០៦ កុម្ភៈ ២០២៧

Written on 01/10/2026
Catholic Faith Cambodia

ថ្ងៃសៅរ៍ រដូវធម្មតា 
សប្តាហ៍ទី០៤ ឆ្នាំ«សេស»
ពណ៌ក្រហម

បុណ្យរម្លឹក
សន្តប៉ូល មីគី និងសហជីវិន ជាមរណសាក្សីនៅប្រទេសជប៉ុន

សូមចុចទីនេះ

ថ្ងៃ ៥ កុម្ភៈ ១៥៩៧ នៅក្រុងណាកាសាគី (ប្រទេសជប៉ុន) រដ្ឋអំណាច​ជប៉ុន​ឆ្កាង​សម្លាប់​គ្រីស្ត​បរិស័ទ​ជប៉ុន១៧នាក់ និងគ្រីស្តបរិស័ទបរទេសចំនួន ៩នាក់។ ក្នុងចំណោម​អ្នក​ទាំងនោះ​មាន​លោក​ ប៉ូល​មីគី ជាបព្វជិត មានគ្រូបង្រៀន មានអ្នកបកប្រែភាសា មានគ្រូពេទ្យ ២នាក់ ហើយ​មាន​កូន​ក្មេង​អាយុ១១ និង១៣ ឆ្នាំផង។ ពេលជាប់លើឈើឆ្កាង លោកប៉ូល​មីគី​នៅតែ​ដាស់តឿ​ន​អ្នក​រង​គ្រោះ​ជា​មួយ ហើយប្រៀនប្រដៅអ្នកដទៃឱ្យជឿលើព្រះគ្រីស្ត។ លោកអត់ទោសឱ្យអ្នកដែលប្រហារ​ជីវិតលោកដែរ​។ នៅជាទីបញ្ចប់ ទាហានក៏ចាក់ទម្លុះបេះដូងរបស់ពួកគេ។

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប (១៣,១៥-១៧.២០-២១)

បងប្អូនជាទីស្រឡាញ់!
ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាម​ព្រះអង្គ។ កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងយញ្ញបូជាបែបនេះ។ ចូរទុកចិត្តលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្តាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះជាម្ចាស់។ បើបងប្អូនស្តាប់បង្គាប់លោក លោក​នឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោក​បំពេញមុខងារទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ ព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្តីសុខសាន្ត ទ្រង់បានប្រោសព្រះយេស៊ូជាព្រះអម្ចាស់នៃយើងឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រីស្តជាគង្វាលដ៏ប្រសើរឧ​​ត្តមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មីដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច ដោយសារ​ព្រះលោហិតរបស់ព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានឱ្យបងប្អូនមានសមត្ថភាពនឹង​ប្រព្រឹត្តអំពើល្អគ្រប់យ៉ាងតាមព្រះហប្ញទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសម្រេច​ការអ្វីដែលគាប់ព្រះហប្ញទ័យព្រះអង្គនៅក្នុងយើង តាមរយៈព្រះយេស៊ូគ្រីស្ត។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

១ ឱ! ព្រះអម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ  
  ឱ្យដើរតាមផ្លូវដែលសក្តិសម ភោគផលជិតជុំឥតខ្វះឡើយ ។
២ ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅបានធូរស្បើយ  
  នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានឱ្យកាយមានកម្លាំង ។
៣ ទ្រង់នាំខ្ញុំតាមផ្លូវសុចរិត ល្អល្អះប្រណីតភ្លឺចិញ្ចាំង  
  ព្រះកិត្តិាមល្បីក្លាខ្លាំង គ្មានអ្វីរារាំងព្រះអង្គឡើយ ។
៤ ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ  
  ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ ។
៥ ព្រះអង្គរៀបចំឱ្យបរិភោគ អាហារគរគោកមុខបច្ចា  
  រួចទ្រង់ចាក់ប្រេងលើសិរសា បំពេញកែវស្រាខ្ញុំហៀរហូរ ។
៦ ព្រះអង្គប្រទានសុភមង្គល ហប្ញទ័យខ្វាយខ្វល់ដោយអាសូរ  
  មកទូលបង្គំជាហែរហូរ ឥតមានឈប់ឈរមួយជីវិ ។
  ដរាបណាជីវិតនៅមាន ខ្ញុំរស់សុខសាន្តឥតមានគិត  
  ក្នុងព្រះដំណាក់ល្អប្រណីត ព្រះអង្គម្ចាស់ស្ថិតស្ថេរជានិច្ច ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១០,២៧)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គ​ជាគង្វាលដ៏ពិតប្រាដក! យើងខ្ញុំស្តាប់ព្រះសូរសៀងព្រះអង្គ យើងខ្ញុំដើរតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,៣០-៣៤)

ក្រុមសាវ័កដែលព្រះយេស៊ូចាត់ឱ្យទៅវិលត្រឡប់មកគាល់ព្រះអង្គវិញ​ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្តីទាំងអស់ដែលគេបានបង្រៀន។ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឱ្យព្រះយេស៊ូ និងក្រុមសាវ័ករក​ពេលបរិភោគពុំបាន​សោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ចូរនាំគ្នា​មកកន្លែងស្ងាត់ដាច់ឡែកពីបណ្តាជនសម្រាក់បន្តិចសិន»។ ព្រះយេស៊ូក៏យាងចុះទូកជាមួយក្រុមសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ ប៉ុន្តែ មានមនុស្សជាច្រើន​បានឃើញព្រះយេស៊ូ និងក្រុមសាវ័កចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសាវ័ក​​ ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។​ កាលព្រះយេស៊ូយាងឡើង​ពីទូកមក ទ្រង់​ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគេពន់​ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀប​បីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្តីផ្សេងៗជាច្រើន។