ចាប់ពីថ្ងៃទី២ មករា ដល់បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
សន្តបាស៊ីល និងសន្តក្រេគ័រ ជាជនដ៏ប្រសើរឧត្តម នៅណាស៊ីយ៉ាង
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះគ្រីស្តបានប្រសូតមកសម្រាប់យើង! ចូរនាំគ្នាមក យើងលើកតម្កើងព្រះអង្គ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង
ត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធមកពីសេចក្តីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៤)។
បន្ទរទី១ ៖ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងយញ្ញបូជាស្របតាមវិន័យ ដែលគេនឹងយកមកថ្វាយនៅលើតុសក្ការៈរបស់ព្រះអង្គ។
| ៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
| ៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
| ៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
| ៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
| ៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
| ៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
| ៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
| ១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
| ១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
| ១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
| ១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
| ១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
| ១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
| ១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
| ១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
| ១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
| ២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
| ២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងយញ្ញបូជាស្របតាមវិន័យ ដែលគេនឹងយកមកថ្វាយនៅលើតុសក្ការៈរបស់ព្រះអង្គ។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤៥,១៥-២៥)
មនុស្សគ្រប់ជាតិសាសន៍នឹងក្លាយជាសាវ័ករបស់ព្រះអម្ចាស់
ដើម្បីឲ្យអ្វីៗទាំងអស់ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ (ភីល ២,១០)។
បន្ទរទី២ ៖ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងសុចរិត ហើយខ្ពស់មុខដោយសារព្រះអម្ចាស់។
(បទពាក្យ ៧)
| ១៥- | ឱព្រះជាម្ចាស់នៃយើងខ្ញុំ | ជាព្រះឧត្តមព្រះសង្គ្រោះ | |
| មនុស្សពិបាករកឃើញណាស់ | កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង | ។ | |
| ១៦- | ឱ្យអស់អ្នកដែលធ្វើរូបព្រះ | ឱនក្រាបសំពះគ្មានរអែង | |
| ត្រូវអាម៉ាស់មុខខ្លាំងក្រៃលែង | ចេញទៅទីផ្សេងទាំងអៀនខ្មាស | ។ | |
| ១៧- | ចំណែកជនជាតិអ៊ីស្រាអែល | គេបានដំណែលពីព្រះម្ចាស់ | |
| គឺការសង្គ្រោះយ៉ាងជាក់ច្បាស់ | គេមិនអាម៉ាស់សោះឡើយណា | ។ | |
| ១៨- | ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃ | ដីធំអនេកលើលោកា | |
| សត្វលោកស្នាក់នៅជួបជុំគ្នា | សុខដុមរមនាគ្រប់ៗប្រាណ | ។ | |
| ហើយទ្រង់មានព្រះបន្ទូលថា | គឺយើងនេះណាព្រះថ្កើងថ្កាន | ||
| ព្រះក្រៅពីយើងនោះគឺគ្មាន | ទាំងប្រាជ្ញាញាណទាំងបារមី | ។ | |
| ១៩- | យើងមិននិយាយលាក់ស្ងៀមស្ងាត់ | ក្នុងទីងងឹតនៃផែនដី | |
| យើងមិនប្រាប់ពូជយ៉ាកុបអី | ឱ្យឆាប់វិលវៃរកយើងទេ | ។ | |
| យើងជាព្រះម្ចាស់និយាយទៅ | ពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ | ||
| អ្វីដែលយើងប្រកាសប្រាប់គេ | សុទ្ធតែគួរគាប់ពិតត្រឹមត្រង់ | ។ | |
| ២០- | ជនជាតិសេសសល់គ្រប់គ្នាអើយ | កុំនៅកន្តើយធ្វើរេរង់ | |
| ត្រូវខំឃ្មាតខ្មីកុំបង្អង់ | ខិតចូលមកផងឱ្យជិតគ្នា | ។ | |
| ឱអ្នកដែលសែងព្រះខ្លួនធ្វើ | ពីស្ពាន់ពីឈើគ្រប់អង្គា | ||
| បួងសួងព្រះដែលមិនបានការ | ពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ | ។ | |
| ២១- | ចូរអ្នករាល់គ្នាគិតមើលចុះ | ឱ្យបានធ្លាយធ្លុះការនេះទៅ | |
| តើនរណាបានប្រាប់ទុកនៅ | ហេតុការណ៍ដែលត្រូវកើតពេលនេះ | ។ | |
| គឺមានតែយើងព្រះអម្ចាស់ | ដែលបានប្រកាសមុនប៉ុណ្ណោះ | ||
| យើងព្រះសុចរិតព្រះសង្គ្រោះ | ក្រៅពីយើងនោះគ្មានព្រះផ្សេង | ។ | |
| ២២- | ឱអ្នកដែលរស់នៅទីឆ្ងាយ | ចូរវិលមកអាយកុំកន្តើយ | |
| ខិតមកជិតយើងនឹងបានស្បើយ | គឺយើងនេះហើយព្រះនៃអ្នក | ។ | |
| ២៣- | អ្វីៗដែលយើងនិយាយមក | មិនមែនឆរបោកសុទ្ធសច្ចៈ | |
| មិនអាចក្រឡះភូតកុហក | យើងសូមប្រាប់អ្នកដូច្នេះថា | ។ | |
| មនុស្សលោកទាំងអស់នឹងមកសុំ | ក្រាបថ្វាយបង្គំយើងគ្រប់គ្នា | ||
| មនុស្សគ្រប់សញ្ជាតិនឹងសច្ចា | គោរពសន្យាបម្រើយើង | ។ | |
| ២៤- | គេនឹងពោលថាមានតែព្រះ | ដែលជាអម្ចាស់មួយព្រះអង្គ | |
| ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់ | អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់ | ។ | |
| ២៥- | ពូជពង្សអ៊ីស្រាអែលទាំងអស់ | នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ | |
| ហើយបានសុចរិតឥតប្រែផ្លាស់ | ដោយសារព្រះម្ចាស់តរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងសុចរិត ហើយខ្ពស់មុខដោយសារព្រះអម្ចាស់។
ទំនុកតម្កើងលេខ ១០០
អំណរសប្បាយនៃអស់អ្នកដែលចូលក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់!
ព្រះអម្ចាស់បានត្រាស់ហៅប្រជាជនដែលព្រះអង្គបានលោះ ឱ្យច្រៀងចម្រៀងនៃជ័យជម្នះ (សន្តអាថាណាស)។
បន្ទរទី៣ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ !
| ១ | មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរអបអរសាទរថ្វាយព្រះអម្ចាស់! |
| ២ | ចូរគោរពបម្រើព្រះអម្ចាស់ ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ! |
| ៣ | ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ត្ររបស់ព្រះអង្គ គឺជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា។ |
| ៤ | ចូរនាំគ្នាចូលព្រះដំណាក់របស់ព្រះអង្គ ទាំងអរព្រះគុណ ចូរនាំគ្នាចូលមកក្នុងបរិវេណព្រះវិហារ ទាំងពោលសរសើរតម្កើង! ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ! |
| ៥ | ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរជានិច្ច ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦១,១-២ក.១០-១១)
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអង្វរសកល
បន្ទរ៖ ចូរឱ្យផែនដីត្រេកអរសប្បាយឡើង ដ្បិតព្រះអង្គបានយាងមកហើយ !
—សូមព្រះអង្គចាក់បំពេញយើងខ្ញុំនូវអំណរសប្បាយ ដើម្បីឱ្យយើងខ្ញុំបន្តទទួលព្រះអំណោយទាននៃព្រះជន្មផ្ទាល់របស់ព្រះអង្គ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

