១២ មីនា ២០២៧

Written on 13/10/2026
Catholic Faith Cambodia

ថ្ងៃសុក្រ រដូវសែសិបថ្ងៃ សប្តាហ៍ទី០៤
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យជួយឧបត្ថម្ភយើងខ្ញុំជាមនុស្សទន់ខ្សោយ តាមសេចក្តីត្រូវការរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសប្បាយរីករាយ ដោយទទួលការសង្គ្រោះពីព្រះអង្គ។ សូមឱ្យយើងខ្ញុំរស់នៅយ៉ាងបរិសុទ្ធត្រឹមត្រូវ ដើម្បីធ្វើជាសាក្សីនៃការសង្គ្រោះនេះផង។

សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ (ប្រាញ ២,១.១២-២២)

អ្នកគ្មានប្រាជ្ញាយល់ខុសដោយនិយាយគ្នាថា៖ «យើងត្រូវរកឧបាយកលចាប់មនុស្សសុចរិត ព្រោះគេចេះតែមករំខានពួកយើង ដោយជំទាស់នឹងកិច្ចការដែលយើងប្រព្រឹត្ត ហើយស្តីបន្ទោសយើងថាបំពានវិន័យ និងក្បត់ប្រពៃណីរបស់យើង។ មនុស្សសុចរិតនោះអះអាង​ថា ខ្លួនស្គាល់ព្រះជាម្ចាស់ ហើយប្រកាសថា ខ្លួនជាបុត្ររបស់ព្រះអម្ចាស់ របៀបរស់នៅរបស់គេ ដូចជាចោទប្រកាន់គំនិតរបស់យើង គ្រាន់តែឃើញមុខគេក៏យើងទ្រាំលែងបានដែរ ដ្បិតរបៀបរស់នៅរបស់គេ ខុសពីរបៀបរស់នៅរបស់អ្នកឯទៀតៗ ហើយកិរិយាមា​រយាទរបស់គេ ក៏ខុសប្លែកពីអ្នកដទៃដែរ។ គេចាត់យើងទុកជាជនអាស្រូវ ហើយគេចៀសចេញឆ្ងាយពីយើង ដូចចៀសពីគំនរសំរាម។ គេចេះតែប្រកាសថា មនុស្សសុចរិតទទួលសុភមង្គលនៅពេលផុតជីវិត ហើយអួតអាងថា ព្រះជាម្ចាស់ជាព្រះបិតារបស់គេ។ យើងនាំគ្នាចាំមើល តើពាក្យរបស់គេត្រឹមត្រូវដែរឬយ៉ាងណា យើងនឹងពិនិត្យមើលថា តើជីវិតរបស់គេត្រូវបញ្ចប់ដោយរបៀបណា។ បើមនុស្ស​សុចរិតពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រះអង្គមុខជាយាងមកជួយគេ ហើយរំដោះគេឱ្យរួចពីកណ្តាប់ដៃរបស់បច្ចាមិត្តជាមិនខាន។ យើងល្បងលមើលគេដោយត្មះតិះដៀល និងធ្វើទារុណកម្មដើម្បីឱ្យឃើញថា គេមានចិត្តស្លូតបូត ខន្តី អត់ធ្មត់ដល់កម្រិតណា។ យើងនាំគ្នាដាក់ទោសប្រហារជីវិតគេយ៉ាងថោកទាបបំផុត ដ្បិតគេអះអាងថា ព្រះជាម្ចាស់នឹងយាងមកសង្គ្រោះគេ»។ ពួកគេរិះគិតដូច្នេះ ព្រោះគេវង្វេងស្មារតីហើយ! គំនិតអាក្រក់របស់ពួកគេ បានធ្វើឱ្យខ្លួនមើលអ្វីលែងឃើញ។ ពួកគេមិនស្គាល់គម្រោងការដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ហើយគ្មានសង្ឃឹមថានឹងទទួលរង្វាន់ដោយការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេ។ គេមិនយល់អំពីកិត្តិយសដែលព្រះអង្គប្រទានដល់មនុស្សឥតសៅហ្មងឡើយ។

