០៨ កុម្ភៈ ២០២៧

Written on 01/10/2026
Catholic Faith Cambodia

ថ្ងៃចន្ទ រដូវធម្មតា 
សប្តាហ៍ទី០៥ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើត (កណ ១,១-១៩)

កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានប្រតិស្ឋានផ្ទៃមេឃ និងផែនដី។ នៅគ្រា​នោះ ផែនដីគ្មានរូបរាង ហើយនៅទទេ មានតែភាពងងឹតពីលើជម្រៅទឹក។ ព្រះ​​វិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរ​មានពន្លឺ!»។ ពន្លឺក៏កើតមានឡើង។ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរ​ហើយ។ ព្រះអង្គក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ហៅពន្លឺថា «ថ្ងៃ» និង​ហៅភាពងងឹតថា «យប់» ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យមានលំហដ៏រឹងមាំនៅកណ្តាលទឹកក ដើម្បី​ញែកទឹកចេញពីគ្នា»។ ព្រះជាម្ចាស់ក៏បង្កើតលំហរដ៏រឹងមាំនោះ ហើយញែកទឹកដែល​នៅខាងក្រោមចេញពីទឹកដែលនៅខាងលើ។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ព្រះជាម្ចាស់ហៅ​លំហរដ៏រឹងមាំនោះថា «មេឃ»។ ពេលនោះ មានល្ងាច មានព្រឹក​គឺជាថ្ងៃទីពីរ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូលឱ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែង​តែមួយ និងឱ្យផ្នែកគោកលេចមក»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ ព្រះជាម្ចាស់​ហៅគោកនោះថា «ដី» រីឯទឹកដែលផ្តុំគ្នាវិញទ្រង់ហៅថា «សមុទ្រ»។ ព្រះជាម្ចាស់​ទតឃើញថាដី និងសមុទ្រប្រសើហើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យដីដុះតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែលើផែនដី តាមពូជរបស់វា និងមានគ្រាប់បន្តពូជ!»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ដីក៏ដុះតិណជាតិ ធញ្ញជាតិ ដែលមានគ្រាប់ពូជ​តាមពូជរបស់វា និងរុង្ខជាតិដែលបង្កើតផ្លែ មានគ្រាប់បន្តពូជតាមពូជរបស់វា។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មាន​ព្រឹក គឺជាថ្ងៃទីបី។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែក​ថ្ងៃចេញពីយប់ ទុកជាសំគាត់សម្រាប់កំណត់ពេលវេលាថ្ងៃ និងឆ្នាំ ហើយជាដុំពន្លឺ​នៅលើមេឃ ដើម្បីបំភ្លឺផែនដី»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដំពន្លឺមួយដែលធំជាងឱ្យគ្រប់គ្រងនៅពេលថ្ងៃ ហើយដុំ​ពន្លឺមួយដែលតូចជាង ឱ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំង​ឡាយដែរ ព្រះជាម្ចាស់ដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាសឱ្យបំភ្លឺផែនដី ដើម្បី​គ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីងងឹត។ ព្រះជាម្ចាស់​ទតឃើញថា អ្វីៗទាំងនោះល្អប្រសើហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជា​ថ្ងៃទីបួន។

ទំនុកតម្កើងលេខ ១០៤ (១០៣),១-២.៥-៦.១០.១២.២៤.៣៥ បទពាក្យ ៧

១ ខ្ញុំសូមតម្កើងព្រះអម្ចាស់ ប្រសើខ្លាំងណាស់អស់ពីចិត្ត  
  ព្រះអង្គជាព្រះនៃខ្ញុំពិត ឧត្តមបំផុតលើលោកា ។
២ ព្រះអង្គទ្រង់យកពន្លឺមក ដណ្តប់គ្រងគ្រប់ជាភូសា  
  ទ្រង់លាតអស់ទាំងផ្ទៃមេឃា ធ្វើព្រះពន្លាល្អឥតអាក់ ។
៥ រីឯផែនដីមហាធំ ទ្រង់បានតាំងមាំឥតរង្គើ  
  នៅលើគ្រឹះរឹងឥតអ្វីស្មើ ឥតមានរង្គើមាំពេកកូវ ។
៦ ព្រះអង្គបានយកសមុទ្រគ្រប ដណ្តប់រុំស្រោបដូចខោអាវ  
  ទោះកំពូភ្នំក៏គង់ត្រូវ មានទឹកគ្របនៅពីលើដែរ ។
១០ ទ្រង់បញ្ជូនទឹកពីប្រភព ឱ្យហូរសាយសព្វទៅក្នុងជ្រោះ  
  ហូរតាមជ្រលងភ្នំទាំងអស់ មិនមានចន្លោះសព្វទីសា ។
១២ បក្សីបក្សាធ្វើសំបុក រស់នៅអែអុកច្រើនពន់ពេក  
  គេយំពិរោះខ្លាំងអនេក នៅគ្រប់តាមមែកដើមព្រឹក្សា ។
២៤ បពិត្រព្រះអើយព្រះអម្ចាស់ គ្រប់ស្នាព្រះហស្តច្រើនមិនតិច  
  ផែនដីមានអ្វីច្រើនអនេក សុទ្ធតែកើតមកពីព្រះអង្គ ។
៣៥ សូមឱ្យអ្នកបាបវិនាសបាត់ រលាយខ្ចាយខ្ចាត់ផុតស្រឡះ  
  សូមឱ្យពួកគេងស់ទាំងនោះ រលាយបាត់អស់ក្លាយជាដី ។
  រីឯរូបខ្ញុំសូមប្រណម្យ ហត្ថាបង្គំថ្វាយម្ចាស់ថ្ងៃ  
  សូមលើកតម្កើងជោគសិរី រុងរឿងប្រពៃព្រះអម្ចាស់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,២៣)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,៥៣-៥៦)

ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាង ចូលក្នុងស្រុកកេនេសារ៉ែត ហើយ​គេក៏នាំគ្នាចតទូក។ ព្រះអង្គយាងឡើយលើគោកជាមួយសាវ័ក។ ពេលនោះ មនុស្ស​ម្នាស្គាល់ព្រះអង្គភ្លាម។ គេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ ហើយនាំគ្នាលែងអ្នកជំងឺទៅកន្លែងដែលគេឮថាព្រះអង្គគង់នៅ។ គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅ​ក្នុងភូមិ ក្នុងក្រុង ឬតាមស្រុកស្រែក្តី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ហើយទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្រ្តព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលពាល់ព្រះអង្គបានជាសះស្បើយគ្រប់ៗគ្នា។