព្រះចន្ទមានឫទ្ធិ | ពន្លឺចិញ្ចាច |
| តម្កើងព្រះអង្គ | ដោយចិត្តអង់អាច | កុំភ័យកុំខ្លាច | |
| តទៅកុំប្រែ | ។ | ||
| ៦៣- | សូមអស់ទាំងផ្កាយ | ដែលនៅរាត់រាយ | លើមេឃផងដែរ |
| សរសើរតម្កើង | កុំបីប្រួលប្រែ | កុំក្រឡះកែ | |
| រាល់ថ្ងៃខែឆ្នាំ | ។ | ||
| ៦៤- | សូមឱ្យសន្សើម | ទឹកភ្លៀងដ៏ឆ្នើម | ធ្លាក់ជាប្រចាំ |
| ចូរលើកតម្កើង | ទាំងថ្វាយបង្គំ | ព្រះម្ចាស់ឧត្តម | |
| ជានិច្ចកុំរា | ។ | ||
| ៦៥- | ចូរអស់ទាំងខ្យល់ | ធ្លាប់បក់វិលវល់ | រាល់ប្រាំងវស្សា |
| គ្រប់ទីកន្លែង | តម្កើងព្រះជា | ម្ចាស់អ្នករាល់គ្នា | |
| កុំបីឆ្មៃឆ្មើង | ។ | ||
| ៦៦- | ចូរឱ្យកម្ដៅ | ទាំងក្នុងទាំងក្រៅ | ឱ្យមានទាំងភ្លើង |
| នាំគ្នាជួយលើក | សរសើរតម្កើង | ព្រះអង្គខ្ពស់ឡើង | |
| តទៅឥតអាក់ | ។ | ||
| ៦៧- | ចូរឱ្យខ្យល់ក្តៅ | ពេលនេះតទៅ | និងខ្យល់ត្រជាក់ |
| សរសើរតម្កើង | ព្រះជាម្ចាស់អ្នក | កុំបីអន់អាក់ | |
| ជានិច្ចតទៅ | ។ | ||
| ៦៨- | សន្សើមនិងព្រឹល | សូមអ្នកកុំខ្ជិល | កុំបង្អង់នៅ |
| ស្មូតបទតម្កើង | ព្រះម្ចាស់ជាផ្លូវ | អង្វែងតទៅ | |
| អស់កល្បជានិច្ច | ។ | ||
| ៦៩- | ចូរថ្ងៃនិងយប់ | កោតកុំឈរឈប់ | សរសើរកុំភ្លេច |
| ស្មូតបទតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
| អស់កល្បស្ថេរស្ថិត | ។ | ||
| ៧០- | ចូរឱ្យពន្លឺ | រន្ទាលរន្ទឺ | និងភាពងងឹត |
| សរសើរតម្កើង | អម្ចាស់មានឫទ្ធិ | រាល់ថ្ងៃកុំគិត | |
| ខ្វល់ខ្វាយឡើយណា | ។ | ||
| ៧១- | អាកាសត្រជាក់ | ខ្យល់រងាធ្លាក់ | មកជាធម្មតា |
| ចូរលើកតម្កើង | ព្រះអម្ចាស់ជា | ព្រះអ្នករាល់គ្នា | |
| កុំបីឃ្លាងឃ្លាត | ។ | ||
| ៧២- | សូមឱ្យទឹកកក | កុំបីខានខក | ទាំងសន្សើមទៀត |
| ចូរលើកតម្កើង | កុំបីរវាត | កុំឱ្យឃ្លាងឃ្លាត | |
| រហូតតទៅ | ។ | ||
| ៧៣- | សូមដុំពពក | ផ្លេកបន្ទោរមក | កុំបង្អង់នៅ |
| តម្កើងព្រះអង្គ | កុំបីហ្មងសៅ | ស្មូតរហូតទៅ | |
| អស់កល្បយូរលង់ | ។ | ||
| ៧៤- | សូមឱ្យផែនដី | ទាំងមូលលកលៃ | តម្កើងព្រះអង្គ |
| សរសើរកុំឈប់ | កុំនៅរេរង់ | កោតសរសើរទ្រង់ | |
| កុំប្រែសាវា | ។ | ||
| ៧៥- | សូមឱ្យភ្នំធំ | កុំនៅសំងំ | ភ្នំតូចផងណា |
| ស្មូតបទតម្កើង | ព្រះម្ចាស់រាល់គ្នា | ថ្កើងព្រះនាមា | |
| អស់កល្បជានិច្ច | ។ | ||
| ៧៦- | សព្វអស់អ្វីៗ | ដែលដុះលើដី | កុំបីមានភ្លេច |
| ចូរលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
| អស់កល្បអន្លាយ | ។ | ||
