០៦ កុម្ភៈ ២០២៦

Written on 23/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃសុក្រ

សន្តប៉ូលមីគី និងសហជីវិន ជាមរណសាក្សី នៅប្រទេសជប៉ុន

(បុណ្យរំឭកចាំបាច់)

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ដែលបានប្រទានមកុដដល់ព្រះមាតាព្រះអង្គ ធ្វើជាសម្តេចក្សត្រីនៃស្ថានបរមសុខ និងផែនដី។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥១

ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ

ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឱ្យ​បាន​ថ្មី​ឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មីដ៏​សុចរិត និង​វិសុទ្ធ
មក​ពី​សេចក្ដីពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ (អភ ៤,២៣-២៤)។

បន្ទរទី១ ៖ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។

ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ
តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង
សូមលើកលែងទោសឱ្យទូលបង្គំ
តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។

សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង
សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប!

ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ
អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។

ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ
គឺទាស់នឹងព្រះអង្គតែមួយគត់
ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។

ទូលបង្គំមានកំហុសតាំងពីកំណើតមក
ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ!

ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។
សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ

សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន
សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
១០
សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំនឹងមានអំណរសប្បាយ
ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។
១១
ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។
សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។
១២
ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ
សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។
១៣
សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។
១៤
សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ
ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ
សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។
១៥
ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
១៦
ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ
សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់
ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។
១៧
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង
នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
១៨
ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។
១៩
យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង
ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
២០
ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន
សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។
២១
ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ
គឺតង្វាយដុតទាំងមូល និងយញ្ញបូជា
គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។

បទលើកតម្កើងតាមគម្ពីរលោកតូប៊ីត (តប ១៣,៨-១១.១៣-១៥)

ពាក្យអរព្រះគុណសម្រាប់ការរំដោះប្រជាជន

ទេវទូត​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឱ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ
ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់ (វវ ២១,១០)។

បន្ទរទី២ ៖ ប្រជាជន​ក្រុង​យេរូសាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាងសប្បាយ! ព្រោះតាមរយៈអ្នក មនុស្សទាំងអស់នឹងមកជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។

(បទកាកគតិ)

