០៤ កុម្ភៈ ២០២៧

Written on 01/10/2026
Catholic Faith Cambodia

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា
សប្តាហ៍ទី០៤ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ១២,១៨-១៩.២១-២៤)

បងប្អូនជាទីស្រឡាញ់!
ពេលបងប្អូនមករកព្រះជាម្ចាស់ បងប្អូនពុំបានចូលមកជិតភ្នំ​មួយដែលអាចពាលបានដូចភ្នំស៊ីណៃឡើយ ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាព​ងងឹតសូន្យសុង ហើយមានខ្យល់ព្យុះនោះ។ បងប្អូនក៏ពុំបានឮស្នូរត្រែ និងឮព្រះសូរ​សៀងដែរ​។ ពេលជនជាតិអ៊ីស្រាអែលឮគេអង្វរសុំកុំឱ្យព្រះអង្គមានព្រះបន្ទូលទៀតព្រោះគេពុំអាចទ្រាំនឹងព្រះបញ្ជានេះបានទេ។ នេះជាអព្ភូតហេតុមួយគួរឱ្យស្ញែងខ្លាចណាស់ បានជាលោកម៉ូសេមានប្រសាសន៍ថា៖ «ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់​ទៀតផង»។ ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ដែលមានទេវទូតរាប់លាន រាប់​កោដិ និងមានព្រះសហគមន៍របស់រៀមច្បងដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ដែលវិនិច្ឆ័យមនុស្ស​ទាំងអស់ និងចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណ៍ បងប្អូនចូល​មកជិតព្រះយេស៊ូដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតព្រះលោហិត​សម្រាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរយ៉ាងប្រសើរជាងលោហិតរបស់លោកអបិលទៅទៀត។

ទំនុកតម្កើងលេខ ៤៨ (៤៧),២-៤.៩-១១ បទព្រហ្មគីតិ

២ ព្រះអម្ចាស់ជាព្រះឧត្តម ប្រសើរសក្តិសមខ្ពស់បំផុត  
  ស៊ីយ៉ូនបុរីតែមួយគត់ ភ្នំដ៏វិសុទ្ធនៃព្រះអង្គ ។
៣ ភ្នំជារបស់ព្រះអម្ចាស់ ល្អប្រណីតណាស់ឥតមានហ្មង  
  ស៊ីយ៉ូនជាកំពូលភពផង មហាក្សត្រទូទាំងភពផែនដី ។
៤ ព្រះម្ចាស់សម្តែងឱ្យដឹងថា ព្រះអង្គគឺជាកំពែងជ័យ  
  រឹងប៉ឹងមាំមួនពន់ពេកក្រៃ នៅក្នុងបុរីនោះប្រាកដ ។
៩ យើងបានឮគេថ្លែងវាចា សព្វអំពីស្នាព្រះហស្តថ្លៃ  
  ឥឡូវឃើញផ្ទាល់ក្នុងបុរី ព្រះអម្ចាស់ថ្លៃលើលោកា ។
១០ បពិត្រព្រះម្ចាស់ដ៏ឧត្តុង រូបខ្ញុំនៅក្នុងព្រះវិហារ  
  ខ្ញុំនឹកពីព្រះទ័យមេត្តា សប្បុរសករុណានៃព្រះអង្គ ។
១១ បពិត្រព្រះជាអម្ចាស់ថ្លៃ ព្រះនាមល្បាញល្បីរបស់ទ្រង់  
  មនុស្សម្នាគ្រប់គ្នាលើកតម្កើង ព្រះនាមព្រះអង្គដល់ទីឆ្ងាយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក (១,១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,៧-១៣)

ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងដប់ពីរនាក់មក រួចទ្រង់ចាត់គេពីរនាក់ៗឱ្យទៅជាលើកទីមួយ ទាំងប្រទានឱ្យគេមានអំណាច​ដេញខ្មោចផង។ ព្រះអង្គផ្តែផ្តាំគេមិនឱ្យយកអ្វីទៅជាមួយក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នក​រាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ​ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្គាប់អ្នករាល់គ្នា ចូរចេញពីកន្លែង​នោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ក្រុមសាវ័កក៏ចេញទៅប្រកាសឱ្យមនុស្សម្នាក់កែប្រែចិត្ដគំនិត។ គេដេញអារក្ស​ជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសគេ​ឱ្យបានជាសះស្បើយ។