| ៧៧- | ចូរសមុទ្រស្ទឹង | ទន្លេល្វើយល្វឹង | តូចធំទាំងឡាយ |
| នាំគ្នាតម្កើង | ដោយក្តីរីករាយ | សរសើរម្ចាស់ថ្លៃ | |
| ឱ្យលាន់រងំ | ។ | ||
| ៧៨- | ចូរប្រភពទឹក | មានច្រើនសន្ធឹក | ព្រែកទាំងតូចធំ |
| ទឹកហូរពីជ្រោះ | ទឹកធ្លាក់ពីភ្នំ | កុំនៅសំងំ | |
| តម្កើងព្រះអង្គ | ។ | ||
| ៧៩- | ចូរអស់ទាំងត្រី | តូចធំម្តេចក្តី | និងសត្វរស់ក្នុង |
| ទន្លេសមុទ្រ | តាមព្រែកបួរបឹង | កុំសំងំឈឹង | |
| តម្កើងព្រះម្ចាស់ | ។ | ||
| ៨០- | សូមបក្សីសត្វ | ដែលរស់ខ្វែងខ្វាត់ | ច្រើនមីរដេរដាស |
| ស្មូតបទតម្កើង | ព្រះជាអម្ចាស់ | កុំបីចន្លោះ | |
| អស់កល្បយូរលង់ | ។ | ||
| ៨១- | សូមឱ្យសត្វស្រុក | រស់នៅអែអុក | ទាំងសត្វព្រៃផង |
| នាំគ្នាសរសើរ | តម្កើងព្រះអង្គ | អស់កល្បយូរលង់ | |
| តទៅអន្លាយ | ។ | ||
| ៨២- | ចូរឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | កុំបីឃ្លាតឆ្ងាយ |
| សរសើរព្រះអង្គ | ជាព្រះម្ចាស់ថ្លៃ | រៀងរាល់យប់ថ្ងៃ | |
| កុំបីអល់អែក | ។ | ||
| ៨៣- | ឱអ៊ីស្រាអែល | អ្នកជាជាតិដែល | វិសុទ្ធពន់ពេក |
| ចូរលើកតម្កើង | ព្រះខ្ពស់អនេក | ហួសទាំងផ្ទៃមេឃ | |
| កុំសំងំនៅ | ។ | ||
| ៨៤- | អស់បូជាចារ្យ | ទាំងឡាយនាំគ្នា | ឆ្ពោះតម្រង់ទៅ |
| តម្កើងព្រះអង្គ | ទាំងថ្ងៃយប់ជ្រៅ | កុំសំងំនៅ | |
| សរសើរកុំឈប់ | ។ | ||
| ៨៥- | ចូរអ្នកទាំងឡាយ | ដែលតែងខ្វល់ខ្វាយ | បម្រើគោរព |
| ស្មូតតម្កើងព្រះ | ទាំងថ្ងៃទាំងយប់ | កុំឈរកុំឈប់ | |
| នៅស្ងៀមឱ្យសោះ | ។ | ||
| ៨៦- | ចូរវិញ្ញាណក្ខ័ន្ធ | អ្នកស្លាប់ប៉ុន្មាន | កុំបីចន្លោះ |
| ព្រលឹងនៃអ្នក | សុចរិតទាំងអស់ | តម្កើងដោយស្មោះ | |
| កុំនៅកន្តើយ | ។ | ||
| ៨៧- | អស់អ្នកគោរព | ប្រណិប័តន៍គ្រប់ | ព្រះអម្ចាស់អើយ |
| និងអ្នកដាក់ចិត្ត | ជាអ្នកខ្សត់ហើយ | កុំបង្អង់ឡើយ | |
| តម្កើងព្រះអង្គ | ។ | ||
| ៨៨- | លោកអណានីយ៉ា | រួមជាមួយគ្នា | អសារីយ៉ាផង |
| និងមីកាអែល | តម្កើងព្រះអង្គ | ស្មូតតម្កើងផង | |
| តទៅដរាប | ។ | ||
| ព្រះអង្គរំដោះ | យើងខ្ញុំឱ្យរស់ | ផុតពីក្តីស្លាប់ | |
| ហើយទ្រង់សង្គ្រោះ | ខ្ញុំជាប្រញាប់ | រួចផុតទុក្ខសព្វ | |
| ទាំងភ្លើងសន្ធៅ | ។ |
(មិនមានសូត្រ “ ធម៌កោតសរសើរ ” ក្នុងបទលើកតម្កើងនេះទេ)។
បន្ទរ ៖ ប្រភពទឹកទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់ ! សូមលើកតម្កើងសិរីរុងរឿងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ !
ទំនុកតម្កើងលេខ ១៤៨
ចូរឱ្យអ្វីៗទាំងអស់សរសើរតម្កើងព្រះនាមព្រះអម្ចាស់
“សូមព្រះអង្គដែលគង់នៅលើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង
និងព្រះចេស្តាអស់កល្បជាអង្វែងតរៀងទៅ!” (វវ ៥,១៣)។
បន្ទរទី៣ ៖ ស្តេចទាំងឡាយ និងប្រជាជនដែលរស់នៅលើផែនដីទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់ !
| ១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់នៅស្ថានបរមសុខ! អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ! ចូរសរសើរតម្កើងព្រះអង្គ! |
| ២ | ទេវទូតទាំងអស់អើយ! ចូរសរសើរតម្កើងព្រះអង្គ! ពពួកទេវតាទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ! |
| ៣ | ព្រះអាទិត្យ និងព្រះចន្ទអើយ! ចូរសរសើរតម្កើងព្រះអង្គ! ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ! |
| ៤ | ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ! ចូរសរសើរតម្កើងព្រះអង្គ! ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ! ចូរសរសើរតម្កើងព្រះអង្គ! |
| ៥ | ចូរឱ្យអ្វីៗសព្វសារពើ សរសើរតម្កើងព្រះនាមព្រះអម្ចាស់ ដ្បិតពេលព្រះអង្គមានព្រះបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។ |
| ៦ | ព្រះអង្គបានតាំងអ្វីៗទាំងអស់ ឱ្យនៅស្ថិតស្ថេរជានិច្ចរហូតតរៀងទៅ ព្រះអង្គដាក់ច្បាប់មួយដែលមិនប្រែប្រួលឡើយ។ |
| ៧ | ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី មហាសាគរ និងសត្វធំៗនៅក្នុងសមុទ្រអើយ! ចូរសរសើរតម្កើងព្រះអង្គ។ |
| ៨ | ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះ ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ។ |
| ៩ | ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ!។ |
| ១០ | សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី និងសត្វលូនវារទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអង្គ!។ |
| ១១ | ស្តេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅលើផែនដី ចូរសរសើរតម្កើងព្រះអង្គ! |
| ១២ | យុវជន យុវនារី មនុស្សចាស់ជរា និងកូនក្មេង ចូរសរសើរតម្កើងព្រះអង្គ! |
| ១៣ | ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ទាំងអស់គ្នាទៅ! ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលប្រសើរឧត្តមលើសគេ ព្រះអង្គសម្តែងភាពថ្កុំថ្កើងរុងរឿងពាសពេញនៅលើផែនដី និងផ្ទៃមេឃ។ |
| ១៤ | ព្រះអង្គប្រោសប្រទានឱ្យប្រជារាស្ត្ររបស់ព្រះអង្គ មានកម្លាំងឡើងវិញ ហើយធ្វើឱ្យអស់អ្នកដែលជឿលើព្រះអង្គ គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល ដែលស្និទ្ធស្នាលនឹងព្រះអង្គបានខ្ពស់មុខឡើង! អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ស្តេចទាំងឡាយ និងប្រជាជនដែលរស់នៅលើផែនដីទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (នហ ៨,៩.១០ខ)
ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងគម្ពីរវិន័យ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមី លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!» ។ ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា» ។
បន្ទរ៖ ឱព្រះគ្រីស្តជាព្រះបុត្រានៃព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអើយ! *សូមអាណិតអាសូរយើងខ្ញុំ។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវរងរបួស ព្រោះតែបទល្មើសយើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារនេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ» ។ ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គ។
ពាក្យអង្វរសកល
ចូរយើងកោតសរសើរព្រះសង្រ្គោះដ៏ជាទីស្រឡាញ់នៃយើង ដែលបានប្រោសប្រទានរដូវនៃព្រះហឫទ័យប្រណីសន្តោសមកយើង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមបង្កើតវិញ្ញាណថ្មីក្នុងយើងខ្ញុំផង !
ព្រះគ្រីស្តជាជីវិតយើងខ្ញុំ ! ដោយអគ្គសញ្ញាជ្រមុជទឹក យើងបានបញ្ចុះទៅក្នុងផ្នូរ និងរស់ឡើងវិញរួមជាមួយព្រះអង្គ
—សូមឱ្យយើងខ្ញុំរស់នៅក្នុងជីវិតថ្មីនៅថ្ងៃនេះផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបាននាំព្រះពរមកឱ្យមនុស្សលោក
—សូមព្រះអង្គចែករំលែកក្តីកង្វល់របស់ព្រះអង្គមកយើងខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់បានសេចក្តីសុខ។ (បន្ទរ)
សូមឱ្យយើងធ្វើការរួមគ្នាដើម្បីកសាងទីក្រុងនៅលើផែនដី
—ដោយកែវភ្នែកសម្លឹងឆ្ពោះទៅក្រុងដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ (បន្ទរ)
ឱគ្រូពេទ្យដែលព្យាបាលទាំងព្រលឹង និងរូបកាយ ! សូមព្រះអង្គព្យាបាលជំងឺខាងវិញ្ញាណរបស់យើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំអាចរីកលូតលាស់នៅក្នុងភាពដ៏វិសុទ្ធ តាមរយៈការថែទាំជាប្រចាំរបស់ព្រះអង្គ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ ឲ្យអស់អ្នកដែលផ្ញើជីវិតទៅលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គប្រទានព្រះអំណោយទានដ៏អស្ចារ្យនេះដល់អស់បងប្អូនយើងខ្ញុំ ដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

