០១ ធ្នូ ២០២៥

Written on 28/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃចន្ទ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

 

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥,២-១០.១២-១៣

ពាក្យ​អធិស្ឋាន​សូម​ព្រះជាម្ចាស់ការពារ

អស់​អ្នក​ដែល​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុងជីវិត នឹង​មាន​អំណរជា​រៀង​រហូត។

បន្ទរទី១៖ ទូល‌បង្គំអធិដ្ឋានទៅរកព្រះ‌អង្គ។ ឱព្រះ‌អម្ចាស់អើយ! នៅពេលព្រឹក ព្រះ‌អង្គព្រះ‌សណ្ដាប់សំឡេងរបស់ទូល‌បង្គំ។

ព្រះអម្ចាស់អើយ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ!
សូមទ្រង់ព្រះសណ្តាប់សម្រែកដ៏ឈឺចាប់របស់ទូលបង្គំផង។
 
ឱព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ!
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង
ដ្បិតទូលបង្គំសូមអង្វរព្រះអង្គហើយ។
 
ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គសណ្តាប់សំឡេងរបស់ទូលបង្គំ
ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។
 
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ
មនុស្សអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ
 
ព្រះអង្គមិនចង់ឃើញមនុស្សព្រហើនចូលមកជិតព្រះអង្គទេ
ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
 
ព្រះអង្គនឹងធ្វើឱ្យពួកកុហកវិនាសសាបសូន្យ។
ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។
 
រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន
ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំ។
ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ
ដោយបែរមុខតម្រង់ទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ទាំងគោរពកោតខ្លាច។
 
ឱព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនចាំឃ្លាំមើលទូលបង្គំ
សូមដឹកនាំទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ
សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
 
១០ អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ។
អណ្តាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ
និងបង្កប់ទៅដោយពិសពុល ដើម្បីប្រហារជីវិត។
 
១២ រីឯអស់អ្នកជ្រកកោនក្រោមម្លប់បារមីព្រះអង្គនឹងមានអំណរ
គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គក៏នឹងរក្សាការពារគេដែរ។
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គនឹងសប្បាយរីករាយយ៉ាងខ្លាំង
 
១៣ បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែប្រទានពរឱ្យមនុស្សសុចរិត
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបានទៅនឹងខែលការពារគេ។
 
សូមកោតសរសើរ...

បន្ទរ៖ ទូល‌បង្គំអធិដ្ឋានទៅរកព្រះ‌អង្គ។ ឱព្រះ‌អម្ចាស់អើយ! នៅពេលព្រឹក ព្រះ‌អង្គព្រះ‌សណ្ដាប់សំឡេងរបស់ទូល‌បង្គំ។

បទលើកតម្កើងតាមគម្ពីររបាក្សត្រទី១ (១របា ២៩,១០-១៣)

ដ្បិត​ព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែល​មាន​កិត្តិយស និង​សិរីរុងរឿង

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង (អេភេសូ ១,៣)។

បន្ទរទី២ ៖ ឱព្រះ‌អម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមសរសើរតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះអង្គ។

(បទកាកគតិ)

១០- ឥឡូវនេះខ្ញុំ មានបំណងធំ ចង់ចងសម្ពន្ធ
  មេត្រីជាមួយ ព្រះអង្គបន្ទាន់ ជាព្រះនៃជន
    ជាតិអ៊ីស្រាអែល
  ខ្ញុំសូមអង្វរ ព្រះម្ចាស់បវរ បារមីក្រាស់ក្រែល
  សូមទ្រង់ពង្វាង ព្រះពិរោធដែល គ្រប់គ្រងក្រវែល
    លើយើងគ្រប់គ្នា
១១- ពេលនេះកូនចៅ ទាំងអស់គ្នាត្រូវ ឈប់ធ្វើខ្ជីខ្ជា
  ដ្បិតព្រះអម្ចាស់ ជ្រើសអ្នករាល់គ្នា បំពេញមុខងារ
    បម្រើព្រះអង្គ
  ទ្រង់សព្វព្រះទ័យ លើអ្នកពេកក្រៃ ឈរពីមុខទ្រង់
  បម្រើកិច្ចការ តាមព្រះបំណង គ្រឿងក្រអូបផង
    ដាក់ថ្វាយគ្មានទាស់
១២- ពេលនោះកូនចៅ លេវីមិននៅ ក្រោកឡើងទាំងអស់
  ជម្រះដំណាក់ វិសុទ្ធឥតទាស់ ថែមទាំងជម្រះ
    ខ្លួនពួកគេផង
១៣- អំបូរទាំងអស់ គ្មានសល់ម្នាក់សោះ គ្រប់គ្នាតែម្តង
  គេបានញែកខ្លួន ឱ្យអស់សៅហ្មង វិសុទ្ធផូរផង់
    តាមបញ្ជាស្តេច
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ ឱព្រះ‌អម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមសរសើរតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះអង្គ។

ទំនុកតម្កើង​លេខ ២៩

ចូរលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសាធារណៈ

ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថាៈ “នេះជាបុត្រដ៏ជាទី​ស្រឡាញ់​របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!” (មថ ៣,១៧)។

