២៥ មីនា ២០២៧

Written on 14/10/2026
Catholic Faith Cambodia

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ​
សប្តាហ៍ព្រះយេស៊ូរងទុក្ខលំបាក​
ព្រះយេស៊ូជប់លៀងក្រុមសាវ័ក
ពណ៌ស

ថ្ងៃព្រហស្បតិ៍មុនព្រះយេស៊ូចូលទិវង្គត ព្រះអង្គសោយព្រះស្ងោយជាមួយក្រុមសាវ័ក១២នាក់។ ព្រះអង្គធ្វើដូច្នេះ ស្របតាមទម្លាប់នៃជនជាតិអ៊ីស្រាអែលដែលតែងតែរៀបពិធីជប់លៀងបែបនេះជារៀងរាល់ឆ្នាំដើម្បីរំឭកព្រះគុណព្រះជាម្ចាស់។ ពេលព្រះយេស៊ូ និងសាវ័ករួមតុជាមួយគ្នា ព្រះអង្គបានលាងជើងក្រុមសាវ័ក។ តាមច្បាប់ដែលមានកត់ត្រាទុកក្នុងគម្ពីរ ជនជាតិអ៊ីស្រាអែលគ្មានសិទ្ធិនឹងប្រើជនជាតិអ៊ីស្រាអែលដូចគ្នាឱ្យលាងជើងរបស់ខ្លួនទេ គឺត្រូវប្រើតែទាសករសាសន៍ដទៃប៉ុណ្ណោះ។ ព្រះអង្គលាងជើងឱ្យក្រុមសាវ័កដូច្នេះ មកពីព្រះអង្គសព្វព្រះហប្ញទ័យធ្វើកាយវិការណាមួយបញ្ជាក់ថា ព្រះអង្គដាក់ខ្លួនធ្វើជាទាសករ។ ព្រះអង្គយាងមកបម្រើមនុស្សលោករហូតដល់បូជាព្រះជន្មដែរ។ ក្រោយមក ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ ហើយចែកនំប័ុង និងស្រាឱ្យក្រុមសាវ័កបរិភោគ។ ព្រះអង្គធ្វើដូច្នេះទុកជាសញ្ញាសម្គាល់សម្តែងឱ្យដឹងថា ព្រះអង្គសព្វព្រះហប្ញទ័យបូជាព្រះកាយដោយគ្មាននរណាបង្ខំ។ នៅពេលជប់លៀងនោះ ព្រះយេស៊ូ ក៏ហុចនំប័ុងឱ្យយូដាសជាសាវ័កក្បត់បរិភោគដែរ។ នេះជាកាយវិការបញ្ជាក់ថា ព្រះអង្គក៏សម្តែងធម៌មេត្តាករុណាដល់អ្នកធ្វើបាបព្រះអង្គដែរ។ ដូច្នេះ ពិធីជប់លៀងនៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ពីអត្ថន័យនៃទុក្ខលំបាករបស់ព្រះយេស៊ូ គឺព្រះអង្គសព្វព្រះហប្ញទ័យសោយទិវង្គត ដើម្បីរំដោះបាបមនុស្សលោក។ ប្រហែលមានមនុស្សខ្លះរងទុក្ខលំបាកធ្ងន់ជាងព្រះយេស៊ូមែន។ ប៉ុន្តែ មានតែព្រះយេស៊ូមួយព្រះអង្គ​គត់ ដែលសព្វព្រះហប្ញទ័យទទួលទុក្ខលំបាកទាំងអស់ដោយមានព្រះហឫទ័យសម្តែងសេចក្តីស្រឡាញ់ដ៏ហួសកម្រិតរបស់ព្រះអង្គ។ ព្រះអង្គស្រឡាញ់ព្រះបិតាហួសពីការស្មានរបស់មនុស្សយើង។ ព្រះអង្គស្រឡាញ់ព្រះបិតាក្នុងនាមមនុស្សទាំងអស់។ ហេតុនេះ ព្រះយេស៊ូរំដោះមនុស្សទាំងអស់ឱ្យបានរួចពីបាប។ ព្រះអង្គមិនប្រើអ្វីក្រៅពីធម៌មេត្តាករុណាឡើយ។ “ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ” ព្រះយេស៊ូផ្តាំឱ្យគ្រីស្តបរិស័ទធ្វើពិធី “អភិបូជា” តទៅទៀត គឺសុំឱ្យយើងរួមចិត្តគំនិតជាមួយព្រះអង្គដែលបូជាព្រះជន្ម និងស្ម័គ្រចិត្តថ្វាយកាយវាចាចិត្តរួមជាមួយព្រះអង្គផង។ គ្រីស្តបរិស័ទមិនគ្រាន់តែធ្វើបុណ្យរំឭកប៉ុណ្ណោះទេ គឺស្ម័គ្រចិត្តបម្រើអ្នកដទៃតាមព្រះយេស៊ូ រហូតដល់បូជាជីវិតរបស់ខ្លួនដែរ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅពេលយប់នេះ ព្រះបុត្រាបានបូជាព្រះជន្ម។ ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំជាព្រះសហគមន៍ នាំគ្នាថ្វាយសក្ការបូជានៃសម្ពន្ធមេត្រីដែលស្ថិតនៅអស់កល្បជានិច្ច។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តស្រឡាញ់ព្រះអង្គនិងអ្នកដទៃ ដូចព្រះយេស៊ូបានស្រឡាញ់យើងខ្ញុំដែរ។ សូមប្រទានជីវិតថ្មីឱ្យយើងខ្ញុំផង។

