០៣ កុម្ភៈ ២០២៧

Written on 30/09/2026
Catholic Faith Cambodia

ថ្ងៃពុធ រដូវធម្មតា 
សប្តាហ៍ទី០៤ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ១២,៤-៧.១១-១៥)

បងប្អូនជាទីស្រឡាញ់!
បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរ​ឈាមទេ តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់​បងប្អូន ដូច​ឪពុកទូន្មានកូនដែរ គឺថា “កូនអើយ! មិនត្រូវធ្វេសប្រហែសនឹងការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្តនៅពេលព្រះអង្គស្តីបន្ទោសដែរ ដ្បិត​ព្រះអម្ចាស់ប្រដៅអ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលទុកជាកូន”។ បងប្អូនស៊ូទ្រាំនឹងការវាយប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ?។ ការវាយប្រដៅតែងតែ​ធ្វើឱ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឱ្យសប្បាយទេ។ ក្រោយមក ទើបការវាយ​ប្រដៅផ្តល់ឱ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្តីសុខសាន្ត និងសេចក្តីសុចរិតទុកជាផល។ ហេតុនេះ “ចូរលើកដៃដែលរោយឡើយ ហើយតម្រង់ជង្គង់ដែលទន់នោះឱ្យរឹងប៉ឹងឡើយដែរ”។ ត្រូវរៀបចំផ្លូវឱ្យបានត្រង់ដើម្បីឱ្យស្រួលដើរ កុំឱ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺឱ្យគេបានជាវិញប្រសើរជាង”។
ចូរខិតខំឱ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឱ្យបានវិសុទ្ធទៀតផង បើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែងកុំឱ្យបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ មិនត្រូវទុកឱ្យការអាស្រូវចាក់ប្ញសដុះឡើងបណ្តាលឱ្យកើតរឿងរ៉ាវ ហើយបំពុលចិត្តគំនិតបងប្អូនជាច្រើននោះឡើយ។

ទំនុកតម្កើងលេខ ១០៣ (១០២),១-២.១៣-១៤.១៧-១៨ បទកាកគតិ

១ ខ្ញុំសូមសរសើរ ព្រះគ្មានអ្វីស្មើ អស់ពីដួងចិត្ត
  ខ្ញុំសូមតម្កើង នាមដ៏វិសុទ្ធ ព្រះដ៏មានប្ញទ្ធិ
    ផុតលើលោកា ។
២ ខ្ញុំសូមតម្កើង សរសើរលើកឡើង អស់ពីចិន្តា
  ខ្ញុំសូមរំលឹក ព្រះហស្តអស្ចារ្យ សប្បុរសករុណា
    មិនបំភ្លេចឡើយ ។
៣ ព្រះអង្គអត់ទោស នូវរាល់កំហុស ដែលមានមកហើយ
  ខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសឱ្យ ខ្ញុំបានធូរស្បើយ
    ផុតរោគសោកសៅ ។
១៣ ឪពុកអាណិត ថ្នាក់ថ្នមផ្តេកផ្តិត កូនមានាទាំងអស់
  ព្រះក៏មេត្តា អាសូរស្រណោះ ដល់អ្នកដែលស្មោះ
    គោរពរាល់ថ្ងៃ ។
១៤ ព្រះអង្គជ្រាបថា មនុស្សយើងនេះណា កើតមកពីអ្វី
  ព្រះអង្គមិនភ្លេច យើងទាំងប្រុសស្រី គឺកើតពីដី
    ដែលសូនមកទេ ។
១៧ តែព្រះហប្ញទ័យ ករុណាប្រណី ព្រះអង្គមិនភ្លេច
  មេត្តាដល់អ្នក កោតខ្លាចជានិច្ច មិនដែលកែគេច
    ដរាបរៀងទៅ ។
១៨ ប្រសិនគេកាន់ ជាប់តាមសម្ព័ន្ធ មិនមានអាស្រូវ
  ទាំងប្រតិបត្តិតាម បញ្ជាជាផ្លូវ ព្រះល្អពេកកូវ
    ឥតភ្លេចសោះនោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ (យហ ១០,២៧)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គ​ជាគង្វាលដ៏ពិតប្រាកដ! យើងខ្ញុំស្តាប់ព្រះសូរសៀងព្រះអង្គ យើងខ្ញុំដើរតាមព្រះអង្គ​។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,១-៦)

ព្រះយេស៊ូយាងទៅភូមិស្រុករបស់ព្រះអង្គ។ ក្រុមសាវ័កក៏ទៅតាមព្រះអង្គដែរ។ លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលា។ មនុស្សជាច្រើនដែលបានស្តាប់ព្រះអង្គងឿងឆ្ងល់ក្រៃលែង។ គេនិយាយថា៖ «តើគាត់ដឹងសេចក្តី​ទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែល​គាត់បានធ្វើនេះកើតឡើយដោយវិធីណា?។ តើអ្នកនេះមិនមែនជាជាងឈើ ជាកូន​នាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬអី? បងប្អូនស្រីរបស់​គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយ បានជា​គេមិនអាចជឿព្រះអង្គបានឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា​គេមើលងាយព្យាការីតែក្នុងស្រុកកំណើតក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោក​ប៉ុណ្ណោះ»។ នៅទីនោះ ព្រះយេស៊ូពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់​ព្រះហស្តលើអ្នកជំងឺខ្លះដើម្បីប្រោសគេឱ្យបានជាប៉ុណ្ណោះ។ ព្រះអង្គនឹកឆ្ងល់ដោយឃើញគេគ្មានជំនឿបែបនេះ។