ទំនុកតម្កើងលេខ ៣៤(៣៣),១៧-២១.២៣ បទកាកគតិ

១៧ ព្រះជាអម្ចាស់ តែងតែប្រកាស ប្រឆាំងគ្រប់គ្រា
  នឹងមនុស្សអាក្រក់ ទុច្ចរិតពាលា កុំមាននរណា
    នឹកនាដល់ឡើយ ។
១៨ ពេលអ្នកទៀងត្រង់ ស្រែករកព្រះអង្គ ទ្រង់មិនកន្តើយ
  ព្រះអង្គសណ្តាប់ ពាក្យគេរួចហើយ រំដោះគេឱ្យ
    ផុតគ្រោះទាំងឡាយ ។
១៩ ព្រះម្ចាស់គង់ស្ថិត ក្បែរអ្នកគ្រាំចិត្ត មានទុក្ខខ្វល់ខ្វាយ
  ព្រះអង្គសង្គ្រោះ អស់អ្នកទាំងឡាយ បានសុខសប្បាយ
    ផុតទុក្ខរីងរៃ ។
២០ មនុស្សសុចរិត រមែងជួបពិត ទុក្ខលំបាកក្រៃ
  ប៉ុន្តែព្រះម្ចាស់ តែងជួយលកលៃ រំដោះផុតភ័យ
    បានសុខគ្រប់គ្រា ។
២១ ព្រះជាអម្ចាស់ ទ្រង់សប្បុរសណាស់ តាមថែរក្សា
  ដល់មនុស្សសុចរិត គ្រប់ៗអាត្មា គ្មានឆ្អឹងមួយណា
    ត្រូវបាក់បែកឡើយ ។
២៣ ព្រះម្ចាស់សង្គ្រោះ ជីវិតទាំងអស់ ដល់អ្នកដែលបាន
  បម្រើព្រះអង្គ ពឹងផ្អែកផ្ញើប្រាណ តែងទទួលបាន
    សុខផុតទុក្ខទោស ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,៤)

ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ហើយធម្មវិន័យព្រះអង្គផ្តល់សេរីភាព។
គ មនុស្សរស់នៅមិនដោយសារអាហារប៉ុណ្ណោះទេ គឺរស់នៅដោយសារគ្រប់ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ។
ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ហើយធម្មវិន័យព្រះអង្គផ្តល់សេរីភាព។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៧,១-២.១០.២៥-៣០)

ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចុះ​ឡើង​កាត់​ស្រុក​កាលី‌ឡេ ដ្បិត​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​យាង​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន​ជាតិ​យូដា​រក​ធ្វើ​គុត​ព្រះ‌អង្គ។ពេលនោះ ជិតដល់ថ្ងៃបុណ្យរបស់ជនជាតិយូដាមួយឈ្មោះ “បុណ្យបារាំង”។ កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ទ្រង់យាងទៅស្ងាត់ៗមិនឱ្យនរណាឃើញឡើយ។ មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់ ឥឡូវនេះលោកនិយាយដោយចេញមុខ ចុះម្តេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ?។ ប្រហែលអ្នកដឹកនាំរបស់យើងទទួលស្គាល់ថា លោកពិតជាព្រះគ្រីស្តទេដឹង ប៉ុន្តែ ពេលព្រះគ្រីស្តយាងមកគ្មាននរណាដឹងថា ទ្រង់យាងមកពីណាទេ។ រីឯលោកនេះវិញយើងដឹងហើយថា គាត់មកពីណា»។ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្តាជនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងខ្ញុំមកពីណាទៀត! ក៏ប៉ុន្តែ ខ្ញុំមិន​មែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឱ្យមកទ្រង់សម្តែងសេចក្តីពិត តែអ្នករាល់គ្នាមិនស្គាស់ព្រះអង្គទេ។ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយទ្រង់បានចាត់ខ្ញុំឱ្យមក»។ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គពុំទាន់បានមកនៅឡើយ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូបានបូជាព្រះជន្មដើម្បីចែកប្រទានព្រះជន្មនេះឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំ ព្រមទាំងប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះយេស៊ូគ្រប់ពេលវេលាផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះកាយនឹងព្រះលោហិតព្រះយេស៊ូឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យលះបង់គំនិតចាស់ចោល សូមប្រទានចិត្តគំនិតថ្មីដ៏បរិសុទ្ធឱ្យយើងខ្ញុំផង។