១៦ កុម្ភៈ ២០២៧

Written on 02/10/2026
Catholic Faith Cambodia

ថ្ងៃអង្គារ រដូវសែសិបថ្ងៃ សប្តាហ៍ទី០១
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទតមើលមហាគ្រួសាររបស់ព្រះអង្គផង! សូមទ្រង់ព្រះមេត្តាប្រោសឱ្យការតមរបស់យើងខ្ញុំ ជម្រះចិត្តគំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំប៉ងប្រាថ្នាចង់ស្វែងរកព្រះអង្គ និងគាប់ព្រះហប្ញទ័យព្រះអង្គជានិច្ចផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៥៥,១០-១១)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមកស្រោច​ស្រពផែនដី។ ទឹកទាំងនោះមិនវិលត្រឡប់ទៅវិញ ដរាបណាទាល់តែបានធ្វើឱ្យដំណាំ​ដុះឡើង និងបង្កើតភោគផលផ្តល់ពូជបន្តសម្រាប់អ្នកសាបព្រោះ និងផ្តល់អាហារឱ្យគេបរិភោគ។ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើងនឹងមិន​វិលត្រឡប់មករកយើងវិញ ដរាបណាទាល់តែបាបសម្រេចការ តាមបំណងចិត្តរបស់យើង​ជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឱ្យធ្វើមករួចរាល់សព្វគ្រប់។

ទំនុកតម្កើងលេខ ៣៤ (៣៣), ៤-៧.១៦-១៩ បទកាកគតិ

៤ សូមមកប្រកាស នឹងខ្ញុំឱ្យច្បាស់ ដោយពេលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងខ្ញុំគ្នីគ្នា
    តម្កើងព្រះអង្គ ។
៥ ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់ ។
៦ អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ ។
៧ អស់អ្នកកម្សត់ និងមនុស្សទុគ៌ត គេស្រែកដង្ហោយ
  ហៅរកព្រះម្ចាស់ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
    ផុតពីគ្រោះកាច ។
១៦ ព្រះម្ចាស់តែងតែ រំពៃមើលថែ អស់មនុស្សសុចរិត
  ទ្រង់យកព្រះទ័យ ទុកដាក់ពិតៗ ថែទាំនៅជិត
    រាល់ទិនទិវា ។
១៧ ព្រះជាអម្ចាស់ តែងតែប្រកាស ប្រឆាំងគ្រប់គ្រា
  នឹងមនុស្សអាក្រក់ ទុច្ចរិតពាលា កុំមាននរណា
    នឹកនាដល់ឡើយ ។
១៨ ពេលអ្នកទៀងត្រង់ ស្រែករកព្រះអង្គ ទ្រង់មិនកន្តើយ
  ព្រះអង្គសណ្តាប់ ពាក្យគេរួចហើយ រំដោះគេឱ្យ
    ផុតគ្រោះទាំងឡាយ ។
១៩ ព្រះម្ចាស់គង់ស្ថិត ក្បែរអ្នកគ្រាំចិត្ត មានទុក្ខខ្វល់ខ្វាយ
  ព្រះអង្គសង្គ្រោះ អស់អ្នកទាំងឡាយ បានសុខសប្បាយ
    ផុតទុក្ខរីងរៃ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (រម ៨,១៥)

ប បពិត្រព្រះអម្ចាស់ជាព្រះបុត្រានៃព្រះបិតាដ៏មានព្រះជន្មគង់នៅ! យើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
គ មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺដោយព្រះវិញ្ញាណ​ដែលយើងខ្ញុំបានទទួល
ទ្រង់បានផ្តល់ឱ្យយើងខ្ញុំមានចិត្តជាបុត្រធីតា​របស់ព្រះបិតា ហៅព្រះជាម្ចាស់ថា “ព្រះបិតា” ។
ប បពិត្រព្រះអម្ចាស់ជាព្រះបុត្រានៃព្រះបិតាដ៏មានព្រះជន្មគង់នៅ! យើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,៧-១៥

នៅគ្រានោះ ក្រុមសាវ័កជួបជុំគ្នាជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ដូចសាសន៍ដទៃឡើយ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្តាប់គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការមុនអ្នករាល់គ្នាទូលសុំព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ៖ «ឱព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ! សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមរបស់ព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឱ្យព្រះហប្ញទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។ បើអ្នករាល់គ្នាអត់ទោសឱ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់ក៏អត់ទោសឱ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឱ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសឱ្យអ្នករាល់គ្នាដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាដែលបានបង្កើតរបស់សព្វសារពើ! យើងខ្ញុំសូមថ្វាយព្រះអង្គនូវអ្វីៗដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំ ដើម្បីចិញ្ចឹមជីវិតយើងខ្ញុំនៅលើផែនដីនេះ។ សូមទ្រង់ព្រះមេត្តាញុាំងតង្វាយទាំងនេះឱ្យទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ដែលផ្តល់ជីវិតអនន្តឱ្យយើងខ្ញុំ។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំបានទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តក្នុងអភិបូជានេះ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានកម្លាំងដោយអគ្គសញ្ញានេះ។ សូមឱ្យយើងខ្ញុំអាចរម្ងាប់កិលេសតណ្ហា និងយកចិត្ត ទុកដាក់ស្វែងរកសម្បតិ្តបរមសុខផង។