០៩ កុម្ភៈ ២០២៦

Written on 08/09/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី០៥ ឆ្នាំ«គូ» 
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ ១ពង្ស (៨,១-៧.៩-១៣)

គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ពន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឱ្យមក​គាល់នៅក្នុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ពីបូរីព្រះបាទ​ដាវីឌ គឺក្រុងស៊ីយ៉ូនមកព្រះដំណាក់។ ប្រជាជនអ៊ីស្រាអែលទាំងអស់ នាំគ្នាមកគាល់​ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។ អស់លោកព្រឹទ្ធាចារ្យ​នាំគ្នាមកដល់ ហើយអស់លោកបូជាចារ្យក៏លើកហិបសម្ពន្ធមេត្រីសែង។ អស់លោក​បូជាចារ្យ និងពួកលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ូន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយ​ដែរ។ ព្រះបាទ​សាឡូម៉ូន និសហគមន៍អ៊ីស្រាអែលទាំងមូល ដែលទ្រង់បានអញ្ជើញ​ឱ្យមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើន​ឥតគណនាមកថ្វាយជាយញ្ញបូជា។ បន្ទាប់មក បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់​ត្រង់កន្លែងដែលគេបំរុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីដ៏សក្ការៈបំផុតនៅក្រោមស្លាបរបស់សត្វខេរូប៊ីម។ ខេរូប៊ីមទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិបដើម្បីបាំងហិប និងឈើស្នែង។ នៅក្នុងហិបនោះ គ្មានអ្វីក្រៅពីថ្មពីរបន្ទះដែលលោក​ម៉ូសេបានតម្កល់ទុក កាលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល​ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីបនោះឡើយ។
កាលអស់លោកបូជាចារ្យចេញពីទីសក្ការៈមកវិញ​នោះ ស្រាប់តែមានពពកពេញ​ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ដោយសារតែពពកនេះ ក្រុមបូជាចារ្យពុំអាច​បំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុង​ព្រះដំណាក់របស់ព្រះអង្គ។ ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖ «ព្រះ​អម្ចាស់សព្វព្រះហប្ញទ័យគង់ក្នុងពពកដ៏ក្រាស់! បពិត្រព្រះអម្ចាស់ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់ថ្វាយព្រះអង្គគង់អស់កល្បជានិច្ច»។

ទំនុកតម្កើងលេខ ១៣២(១៣១),១.២.៤.៥.៧-១០ បទព្រហ្មគីតិ

ឱ! ព្រះម្ចាស់ឧត្តម​ សូមនឹកចាំដល់ដាវីឌ  
  និងការដែលនឿយហត់ របស់ព្រះរាជាផង
ព្រះករុណាបានស្បថ ជាកំណត់នឹងព្រះអង្គ  
  ទ្រង់បានសន្យាផង ជាមួយព្រះយ៉ាកុបថា ៖
“ទូលបង្គំមិនចូលជ្រក ក្នុងជំរកព្រះពន្លា  
  មិនព្រមចូលនិន្រ្ទា នៅលើគ្រែខ្ញុំឡើយណា
ដើម្បីថ្វាយព្រះម្ចាស់ មានតេជៈខ្លាំងក្លាហាន  
  នៃលោកយ៉ាកុបថ្កាន បើមិនបានខ្ញុំសោកា
ចូរយើងនាំគ្នីគ្នា គ្រប់អង្គាចូលដំណាក់  
  នៃព្រះជាអម្ចាស់ ក្រាបទាបព្រះបាទទាថ្កើង
ឱ! ព្រះជាអម្ចាស់ មេត្តាប្រោសសូមតើនឡើង  
  ជាមួយហឹបព្រះអង្គ សូមយាងគង់រហូតទៅ
សូមឱ្យបូជាចារ្យ គ្រប់ៗគ្នាកុំហ្មងសៅ  
  ធ្វើសុចរិតជាផ្លូវ រាស្រ្តរស់នៅហ៊ោសប្បាយ
១០ ដោយយល់ដល់ព្រះបាទ នាមដាវីឌដ៏ស្រស់ស្រាយ  
  កុំចោលស្តេចនេះឡើយ គឺទ្រង់ហើយបានអភិសេក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ (៤,២៣)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក(៦,៥៣-៥៦)

ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាង ចូលក្នុងស្រុកកេនេសារ៉ែត ហើយ​គេក៏នាំគ្នាចតទូក។ ព្រះអង្គយាងឡើយលើគោកជាមួយសាវ័ក។ ពេលនោះ មនុស្ស​ម្នាស្គាល់ព្រះអង្គភ្លាម។ គេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថា ព្រះអង្គគង់នៅ។ គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅ​ក្នុងភូមិ ក្នុងក្រុង ឬតាមស្រុកស្រែក្តី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ហើយទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្រ្តព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលពាល់ព្រះអង្គបានជាសះស្បើយគ្រប់ៗគ្នា។