១៩ តុលា ២០២៦

Written on 16/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២៩ ថ្ងៃចន្ទ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ទាំង​អរ​ព្រះ‌គុណ និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥,២-១០.១២-១៣

ពាក្យ​អធិស្ឋាន​សូម​ព្រះជាម្ចាស់ការពារ

អស់​អ្នក​ដែល​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុងជីវិត នឹង​មាន​អំណរជា​រៀង​រហូត។

បន្ទរទី១៖ ឱព្រះអម្ចាស់អើយ ! នៅពេលព្រឹក ព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេង​របស់ទូលបង្គំ ទូល‌បង្គំផ្ចង់​ចិត្តគំនិត​ទៅ​រក​ព្រះ‌អង្គ។

២ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ!
សូមទ្រង់ព្រះសណ្តាប់សម្រែកដ៏ឈឺចាប់របស់ទូលបង្គំផង។
៣
ឱព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ!
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង
ដ្បិតទូលបង្គំសូមអង្វរព្រះអង្គហើយ។
៤
ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គសណ្តាប់សំឡេងរបស់ទូលបង្គំ
ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។
៥
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ
មនុស្សអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ
៦
ព្រះអង្គមិនចង់ឃើញមនុស្សព្រហើនចូលមកជិតព្រះអង្គទេ
ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
៧
ព្រះអង្គនឹងធ្វើឱ្យពួកកុហកវិនាសសាបសូន្យ។
ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។
៨
រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន
ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំ។
ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ
ដោយបែរមុខតម្រង់ទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ទាំងគោរពកោតខ្លាច។
៩
ឱព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនចាំឃ្លាំមើលទូលបង្គំ
សូមដឹកនាំទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ
សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
១០
អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ។
អណ្តាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ
និងបង្កប់ទៅដោយពិសពុល ដើម្បីប្រហារជីវិត។
១១
រីឯអស់អ្នកជ្រកកោនក្រោមម្លប់បារមីព្រះអង្គ នឹងមានអំណរ
គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គក៏នឹងរក្សាការពារគេដែរ។
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយយ៉ាងខ្លាំង
១៣
បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែប្រទានពរឱ្យមនុស្សសុចរិត
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបានទៅនឹងខែលការពារគេ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! នៅពេលព្រឹក ព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេង​របស់ទូលបង្គំ ទូល‌បង្គំផ្ចង់​ចិត្តគំនិត​ទៅ​រក​ព្រះ‌អង្គ។

បទលើកតម្កើងតាមគម្ពីររបាក្សត្រទី១ (១របា ២៩,១០-១៣)

ដ្បិត​ព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែល​មាន​កិត្តិយស និង​សិរីរុងរឿង

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង (អេភេសូ ១,៣)។

បន្ទរទី២ ៖ ឱព្រះ‌អម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ! យើងខ្ញុំសូមសរសើរតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះអង្គ។

(បទកាកគតិ)

១០- ឥឡូវនេះខ្ញុំ មានបំណងធំ ចង់ចងសម្ពន្ធ
  មេត្រីជាមួយ ព្រះអង្គបន្ទាន់ ជាព្រះនៃជន
    ជាតិអ៊ីស្រាអែល ។
  ខ្ញុំសូមអង្វរ ព្រះម្ចាស់បវរ បារមីក្រាស់ក្រែល
  សូមទ្រង់ពង្វាង ព្រះពិរោធដែល គ្រប់គ្រងក្រវែល
    លើយើងគ្រប់គ្នា ។
១១- ពេលនេះកូនចៅ ទាំងអស់គ្នាត្រូវ ឈប់ធ្វើខ្ជីខ្ជា
  ដ្បិតព្រះអម្ចាស់ ជ្រើសអ្នករាល់គ្នា បំពេញមុខងារ
    បម្រើព្រះអង្គ ។
  ទ្រង់សព្វព្រះទ័យ លើអ្នកពេកក្រៃ ឈរពីមុខទ្រង់
  បម្រើកិច្ចការ តាមព្រះបំណង គ្រឿងក្រអូបផង
    ដាក់ថ្វាយគ្មានទាស់ ។
១២- ពេលនោះកូនចៅ លេវីមិននៅ ក្រោកឡើងទាំងអស់
  ជម្រះដំណាក់ វិសុទ្ធឥតទាស់ ថែមទាំងជម្រះ
    ខ្លួនពួកគេផង ។
១៣- អំបូរទាំងអស់ គ្មានសល់ម្នាក់សោះ គ្រប់គ្នាតែម្តង
  គេបានញែកខ្លួន ឱ្យអស់សៅហ្មង វិសុទ្ធផូរផង់
    តាមបញ្ជាស្តេច ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ឱព្រះ‌អម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ! យើងខ្ញុំសូមសរសើរតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះអង្គ។

ទំនុកតម្កើងលេខ ២៩

ចូរលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសាធារណៈ

ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថាៈ “នេះជាបុត្រដ៏ជាទី​ស្រឡាញ់​របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!” (មថ ៣,១៧)។

