រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃសៅរ៍
សន្តីប៉ែរពេទុយ និងសន្តីហ្វេលីស៊ីតេ ជាមរណសាក្សី
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩២
កោតសរសើរព្រះជាម្ចាស់នៃពិភពទាំងមូល
ចូរច្រៀងកោតសរសើរកិច្ចប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។
បន្ទរទី១ ៖ ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់។
| ២ | បពិត្រព្រះអម្ចាស់! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់ ស្មូតបទតម្កើង សរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ! |
| ៣ | ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់ |
| ៤ | ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។ |
| ៥ | បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់ ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្តរបស់ព្រះអង្គ។ |
| ៦ | បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ! |
| ៧ | មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។ |
| ៨ | មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។ |
| ៩ | រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច! |
| ១០ | បពិត្រព្រះអម្ចាស់ ! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ |
| ១១ | ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ |
| ១២ | ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ |
| ១៣ | មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត ហើយចម្រើនធំឡើងដូចដើមតាត្រៅនៅស្រុកលីបង់។ |
| ១៤ | ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ |
| ១៥ | ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។ |
| ១៦ | ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់។
បទលើកតម្កើងតាមគម្ពីរទុតិយកថា (ទក ៣២,១-១២)
ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ
ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប (មថ ២៣,៣៧)។
បន្ទរទី២ ៖ ឱព្រះនៃទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះអង្គ !
(បទពាក្យ ៧)
| ១- | ឱផ្ទៃមេឃអើយចូរត្រងត្រាប់ | ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង | |
| ផែនដីអើយចូរអ្នកខំប្រឹង | ស្តាប់ឱ្យបានដឹងខ្ញុំបរិយាយ | ។ | |
| ២- | សូមឱ្យពាក្យខ្ញុំទាំងប៉ុន្មាន | ដែលបានទូន្មានរៀងរាល់ថ្ងៃ | |
| ឱ្យដូចសន្សើមភ្លៀងធ្លាក់ថ្មី | រុក្ខជាតិខៀវខ្ចីស្រស់បំព្រង | ។ | |
| ៣- | ខ្ញុំនឹងប្រកាសពីព្រះនាម | មិនព្រមនៅស្ងៀមមិនភ្លេចម្តង | |
| លើកតម្កើងភាពខ្ពស់កន្លង | រុងរឿងគ្មានហ្មងព្រះនៃយើង | ។ | |
| ៤- | ព្រះអម្ចាស់ប្រៀបដូចថ្មដា | ជាផ្ទាំងសិលាដ៏សែនរឹង | |
| មាគ៌ាព្រះអង្គសុចរិតត្រង់ | បរិសុទ្ធឥតហ្មងឥតមានខ្ចោះ | ។ | |
| ៥- | ប៉ុន្តែព្រះអង្គទ្រង់ជ្រាបថា | អ្នកទាំងអស់គ្នាក្បត់ទាំងអស់ | |
| ដោយអ្នកមានចិត្តមិនត្រង់ស្មោះ | ព្រះអង្គផាត់អស់មិនទុកនៅ | ។ | |
| លែងរាប់លែងរកលែងទុកថា | ជាបុត្រធីតាជាកូនចៅ | ||
| អ្នករាល់គ្នាមានចិត្តអាស្រូវ | វៀចវេរមិនត្រូវក្បត់ព្រះអង្គ | ។ | |
| ៦- | ឱជនល្ងីល្ងើឥតប្រាជ្ញា | ចុះម្តេចឡើយណាមិនបោះបង់ | |
| ព្រះគុណព្រះអង្គច្រើនកន្លង | តោងគិតផ្គូរផ្គងគិតនឹកនា | ។ | |
| ទ្រង់ជាបិតាដែលបង្កើត | ឱ្យមានកំណើតកើតជន្មា | ||
| ឱ្យអ្នកបានក្លាយជាប្រជា | ជាតិមាំអស្ចារ្យខ្លាំងទៀតផង | ។ | |
| ៧- | ចូរអ្នករាល់គ្នានឹកនាចាំ | គិតអំពីឆ្នាំដែលកន្លង | |
| ឪពុកដូនតាកុំមានហ្មង | រ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់ | ។ | |
| ៨- | ពេលព្រះខ្ពង់ខ្ពស់ប្រទានដី | ជាកេរថ្លាថ្លៃទ្រព្យសំណព្វ | |
| ពេលទ្រង់បំបែកមនុស្សលោកសព្វ | ថែមទាំងកំណត់ព្រំដែនឱ្យ | ។ | |
| ព្រះអង្គប្រទានតាមចំនួន | ឱ្យបានសមសួនមិនបណ្តោយ | ||
| គ្នាតិចបានតិចមិនឱ្យធ្លោយ | គ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង | ។ | |
| ៩- | ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែល | ទុកជារាស្ត្រផ្ទាល់នៃព្រះអង្គ | |
