១៤ កុម្ភៈ ២០២៦

Written on 03/09/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យ០៥ ឆ្នាំ«គូ»
ពណ៌ស  

បុណ្យរម្លឹក
សន្តស៊ីរីលជាបព្វជិត និងសន្តមេតូដជាអភិបាលព្រះសហគមន៍

សូមចុចទីនេះ

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ (១ពង្ស ១២,២៦-៣២, ១៣,៣៣-៣៤)

ព្រះបាទយេរ៉ូបោមរិះគិតថា៖«យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រាជវង្សព្រះបាទដាវីឌមិនខាន។ ប្រសិនបើប្រជាជន របស់ខ្ញុំ នៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករ៉ូបោម ជាស្តេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំមិនខាន»។ ស្តេចបានរិះគិតអំពី មធ្យោបាយមួយ គឺឱ្យគេសិតធ្វើគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ!។ អ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ ស្តេច​តំកល់រូបគោ មួយនៅបេតអែល និងមួយទៀតនៅក្រុងដាន់។ ស្តេចបាននាំប្រជាជនឱ្យប្រព្រឹត្ត អំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។ ព្រះបាទយេរ៉ូបោមសង់ទីសក្ការៈនៅតាមទួលខ្ពស់ៗ រួចបានជ្រើសរើសមនុស្សពីចំណោម​ប្រជាជនដែលមិនមែនជាពួកលេវី ឱ្យធ្វើជាបូជាចារ្យ។ ព្រះបាទយេរ៉ូបោមបានកំណត់យកថ្ងៃទីដប់ប្រាំ នៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធី​បុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្តេចយាងទៅថ្វាយយញ្ញបូជានៅលើ​អាសនៈ។ ស្តេចបានប្រព្រឹត្តរបៀបនេះ នៅបេតអែល គឺថ្វាយយញ្ញបូជាចំពោះរូបគោដែលស្តេចបានធ្វើ ព្រមទាំងយកបូជាចារ្យដែលស្តេចជ្រើសរើស សម្រាប់បម្រើការក្នុងទីសក្ការៈតាមទួលខ្ពស់ៗ ឱ្យមកបម្រើការនៅបេតអែលផង។ ព្រះបាទយេរ៉ូបោម​នៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តជ្រើរើសមនុស្សក្នុងចំណោម​ប្រជាជនមកធ្វើជាបូជាចារ្យ សម្រាប់បម្រើការក្នុងទីសក្ការៈនៅតាមទួលខ្ពស់ៗ។ បើ​មានអ្នកណាចង់បម្រើកិច្ចការនេះ ស្ដេចក៏តែងតាំងគេឱ្យបម្រើការក្នុងទីសក្ការៈ នៅតាម​ទួលខ្ពស់ៗ។ អំពើទាំងនេះនាំឱ្យរាជវង្សរបស់ព្រះបាទយេរ៉ូបោមប្រព្រឹត្ដអំពើបាប ហេតុនេះហើយ បានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។

ទំនុកតម្កើងលេខ ១០៦ (១០៥),៦-៧.១៩-២២ បទពាក្យ ៧

៦ យើងខ្ញុំបានធ្វើអំពើបាប អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ  
  ដូចបុព្វបុរសកន្លងទៅ ធ្វើរឿងអាស្រូវមិនទំនង ។
៧ កាលនៅអេស៊ីបបុព្វបុរស បំភ្លេចទាំងអស់គ្រាកន្លង  
  ពុំយល់ពីការអស្ចារ្យផង របស់ព្រះអង្គធ្វើនោះទេ ។
១៩ លើភ្នំហូរ៉ែបគេជួបជុំ យកមាសទាំងដុំនាំគ្នាជួយ  
  ឆ្លាក់ដាប់ដុតដំបានគោមួយ គេលែងភ័យព្រួយទុកជាព្រះ ។
២០ ពួកគេបែរជាយករូបសត្វ មកទុកថ្វាយថ្វាត់ក្រាបសំពះ  
  ជាសត្វស៊ីស្មៅដើរពេញពាស ទុកដូចជាព្រះគួរគោរព ។
២១ ពួកគេភ្លេចថាព្រះតែមួយ ជាព្រះដែលជួយទាំងថ្ងៃយប់  
  ដោយស្នាព្រះហស្តខ្ពស់លើសលប់ ពាសពេញសាយសព្វស្រុកអេស៊ីប  
២២ ការអស្ចារ្យទៀតដែលមាននៅ ក្នុងស្រុកកូនចៅអប្រាហាំស្រាប់ ។
  និងស្នាព្រះហស្តដ៏ចំណាប់ គួរឱ្យស្ញែងស្ញប់ឯសមុទ្រ  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ៧៨,២៤)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារនៃស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៨,១-១០)

នៅពេលនោះ បណ្តាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្តងទៀត។ ដោយ​គេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលថា៖«ខ្ញុំ​អាណិតអាសូរបណ្តាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈបីថ្ងៃមកហើយ ហើយគេគ្មានអ្វីបរិភោគសោះ។ ប្រសិនបើខ្ញុំឱ្យគេត្រឡប់ទៅផ្ទះវិញទាំងពោះទទេគេមុខជាអស់កម្លាំងដួលតាមផ្លូវជាមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឱ្យ​គេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖«តើអ្នករាល់គ្នាមាននំប័ុងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ ព្រះអង្គក៏ប្រាប់បណ្តាជនឱ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំប័ុងទាំងប្រាំពីរដុំមកកាន់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័កចែកបណ្តាជន។ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះ​គុណព្រះជាម្ចាស់ រួចប្រាប់ក្រុមសាវ័កឱ្យចែកត្រីទាំងនោះដល់គេ។ គេបានបរិភោគ​ឆ្អែតទាំងអស់គ្នា ហើយប្រមូលនំប័ុង និងត្រីដែលនៅសល់បានប្រាំពីរជាល។ នៅពេល​នោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឱ្យ​វិញត្រឡប់ទៅផ្ទះវិញ។ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយក្រុមសាវ័កឆ្ពោះទៅតំបន់ដាល់ម៉ានូថា។