រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃអង្គារ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
ថ្ងៃអង្គារ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤៣
ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឱ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត (យហ ១២,៤៦)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ! សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ។
| ១ | ឱព្រះជាម្ចាស់អើយ! សូមរកយុត្តិធម៌ឱ្យទូលបង្គំផង ! សូមកាន់ក្តីទូលបង្គំ តទល់នឹងមនុស្សទមិឡ ! សូមរំដោះទូលបង្គំឱ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។ |
| ២ | បពិត្រព្រះជាម្ចាស់នៃទូលបង្គំ ! ព្រះអង្គជាកំពែងការពារទូលបង្គំ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គត្រូវមុខស្រពោន ដោយខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ? |
| ៣ | សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ ឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ! |
| ៤ | ទូលបង្គំនឹងទៅដល់អាសនៈរបស់ព្រះអង្គ ជាប្រភពនៃអំណរដ៏លើសលប់របស់ទូលបង្គំ។ ឱព្រះជាម្ចាស់ ជាព្រះនៃទូលបង្គំអើយ ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសម្លេងពិណ ! |
| ៥ | ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!” ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៨,១០-១៤.១៧-២០)
ទុក្ខសោករបស់មនុស្សស្លាប់ និងសេចក្តីរីករាយនៅពេលប្រោសឱ្យជាឡើងវិញ
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ ( វវ ១,១៨)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះយើងខ្ញុំជារៀងរាល់ថ្ងៃ អស់មួយជីវិតរបស់យើងខ្ញុំផង។
(បទកាកគតិ)
| ១០- | ខ្ញុំនឹកគិតថា | នឹងមានវាសនា | រស់ពាក់កណ្តាល | |
| អាយុនៃមនុស្ស | មិនត្រេកត្រអាល | នៅស្ថានកណ្តាល | ||
| ទៅទៀតបានឡើយ | ។ | |||
| ១១- | ខ្ញុំនឹកគិតថា | លែងឃើញភក្រ្តា | អម្ចាស់ទៀតហើយ | |
| លែងឃើញទាំងមុខ | លែងទាំងឆ្លងឆ្លើយ | មនុស្សម្នាអើយ | ||
| ខ្ញុំលាក្សិណក្ស័យ | ។ | |||
| ១២- | ជីវិតខ្ញុំត្រូវ | ឃ្លាតចាកឆ្ងាយទៅ | ផុតអាយុខៃ | |
| ដូចជាគង្វាល | រើគ្មានសំចៃ | ជំរំអាស្រ័យ | ||
| ស្នាក់នៅពេលមុន | ។ | |||
| ព្រះម្ចាស់ធ្វើឱ្យ | ជីវិតខ្ញុំផុយ | នាពេលសាយ័ណ្ហ | ||
| ដូចជាងតម្បាញ | ត្បាញចប់គ្រប់គ្រាន់ | រូតរះបន្ទាន់ | ||
| មូរក្រណាត់ទុក | ។ | |||
| ១៣- | ខ្ញុំត្រូវវិនាស | មុនពេលថ្ងៃរះ | នៅមិនស្រណុក | |
| ឈឺពេញទាំងកាយ | រស់ដូចទូលទុក្ខ | ដូចសិង្ហសម្រុក | ||
| ចាប់ជាចំណី | ។ | |||
| ឱព្រះម្ចាស់អើយ | ចាប់ពីថ្ងៃហើយ | លុះដល់រាត្រី | ||
| ព្រះអង្គធ្វើឱ្យ | ជីវិតខ្ញុំក្ស័យ | ដេកនៅក្នុងដី | ||
| ជារៀងដរាប | ។ | |||
| ១៤- | ខ្ញុំស្រែកខ្ញុំយំ | ដូចត្រចៀកកាំ | ខ្ញុំថ្ងូរដូចព្រាប | |
| ភ្នែកខ្ញុំស្រវាំង | មើលមិនឃើញទៀត | សូមព្រះម្ចាស់ឆ្លៀត | ||
| ជួយផងព្រះអើយ | ។ | |||
| ១៧- | ឥឡូវទ្រង់ប្រោស | ឱ្យខ្ញុំជាសះ | ព្រោះទ្រង់អាណិត | |
| ប្រទានឱ្យខ្ញុំ | រស់មានជីវិត | ទុក្ខព្រួយខ្ញុំបាត់ | ||
| សែនអរព្រឺព្រួច | ។ | |||
| ទ្រង់សព្វព្រះទ័យ | ករុណាប្រណី | រំដោះខ្ញុំរួច | ||
| ពីដៃមច្ចុរាជ | អំពើបាបខូច | ខ្ញុំសែនព្រឺព្រួច | ||
| រួចផុតល្ហែល្ហើយ | ។ | |||
| ១៨- | មនុស្សស្លាប់អស់ជន្ម | មិនអាចអរគុណ | ព្រះអង្គបានឡើយ | |
| រួមទាំងមច្ចុរាជ | ទៀតផងក៏ដោយ | គ្មានសង្ឃឹមឡើយ | ||
| ពឹងលើព្រះអង្គ | ។ | |||
| ១៩- | មានតែមនុស្ស | មានជីវិតរស់ | ស្ថិតស្ថេរគង់វង្ស | |
| ទើបគេអាចលើក | តម្កើងព្រះអង្គ | ប្រាប់តកូនផង | ||
| ពីព្រះទ័យស្មោះ | ។ | |||
| ២០- | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | មេត្តាសង្គ្រោះ | |
| យើងខ្ញុំមិនភ្លេច | ដំណាក់របស់ | ព្រះជាអម្ចាស់ | ||
| លេងភ្លេងរាំថ្វាយ | ។ | |||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | ||
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | ||
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះយើងខ្ញុំជារៀងរាល់ថ្ងៃ អស់មួយជីវិតរបស់យើងខ្ញុំផង។
ទំនុកតម្កើងលេខ ៦៥
