០៦ មីនា ២០២៧

Written on 14/10/2026
Catholic Faith Cambodia

ថ្ងៃសៅរ៍ រដូវសែសិបថ្ងៃ សប្តាហ៍ទី០៣
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំមានអំណរ ដោយប្រារព្ធពិធីផ្សេងៗក្នុងរដូវអប់រំពិសេសនេះ គឺយើងខ្ញុំខិតខំរួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត និងទួលព្រះជន្មថ្មី។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចម្រើនក្នុងផ្លូវនេះកាន់តែប្រសើរឡើងៗផង។

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ (ហស ៦,១-៦)

ប្រជាជននិយាយគ្នាទៅវិញទៅមកថា៖ «ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ ព្រះអង្គបានធ្វើឱ្យពួកយើងរបួស ព្រះអង្គមុខជានឹងប្រោសពួកយើងឱ្យជាវិញ! ព្រះអង្គបានប្រហារពួកយើង ព្រះអង្គនឹងរុំរបួសឱ្យពួកយើង។ ពីរថ្ងៃទៀតព្រះអង្គនឹងប្រទានជីវិតឱ្យពួកយើងវិញ។ នៅថ្ងៃទីបីព្រះអង្គនឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។ ចូរយកចិត្តទុកដាក់ស្គាល់ព្រះអម្ចាស់ឱ្យបានច្បាស់ ព្រះអង្គមុខជាយាងមកជួយពួកយើង ប្រាកដដូចព្រះអាទិត្យរះ។ ព្រះអង្គនឹងយាងមកប្រោសពួកយើងដូចភ្លៀងធ្លាក់ គឺភ្លៀងដែលធ្លាក់នៅចុងរដូវស្រោចស្រពផែនដី»។ ព្រះអម្ចាស់មានព្រះបន្ទូលតបទៅវិញថា៖ «អេប្រាអ៊ីមអើយ! តើឱ្យយើងជួយអ្នកដូចម្តេចបាន? យូដាអើយ! តើឱ្យយើងជួយអ្នកដូចម្តេចបាន? បើចិត្តភក្តីរបស់អ្នករាល់គ្នាមកលើយើង ប្រៀបបាននឹងអ័ព្ទនៅពេលព្រលឹម និងទឹកសន្សើមនៅពេលព្រឹកដែលបាត់ទៅវិញដូច្នេះ! ហេតុនេះហើយ បានជាយើងប្រើពួកព្យាការីឱ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នាដោយពាក្យសម្តីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យទោសអ្នករាល់គ្នាភ្លឺដូចពន្លឺថ្ងៃ ដ្បិតយើងចង់បានតែចិត្តភក្តីប៉ុណ្ណោះ គឺមិនចង់បានយញ្ញបូជាទេ យើងចង់ឱ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកតង្វាយដុតមកឱ្យយើង»។

ទំនុកតម្កើងលេខ ៥១(៥០), ៣-៤.១៨-២១ បទពាក្យ ៧

៣​​​ ឱ! ព្រះជាម្ចាស់ទូលបង្គំ សូមលើកទោសខ្ញុំហើយមេត្តា  
  តាមព្រះហប្ញទ័យករុណា លើសលប់អស្ចារ្យព្រះអង្គផង ។
  សូមលើកទោសឱ្យទូលបង្គំ ផុតទុក្ខក្រៀមក្រំគ្រានេះម្តង  
  ព្រះទ័យអាណិតអាសូរផង ព្រោះតែព្រះអង្គឥតមានខ្ចោះ ។
៤ សូមជួយលុបលាងខ្ញុំឱ្យជ្រះ ឱ្យស្អាតស្រឡះពីកំហុស  
  ជួយជម្រះខ្ញុំស្អាតផងចុះ ឱ្យបរិសុទ្ធអស់អំពើបាប ។
១៨ ព្រះអង្គមិនដែលសព្វព្រះទ័យ ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច  
  ទោះតង្វាយដុតទាំងមូលស្រេច ក៏ទ្រង់គ្មានកិច្ចចង់បានដែរ ។
១៩ យញ្ញដែលព្រះអង្គសព្វព្រះទ័យ ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ  
  គឺចិត្តសោសៅទុក្ខឥតល្ហែ និងចិត្តកែប្រែលែងក្អេងក្អាង ។
២០ ឱ!ព្រះម្ចាស់អើយសូមប្រណី ក្រុងស៊ីយ៉ូនថ្មីស្រស់ស្រឡាង  
  មេត្តាសូមទ្រង់ជួយកសាង សាឡឹមថ្កើងថ្កានឡើងវិញផង ។
២១ ពេលនោះព្រះអង្គមុខជាសព្វ ព្រះហប្ញទ័យគាប់មិនសៅហ្មង  
  តង្វាយដុតនិងយញ្ញតែម្តង គោឈ្មោលមកផងថ្វាយអាសនៈ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់វិញ្ញាណ និងជីវិត។
គ នៅថ្ងៃនេះ យើងមិនត្រូវមានចិត្តរឹងរូសឡើយ! ត្រូវតែស្គាល់ព្រះសូរសៀងព្រះអម្ចាស់វិញ។
ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់វិញ្ញាណ និងជីវិត។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១៨,៩-១៤)

ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅកាន់អ្នកខ្លះដែលនឹកស្មានថា ខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិដ្ឋានក្នុងព្រះវិហារ។ ម្នាក់ខាងគណៈផារីស៊ី ម្នាក់ទៀតជាអ្នកទារពន្ធ។ បុរសខាងគណៈផារីស៊ីឈរអធិដ្ឋានក្នុងចិត្តថា ”បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ! ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបានមួយភាគដល់ព្រះអង្គ»។ រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងទូលថា៖ “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឱ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ដែលជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំមានចិត្តស្អាតបរិសុទ្ធ ដើម្បីមកថ្វាយសក្ការបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រកាសជំនឿថា អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គប្រទានឱ្យ។ សូមឱ្យយើងខ្ញុំចេះតបស្នងសង ព្រះគុណ ចំពោះធម៌មេត្តាករុណារបស់ព្រះអង្គផង។

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជា ព្រះអង្គប្រទានព្រះអំណោយទានយ៉ាងបរិបូណ៌ឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យគោរពប្រណិប័តន៍ព្រះអង្គ ស្របតាមអត្ថន័យពិធីនេះ។ សូមពង្រឹងជំនឿនិងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។