១៣ កុម្ភៈ ២០២៦

Written on 24/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃសុក្រ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​នាំ​គ្នា​មកអរព្រះគុណព្រះអម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិតស្ថេរ​ជា‌និច្ច។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥១

ឱ​ព្រះជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូល‌បង្គំផង

ត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធមកពីសេចក្តីពិត
ជាជីវិតដែលព្រះជាម្ចាស់បាន​បង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៤)។

បន្ទរទី១ ៖ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ ​ដែលគេថ្វាយនៅលើអាសនៈ។

ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ
តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង
សូមលើកលែងទោសឱ្យទូលបង្គំ
តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។

សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង
សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប!

ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ
អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។

ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ
គឺទាស់នឹងព្រះអង្គតែមួយគត់
ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។

ទូលបង្គំមានកំហុសតាំងពីកំណើតមក
ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ!

ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។
សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ

សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន
សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
១០
សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំនឹងមានអំណរសប្បាយ
ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។
១១
ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។
សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។
១២
ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ
សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។
១៣
សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។
១៤
សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ
សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។
១៥
ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
១៦
ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់
ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។
១៧
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង
នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
១៨
ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។
១៩
យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង
ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
២០
ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន
សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។
២១
ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ
គឺតង្វាយដុតទាំងមូល និងយញ្ញបូជា
គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ ​ដែលគេថ្វាយនៅលើអាសនៈ។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤៥,១៥-២៥)

មនុស្សគ្រប់ជាតិសាសន៍នឹងក្លាយជាសាវ័ករបស់ព្រះអម្ចាស់

ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​នៅ​ក្រោម​ដី
នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ (ភីល ២,១០)។

បន្ទរទី២ ៖ ពូជ‌ពង្សអ៊ីស្រា‌អែលទាំងមូលនឹងសុចរិត ហើយខ្ពស់មុខដោយ‌សារព្រះ‌អម្ចាស់។

(បទពាក្យ ៧)

១៥- ឱព្រះជាម្ចាស់នៃយើងខ្ញុំ ជាព្រះឧត្តមព្រះសង្គ្រោះ  
  មនុស្សពិបាករកឃើញណាស់ កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង
១៦- ឱ្យអស់អ្នកដែលធ្វើរូបព្រះ ឱនក្រាបសំពះគ្មានរអែង  
  ត្រូវអាម៉ាស់មុខខ្លាំងក្រៃលែង ចេញទៅទីផ្សេងទាំងអៀនខ្មាស
១៧- ចំណែកជនជាតិអ៊ីស្រាអែល គេបានដំណែលពីព្រះម្ចាស់  
  គឺការសង្គ្រោះយ៉ាងជាក់ច្បាស់ គេមិនអាម៉ាស់សោះឡើយណា
១៨- ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃ ដីធំអនេកលើលោកា  
  សត្វលោកស្នាក់នៅជួបជុំគ្នា សុខដុមរមនាគ្រប់ៗប្រាណ
  ហើយទ្រង់មានព្រះបន្ទូលថា គឺយើងនេះណាព្រះថ្កើងថ្កាន  
  ព្រះក្រៅពីយើងនោះគឺគ្មាន ទាំងប្រាជ្ញាញាណទាំងបារមី
១៩- យើងមិននិយាយលាក់ស្ងៀមស្ងាត់ ក្នុងទីងងឹតនៃផែនដី  
  យើងមិនប្រាប់ពូជយ៉ាកុបអី ឱ្យឆាប់វិលវៃរកយើងទេ
  យើងជាព្រះម្ចាស់និយាយទៅ ពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ  
  អ្វីដែលយើងប្រកាសប្រាប់គេ សុទ្ធតែគួរគាប់ពិតត្រឹមត្រង់
២០- ជនជាតិសេសសល់គ្រប់គ្នាអើយ កុំនៅកន្តើយធ្វើរេរង់  
  ត្រូវខំឃ្មាតខ្មីកុំបង្អង់ ខិតចូលមកផងឱ្យជិតគ្នា
  ឱអ្នកដែលសែងព្រះខ្លួនធ្វើ ពីស្ពាន់ពីឈើគ្រប់អង្គា  
  បួងសួងព្រះដែលមិនបានការ ពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ
២១- ចូរអ្នករាល់គ្នាគិតមើលចុះ ឱ្យបានធ្លាយធ្លុះការនេះទៅ  
  តើនរណាបានប្រាប់ទុកនៅ ហេតុការណ៍ដែលត្រូវកើតពេលនេះ
  គឺមានតែយើងព្រះអម្ចាស់ ដែលបានប្រកាសមុនប៉ុណ្ណោះ  
  យើងព្រះសុចរិតព្រះសង្គ្រោះ ក្រៅពីយើងនោះគ្មានព្រះផ្សេង
២២- ឱអ្នកដែលរស់នៅទីឆ្ងាយ ចូរវិលមកអាយកុំកន្តើយ  
  ខិតមកជិតយើងនឹងបានស្បើយ គឺយើងនេះហើយព្រះនៃអ្នក
២៣- អ្វីៗដែលយើងនិយាយមក មិនមែនឆរបោកសុទ្ធសច្ចៈ  
  មិនអាចក្រឡះភូតកុហក យើងសូមប្រាប់អ្នកដូច្នេះថា
  មនុស្សលោកទាំងអស់នឹងមកសុំ ក្រាបថ្វាយបង្គំយើងគ្រប់គ្នា  
  មនុស្សគ្រប់សញ្ជាតិនឹងសច្ចា គោរពសន្យាបម្រើយើង
២៤- គេនឹងពោលថាមានតែព្រះ ដែលជាអម្ចាស់មួយព្រះអង្គ  
  ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់ អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់
២៥- ពូជពង្សអ៊ីស្រាអែលទាំងអស់ នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ  
  ហើយបានសុចរិតឥតប្រែផ្លាស់ ដោយសារព្រះម្ចាស់តរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ពូជ‌ពង្សអ៊ីស្រា‌អែលទាំងមូលនឹងសុចរិត ហើយខ្ពស់មុខដោយ‌សារព្រះ‌អម្ចាស់។

ទំនុកតម្កើងលេខ ១០០

អំណរសប្បាយនៃអស់អ្នកដែលចូលក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់!

