០៣ ធ្នូ ២០២៥

Written on 26/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃពុធ

សន្តហ្រ្វង់ស្វ័រ សាវីយេ ជាបូជាចារ្យ

(បុណ្យរំឭកចាំបាច់)

(ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

ថ្ងៃពុធ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៣៦

អំពើទុច្ចរិតរបស់មនុស្សបាប និងសេចក្ដីសុចរិតរបស់ព្រះអម្ចាស់

អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹត​ឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។

បន្ទរទី១ ៖ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។

ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា
“មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។

គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក
រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។

គេពោលសុទ្ធតែពាក្យកុហកបោកប្រាស
គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។

សូម្បីតែនៅពេលដេក ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ
គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ
គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។

បពិត្រព្រះអម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។

ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត
ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។
បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។

បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ មានតម្លៃដ៏លើសលប់បំផុត!
មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ

ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក ពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
១០
ដ្បិតព្រះអង្គជាប្រភពនៃជីវិត
យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។
១១
សូមសម្តែងព្រះហឫទ័យមេត្តាករុណា
ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត
សូមសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
១២
សូមកុំឱ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ
កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ!
១៣
មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ
ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។

បទលើកតម្កើងតាមនាងយូឌីត (យឌ ១៦,១.១៣-១៥)

ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក ព្រះអង្គការពារប្រជាជនរបស់ព្រះអង្គ

គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។

បន្ទរទី២ ៖ បពិត្រព្រះ‌អម្ចាស់! ព្រះ‌អង្គពិតជាប្រសើរឧត្ដុង្គ‌ឧត្ដម ប្រកបដោយសិរី‌រុងរឿងមែន! ព្រះ‌អង្គមានឫទ្ធិ‌បារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។

(បទកាកគតិ)

១- ចូរអ្នករាល់គ្នា បង្គំវន្ទា ច្រៀងរាំទូលថ្វាយ
  ព្រះជាអម្ចាស់ ប្រគុំភ្លេងខ្លុយ ឈឹងស្គរអោនកាយ
    សរសើរតម្កើង
១៣- ខ្ញុំនឹងច្រៀងបទ ថ្មីហើយវិសុទ្ធ ថ្វាយព្រះថ្កើងថ្កាន
  ព្រះអង្គពិតជា ប្រសើរហួសស្មាន បារមីចំណាន
    ខ្លាំងក្លាអស្ចារ្យ
១៤- សូមឱ្យសត្វលោក ក្នុងទឹកលើគោក កុំនៅសោកា
  សុខចិត្តបម្រើ ព្រះមានចេស្តា ឥតមាននរណា
    ជំទាស់បានឡើយ
១៥- ពេលទ្រង់យាងមក ភ្នំក៏កក្រើក រង្គើអស់ហើយ
  ធ្លាក់ក្នុងសមុទ្រ នៅមិនបានឡើយ ទោះថ្មក៏ដោយ
    ក៏ត្រូវអន្តរាយ
  ប៉ុន្តែព្រះម្ចាស់ តែងតែសន្តោស អាណិតពេកក្រៃ
  អាសូរដល់រាស្ត្រ អ្នកទាបក្រក្រី គោរពរាល់ថ្ងៃ
    កោតខ្លាចព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ បពិត្រព្រះ‌អម្ចាស់! ព្រះ‌អង្គពិតជាប្រសើរឧត្ដុង្គ‌ឧត្ដម ប្រកបដោយសិរី‌រុងរឿងមែន! ព្រះ‌អង្គមានឫទ្ធិ‌បារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។

ទំនុកតម្កើងលេខ ៤៧

ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត

ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ !
ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង
ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម ដែលគ្រងរាជ្យលើផែនដីទាំងមូល។

ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង
ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។

ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង
គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។

ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ
ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។

ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ !
ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង !

ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល
ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។

ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា
ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។
១០
អ្នកដឹកនាំរបស់ប្រជាជាតិនានា
មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ
ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល
ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់
ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៧,១៤ខ-១៥)

មើល៍! ស្ត្រីព្រហ្ម‌ចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រា​មួយហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌នូ‌អែល»។
បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗដែល​ល្អ​វិញ។

បន្ទរ៖ យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

អាទិត្យទី១៖ «អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្ទាបអង្គទ្រង់ ដើម្បីគង់នៅជាមួយយើងរាល់គ្នា ហើយឱ្យយើងឃើញសិរីរុងរឿងរបស់ព្រះអង្គ។
ចូរយើងទូលអង្វរទៅព្រះអង្គ ដោយអំណរសប្បាយ និងក្តីសង្ឃឹមថា ៖

បន្ទរ៖ ឱអេម៉ានូអែល សូមគង់នៅជាមួយយើងខ្ញុំ !

បពិត្រព្រះអម្ចាស់ ! ព្រះអង្គគ្រងរាជ្យដោយសុចរិត និងយុត្តិធម៌
—សូមព្រះអង្គប្រោសប្រទានភាពយុត្តិធម៌ដល់អ្នកក្រីក្រ និងអ្នកដែលត្រូវគេសង្កត់សង្កិនផង។ (បន្ទរ)

បពិត្រព្រះមហាក្សត្រនៃសុខសន្តិភាព ! ព្រះអង្គបានយកដាវមករំលាយ​ធ្វើជា​ផាល​នង្គ័ល ហើយ​យក​លំពែង​មក​រំលាយ​ធ្វើជា​កណ្ដៀវ
—សូមព្រះអង្គបង្វែរសេចក្តីស្អប់ ឱ្យទៅជាការស្រឡាញ់ និងបង្វែរទុក្ខព្រួយរបស់យើងខ្ញុំ ឱ្យទៅជាការលើកលែងទោសផង។ (បន្ទរ)

ព្រះអង្គមិនវិនិច្ឆ័យមនុស្សតាមលក្ខណៈខាងក្រៅឡើយ
—សូមព្រះអង្គទទួលស្គាល់អស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ។ (បន្ទរ)

នៅពេលព្រះអង្គយាងមកប្រកបដោយឫទ្ធានុភាពលើផ្ទាំងពពក
—សូមឱ្យយើងខ្ញុំចូលមកចំពោះព្រះភក្រ្តព្រះអង្គ ដោយមិនអាម៉ាស់មុខឡើយ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ !
ព្រះអង្គត្រាស់ហៅយើងខ្ញុំឲ្យមកជួបជុំគ្នានៅទីនេះ ដើម្បីរង់ចាំព្រះបុត្រាយាងមក។
សូមព្រះអង្គមេត្តាតម្រង់ចិត្តគំនិតរបស់យើងខ្ញុំឲ្យបានស្អាតបរិសុទ្ធ
ហើយទទួលយើងខ្ញុំឲ្យចូលរួមជាមួយព្រះគ្រីស្តដែលយាងមក។
នៅពេលនោះ សូមព្រះអង្គមេត្តាអាណិតអាសូរយើងខ្ញុំផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។