រដូវធម្មតា សប្ដាហ៍ទី២៨ ថ្ងៃអាទិត្យ
បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ
បុណ្យរំឭកចាំបាច់ (បុណ្យភ្ជុំ)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ អាលេលូយ៉ា!
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង
ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឱ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត
ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៣-២៤)។
បន្ទរទី១ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ឆ្អឹងដ៏ស្ងួតអើយ! យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។
| ៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
| ៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
| ៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
| ៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
| ៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
| ៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
| ៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
| ១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
| ១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
| ១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
| ១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
| ១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
| ១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
| ១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
| ១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
| ១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
| ២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
| ២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ឆ្អឹងដ៏ស្ងួតអើយ! យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៨, ១០-១៤.១៧ខ-២០)
បន្ទរទី២ ៖ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំឱ្យរួចពីអំណាចនៃសេចក្ដីស្លាប់ ព្រះអង្គនឹងយកខ្ញុំទៅ។
(បទកាកគតិ)
| ១០- | ខ្ញុំនឹកគិតថា | នឹងមានវាសនា | រស់ពាក់កណ្តាល |
| អាយុនៃមនុស្ស | មិនត្រេកត្រអាល | នៅស្ថានកណ្តាល | |
| ទៅទៀតបានឡើយ | ។ | ||
| ១១- | ខ្ញុំនឹកគិតថា | លែងឃើញភក្ត្រា | អម្ចាស់ទៀតហើយ |
| លែងឃើញទាំងមុខ | លែងទាំងឆ្លងឆ្លើយ | ឱមនុស្សម្នាអើយ | |
| ខ្ញុំលាក្សិណក្ស័យ | ។ | ||
| ១២- | ជីវិតខ្ញុំត្រូវ | ឃ្លាតចាកឆ្ងាយទៅ | ផុតអាយុខៃ |
| ដូចជាគង្វាល | រើគ្មានសំចៃ | ជំរំអាស្រ័យ | |
| ស្នាក់នៅពេលមុន | ។ | ||
| ព្រះម្ចាស់ធ្វើឱ្យ | ជីវិតខ្ញុំផុយ | នាពេលសាយ័ណ្ហ | |
| ដូចជាងតម្បាញ | ត្បាញចប់គ្រប់គ្រាន់ | រូតរះបន្ទាន់ | |
| មូរក្រណាត់ទុក | ។ | ||
| ១៣- | ខ្ញុំត្រូវវិនាស | មុនពេលថ្ងៃរះ | នៅមិនស្រណុក |
| ឈឺពេញទាំងកាយ | រស់ដូចទូលទុក្ខ | ដូចសិង្ហសម្រុក | |
| ចាប់ជាចំណី | ។ | ||
| ឱព្រះម្ចាស់អើយ | ចាប់ពីថ្ងៃហើយ | លុះដល់រាត្រី | |
| ព្រះអង្គធ្វើឱ្យ | ជីវិតខ្ញុំក្ស័យ | ដេកនៅក្នុងដី | |
| ជារៀងដរាប | ។ | ||
| ១៤- | ខ្ញុំស្រែកខ្ញុំយំ | ដូចត្រចៀកកាំ | ខ្ញុំថ្ងូរដូចព្រាប |
| ភ្នែកខ្ញុំស្រវាំង | មើលមិនឃើញទៀត | សូមព្រះម្ចាស់ឆ្លៀត | |
| ជួយផងព្រះអើយ | ។ | ||
| ១៧- | ទ្រង់សព្វព្រះទ័យ | ករុណាប្រណី | រំដោះខ្ញុំរួច |
| ពីដៃមច្ចុរាជ | អំពើបាបខូច | ខ្ញុំសែនអរព្រួច | |
| រួចផុតល្ហែល្ហើយ | ។ | ||
| ១៨- | អ្នកស្លាប់អស់ជន្ម | មិនអាចអរគុណ | ព្រះអង្គបានឡើយ |
| រួមទាំងមច្ចុរាជ | ទៀតផងក៏ដោយ | គ្មានសង្ឃឹមឡើយ | |
| ពឹងលើព្រះអង្គ | ។ | ||
| ១៩- | មានតែមនុស្ស | មានជីវិតរស់ | ស្ថិតស្ថេរគង់វង្ស |
| ទើបគេអាចលើក | តម្កើងព្រះអង្គ | ប្រាប់តកូនផង | |
| ពីព្រះទ័យស្មោះ | ។ |