ព្រះអម្ចាស់បានត្រាស់ហៅប្រជាជនដែលព្រះអង្គបានលោះ ឱ្យច្រៀងចម្រៀងនៃជ័យជម្នះ (សន្តអាថាណាស)។

បន្ទរទី៣ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ !

មនុស្សនៅលើផែនដីទាំងមូលអើយ!
ចូរអបអរសាទរថ្វាយព្រះអម្ចាស់!

ចូរគោរពបម្រើព្រះអម្ចាស់ ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ!

ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន!
ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ត្ររបស់ព្រះអង្គ
គឺជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា។

ចូរនាំគ្នាចូលព្រះដំណាក់របស់ព្រះអង្គ ទាំងអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងបរិវេណព្រះវិហារ ទាំងពោលសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!

ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរជានិច្ច
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,២៩-៣២)

កុំឱ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បង‌ប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយ​តែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំ​ព្រះ‌ពរមកឱ្យអ្នកស្ដាប់ផងដែរ។ កុំធ្វើឱ្យព្រះ‌វិញ្ញាណដ៏វិសុទ្ធរបស់ព្រះ‌ជាម្ចាស់ ព្រួយ​ព្រះ‌ហឫទ័យសោះឡើយ ដ្បិតព្រះ‌អង្គបានដៅសញ្ញាសម្គាល់របស់ព្រះ‌វិញ្ញាណមក​លើបង‌ប្អូន ទុកសម្រាប់ថ្ងៃដែលព្រះ‌អង្គនឹងយាងមកលោះយើង។ សូមបង‌ប្អូនកម្ចាត់ចិត្តជូរ‌ចត់ ចិត្តក្ដៅក្រហាយ កំហឹង សម្រែកឡូឡា ពាក្យ​​ជេរ​ប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបង‌ប្អូនទៅ។ ត្រូវ​មានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណី‌សន្ដោស​គ្នាទៅវិញទៅមក ដូចព្រះ‌ជាម្ចាស់បានប្រណី‌សន្ដោសបង‌ប្អូន ដោយ‌​សារ​ព្រះ‌គ្រីស្ត​ដែរ។

បន្ទរ៖ នៅ​ពេល​ថ្ងៃ *ព្រះ‌អម្ចាស់​សម្ដែងព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ខ្ញុំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ប្រទាន​ឱ្យ​ទូល‌បង្គំស្គាល់​ផ្លូវដែល​ទូល‌បង្គំត្រូវ​ដើរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​យាង​មករំដោះ​ប្រជារាស្ដ្រ​របស់ព្រះ‌អង្គ។

ពាក្យអង្វរសកល

តាមរយៈឈើឆ្កាង ព្រះយេស៊ូជាព្រះអម្ចាស់ បានប្រទានការសង្គ្រោះមកមនុស្សគ្រប់ជាតិ​សាសន៍។ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ និងសូមទូលទៅព្រះអង្គដោយជំនឿថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គចាក់បង្ហូរនូវធម៌មេត្តាករុណាដល់យើងខ្ញុំផង។

ព្រះគ្រីស្តជាព្រះអាទិត្យដែលរះឡើង សូមព្រះអង្គប្រទានរស្មីរបស់ព្រះអង្គ ឱ្យយើងខ្ញុំបានកក់ក្តៅ
—និងសូមរំដោះយើង​ខ្ញុំឱ្យរួចចាកផុតពីសេចក្តីអាក្រក់គ្រប់បែប​យ៉ាងផង។ (បន្ទរ)

សូមព្រះអង្គការពាររាល់ចិត្តគំនិត ពាក្យសម្តី និងសកម្មភាពរបស់យើងខ្ញុំ
—ហើយសូមប្រោសប្រទានឱ្យរាល់កិច្ចការដែលយើងខ្ញុំនឹងប្រព្រឹត្ត បានគាប់ព្រះហឫទ័យ​ព្រះអង្គ​នៅថ្ងៃនេះផង។ (បន្ទរ)

សូមព្រះអង្គកុំទតមើលអំពើបាបរបស់យើងខ្ញុំ
—ហើយសូមព្រះអង្គព្រះមេត្តា​លាង​ជំរៈអំពើទុច្ចរិតចេញពីដួងចិត្តយើងខ្ញុំផង។ (បន្ទរ)

តាមរយៈឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញ
—សូមព្រះអង្គប្រោសប្រទាននូវព្រះវិញ្ញាណមកលួងលោមដួងចិត្តយើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ព្រះអង្គបានយកឈ្នះភាពងងឹតនៃភាពល្ងង់ខ្លៅ ដោយសារពន្លឺនៃព្រះបន្ទូលព្រះអង្គ។ សូមព្រះអង្គពង្រឹងជំនឿដែលព្រះអង្គបានប្រទានមកក្នុងដួងចិត្តយើងខ្ញុំ ហើយសូមកុំឱ្យមាន​ការល្បួងណាមកពន្លត់ភ្លើងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គក្នុងដួងចិត្តយើងខ្ញុំឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។