០៨ មីនា ២០២៧

Written on 02/10/2026
Catholic Faith Cambodia

ថ្ងៃចន្ទ រដូវសែសិបថ្ងៃ សប្តាហ៍ទី៤
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែប្រើអគ្គសញ្ញានានាដើម្បីប្រែពិភពលោកនេះឱ្យបានជាថ្មី។ សូមព្រះអង្គមេត្តាប្រោសព្រះសហគមន៍ព្រះអង្គឱ្យរីកចម្រើនឡើង ក្នុងការចែកសម្បត្តិនៃស្ថានបរមសុខឱ្យមនុស្សលោក។ សូមជួយឧបត្ថម្ភព្រះសហគមន៍ជានិច្ចផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៦៥,១៧-២១)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បន្តិចទៀត យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុនគេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹកឃើញទៀតទេ! ចូរត្រេកអរឡើង! ចូរសប្បាយរីករាយដោយឥតឈប់ឈរចំពោះអ្វីៗដែលយើងបង្កើតមក ដ្បិតយើងបង្កើតក្រុងយេរូសាឡឹមថ្មី ពោរពេញដោយអំណរសប្បាយរីករាយ។ យើងបង្កើតប្រជាជនមួយដែលស្គាល់តែអំណរជានិច្ច។ យើងក៏ត្រេកអរសប្បាយនឹងក្រុងយេរូសាឡឹម ហើយរីករាយនឹងប្រជាជនរបស់យើងដែរ។ គេលែងឮស្នូរសម្រែកយំសោកទៀតហើយ! នៅក្រុងនោះលែងមានទារករស់បានតែបួនដប់ថ្ងៃទៀតហើយ! ប្រជាជនទាំងអស់សុទ្ធតែមានអាយុវែង ដ្បិតអ្នកដែលស្លាប់ក្មេងជាង​គេមានអាយុយ៉ាងហោចណាស់មួយរយឆ្នាំ រីឯមនុស្សដែលរស់បានត្រឹមមួយរយឆ្នាំ គេចាត់ទុកជាអ្នកបានទទួលបណ្តាសា។ ពេលនោះ គេសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ គេដាំដំណាំ ហើយគេក៏បរិភោគផលពីដំណាំនោះដែរ»។

ទំនុកតម្កើងលេខ ៣០(២៩) ,២-៦.៩.១២-១៣ បទពាក្យ ៧

១ បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំសូមលើកតម្កើង  
  ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើង មិនឱ្យពួកខ្មាំងលេងសើចបាន ។
២ ឱ! ព្រះអម្ចាស់ដែលជាព្រះ ប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន  
  ខ្ញុំអង្វរសុំក្តីសុខសាន្ត ហើយទ្រង់ប្រោសប្រាណឱ្យបានជា ។
៤ បពិត្រព្រះម្ចាស់ដ៏ឧត្តម ស្រង់ទូលបង្គំផុតវេទនា  
  ចេញពីរណ្តៅជនមរណា ប្រទានជីវ៉ារស់ជាថ្មី ។
៥ ឱ! អ្នករាល់គ្នាដែលជារាស្ត្រ របស់ព្រះម្ចាស់ដ៏ប្រពៃ  
  ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃ វិសុទ្ធពេកក្រៃនៃព្រះអង្គ ។
៦ ព្រះអង្គខ្ញាល់តែមួយភ្លែតសោះ ប្រណីសន្តោសមនុស្សទាំងពួង  
  ពេលល្ងាចគេយំចិត្តមួរហ្មង ព្រលឹមស្រាងឡើងអរសប្បាយ ។
៩ ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ ខ្ញុំស្រែកដង្ហោយមិនកំណត់  
  អង្វរព្រះអង្គតែមួយគត់ រាល់ពេលទៀងទាត់ទទូចថា ។
១២ ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខ អាប់អួរសព្វមុខមិនមានហ្មង  
  ឥតមានកាន់ទុក្ខរីករាយម្តង ខោអាវល្អផងពាក់សប្បាយ ។
១៣ ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើង ស្មូត្របទតម្កើងមិនជិនណាយ  
  ឱ! ព្រះម្ចាស់អើយខ្ញុំឱនកាយ ក្រាបបង្គំថ្វាយលើកតម្កើង ។

ពីធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (អម៥,១៤)

ប សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរអស់កល្បជានិច្ច! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
គ ចូរយកចិត្តទុកដាក់ធ្វើអំពើល្អ កុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ! ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត ហើយព្រះអម្ចាស់គង់នៅជាមួយអ្នករាល់គ្នា។
ប សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរអស់កល្បជានិច្ច! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៤,៤៣-៥៤) 

នៅគ្រានោះ ព្រះយេស៊ូយាងឆ្ពោះទៅកាន់ស្រុកកាលីឡេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។ លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានសម្តែងក្នុងឱកាសបុណ្យចម្លងនៅក្រុងយេរូសាឡឹម ដ្បិតគេក៏ទៅចូលរួមបុណ្យនេះដែរ។ ព្រះអង្គយាង​ត្រឡប់ទៅភូមិកាណាក្នុងស្រុកកាលីឡេម្តងទៀត ជាភូមិដែលព្រះអង្គបានធ្វើឱ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់មកពីភូមិកាផានុម កូនប្រុសរបស់លោកមានជំងឺ។ កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោកដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឱ្យបានជាសះស្បើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រ​សិនបើអ្នករាល់គ្នាមិនបានឃើញទីសម្គាល់ និងប្ញទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។ មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកអញ្ជើញមក ក្រែងកូនខ្ញុំប្របាទស្លាប់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សូមលោកអញ្ជើញទៅចុះ! កូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ចេញដំណើរទៅ។ ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញទៅជម្រាបលោកថា កូនរបស់លោករស់ហើយ។ លោកក៏សួរអ្នកបម្រើឱ្យដឹងថា កូនបានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។ ឪពុកដឹងថា គឺនៅម៉ោងនោះហើយដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា ”កូនរបស់លោករស់ហើយ!”។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូលក៏ជឿលើព្រះអង្គដែរ។ នេះជាទី​សម្គាល់​លើកទីពីរដែលព្រះយេស៊ូបានធ្វើនៅពេលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ សូមសង្គ្រោះយើងខ្ញុំផង។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យរួចផុតពីកិលេសតណ្ហា និងពីសៅហ្មងនានា។ សូមប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំ ដើម្បីផ្តល់កម្លាំង និងជីវិតថ្មីឱ្យយើងខ្ញុំ។ សូមប្រោសយើងខ្ញុំឱ្យគាប់ព្រះហប្ញទ័យព្រះអង្គ សូមណែនាំយើងខ្ញុំទៅកាន់សុភមង្គលអនន្តផង។