បន្ទរទី៣ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់នៅក្នុងទីសក្ការៈដ៏វិសុទ្ធ របស់ព្រះអង្គ។

ពួកទេវទូតអើយ! ចូរនាំគ្នាតម្កើងព្រះអម្ចាស់!
ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់។
 
ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!។
 
ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងនៅពីលើផ្ទៃទឹក
ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឱ្យផ្គរលាន់ឮឡើង
ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
 
ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយឫទ្ធានុភាព
ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
 
ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យបាក់ដើមឈើធំៗ
ព្រះអម្ចាស់បំបាក់ដើមឈើធំៗនៅភ្នំលីបង់។
 
ព្រះអង្គធ្វើឱ្យភ្នំលីបង់លោតដូចកូនគោ
​ព្រះអង្គធ្វើឱ្យភ្នំស៊ីរីយ៉ូនលោតដូចកូនក្របី។
 
ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យមានរន្ទះលេចចេញមក។
 
ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកក្រើក
ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកាដែសរញ្ជួយ។
 
ព្រះសូរសៀងរបស់ព្រះអម្ចាស់អង្រួនក្តាន់ញីកំពុងកើតកូន និងធ្វើឱ្យព្រៃឈើជ្រុះស្លឹកអស់។
ពេលនោះមនុស្សទាំងអស់ស្រែកឡើងក្នុងព្រះវិហារថា
“សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!” ។
 
១០ ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ដ៏ធំ
ព្រះអម្ចាស់ជាព្រះមហាក្សត្រគ្រប់គ្រងរហូតតរៀងទៅ
 
១១ ព្រះអម្ចាស់ប្រទានឫទ្ធានុភាពឱ្យប្រជារាស្ត្ររបស់ព្រះអង្គ 
ព្រះអម្ចាស់ប្រទានពរឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានសន្តិភាព។
 
សូមកោតសរសើរ...

បន្ទរ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់  (អស ២,៣)

«ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់​ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះរបស់​លោក​យ៉ាកុប។ ព្រះ‌អង្គ​នឹង​បង្រៀន​យើង​អំពីមាគ៌ា​របស់​ព្រះ‌អង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។
 
បន្ទរ៖ យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ! *សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺ​មក​លើ​អ្នកដូច​ថ្ងៃ​រះ។  បន្ទរឡើងវិញ៖...
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *...
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់លោកសាការី

អាទិត្យទី១៖ អ៊ីស្រាអែលអើយ! ចូរងើបមុខឡើង! ហើយសម្លឹងមើលព្រះមហាក្សត្ររបស់អ្នកប្រកបដោយឫទ្ធានុភាព។ ព្រះសង្រ្គោះរបស់អ្នកយាងមករំដោះអ្នកហើយ។

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់ ជាព្រះបុត្រារបស់ព្រះបិតាដែលមានព្រះជន្មគង់នៅ។ ព្រះអង្គជាព្រះពន្លឺចេញមកពីព្រះពន្លឺ សូមនាំយើងខ្ញុំចូលទៅក្នុងពន្លឺ និងបង្ហាញភាពដ៏វិសុទ្ធរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយចិត្តជឿជាក់ថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !

ឱពន្លឺដែលមិនចេះអស្តង្គត សូមកម្ចាត់ភាពអាប់អួរចេញពីយើងខ្ញុំ 
—ហើយសូមព្រះអង្គដាស់ជំនឿរបស់យើងខ្ញុំឱ្យភ្ញាក់ពីដំណេកផង។ (បន្ទរ)
សូមព្រះអង្គការពារយើងខ្ញុំឱ្យរួចផុតពីអន្តរាយនៅថ្ងៃនេះ 
—សូមសិរីរុងរឿងរបស់ព្រះអង្គ ផ្តល់ឱ្យយើងខ្ញុំនូវភាពរីករាយពេញ មួយថ្ងៃ។ (បន្ទរ)
សូមព្រះអង្គផ្តល់ឱ្យយើងខ្ញុំមានភាពទន់ភ្លន់គ្រប់ពេលវេលា 
—ដើម្បីយើងខ្ញុំអាចផ្តល់ទៅឱ្យមនុស្សទាំងអស់ដែលយើងខ្ញុំជួប។ (បន្ទរ)
សូមព្រះអង្គយាងមកបង្កើតពិភពលោកថ្មីមួយសម្រាប់យើងខ្ញុំ 
—ជាកន្លែងដែលមានភាពយុត្តិធម៌ និងសេចក្តីសុខសាន្ត។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

អាទិត្យទី១
ឱព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ ! តាំងពីដើម ព្រះអង្គសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោក។ 
សូមព្រះអង្គមេត្តាដាស់តឿនចិត្តគំនិតយើងខ្ញុំ ឲ្យយកចិត្តទុកដាក់ទទួលព្រះបុត្រាព្រះអង្គដែលកំពុងយាងមក។ 
សូមព្រះអង្គប្រោសឲ្យយើងខ្ញុំព្យាយាមអធិដ្ឋាន ព្រមទាំងប្រុងស្មារតីនៅថៃ្ងដែលព្រះគ្រីស្តគោះទ្វារ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។