រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃសៅរ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២
វិន័យរបស់ព្រះអម្ចាស់
សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។
បន្ទរទី១ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀត។
| ១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ! |
| ១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
| ១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
| ១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមួយយប់ទល់ភ្លឺ។ |
| ១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
| ១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
| ១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
| ១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀត។
បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)
ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម
អស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។
បន្ទរទី២ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះទូលបង្គំ។
(បទពាក្យ ៧)
| ១- | ខ្ញុំស្រែកច្រៀងថ្វាយព្រះ | ជាអម្ចាស់ដែលមានជ័យ | |
| លើទ័ពសេះល្បាញល្បី | លិចលង់ក្ស័យក្នុងសមុទ្រ | ។ | |
| ២- | ព្រះម្ចាស់ជាកម្លាំង | ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត | |
| ខ្ញុំសូមឱនក្រាបលុត | ទាំងច្រៀងបទថ្កើងព្រះអង្គ | ។ | |
| ព្រោះទ្រង់បានសង្គ្រោះ | ខ្ញុំឲ្យរស់ផុតសៅហ្មង | ||
| ព្រះឪពុកខ្ញុំផង | ព្រះខ្ពស់ខ្ពង់លើសអ្វីៗ | ។ | |
| ៣- | ទ្រង់ជាវីរបុរស | ប្រសើរខ្ពស់លើផែនដី | |
| អង់អាចពូកែក្រៃ | ព្រះនាមថ្លៃ “ព្រះអម្ចាស់ | ។ | |
| ៤- | ព្រះអង្គបានធ្វើឲ្យ | កងទ័ពថយវិនាសអស់ | |
| ទាំងទ័ពទាំងរទេះ | ត្រូវវិនាសក្នុងសមុទ្រ | ។ | |
| ៨- | ពេលខ្យល់បក់បោកមក | ទឹករលកផ្តុំគ្នាឡើង | |
| ទំនប់ទឹករលើង | មកនៅគឿងសមុទ្រជាន់ | ។ | |
| ៩- | ខ្មាំងសត្រូវពោលថា | ខ្ញុំដេញគេតាមឲ្យទាន់ | |
| ខ្ញុំទទួលជយភណ្ឌ | ច្រើនគ្រប់គ្រាន់ទើបចាត់ការ | ។ | |
| ១០- | ព្រះអង្គទ្រង់ផ្លុំខ្យល់ | ទឹកវិលវល់គ្រប់កាយា | |
| ពួកគេលិចមរណា | ក្នុងជលសាដូចសំណ | ។ | |
| ១១- | បពិត្រព្រះអម្ចាស់ | ប្រសើរណាស់ពេញបវរ | |
| តើមានព្រះណាល្អ | យុត្តិធម៌ដូចព្រះអង្គ ? | ។ | |
| ទ្រង់វិសុទ្ធរឿងរុង | អស្ចារ្យខ្លាំងពេកកន្លង | ||
| គួរស្ញែងខ្លាចព្រឺផង | ហើយមានទាំងឫទ្ធីខ្ពស់ | ។ | |
| ១២- | ព្រះអង្គក្តៅព្រះទ័យ | គ្មានប្រណីគិតស្រណោះ | |
| ពេលទ្រង់លើកព្រះហស្ត | ផែនដីប្រេះស្រូបគេឈឹង | ។ | |
| ១៣- | ព្រះអង្គបានលោះលា | រាស្រ្តគ្រប់គ្នាមានរំពឹង | |
| ដឹកនាំគេតម្រង់ | ដំណាក់ទ្រង់ដ៏ឧត្តម | ។ | |
| ១៧- | ព្រះអង្គនាំប្រជា | រាស្រ្តគ្រប់គ្នាទៅលើភ្នំ | |
| ជាចំណែកដ៏ធំ | កន្លែងសំណាក់ព្រះអង្គ | ។ | |
| ឱព្រះអម្ចាស់អើយ | ព្រះអង្គហើយដែលបានសង់ | ||
| ទីសក្ការៈត្រចង់ | ដោយហស្តទ្រង់កសាងផ្ទាល់ | ។ | |
| ១៨- | ព្រះម្ចាស់នឹងគ្រងរាជ្យ | ពេញអំណាចអស់កប្បកល្ប | |
| ជានិច្ចគ្មានពិភាល់ | ជារៀងរាល់អង្វែងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះទូលបង្គំ។
ទំនុកតម្កើងលេខ ១១៧
ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។
បន្ទរទី៣ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !
| ១ | ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
| ២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១,១៦-១៨)
ចូរលាងសំអាត និងជម្រះខ្លួនឲ្យបានស្អាតបរិសុទ្ធ ! ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ ! ចូររៀនធ្វើអំពើល្អ ! ចូរស្វែងរកយុត្តិធម៌ ! ចូរណែនាំអ្នកដែលសង្កត់សង្កិនគេឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ! ចូររកយុត្តិធម៌ឲ្យក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយ ! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមក យើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់យ៉ាងណាក្តី ក៏វានឹងប្រែទៅជា សដូចសម្លីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ។
ពាក្យអង្វរសកល
ដើម្បីបង្កើតយើងខ្ញុំសាជាថ្មី ព្រះគ្រីស្តជាអម្ចាស់បានប្រទានទឹក និងព្រះកាយ ព្រមទាំងព្រះបន្ទូល ដែលផ្តល់ឱ្យយើងខ្ញុំកើតជាថ្មី។ ចូរយើងទូលអង្វរព្រះអង្គថា ៖
បន្ទរ៖ សូមព្រះអង្គបន្តប្រទានព្រះអំណោយទានឱ្យយើងខ្ញុំ !
ឱព្រះយេស៊ូដែលមានព្រះហឫទ័យស្លូតបូត និងសុភាពរាបសារ ! សូមព្រះអង្គបំពាក់យើងខ្ញុំនូវចិត្តមេត្តា ចិត្តសប្បុរស និងចេះដាក់ខ្លួន
—សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តអត់ធ្មត់ជាមួយនឹងមនុស្សគ្រប់គ្នាផង។ (បន្ទរ)
សូមព្រះអង្គបង្រៀនយើងខ្ញុំ ឱ្យក្លាយជាអ្នកជិតខាងពិតប្រាកដសម្រាប់មនុស្សទាំងអស់ នៅពេលពួកគេជួបបញ្ហា និងទុក្ខលំបាក
—ដូច្នេះ យើងខ្ញុំអាចយកតម្រាប់តាមព្រះអង្គ ជាសាសន៍សាម៉ារីដ៏ល្អ។ (បន្ទរ)
សូមព្រះនាងព្រហ្មចារិនីម៉ារីជាព្រះមាតា ជួយអង្វរព្រះអង្គឱ្យអស់អ្នកដែលថ្វាយពាក្យសច្ចាប្រណិធានរស់នៅជាព្រហ្មចារី
—ដូច្នេះ ពួកគេអាចលះបង់ខ្លួនឯងចោលកាន់តែជ្រៅទៅៗ ចំពោះព្រះអង្គ និងព្រះសហគមន៍។ (បន្ទរ)
សូមប្រោសប្រទានព្រះអំណោយទាននៃធម៌មេត្តារបស់ព្រះអង្គឱ្យយើងខ្ញុំ
—ហើយសូមព្រះអង្គអត់ទោសបាបរបស់យើងខ្ញុំ និងដកយកទណ្ឌកម្មរបស់ពួកគេផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដែលគង់នៅអស់កល្បជានិច្ច ! ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់។ សូមព្រះអង្គបង្វែរចិត្តគំនិតរបស់យើងខ្ញុំឲ្យបែរមករកព្រះអង្គវិញ ដោយប្រោសឲ្យយើងខ្ញុំស្រឡាញ់ និងហ៊ានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអង្គក្នុងគ្រប់កិច្ចការទាំងអស់។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