| ទាំងពូជយ៉ាកុបថែមទៀតផង | ទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន | ។ | |
| ១០- | ព្រះម្ចាស់រកឃើញអ៊ីស្រាអែល | នៅតាមទីវាលរហោស្ថាន | |
| ក្នុងដីហួតហែងព្រៃស្មសាន | សុទ្ធតែតិរច្ឆានស្នាក់នៅជុំ | ។ | |
| តែព្រះអង្គបានបីបាច់ថែ | ថ្នាក់ថ្នមរូបគេហើយអប់រំ | ||
| ការពារក្រសោបឱ្យនៅជុំ | គេរស់សុខដុមផុតវេទនា | ។ | |
| ១១- | ព្រះអង្គការពារនិងណែនាំ | ឱ្យដើរត្រង់ចំផ្លូវសាស្តា | |
| ដូចសត្វឥន្ទ្រីយ៍ជាបក្សា | ត្រដាងស្លាបវាបាំងកូនបាន | ។ | |
| ១២- | មានតែព្រះម្ចាស់មួយព្រះអង្គ | ដឹកនាំរាស្ត្រទ្រង់យ៉ាងចំណាន | |
| ឱ្យគេរស់នៅយ៉ាងសុខសាន្ត | ព្រះផ្សេងមិនបានដូចទ្រង់ឡើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ឱព្រះនៃទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះអង្គ !
ទំនុកតម្កើងលេខ ៨
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត
ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ (អភ ១,២២)។
បន្ទរទី៣ ៖ បពិត្រព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត ! ។
| ២ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត!។ |
| ៣ | ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។ |
| ៤ | ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ |
| ៥ | ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? |
| ៦ | ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដរាជ្យ។ |
| ៧ | ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ |
| ៨ | គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន |
| ៩ | ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ |
| ១០ | បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត ! ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១,១៦-១៨)
ចូរលាងសំអាត និងជម្រះខ្លួនឱ្យបានស្អាតបរិសុទ្ធ ! ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ ! ចូររៀនធ្វើអំពើល្អ ! ចូរស្វែងរកយុត្តិធម៌ ! ចូរណែនាំអ្នកដែលសង្កត់សង្កិនគេឱ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ! ចូររកយុត្តិធម៌ឱ្យក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយ ! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមក យើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់យ៉ាងណាក្តី ក៏វានឹងប្រែទៅជា ស ដូចសម្លីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឱ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ!។
ពាក្យអង្វរសកល
ចូរយើងអរព្រះគុណព្រះគ្រីស្តជាព្រះសង្រ្គោះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយទូលសូមព្រះអង្គដោយជឿជាក់ថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមជួយយើងខ្ញុំដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ !
សូមឱ្យយើងខ្ញុំថែរក្សារូបកាយរបស់យើងខ្ញុំឱ្យបានបរិសុទ្ធ
—ដូចជាព្រះវិហារនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)
នៅពេលព្រឹកនេះ យើងខ្ញុំសូមថ្វាយខ្លួនបម្រើអ្នកដទៃ
—ហើយសូមធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គក្នុងគ្រប់ប្រការ ពេញមួយថ្ងៃនេះ។ (បន្ទរ)
សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះស្វែងរកនំប៉័ងនៃជីវិតអស់កល្បជានិច្ច
—គឺនំប៉័ងដែលជាអំណោយរបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះមាតាដែលជាជម្រកនៃអ្នកបាប ជួយអង្វរឱ្យយើងខ្ញុំ
—ហើយសូមឱ្យយើងខ្ញុំទទួលបានការអភ័យទោស ដោយសារសេចក្តីស្រឡាញ់របស់ព្រះមាតាដែលមានចំពោះយើងខ្ញុំ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់! សេចក្តីស្រឡាញ់របស់ព្រះអង្គបានជំរុញឱ្យសន្តីប៉ែរពេទុយ និងសន្តីហ្វេលីស៊ីតេ ហ៊ានពុះពារទារុណកម្មគ្រប់យ៉ាង រហូតដល់បូជាជីវិតថ្វាយព្រះអង្គ។ តាមរយៈសន្តីប៉ែរពេទុយ និងសន្តីហ្វេលីស៊ីតេ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យចេះស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

