រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃចន្ទ
សន្តប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥,២-១០.១២-១៣
ពាក្យអធិស្ឋានសូមព្រះជាម្ចាស់ការពារ
អស់អ្នកដែលបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិត នឹងមានអំណរជារៀងរហូត។
បន្ទរទី១៖ ឱព្រះអម្ចាស់អើយ ! នៅពេលព្រឹក ព្រះអង្គព្រះសណ្តាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។
| ២ | ឱព្រះអម្ចាស់អើយ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្តាប់សម្រែកដ៏ឈឺចាប់របស់ទូលបង្គំផង។ |
| ៣ | ឱព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ! សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំសូមអង្វរព្រះអង្គហើយ។ |
| ៤ | ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គសណ្តាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។ |
| ៥ | ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ មនុស្សអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ |
| ៦ | ព្រះអង្គមិនចង់ឃើញមនុស្សព្រហើនចូលមកជិតព្រះអង្គទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ |
| ៧ | ព្រះអង្គនឹងធ្វើឱ្យពួកកុហកវិនាសសាបសូន្យ។ ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។ |
| ៨ | រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំ។ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ទាំងគោរពកោតខ្លាច។ |
| ៩ | ឱព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនចាំឃ្លាំមើលទូលបង្គំ សូមដឹកនាំទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។ |
| ១០ | អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ។ អណ្តាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ និងបង្កប់ទៅដោយពិសពុល ដើម្បីប្រហារជីវិត។ |
| ១១ | រីឯអស់អ្នកជ្រកកោនក្រោមម្លប់បារមីព្រះអង្គ នឹងមានអំណរ គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គក៏នឹងរក្សាការពារគេដែរ។ អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយយ៉ាងខ្លាំង |
| ១៣ | បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែប្រទានពរឱ្យមនុស្សសុចរិត ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបានទៅនឹងខែលការពារគេ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! នៅពេលព្រឹក ព្រះអង្គព្រះសណ្តាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។
បទលើកតម្កើងតាមគម្ពីររបាក្សត្រទី១ (១របា ២៩,១០-១៣)
ដ្បិតព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែលមានកិត្តិយស និងសិរីរុងរឿង
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង (អេភេសូ ១,៣)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ! យើងខ្ញុំសូមសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
(បទកាកគតិ)
| ១០- | ឥឡូវនេះខ្ញុំ | មានបំណងធំ | ចង់ចងសម្ពន្ធ |
| មេត្រីជាមួយ | ព្រះអង្គបន្ទាន់ | ជាព្រះនៃជន | |
| ជាតិអ៊ីស្រាអែល | ។ | ||
| ខ្ញុំសូមអង្វរ | ព្រះម្ចាស់បវរ | បារមីក្រាស់ក្រែល | |
| សូមទ្រង់ពង្វាង | ព្រះពិរោធដែល | គ្រប់គ្រងក្រវែល | |
| លើយើងគ្រប់គ្នា | ។ | ||
| ១១- | ពេលនេះកូនចៅ | ទាំងអស់គ្នាត្រូវ | ឈប់ធ្វើខ្ជីខ្ជា |
| ដ្បិតព្រះអម្ចាស់ | ជ្រើសអ្នករាល់គ្នា | បំពេញមុខងារ | |
| បម្រើព្រះអង្គ | ។ | ||
| ទ្រង់សព្វព្រះទ័យ | លើអ្នកពេកក្រៃ | ឈរពីមុខទ្រង់ | |
| បម្រើកិច្ចការ | តាមព្រះបំណង | គ្រឿងក្រអូបផង | |
| ដាក់ថ្វាយគ្មានទាស់ | ។ | ||
| ១២- | ពេលនោះកូនចៅ | លេវីមិននៅ | ក្រោកឡើងទាំងអស់ |
| ជម្រះដំណាក់ | វិសុទ្ធឥតទាស់ | ថែមទាំងជម្រះ | |
| ខ្លួនពួកគេផង | ។ | ||
| ១៣- | អំបូរទាំងអស់ | គ្មានសល់ម្នាក់សោះ | គ្រប់គ្នាតែម្តង |
| គេបានញែកខ្លួន | ឱ្យអស់សៅហ្មង | វិសុទ្ធផូរផង់ | |
| តាមបញ្ជាស្តេច | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
ទំនុកតម្កើងលេខ ២៩
ចូរលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសាធារណៈ
ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថាៈ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!” (មថ ៣,១៧)។
