ថ្ងៃព្រហស្បតិ៍ ក្រោយបុណ្យរោយផេះ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៤៣,១-១១
ពាក្យអធិដ្ឋាននៅពេលមានទុក្ខព្រួយ
ព្រះជាម្ចាស់ពុំប្រោសមនុស្សឱ្យសុចរិត ដោយការប្រព្រឹត្តតាមវិន័យទេ
គឺសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រីស្តវិញ (កាឡ ២,១៦)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! សូមសម្ដែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម។
| ១ | ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទទូចអង្វររបស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យសុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។ |
| ២ | សូមកុំយកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្តីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គទេ។ |
| ៣ | ខ្មាំងសត្រូវតាមយាយីទូលបង្គំ គេជាន់ឈ្លីជីវិតទូលបង្គំ គេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។ |
| ៤ | ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។ |
| ៥ | ទូលបង្គំនឹកទៅដល់ជំនាន់ដើម ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ |
| ៦ | ទូលបង្គំលើកដៃអង្វរព្រះអង្គ ទូលបង្គំនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ប្រៀបដូចជាដីហួតហែង។ |
| ៧ | ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតទេ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។ |
| ៨ | សូមសម្ដែងឱ្យទូលបង្គំស្គាល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។ សូមប្រោសប្រទានឱ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។ |
| ៩ | ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឱ្យរួចពីខ្មាំងសត្រូវ ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។ |
| ១០ | សូមបង្រៀនទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំទូលបង្គំ ឱ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។ |
| ១១ | ឱព្រះអម្ចាស់អើយ សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។ សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមសម្ដែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦៦,១០-១៤ក)
អំណរសប្បាយនៃស្ថានបរមសុខ
រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ (កាឡ ៤,២៦)។
បន្ទរទី២ ៖ យើងនឹងឲ្យសេចក្ដីសុខសាន្តហូរមកក្រុងយេរូសាឡឹម ដូចទឹកទន្លេ។
(បទកាកគតិ)
| ១០- | ឱអ្នកទាំងអស់ | ដែលស្រឡាញ់ស្មោះ | យេរូសាឡឹម |
| ចូរអរសប្បាយ | ទាំងក្តីសង្ឃឹម | គ្រប់គ្នាញញឹម | |
| កុំបីសៅហ្មង | ។ | ||
| អស់អ្នកកាន់ទុក្ខ | អាណិតមុខជ្រប់ | ដល់ក្រុងនេះផង | |
| ចូរអរសប្បាយ | រីករាយវិញម្តង | រួមជាមួយក្រុង | |
| សាឡឹមនេះដែរ | ។ | ||
| ១១- | សូមគ្រប់កាយា | ស្កប់ក្នុងចិន្តា | បានសុខល្ហើយល្ហែ |
| ដូចកូនដែលម្តាយ | បីបមថ្នមថែ | បំបៅនៅក្បែរ | |
| គ្មានពេលឃ្លាឃ្លាត | ។ | ||
| អ្នករាល់គ្នានឹង | បានសុខថ្កុំថ្កើង | ឥតបីរវាត | |
| រុងរឿងសិរី | ដោយក្រុងនេះទៀត | អស់ទាំងមិត្តញាតិ | |
| បានសុខគ្រប់គ្រា | ។ | ||
| ១២- | ដ្បិតព្រះអម្ចាស់ | មានបន្ទូលច្បាស់ | ថានឹងបង្ហៀរ |
| សេចក្តីសុខសាន្ត | លើក្រុងអ្នកជា | ដូចទន្លេហៀរ | |
| ទឹកធ្លាក់មិនដាច់ | ។ | ||
| យើងនឹងបង្ហូរ | ធនធានបរិបូណ៌ | មកឯងឥតភ្លេច | |
| របស់ជនជាតិ | ដទៃជាស្រេច | ឥតមានកែគេច | |
| ដូចទឹកលិចច្រាំង | ។ | ||
| យើងនឹងថ្នមថ្នាក់ | ទៅដល់អស់អ្នក | ដូចម្តាយទូទាំង | |
| បីបមថ្នមកូន | បំបៅគ្របបាំង | ក្រសោបព្រមទាំង | |
| លើកដាក់លើភ្លៅ | ។ | ||
| ១៣- | ម្តាយតែងថ្នាក់ថ្នម | កូនដោយបីបម | មិនឱ្យអាស្រូវ |
| ដូចយើងថ្នមថ្នាក់ | អ្នកឱ្យស្ថិតនៅ | ក្នុងក្រុងតទៅ | |
| លែងមានព្រាត់ប្រាស | ។ | ||
| ១៤- | កាលណាឃើញក្រុង | យេរូសាឡឹម | សុខសាន្តដូច្នេះ |
| អ្នករាល់គ្នានឹង | សប្បាយពេកណាស់ | សាច់ឈាមថ្លាស្រស់ | |
| ដូចស្មៅខៀវខ្ចី | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ យើងនឹងឲ្យសេចក្ដីសុខសាន្តហូរមកក្រុងយេរូសាឡឹម ដូចទឹកទន្លេ។
ទំនុកតម្កើងលេខ ១៤៧,១-១១
ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់អាចសម្រេចគ្រប់កិច្ចការទាំងអស់
ព្រះអង្គជាព្រះជាម្ចាស់ យើងខ្ញុំសូមកោតសរសើរព្រះអង្គ!