៨- រីឯខ្ញុំវិញ ខ្ញុំឃ្លាតចាកចេញ ពីដែនបុរី
  ហើយបានមករស់ នៅលើទឹកដី ពួកខ្មាំងអប្រីយ៍
    ក៏មិនភ្លេចដែរ
  ខ្ញុំបង្ហាញប្រាប់ ឱ្យអស់អ្នកបាប ស្គាល់ជាហូរហែរ
  ថាព្រះអង្គមាន ឫទ្ធាពូកែ បារមីគ្មានប្រែ
    ខ្លាំងក្លាឧត្តម
  ឱអស់អ្នកបាប កាន់ចិត្តសុភាព វិលមកជួបជុំ
  ប្រព្រឹត្តសុចរិត កុំនៅសំងំ ទ្រង់នឹងថ្នាក់ថ្នម
    មេត្តាប្រណី
៩- ខ្ញុំលើកតម្កើង ព្រះដ៏រុងរឿង ដោយចិត្តមេត្រី
  អំណរសប្បាយ លើសលប់ពេកក្រៃ មហាក្សត្រថ្លៃ
    នៃស្ថានសួគ៌ា
១០- សូមឱ្យអស់អ្នក ដែលបាននៅស្នាក់ ក្នុងក្រុងគ្រប់គ្នា
  ប្រកាសអំពី បារមីឫទ្ធា ព្រះអម្ចាស់ជា
    ព្រះរបស់យើង
  យេរូសាឡឹម ក្រុងធំស្កៃស្កឹម ទ្រង់នឹងបំប៉ើង
  ដាក់ទោសពួកអ្នក រលំរលើង ធ្វើឫកឆ្មៃឆ្មើង
    សាងអំពើបាប
  ប៉ុន្តែព្រះម្ចាស់ មិនព្រមបង់បោះ ចោលជាដរាប
  ព្រះអង្គមុខជា អាណិតអ្នកទាប កូនចៅសុភាព
    សុចរិតមិនខាន
១១- សូមលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើង ផុតអស់ទីស្ថាន
  ជាមហាក្សត្រ វិសុទ្ធថ្កើងថ្កាន ដែលព្រះអង្គបាន
    សោយរាជ្យយូរលង់
  ព្រះអង្គមុខជា ឱ្យគេគ្រប់គ្នា សង់ដំណាក់ទ្រង់
  ឡើងវិញម្តងទៀត មិនឱ្យបាត់បង់ នៅក្នុងទីក្រុង
    យេរូសាឡឹម
១៣- ពន្លឺចិញ្ចាច ភ្លឺដល់ទីដាច់ ស្រយាលផែនដី
  ចុងកាត់មាត់ញក ប្រជាប្រុសស្រី នាំគ្នាឃ្មាតខ្មី
    មករកព្រះអង្គ
  មានកាន់តង្វាយ នៅគ្រប់ៗដៃ ឱនកាយក្រាបផង
  ថ្វាយមហាក្សត្រ ស្ថានបរមសុខផង ប្រជាទាំងពួង
    នឹងបានសប្បាយ
  មនុស្សជាន់ក្រោយ នឹងមិនបណ្តោយ ឬឱ្យរលាយ
  គេនឹងនឹកចាំ ពីក្រុងដ៏ល្បី ដែលព្រះម្ចាស់ថ្លៃ
    ជ្រើសរើសទុកដាក់
១៤- សូមជនទាំងឡាយ ដែលធ្លាប់សប្បាយ គំរាមពួកអ្នក
  រំលំកំពែង បំផ្លាញទីស្នាក់ ដុតចោលផ្ទះអ្នក
    ត្រូវបណ្តាសា
  តែសូមព្រះអង្គ ប្រទានពរផង អស់កល្បយូរយារ
  ដល់អស់អ្នកណា ខ្លាចអ្នករាល់គ្នា ផុតអស់វេទនា
    អង្វែងតទៅ
១៥- ចូរអរសប្បាយ សើចលេងក្អាកក្អាយ ព្រោះតែកូនចៅ
  មនុស្សសុចរិត រួមគ្នាក្នុងក្រៅ ប្រមូលគ្នានៅ
    មិនឱ្យខ្ចាត់ខ្ចាយ
  គេលើកតម្កើង សិរីរុងរឿង ព្រះម្ចាស់រាល់ថ្ងៃ
  ដែលមានព្រះជន្ម គង់នៅវែងឆ្ងាយ អស់កល្បអន្លាយ
    ស្ថិតស្ថេរជានិច្ច
  ជនណាសប្បាយ រីករាយក្អាកក្អាយ ឥតមានពេលភ្លេច
  គេជួយអបអរ ដល់អ្នកជានិច្ច ព្រះម្ចាស់មិនភ្លេច
    ឱ្យគេបានសុខ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ប្រជាជន​ក្រុង​យេរូសាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាងសប្បាយ! ព្រោះតាមរយៈអ្នក មនុស្សទាំងអស់នឹងមកជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។

ទំនុកតម្កើងលេខ ១៤៧,១២-២០

ការស្តារក្រុងយេរូសាឡឹមឡើងវិញ

សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឱ្យលោកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម (វវ ២១,៩)។

បន្ទរទី៣ ៖ ក្រុងស៊ីយ៉ូនអើយ! ចូរសរសើរតម្កើងព្រះរបស់អ្នក! ដ្បិតព្រះអង្គបានប្រទានព្រះបន្ទូលព្រះអង្គមកលើផែនដី។

១២ ក្រុងយេរូសាឡឹមអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់!
ក្រុងស៊ីយ៉ូនអើយ! ចូរសរសើរតម្កើងព្រះរបស់អ្នក!
១៣
ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឱ្យមានសន្តិសុខ
ព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។
១៤
ព្រះអង្គប្រទានឱ្យទឹកដីអ្នកមានសន្តិភាព
ព្រះអង្គប្រទានឱ្យអ្នកមានស្រូវដ៏ល្អយ៉ាងបរិបូណ៌
១៥
ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី
ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស
១៦
ព្រះអង្គធ្វើឱ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី
ព្រះអង្គធ្វើឱ្យមានសន្សើមធ្លាក់ចុះមកយ៉ាងសក្បុស
១៧
ព្រះអង្គធ្វើឱ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ
តើនរណាអាចទ្រាំនឹងអាកាសធាតុត្រជាក់
ដែលព្រះអង្គបានបង្កើតមកនេះ?
១៨
ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក
ព្រះអង្គធ្វើឱ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។
១៩
ព្រះអង្គសម្តែងឱ្យពូជពង្សរបស់លោកយ៉ាកុបស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ
ព្រះអង្គប្រទានក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗ ឱ្យជនជាតិអ៊ីស្រាអែល។
២០
ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះជនជាតិទាំងឡាយទេ
ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។
សូមសរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ក្រុងស៊ីយ៉ូនអើយ! ចូរសរសើរតម្កើងព្រះរបស់អ្នក! ដ្បិតព្រះអង្គបានប្រទានព្រះបន្ទូលព្រះអង្គមកលើផែនដី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ២,១៩ខ-២០)

ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រីស្ត ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។

បន្ទរ៖ ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត គឺ​ព្រះជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ *នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ បន្ទរឡើងវិញ៖…
-ពី​ស្ថាន​បរមសុខ សូម​ព្រះ‌អង្គ​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​បាន​ធ្វើតាម​សេចក្ដីសុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ!។

ពាក្យអង្វរសកល

យើងខ្ញុំជឿទុកចិត្តលើព្រះហឫទ័យខ្វាយខ្វល់របស់ព្រះជាម្ចាស់ ចំពោះមនុស្សគ្រប់រូបដែលព្រះអង្គបានបង្កើត និងសង្រ្គោះតាមរយៈព្រះបុត្រាព្រះអង្គ។ ហេតុនេះ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គបំពេញយើងខ្ញុំនូវកិច្ចការដ៏ល្អ ដែលព្រះអង្គបានចាប់ផ្តើមធ្វើនោះផង។

ឱព្រះជាម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណា សូមណែនាំយើងខ្ញុំឱ្យរីកចម្រើនខាងផ្លូវវិញ្ញាណ
—សូមបំពេញចិត្តគំនិតយើងខ្ញុំនូវសេចក្តីពិត យុត្តិធម៌ និងសេចក្តីស្រឡាញ់ផង។ (បន្ទរ)

ដោយយល់ដល់ព្រះនាមព្រះអង្គ សូមព្រះមេត្តាកុំបោះបង់យើងខ្ញុំចោល ជារៀងរហូតឡើយ
—ហើយសូមកុំលប់សម្ពន្ធមេត្រីរបស់ព្រះអង្គចោលឡើយ។ (បន្ទរ)

សូមព្រះអង្គទទួលយកចិត្តទន់ទាប និងវិញ្ញាណដែលទទួលសារភាពកំហុសរបស់យើងខ្ញុំផង
—និងអស់អ្នកណាដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ។ (បន្ទរ)

ព្រះអង្គបានត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាព្យាការីក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាម្ចាស់ ! ព្រះអង្គពិតជាកម្លាំង និងជាសេចក្តីក្លាហាននៃសន្តបុគ្គលទាំងឡាយ។ ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅសន្តប៉ូលមីគី និងសហជីវិនរបស់លោកឱ្យទទួលជីវិតដ៏ពេញលេញតាមរយៈឈើឆ្កាង។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តក្លាហានប្រកាសជំនឿ រហូតដល់ហ៊ានបូជាជីវិត។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។