| ២០- | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | មេត្តាសង្គ្រោះ |
| យើងខ្ញុំមិនភ្លេច | ដំណាក់របស់ | ព្រះជាអម្ចាស់ | |
| លេងភ្លេងរាំថ្វាយ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ | ||
បន្ទរ ៖ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំឱ្យរួចពីអំណាចនៃសេចក្ដីស្លាប់ ព្រះអង្គនឹងយកខ្ញុំទៅ។
ទំនុកតម្កើងលេខ ១៤៦
បន្ទរទី៣ ៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។
| ១ | អាលេលូយ៉ា! ខ្ញុំសូមសរសើរ តម្កើងព្រះអម្ចាស់! |
| ២ | ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត |
| ៣ | កុំទុកចិត្តអ្នកធំ កុំទុកចិត្តមនុស្សលោក |
| ៤ | ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ |
| ៥ | អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ |
| ៦ | ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី |
| ៧ | ព្រះអង្គរកយុត្តិធម៌អោយអស់អ្នក ដែលត្រូវគេសង្កត់សង្កិន |
| ៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់អោយមើលឃើញ |
| ៩ | ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ |
| ១០ | ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៤,១៤)
ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន យើងក៏ជឿថា ព្រះជាម្ចាស់នឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ ឱ្យទៅនៅជាមួយព្រះអង្គ ដោយសារព្រះយេស៊ូដែរ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ *ព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំ។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានធ្វើឱ្យការសោកសង្រេងរបស់ទូលបង្គំ ប្រែទៅជាអំណរសប្បាយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ ខ្ញុំនឹងផ្តល់ឱ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ អស់អ្នកដែលកំពុងតែមានជីវិត នៅរស់ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ ។
ពាក្យអង្វរសកល
ព្រះយេស៊ូគ្រីស្ដ បានបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សគ្រប់ជាតិសាសន៌ ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ៖
បន្ទរ ៖ កូនសូមស្រែកទូល អស់ពីដួងចិត្ដ សូមព្រះអម្ចាស់ស្ដាប់សម្លេងកូន។
យើងខ្ញុំសូមកោតសរសើរព្រះអង្គ ដែលបានរងទុក្ខលំបាក ឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច
-សូមជួយយើងខ្ញុំចែករំលែកកម្លាំងកាយកម្លាំងចិត្ដ ទាំងនៅគ្រាមានអាសន្ន និងគ្រាសប្បាយផង ។ (បន្ទរ)
សូមប្រទានឱ្យយើងខ្ញុំចេះបើកភ្នែកមើលព្រះគ្រីស្ដដែលបានប្រសូត្រ សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ដើម្បីប្រជារាស្រ្ដរបស់ព្រះអង្គ ។ (បន្ទរ)
សូមទ្រង់ព្រះមេត្ដាអាណិតអាសូរ ........ (ឈ្មោះជាគ្រីស្ដបរិស័ទ) ដែលបានចែកឋានទៅហើយ ។
-សូមព្រះអង្គលើកលែងទោសទាំងប៉ុន្មានរបស់គាត់ ហើយសូមទទួលគាត់នៅស្ថានបរមសុខរួមជាមួយព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបានបូជាព្រះជន្មលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ
- សូមព្រះអង្គប្រោសប្រទាននូវព្រះវិញ្ញាណ មកលួងលោមដួងចិត្ដយើងខ្ញុំផង ។ (បន្ទរ)
ព្រះអង្គបានសោយទុក្ខលំបាកនៅលើឈើឆ្កាង ។ យើងខ្ញុំសូមអង្វរព្រះអង្គសម្រាប់អ្នកជម្ងឺ អស់អ្នកដែលរងទុក្ខលំបាក និងអស់អ្នកដែលជិតផុតដង្ហើម
- សូមព្រះអង្គប្រទានឱ្យអ្នកទាំងនេះ មានសេចក្ដីអត់ធ្មត់ និងកម្លាំងចិត្តរឹងមាំផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់យើងខ្ញុំ ! ព្រះអង្គមានធម៌មេត្ដាករុណាចំពោះមនុស្សគ្រប់ៗរូប ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់វិនាសឡើយ គឺឱ្យមនុស្សទាំងអស់ទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គនៅស្ថានបរមសុខ។ នៅពេលនេះ សូមទ្រង់ព្រះមេត្ដាទទួលពាក្យអង្វររបស់យើងខ្ញុំ សូមទទួល ........ (ឈ្មោះជាគ្រីស្ដបរិស័ទ) ឱ្យរស់នៅរួមជាមួយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