អត្ថបទទី ១

ជារៀងរាល់ឆ្នាំ ជនជាតិអ៊ីស្រាអែលតែងយកកូនចៀមធ្វើយញ្ញ ដើម្បីនឹកគុណព្រះជាម្ចាស់ដែលប្រទានភោគផលឱ្យគេ និងដែលបានរំដោះប្រជាជនរបស់គេឱ្យរួចពីកណ្តាប់ដៃនៃជនជាតិអេស៊ីបជាដើម។ ឯព្រះយេស៊ូវិញព្រះអង្គបូជាព្រះជន្មព្រះអង្គផ្ទាល់ជំនួសកូនចៀមដើម្បីរំដោះមនុស្សលោកឱ្យរួចពីបាប។

សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១២,១-៨.១១-១៤)

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុននៅស្រុកអេស៊ីបថា៖ «អ្នករាល់គ្នាត្រូវរាប់ខែនេះជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ក្នុងខែនេះ ត្រូវយកកូនចៀមមួយសម្រាប់គ្រួសារនីមួយៗឬផ្ទះនីមួយៗ។ បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលបាន ត្រូវឱ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយដែលអាចបរិភោគអស់។ ត្រូវឱ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមានអាយុមួយខួប និងល្អឥតខ្ចោះ។ អ្នករាល់គ្នាត្រូវរក្សាសត្វនោះទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រាអែលទាំងមូលអារកសត្វនោះក្រោយពេលថ្ងៃលិច។ ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ នៅយប់នោះ ត្រូវយកសាច់ទៅអាំងរួចបរិភោគជាមួយនំប័ុងឥតមេ និងបន្លែល្វីង។ នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបងដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឱ្យរហ័ស។ នេះជាពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។ នៅយប់​នោះយើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្សទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។ ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសម្គាល់ថា អ្នករាល់គ្នាស្នាក់នៅផ្ទះនោះ។ ពេលឃើញឈាម យើងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាចនៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។ អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់។ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅឥតប្រែប្រួលបានឡើយ»។

ទំនុកតម្កើងលេខ ១១៦ (១១៥),១២-១៣.១៥-១៨ បទព្រហ្មគីតិ

១២ តើខ្ញុំអាចយកអ្វី តបព្រះទ័យម្ចាស់ថ្កើងថ្កាន  
  ដែលព្រះអម្ចាស់បាន ប្រោសគ្រប់ប្រាណបានសមរម្យ ។
១៣ គឺខ្ញុំត្រូវលើកពែង ទាំងថ្លាថ្លែងនាមឧត្តម  
  ព្រះអង្គរំដោះខ្ញុំ យើងស្រែកសុំរកព្រះម្ចាស់ ។
១៥ ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្ត្រស្លាប់វេទនា  
  ជនវិសុទ្ធគ្រប់គ្នា ទ្រង់ការពារមិនស្លាប់ឡើយ ។
១៦ ឱ! ព្រះម្ចាស់ប្រសើរ ខ្ញុំបម្រើព្រះអង្គហើយ  
  ព្រះអង្គមិនកន្តើយ ខ្ញុំបានស្បើយពីមរណា ។
១៧ ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយជ្រះថ្លា  
  អង្វរព្រះបិតា ព្រះបុត្រាខ្ពស់ពេកពន់ ។
១៨ ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់  
  នៅមុខប្រជាជន ដែលបានបន់ដល់ព្រះអង្គ ។

អត្ថបទទី ២៖ សូមថ្លែងលិខិតទី១ របស់សន្តប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស (១ករ ១១,២៣-២៦)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំបានជម្រាបជូនបងប្អូននូវសេចក្តីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយក​នំប័ុងមកកាន់ ទ្រង់អរព្រះ​គុណព្រះជាម្ចាស់ហើយកាច់នំប័ុងនោះ ទាំងមានព្រះបន្ទូលថា៖ “នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ”។ លុះ​ជប់​លៀងរួចហើយ ព្រះអង្គធ្វើតាមរបៀបដដែល ទ្រង់យកពែង​មកកាន់ ទាំងមានព្រះបន្ទូលថា៖ “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ”។ រៀងរាល់ពេលដែលបងប្អូនពិសានំប័ុង និងពិសាស្រាពីពែងនេះ បងប្អូនប្រកាស​ថា ព្រះអម្ចាស់សោយទិវង្គត គឺប្រកាសរហូតដល់ពេលព្រះអង្គយាងមកវិញ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៣,៣៤)

