២១ កុម្ភៈ ២០២៦

Written on 30/12/2025
Mary Siya Khim

ថ្ងៃសៅរ៍ ក្រោយបុណ្យរោយផេះ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៩២

ចូរកោតសរសើរព្រះជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់

ចូរច្រៀងកោតសរសើរអំពីកិច្ចការប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។

បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់ ស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ ! ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក។

បពិត្រព្រះអម្ចាស់ !
ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់
ស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ !

ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក
ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់

ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។

បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ
នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់
ទូលបង្គំសប្បាយចិត្តយ៉ាងខ្លាំងនឹងស្នាព្រះហស្តរបស់ព្រះអង្គ។

បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់
ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!

មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់
មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។

មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ
មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ
ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។

រីឯព្រះអង្គវិញ នៅស្ថានលើ
ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច!
១០
បពិត្រព្រះអម្ចាស់! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
១១
ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី
ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
១២
ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល
ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ
១៣
មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត
ហើយចម្រើនធំឡើងដូចដើមគគីរ។
១៤
ពួកគេប្រៀបបាននឹងដើមឈើដុះនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
គេលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៃយើង
១៥
ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល
គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
១៦
ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់ ស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ ! ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក។

បទលើកតម្កើងតាមព្យាការីអេសេគីអែល (អគ ៣៦,២៤-២៨)

ព្រះជាម្ចាស់នឹងបង្កើតប្រជារាស្រ្តសាជាថ្មី

ព្រះពន្លារបស់ព្រះជាម្ចាស់ ស្ថិតនៅជាមួយមនុស្សលោកហើយ !
ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ (វវ ២១,៣)។

បន្ទរទី២ ៖ យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឱ្យអ្នក​រាល់​គ្នា ហើយ​ដាក់វិញ្ញាណ​ថ្មីក្នុង​អ្នក​រាល់​គ្នា។

(បទពាក្យ ៧)

២៤- យើងនឹងនាំយកអ្នករាល់គ្នា ចេញពីប្រជាជាតិទាំងឡាយ  
  ប្រមូលមិនឱ្យនៅរាយប៉ាយ ពីស្រុកជិតឆ្ងាយមកមាតុភូមិ
២៥- យើងនឹងប្រោះទឹកបរិសុទ្ធ លើអ្នកប្រាកដដោយថ្នាក់ថ្នម  
  ជំរះឱ្យអ្នកស្អាតទាំងព្រម ផុតពីសៅហ្មងផងទាំងឡាយ
  លែងឱ្យអ្នករាល់គ្នាជាប់ចិត្ត លើព្រះមិនពិតព្រះក្លែងក្លាយ  
  ឱ្យអ្នកផុតទុក្ខជួបសប្បាយ ក្តីសោកទាំងឡាយវិនាសបង់
២៦- យើងនឹងប្រគល់ចិត្តគំនិត ថ្មីល្អប្រណីតវិញ្ញាណផង  
  ដកចិត្តដូចថ្មរឹងកន្លង ផ្លាស់ប្តូរវិញម្តងចេះមេត្តា
២៧- យើងដាក់វិញ្ញាណយើងទៅក្នុង អ្នករាល់គ្នាផងមិនរួញរា  
  ឱ្យអ្នកធ្វើតាមបទបញ្ជា វិន័យធម្មាដំបូន្មាន
២៨- អ្នករាល់គ្នានឹងរស់ក្នុងស្រុក ជួបតែក្តីសុខមិនរំខាន  
  ទឹកដីដែលយើងបានប្រទាន ឱ្យទៅតាដូនរបស់អ្នក
  ហើយយើងនឹងព្រមទទួលយក អ្នកទាំងអស់មកប្រាកដជាក់  
  ធ្វើជារាស្ត្រយើងគ្មានសល់ម្នាក់ ព្រោះយើងជាព្រះអ្នកឯងហើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឱ្យអ្នក​រាល់​គ្នា ហើយ​ដាក់វិញ្ញាណ​ថ្មីក្នុង​អ្នក​រាល់​គ្នា។

ទំនុកតម្កើងលេខ ៨

សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ និង​កិត្តិយស​របស់​មនុស្ស

ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ឱ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ត​
ព្រម​ទាំង​ប្រទាន​ឱ្យ​ព្រះ‌អង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើជា​សិរសា​លើ​ព្រះ‌សហគមន៍ (អភ ១,២២)។

បន្ទរទី៣ ៖ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ។

បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត!។

ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។

ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ

ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?

ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។

ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ

គឺទាំងចៀមទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន

ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ
និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
១០
បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១,១៦-១៨)

ចូរ​លាង​សំអាត និង​ជម្រះ​ខ្លួនឲ្យ​បាន​ស្អាត​បរិសុទ្ធ ! ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ ! ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិ‌ធម៌ ! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម‌ត្រូវ ! ចូរ​រក​យុត្តិ‌ធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការ‌ពារ​ស្ត្រី‌មេម៉ាយ ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ៖ ចូរ​មក យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ‌បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់យ៉ាង​ណា​ក្តី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សម្លី​វិញ​ដែរ ហើយ​ទោះ‌បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយវា​នឹង​ប្រែ​ជា ស ​ដូច​កប្បាស។

បន្ទរ៖ ព្រះ‌អម្ចាស់​នឹងរំដោះ​ទូលបង្គំ*ឲ្យ​រួច​ផុត​ពី​អន្ទាក់។ បន្ទរឡើងវិញ៖…
-ដែល​គេ​ដាក់​ចាំ​ចាប់​ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិទុក​នៅ​ស្ថាន​បរម‌សុខវិញ ជា​ស្ថាន​ដែល​គ្មាន​កណ្ដៀរ និង​ច្រែះ​ស៊ី ជា​ស្ថាន​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ។

ពាក្យអង្វរសកល

ចូរយើងអរព្រះគុណព្រះគ្រីស្តជាព្រះសង្រ្គោះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយទូលសូមព្រះអង្គដោយជឿជាក់ថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមជួយយើងខ្ញុំដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។

សូមឱ្យយើងខ្ញុំថែរក្សារូបកាយរបស់យើងខ្ញុំឱ្យបានបរិសុទ្ធ
—ដូចជាព្រះវិហារនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)

នៅពេលព្រឹកនេះ យើងខ្ញុំសូមថ្វាយខ្លួនបម្រើអ្នកដទៃ
—ហើយសូមធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ក្នុងគ្រប់ប្រការពេញមួយថ្ងៃនេះ។ (បន្ទរ)

សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះស្វែងរកនំប៉័ងនៃជីវិតអស់កល្បជានិច្ច
—គឺនំប៉័ងដែលជាព្រះអំណោយរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះមាតាដែលជាជម្រកនៃអ្នកបាប ជួយអង្វរឱ្យយើងខ្ញុំ
—ហើយសូមឱ្យយើងខ្ញុំទទួលបានការអភ័យទោស ដោយសារសេចក្តីស្រឡាញ់របស់ព្រះមាតាដែលមានចំពោះយើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គអាណិតអាសូរយើងខ្ញុំជាអ្នកបាប សូមព្រះអង្គមេត្តាថែរក្សាការពារ និងគាំទ្រយើងខ្ញុំ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។