២៤ ធ្នូ ២០២៥

Written on 05/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ នៅថ្ងៃនេះអ្នកនឹងដឹងថា គឺព្រះអម្ចាស់ដែលបានសង្រ្គោះអ្នករាល់គ្នា។ ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១០៨

ពាក្យសរសើរតម្កើងព្រះជាម្ចាស់ និងពាក្យទូលអង្វរ

តាំងពីព្រះជាម្ចាស់លើកព្រះបុត្រាឡើងស្ថានបរមសុខ 
សិរីរុងរឿងរបស់ព្រះអង្គត្រូវបានប្រកាសទូទាំងភពផែនដី (Arnobius)។

បន្ទរទី១៖ «បេថ្លេ‌ហិម​អេប្រាតា​អើយ ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាននៅ​ស្រុកយូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើអ៊ីស្រាអែលក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។

ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច!
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតបទតម្កើងអស់ពីដួងចិត្ត!

ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!
ខ្ញុំនឹងដាស់​ព្រះ‌អាទិត្យ​ឱ្យ​រះ

ឱ​ព្រះ‌អម្ចាស់​អើយ 
ទូល‌បង្គំ​នឹង​លើក​តម្កើងព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ 
ទូល‌បង្គំ​នឹង​ស្មូត​ទំនុក‌តម្កើងថ្វាយ​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​ខ្ពស់​ដល់​អាកាស‌វេហាស៍។

ឱ​ព្រះ‌ជាម្ចាស់​អើយ 
សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឱ្យ​សិរីរុង​រឿង​របស់​ព្រះ‌អង្គភ្លឺចែង​ចាំង​នៅ​លើ​ផែន‌ដី​ទាំង​មូល!

សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង
ដើម្បី​ឱ្យ​ប្រជាជន​ជា​ទី​ស្រឡាញ់របស់​ព្រះ‌អង្គ​បានរួច​ជីវិត!

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ទី‌សក្ការៈរបស់​ព្រះ‌អង្គ​មក​ថា:
«យើង​នឹង​យក​ជ័យ‌ជម្នះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម 
យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូតចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

កាឡាត​ជា​ទឹក​ដី​របស់​យើង
ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ 
អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង
ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
១០
ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង 
យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម
ដើម្បី​បញ្ជាក់​ថា យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។
យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាមប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន!»។
១១
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីក្រុងដ៏​រឹង‌មាំ​បាន?
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?
១២
ឱ​ព្រះ‌ជាម្ចាស់​អើយ! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ 
ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះ‌អង្គ​ឈប់​យាង​ទៅ​ជា​មួយ​កង‌ទ័ពយើង​ខ្ញុំ​ទៀត​ហើយ។
១៣
សូម​ជួយ​យើង​ខ្ញុំ​ឱ្យ​ប្រឆាំង​តទល់នឹង​ពួក​សត្រូវ​ផង 
ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោកឥត​ប្រយោជន៍​អ្វីសោះ។
១៤
បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ
ដ្បិត​ព្រះ‌អង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្តរបស់​យើង​ឱ្យ​រាប។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦១,១០-៦២,៥)

អំណរសប្បាយរបស់ព្យាការីស្តីអំពីក្រុងយេរូសាឡឹមថ្មី
ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរម‌សុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មីតុប‌តែង​ខ្លួន​ទទួល​ស្វាមី (វវ ២១,២)។
 

បន្ទរទី២៖ ចូរអ្នករាល់គ្នាងើយមើលទៅលើ ! ដ្បិតការសង្រ្គោះរបស់អ្នកមកជិតបង្កើយហើយ។

(បទពាក្យ ៧)