ពាក្យអរព្រះគុណយ៉ាងឱឡារិក
ក្រុងស៊ីយ៉ូនបង្ហាញពីស្ថានបរមសុខ (Origen)។
បន្ទរទី៣ ៖ បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។
| ២ | បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន យើងខ្ញុំត្រូវតែថ្វាយតង្វាយស្របតាមពាក្យដែលយើងខ្ញុំបានបន់។ |
| ៣ | ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់មនុស្សលោកជានិច្ច មនុស្សលោកក៏អាចមករកព្រះអង្គបានដែរ។ |
| ៤ | កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ ប៉ុន្តែ ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ។ |
| ៥ | អ្នកដែលព្រះអង្គជ្រើសរើសមានសុភមង្គលហើយ គេរស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។ យើងខ្ញុំនឹងស្កប់ចិត្ត ដោយបានទទួលព្រះពរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។ |
| ៦ | បពិត្រព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ! ព្រះអង្គប្រកបដោយសេចក្តីសុចរិត ព្រះអង្គតែងតែឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច ប្រជាជននានា ដែលរស់នៅទីដាច់ស្រយាលនៃផែនដី រហូតដល់នាយសមុទ្រ ក៏នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!។ |
| ៧ | ព្រះអង្គពង្រឹងភ្នំទាំងឡាយឱ្យរឹងមាំ ដោយសារព្រះចេស្តារបស់ព្រះអង្គ ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។ |
| ៨ | ព្រះអង្គធ្វើឱ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ព្រះអង្គក៏ធ្វើឱ្យចលាចលរបស់ប្រជាជនទាំងឡាយ បានស្ងប់ស្ងៀមដែរ។ |
| ៩ | អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនាំគ្នាស្ញែងខ្លាច ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអង្គធ្វើឱ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច ស្រែកដោយអំណរសប្បាយដ៏លើសលប់។ |
| ១០ | ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី ព្រះអង្គប្រទានឱ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូររបស់ព្រះអង្គពោរពេញទៅដោយទឹក ព្រះអង្គប្រទានស្រូវឱ្យមនុស្សលោក។ ព្រះអង្គរៀបចំដីដូចតទៅនេះ |
| ១១ | គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឱ្យដីបានរាបស្មើ ព្រះអង្គធ្វើឱ្យទឹកភ្លៀងដក់នៅតាមវាលស្រែ ព្រះអង្គប្រទានពរឱ្យគ្រាប់ពូជទាំងឡាយដុះឡើង។ |
| ១២ | នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។ ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលហូរហៀរ។ |
| ១៣ | រីឯនៅវាលរហោស្ថាន មានស្មៅដុះឡើងយ៉ាងបរិបូណ៌ នៅតាមភ្នំនានាក៏ពោរពេញទៅដោយអំណរដែរ។ |
| ១៤ | វាលស្មៅពោរពេញទៅដោយហ្វូងសត្វ ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កណ ៤៩,១០)
ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
អាទិត្យទី២៖ «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពាក្យអង្វរសកល
បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់! ព្រះអង្គជាពន្លឺបំភ្លឺពិភពលោក។ ចូរយើងស្រែកទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !
សូមព្រះអង្គបំបាត់ភាពងងឹតរបស់យើងខ្ញុំ ដោយសារព្រះពន្លឺដែលមកពីព្រះអង្គ
—ហើយសូមឱ្យយើងខ្ញុំសាកសមនឹងទទួលអំណោយរបស់ព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំកោតសរសើរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គនៅថ្ងៃនេះ។ (បន្ទរ)
សូមព្រះអង្គបង្កាត់ភ្លើងនៃសេចក្តីស្រឡាញ់ ឱ្យឆេះឡើងសន្ធោសន្ធៅក្នុងដួងចិត្តយើងខ្ញុំ
—ហើយសូមបង្រួបបង្រួមយើងខ្ញុំឱ្យទៅជាអង្គតែមួយនឹងព្រះបុត្រាផង។ (បន្ទរ)
ព្រះអង្គទទួលយកពិការភាពរបស់យើងខ្ញុំ
—សូមព្រះអង្គជួយដល់អ្នកជំងឺ និងអ្នកដែលបានទទួលមរណភាពនៅថ្ងៃនេះផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ ! ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងចាត់ព្រះគ្រីស្តឲ្យយាងមកសង្រ្គោះមនុស្សគ្រប់ជាតិសាសន៍។
ព្រះគ្រីស្តបានយាងមកតាមព្រះបន្ទូលសន្យារបស់ព្រះអង្គមែន សូមព្រះអង្គប្រោសឲ្យយើងខ្ញុំប្រុងស្មារតីទទួលព្រះគ្រីស្តដែលកំពុងយាងមក។
សូមប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់ប្រកាសអំពីការសង្គ្រោះនេះ នៅកន្លែងដែលយើងខ្ញុំរស់នៅ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