បន្ទរទី៣ ៖ ចូរគោរពថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
| ១ | ពួកទេវទូតអើយ! ចូរនាំគ្នាតម្កើងព្រះអម្ចាស់! ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់។ |
| ២ | ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!។ |
| ៣ | ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងនៅពីលើផ្ទៃទឹក ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឱ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។ |
| ៤ | ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយឫទ្ធានុភាព ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង |
| ៥ | ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យបាក់ដើមឈើធំៗ ព្រះអម្ចាស់បំបាក់ដើមឈើធំៗនៅភ្នំលីបង់។ |
| ៦ | ព្រះអង្គធ្វើឱ្យភ្នំលីបង់លោតដូចកូនគោ ព្រះអង្គធ្វើឱ្យភ្នំស៊ីរីយ៉ូនលោតដូចកូនក្របី។ |
| ៧ | ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យមានរន្ទះលេចចេញមក។ |
| ៨ | ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកក្រើក ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកាដែសរញ្ជួយ។ |
| ៩ | ព្រះសូរសៀងរបស់ព្រះអម្ចាស់អង្រួនក្តាន់ញីកំពុងកើតកូន និងធ្វើឱ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះមនុស្សទាំងអស់ស្រែកឡើងក្នុងព្រះវិហារថា “សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!”។ |
| ១០ | ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ដ៏ធំ ព្រះអម្ចាស់ជាព្រះមហាក្សត្រគ្រប់គ្រងរហូតតរៀងទៅ |
| ១១ | ព្រះអម្ចាស់ប្រទានឫទ្ធានុភាពឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអម្ចាស់ប្រទានពរឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានសន្តិភាព។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរគោរពថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សរ ១៩,៤-៦ក)
អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ ដែលយើងធ្វើចំពោះជនជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវា មករកយើង។ ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ដ្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ។
បន្ទរ ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ "ខ្ញុំបម្រើព្រះគ្រីស្តប៉ែតសិបប្រាំមួយឆ្នាំហើយ ! ព្រះអង្គមិនដែលធ្វើទោសខ្ញុំទេ ! តើខ្ញុំប្រមាថព្រះសង្គ្រោះ និងព្រះមហាក្សត្ររបស់ខ្ញុំដូចម្តេចបាន?” ។
ពាក្យអង្វរសកល
សូមកោតសរសើរព្រះយេស៊ូជាព្រះសង្រ្គោះនៃយើង ដោយសារព្រះអង្គបានសោយទិវង្គត ទ្រង់បានបើកផ្លូវនៃការសង្រ្គោះឱ្យយើងខ្ញុំ។ យើងខ្ញុំសូមទូលព្រះអង្គថា ៖
បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមព្រះអង្គដឹកនាំប្រជារាស្រ្តព្រះអង្គ ឱ្យដើរតាមមាគ៌ារបស់ព្រះអង្គផង !
ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណា ! តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានប្រទានជីវិតថ្មីឱ្យយើងខ្ញុំ
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានដូចជាព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃ។ (បន្ទរ)
សូមឱ្យចិត្តសប្បុរសរបស់យើងខ្ញុំ នាំអំណរសប្បាយទៅដល់អស់អ្នកដែលត្រូវការនៅថ្ងៃនេះ
—សូមឱ្យយើងរកឃើញព្រះអង្គ តាមរយៈការជួយដល់ពួកគេផង។ (បន្ទរ)
សូមជួយយើងខ្ញុំឱ្យធ្វើអ្វីដែលល្អ ត្រឹមត្រូវ និងសេចក្តីពិតនៅក្បែរព្រះអង្គ
—ហើយស្វែងរកព្រះអង្គជានិច្ច ជាមួយនឹងបេះដូងដែលមិនអាចបំបែកចេញពីគ្នាបាន។ (បន្ទរ)
សូមព្រះអង្គលើកលែងទោសបាបរបស់យើងខ្ញុំ ដែលប្រឆាំងទាស់នឹងការរួបរួមនៃក្រុមគ្រួសារព្រះអង្គ
—សូមប្រោសឱ្យយើងខ្ញុំមានចិត្តគំនិតតែមួយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដែលបង្កើតអ្វីៗទាំងអស់ ! ព្រះអង្គប្រោសឱ្យសន្តប៉ូលីកាព មានកិត្តិយសចូលរួមក្នុងក្រុមមរណសាក្សី។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យចូលរួមក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ត ដើម្បីឱ្យយើងខ្ញុំរស់ឡើងវិញក្នុងជីវិតអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