១០- ខ្ញុំមានអំណរសប្បាយខ្លាំង ព្រោះតែព្រះអង្គស្តាប់អង្វរ  
  ព្រះអង្គសង្គ្រោះខ្ញុំកំដរ រហូតរៀងមកមិនដែលខាន
  លម្អខ្ញុំដូចកូនកំលោះ ពាក់មកុដស្រស់ល្អភុំផាន  
  ដូចកូនក្រមុំយ៉ាងចំណាន នៅលើវិមានថ្ងៃរៀបការ
១១- ដីធ្វើឱ្យគ្រាប់ពូជធារដុះ ពន្លកសក្បុសនៅក្នុងច្បារ  
  លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា ក្តីសុចរិតថ្លាមិនបាត់បង់
  និងការសរសើរលើកតម្កើង លូតលាស់ផុសឡើងមិនបង្អង់  
  ចេញពីទឹកដីល្អផូរផង់ នៅមុខទូទាំងជាតិទាំងឡាយ
១- យើងតែងនិយាយការពារក្រុង ឱ្យនៅគង់វង្សមានអ្នកថែ  
  យេរូសាឡឹមស៊ីយ៉ូនដែរ យើងមិនស្ងៀមទេមិនកន្តើយ
  ដរាបទាល់តែក្តីសុចរិត ចាំងចែងពេញពិតទើបធូរស្បើយ  
  ដូចថ្ងៃរះពេញពន្លឺហើយ ការសង្គ្រោះឱ្យភ្លឺដូចភ្លើង
២- ពេលនោះមនុស្សគ្រប់ជាតិសាសន៍ ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង  
  ស្តេចទាំងប៉ុន្មាននឹកឃើញឡើង សិរីរុងរឿងនៃអ្នកដែរ
  ឈ្មោះចាស់ក្រុងឯងគេលែងហៅ គេពោលសំដៅតាមគេប្រែ  
  ឈ្មោះល្អសែនសមអ្វីម៉្លេះទេ ព្រះប្រទានគេឱ្យរុងរឿង
៣- ក្រុងឯងនឹងទៅជាភួងជ័យ ប្រណីតពេកក្រៃសែនថ្កុំថ្កើង  
  នឹងទៅជាមកុដរាជ្យរុងរឿង ព្រះហស្តព្រះយើងទ្រង់កាន់កាប់
៤- គេនឹងលែងហៅអ្នកឯងថា ស្ត្រីមិនបានការមិនចំណាប់  
  ស្ត្រីប្តីបោះបង់មិនគួររាប់ គេលែងបង្អាប់ដល់អ្នកទៀត
  តំបន់ជុំវិញគេក៏លែង មើលងាយហៅថាចោលម្សៀត  
  ថាស្ងាត់ជ្រងំដូចព្រៃស្បាត ដែលមានដុះសុទ្ធស្មៅទៀតទេ
  តែផ្ទុយទៅវិញគេនឹងហៅ ឯងថាពាលពៅបងសូមស្នេហ៏  
  តំបន់ជុំវិញគេបំពេរ ថាស្ងួនមាសមេភរិយាបង
  ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ នឹងអ្នកពេកក្រៃគ្មានសៅហ្មង  
  ដូចពាក្យសំដីឆ្លើយសារសង ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា
៥- ព្រះម្ចាស់បង្កើតជារូបអ្នក ទ្រង់គង់ថ្នមថ្នាក់រាល់វេលា  
  សប្បាយឥតខ្វល់ដូចភរិយា ថ្មីថ្មោងជាគ្នានឹងស្វាមី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ចូរអ្នករាល់គ្នាងើយមើលទៅលើ ! ដ្បិតការសង្រ្គោះរបស់អ្នកមកជិតបង្កើយហើយ។

ទំនុកតម្កើងលេខ ១៤៦

សុភមង្គលរបស់អស់អ្នកដែលជឿទុកចិត្តលើព្រះជាម្ចាស់
ការសរសើរតម្កើងព្រះជាម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង មានន័យថា គ្រប់យ៉ាងដែលយើងធ្វើ ត្រូវតែសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ (Arnobius)។

បន្ទរទី៣៖ ថ្ងៃចុងក្រោយបានមកដល់ហើយ គឺនៅពេលនាងម៉ារីសម្រាលបានកូនប្រុសដំបូង។

អាលេលូយ៉ា! ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់អស់ពីដួងចិត្ត!

ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូតបទថ្វាយព្រះរបស់ខ្ញុំ
ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។

កុំទុកចិត្តមេដឹកនាំ កុំទុកចិត្តមនុស្សលោក
ដែលពុំអាចសង្គ្រោះនរណាបាននោះឡើយ

ពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ
ហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។

អ្នកណាដែលព្រះរបស់លោកយ៉ាកុបសង្គ្រោះ
ហើយអ្នកណាដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន
អ្នកនោះមានសុភមង្គលហើយ!។

ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ
ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។

ព្រះអង្គរកយុត្តិធម៌ឱ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន
ព្រះអង្គប្រទានអាហារដល់អស់អ្នកដែលស្រេកឃ្លាន
ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង

ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ
ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ
ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត

ព្រះអម្ចាស់ការពារជនបរទេស
ព្រះអង្គគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ
តែព្រះអង្គធ្វើឱ្យគម្រោងការរបស់មនុស្សអាក្រក់ត្រូវរលាយសូន្យ។
១០

ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច!
ក្រុងស៊ីយ៉ូនអើយ! ព្រះរបស់អ្នកនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ថ្ងៃចុងក្រោយបានមកដល់ហើយ គឺនៅពេលនាងម៉ារីសម្រាលបានកូនប្រុសដំបូង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១១,១-៥)

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញាឱ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឱ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រម​ទាំង​ឱ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យតាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្តីតាម​ដែល​ឮ​គេ​និយាយ​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិ‌ធម៌ កាត់​ក្តី​ឱ្យ​ជន​ទុរគត ដោយ​ទៀង​ត្រង់។ ព្រះ‌អង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះ‌អង្គ​ចេញ​បញ្ជាមនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។ ព្រះ‌អង្គ​នឹង​យក​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះយក​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ធ្វើជា​សង្វារ។
 
បន្ទរ៖ ថ្ងៃស្អែក ជា​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក! *អំពើបាបនៅលើផែនដីនេះ នឹងត្រូវបំផ្លាញចោល។ បន្ទរឡើងវិញ៖...
—ព្រះសង្រ្គោះនៃពិភពលោក នឹងធ្វើជាព្រះមហាក្សត្ររបស់យើង។ បន្ទរ៖ *...
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ពេលវេលាដែលនាងម៉ារីត្រូវផ្តល់កំណើតឱ្យកូនប្រុសច្បងរបស់នាងបានមកដល់ហើយ។

ពាក្យអង្វរសកល

ព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះនៃយើង ព្រះអង្គនឹងយាងមកវិញក្នុងសិរីរុងរឿង ប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យ។ ចូរយើងទូលអង្វរព្រះអង្គដោយចិត្តរាបសាថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គនឹងយាងមកវិញ ប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យ
—សូមព្រះអង្គទតមើលមកភាពទន់ទាបរបស់យើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំសាកសមទទួលព្រះអំណោយទានរបស់ព្រះអង្គផង។ (បន្ទរ)
 
ព្រះយេស៊ូបានយាងមក ព្រះអង្គជាដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍
—សូមឱ្យយើងខ្ញុំប្រកាសពីព្រះរាជកិច្ចសង្រ្គោះរបស់ព្រះអង្គជានិច្ច។ (បន្ទរ)
 
បពិត្រព្រះអម្ចាស់ ! ព្រះអង្គសមនឹងទទួលការកោតសរសើរ ដ្បិតទ្រង់មានព្រះជន្មគង់នៅ និងគ្រប់គ្រងលើអ្វីៗទាំងអស់
—សូមជួយយើងខ្ញុំឱ្យទន្ទឹងរង់ចាំព្រះអង្គដែលយាងមកក្នុងសិរីរុងរឿង ដោយមានចិត្តសង្ឃឹម និងអំណរសប្បាយផង។ (បន្ទរ)
 
យើងខ្ញុំទទូចអង្វរសូមព្រះហឫទ័យប្រណីសន្តោស នៅពេលព្រះអង្គយាងមកវិញ សូមព្រះមេត្តាប្រោសប្រណីដល់យើងខ្ញុំ
—ហើយសូមលួងលោមចិត្តយើងខ្ញុំ ដោយប្រទានព្រះអំណោយនៃព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំយ៉ាងប្រញាប់ ដោយមិនបង្អង់ឡើយ។ សូមព្រះអង្គលើកទឹកចិត្តដល់យើងខ្ញុំដែលជឿសង្ឃឹមលើព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ សូមព្រះអង្គពង្រឹងជំនឿ និងសង្គ្រោះយើងខ្ញុំផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។