បន្ទរទី៣ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។

១ ពួកទេវទូតអើយ! ចូរនាំគ្នាតម្កើងព្រះអម្ចាស់!
ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់។
២
ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!។
៣
ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងនៅពីលើផ្ទៃទឹក
ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឱ្យផ្គរលាន់ឮឡើង
ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
៤
ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយឫទ្ធានុភាព
ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
៥
ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យបាក់ដើមឈើធំៗ
ព្រះអម្ចាស់បំបាក់ដើមឈើធំៗនៅភ្នំលីបង់។
៦
ព្រះអង្គធ្វើឱ្យភ្នំលីបង់លោតដូចកូនគោ
ព្រះអង្គធ្វើឱ្យភ្នំស៊ីរីយ៉ូនលោតដូចកូនក្របី។
៧
ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យមានរន្ទះលេចចេញមក។
៨
ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកក្រើក
ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកាដែសរញ្ជួយ។
៩
ព្រះសូរសៀងរបស់ព្រះអម្ចាស់អង្រួនក្តាន់ញីកំពុងកើតកូន
និងធ្វើឱ្យព្រៃឈើជ្រុះស្លឹកអស់។
ពេលនោះមនុស្សទាំងអស់ស្រែកឡើងក្នុងព្រះវិហារថា
“សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!”។
១០
ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ដ៏ធំ
ព្រះអម្ចាស់ជាព្រះមហាក្សត្រគ្រប់គ្រងរហូតតរៀងទៅ
១១
ព្រះអម្ចាស់ប្រទានឫទ្ធានុភាពឱ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអម្ចាស់ប្រទានពរឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានសន្តិភាព។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ថស ៣,១០ខ-១៣)

អ្នកណាមិនព្រមធ្វើការ​ អ្នកនោះក៏មិនត្រូវបរិភោគដែរ។​ យើងបានឮដំណឹង​ថា មាន​អ្នកខ្លះក្នុងចំណោមបងប្អូន រស់នៅដោយឥតសណ្តាប់ធ្នាប់​ គេហាក់​ដូច​ជា​រវល់​ញាប់ដៃ​ញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។​ យើងសូមទូន្មាន និងសូមដាស់​តឿន​បងប្អូន​ប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្តថា​ សូមអញ្ជើញធ្វើ​ការ​ឱ្យបាន​ស្រួល​បួលឡើង​ និងបរិភោគអាហារដែលបានមកពីកម្លាំងញើសឈាមខ្លួន​ឯង​ទៅ!។​ ចំពោះ​បងប្អូនវិញ​ បងប្អូនអើយ​ សូមប្រព្រឹត្តអំពើល្អកុំរសាយចិត្តឡើយ។

បន្ទរ ៖ សូមលើកតម្កើងព្រះអម្ចាស់តាំងពីដើមរៀងមក *ហើយជាដរាបរៀងទៅ។ បន្ទរឡើងវិញ៖….
-ព្រះអង្គតែមួយគត់ដែលបានធ្វើការយ៉ាងអស្ចារ្យ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃយើង។

ពាក្យអង្វរសកល

យើងខ្ញុំគោរពលើកតម្កើងព្រះគ្រីស្ត​លើមនុស្សទាំងអស់ ដែលពោរពេញទៅដោយព្រះហឫទ័យ​ប្រណីសន្តោស​ និងព្រះវិញ្ញាណដ៏វិសុទ្ធ។​ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា៖

បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមព្រះអង្គប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមក​យើង​ខ្ញុំ​ផង។

សូមព្រះអង្គប្រោសប្រទានថ្ងៃមួយ ប្រកបទៅដោយសេចក្តីសុខសាន្ត​ដល់​យើងខ្ញុំ
—នៅពេលល្ងាចមកដល់ យើងខ្ញុំនឹងលើកតម្កើងព្រះអង្គ ដោយអំណរសប្បាយ និង​ចិត្ត​បរិសុទ្ធ។ (បន្ទរ)

សូមឱ្យភាពរុងរឿងរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំក្នុងថ្ងៃនេះ
—សូម​ព្រះអង្គ​ជួយ​តម្រង់​ផ្លូវនៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គបង្ហាញព្រះភក្រ្តព្រះអង្គឱ្យយើងខ្ញុំបានឃើញ និងប្រទានឱ្យយើង​ខ្ញុំ​រស់​នៅក្នុងសេចក្តីសុខសាន្ត
—ហើយសូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គតាម​ការពារ​យើង​ខ្ញុំ​ផង។ (បន្ទរ)

សូមព្រះអង្គទតមើលដល់អស់អ្នកដែលបានទុកចិត្តលើការអធិដ្ឋានរបស់យើងខ្ញុំ ដោយព្រះហឫទ័យសប្បុរស
—ហើយសូមព្រះអង្គប្រោសប្រទានកម្លាំង​កាយ​ និង​កម្លាំង​ចិត្តដល់ពួកគេគ្រប់ៗគ្នាផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! ព្រះអង្គជាប្រភពនៃអ្វីៗទាំងអស់ សូមឱ្យគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានទទួលការបំភ្លឺពីព្រះអង្គ ហើយសូមព្រះអង្គបន្តជួយណែនាំយើងខ្ញុំ ឱ្យធ្វើកិច្ចការរបស់ខ្លួន និងសូមឱ្យយើងខ្ញុំបានបញ្ចប់កិច្ចការនោះតាមរយៈព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។