ព្រះអង្គជាព្រះអម្ចាស់ យើងខ្ញុំសូមអបអរសាទរព្រះអង្គ!
បន្ទរទី៣ ៖ សរសើរតម្កើងព្រះអង្គជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
| ១ | អាលេលូយ៉ា! ស្មូតទំនុកតម្កើងថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ |
| ២ | ព្រះអម្ចាស់សង់ក្រុងយេរូសាឡឹមឡើងវិញ ព្រះអង្គនាំជនជាតិអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយឱ្យត្រឡប់មកវិញ។ |
| ៣ | ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រាឱ្យបានធូរស្បើយ ព្រះអង្គរុំរបួសឱ្យគេ។ |
| ៤ | ព្រះអង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន ហើយព្រះអង្គដាក់ឈ្មោះឱ្យផ្កាយទាំងនោះ។ |
| ៥ | ព្រះរបស់យើងធំឧត្តុង្គឧត្ដម ព្រះអង្គមានព្រះចេស្ដាដ៏ខ្លាំងបំផុត ព្រះតម្រិះរបស់ព្រះអង្គឥតមានព្រំដែនឡើយ។ |
| ៦ | ព្រះអម្ចាស់ជួយគាំទ្រជនក្រីក្រ តែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។ |
| ៧ | ចូរនាំគ្នាច្រៀងអរព្រះគុណព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនៃយើង ទាំងដេញពិណកំដរផង! |
| ៨ | ព្រះអង្គធ្វើឱ្យមានពពកបាំងបិទផ្ទៃមេឃ ព្រះអង្គរៀបចំឱ្យមានភ្លៀងធ្លាក់មកលើផែនដី ព្រះអង្គធ្វើឱ្យមានស្មៅដុះនៅតាមភ្នំ |
| ៩ | ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។ |
| ១០ | ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយរបស់មនុស្សដែរ |
| ១១ | តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សរសើរតម្កើងព្រះអង្គជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ពង្ស ៨,៥១-៥៣ក)
ពួកគេជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ដ្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។ សូមព្រះអង្គទតមើលមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ សូមព្រះអង្គព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំគ្រប់ពេល ដែលយើងខ្ញុំអង្វររកព្រះអង្គ។ ព្រះអង្គបានញែកយើងខ្ញុំពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ដើម្បីឲ្យយើងខ្ញុំធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។
ពាក្យអង្វរសកល
ព្រះជាម្ចាស់បានបង្ហាញព្រះអង្គនៅក្នុងអង្គព្រះគ្រីស្ត ចូរយើងកោតសរសើរសេចក្តីសប្បុរសរបស់ព្រះអង្គ ហើយទូលសូមព្រះអង្គចេញពីដួងចិត្តយើងខ្ញុំថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គនឹកចាំដល់យើងខ្ញុំដែលជាបុត្រធីតារបស់ព្រះអង្គផង។
សូមព្រះអង្គបង្រៀនយើងខ្ញុំ ឱ្យចូលកាន់តែជ្រៅទៅក្នុងការអាថ៌កំបាំងនៃព្រះសហគមន៍
—ដើម្បីឱ្យអគ្គសញ្ញានៃការសង្រ្គោះ កាន់តែមានប្រសិទ្ធិភាពសម្រាប់យើងខ្ញុំ និងពិភពលោក។ (បន្ទរ)
ឱព្រះដែលស្រឡាញ់មនុស្សលោក ! សូមព្រះអង្គជម្រុញឱ្យយើងខ្ញុំធ្វើកិច្ចការសម្រាប់វឌ្ឍនភាពរបស់មនុស្ស
—សូមឱ្យគ្រប់កិច្ចការដែលយើងខ្ញុំធ្វើ ជួយឱ្យព្រះរាជ្យរបស់ព្រះអង្គកាន់តែរីករាលដាលឡើងផង។ (បន្ទរ)
សូមឱ្យដួងចិត្តរបស់យើងខ្ញុំស្រេកឃ្លានព្រះគ្រីស្ត
—ដែលជាប្រភពទឹកនៃជីវិត។ (បន្ទរ)
សូមព្រះអង្គលើកលែងទោសអំពើបាបរបស់យើងខ្ញុំ
—ហើយសូមដឹកនាំជំហានយើងខ្ញុំឆ្ពោះទៅកាន់ផ្លូវនៃភាពយុត្តិធម៌ និងស្មោះត្រង់ផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ហើយប្រណីសន្តោសដល់យើងខ្ញុំក្នុងពេលបំពេញកិច្ចការនានា ព្រមទាំងជួយយើងខ្ញុំឲ្យសម្រេចកិច្ចការទាំងនោះ តាមព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