ប បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
គ ព្រះអង្គប្រទានវិន័យថ្មីឱ្យយើងខ្ញុំ “គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។
ប បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ១៣,១-១៥)

នៅមុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ស្រឡាញ់គេរហូតដល់ទីបំផុត។ ពេលនោះ ព្រះយេស៊ូ និងក្រុមសាវ័កកំពុងបរិភោគអាហារ។ មារសាតាំងបានធ្វើឱ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូនមានគំនិតនាំគេមកចាប់ព្រះអង្គ។ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថាព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ព្រះអង្គក្រោកឡើង ដោះព្រះពស្ត្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្តើមលាងជើងក្រុមសាវ័ក ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ពេលព្រះអង្គហៀបនឹងលាងជើងឱ្យលោកស៊ីម៉ូនសិលា លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! មិនសមនឹងព្រះអង្គលាងជើងឱ្យទូលបង្គំសោះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះអ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយអ្នកមុខតែយល់ជាមិនខាន»។ លោកសិលាទូលព្រះអង្គថា៖ «ទេ! ព្រះអង្គមិន​លាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ»។ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះទេ សូម​លាងទាំងដៃ ទាំងក្បាលផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលងូតទឹករួច មិនបាច់​លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ!» ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នាទេ” ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេឱ្យមកចាប់ព្រះអង្គ។ កាលព្រះយេស៊ូលាងជើងឱ្យគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នានេះឬទេ? អ្នករាល់គ្នាហៅខ្ញុំថា “ព្រះគ្រូ និងព្រះអម្ចាស់” នោះត្រូវមែន គឺខ្ញុំហើយជាព្រះគ្រូ និងព្រះអម្ចាស់!។ បើខ្ញុំដែលជាព្រះអម្ចាស់ និងជាព្រះគ្រូបានលាងជើងឱ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាង​ជើងឱ្យគ្នាទៅវិញទៅមកដែរ។ ខ្ញុំបានធ្វើជាគំរូឱ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់! ពេលយើងខ្ញុំរួមគ្នាថ្វាយអភិបូជា យើងខ្ញុំនាំគ្នានឹករឭកអំពីព្រះយេស៊ូបូជាព្រះជន្មដើម្បីរំដោះយើងខ្ញុំ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះបុត្រា សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ។

ធម៌លើកតម្កើង

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាដ៏ក្រៃលែង! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តជាមហាបូជាចារ្យដ៏ពិតប្រាកដតែមួយ ដែលគង់នៅអស់កល្បជានិច្ច។ ទ្រង់បានបូជាព្រះជន្មដើម្បីរំដោះយើងខ្ញុំ! ទ្រង់បានផ្តាំយើងខ្ញុំឱ្យថ្វាយសក្ការបូជានេះតទៅមុខទៀតផង។ ពេលយើងខ្ញុំបរិភោគព្រះកាយព្រះគ្រីស្ត យើងខ្ញុំទទួលកម្លាំងថ្មី ពេលយើងខ្ញុំបរិភោគព្រះលោហិតរបស់ព្រះគ្រីស្ត យើងខ្ញុំរួចពីបាប។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយបន្លឺសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាព្រះអង្គ ទុកជាអាហារដែលផ្តល់ជីវិត។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គ មកបំភ្លឺយើងខ្ញុំ ឱ្យសុខចិត្តបូជាជីវិតតាមព្រះគ្រីស្តផង។

ក្រោយអភិបូជា គួរឱ្យគ្រីស្តបរិស័ទនាំគ្នានមស្ការថ្វាយបង្គំព្រះកាយព្រះគ្រីស្ត នឹកដល់ព្រះបញ្ជាព្រះយេស៊ូ កាលព្រះអង្គគង់នៅសួនកេតសេម៉ានីថា៖ “ចូរនៅកំដរខ្ញុំ ចូរនាំគ្នាអធិដ្ឋានឡើង ក្រែងមារល្បួងយកជ័យជម្នះបាន”។

គួរគប្បីអានព្រះគម្ពីរដំណឹងល្អតែងដោយសន្តយ៉ូហាន ជំពូក ១៣ ដល់ ១៧ ស្តីអំពី ព្រះបន្ទូលសន្ទនាជាមួយសាវ័ក ក្រោយពីជប់លៀង។ សូមអានមួយៗ ដោយនឹកសញ្ជឹងគិតពីធម៌មេត្តាករុណារបស់ព្រះអង្គ។