២៩ មករា​ ២០២៦

Written on 19/09/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី០៣ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (២​សម ៧,១៨-១៩.២៤-២៩)

ព្យាការីណាថានទូលព្រះបាទដាវីឌនូវព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពេល​នោះ ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិតព្រះជាអម្ចាស់! តើទូលបង្គំ និងគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឱ្យទូលបង្គំ​ទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?។ ប៉ុន្តែ ព្រះអង្គឈ្វេងយល់ថា ការនេះតិចតួចទេ​​បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀប​ដែលព្រះអង្គប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ!។ បពិត្រព្រះអម្ចាស់! ព្រះអង្គបាន​ពង្រឹងជនជាតិអ៊ីស្រាអែល ដើម្បីឱ្យគេធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គ រហូតតរៀងទៅព្រះអង្គក៏ធ្វើជាព្រះរបស់គេទៀត។ បពិត្រព្រះជាអម្ចាស់! ឥឡូវនេះ សូមឱ្យព្រះ​បន្ទូលដែលព្រះអង្គសន្យាចំពោះទូលបង្គំនិងកូនចៅទូលបង្គំ បាននៅស្ថិតស្ថេររហូត​តរៀងទៅ សូមទ្រង់សម្រេចតាមព្រះបន្ទូលនេះផង!។ សូមឱ្យព្រះនាមរបស់ព្រះអង្គ​រុងរឿងឧត្តុងឧត្តមជានិច្ច សូមឱ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល”។ សូមប្រោសប្រទានឱ្យពូជពង្សរបស់ទូលបង្គំបាននៅស្ថិតស្ថេររហូតរៀងទៅផង។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់​ជនជាតិអ៊ីស្រាអែល! ព្រះអង្គបានប្រោសឱ្យទូលបង្គំដឹងអំពីគម្រោងការដែលព្រះអង្គសព្វព្រះហប្ញទ័យនឹងតែងតាំងពូជពង្សរបស់ទូលបង្គំ ឱ្យឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយ បានជាទូលបង្គំមានចិត្តក្លាហានទូលអង្វរដូចតទៅ៖ បពិត្រព្រះជា​អម្ចាស់! មានតែព្រះអង្គទេជាព្រះជាម្ចាស់ សេចក្តីទាំងប៉ុន្មានដែលព្រះអង្គមានព្រះបន្ទូល សុទ្ធតែពិត! ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូសន្យាប្រទានសុភមង្គលមក​ទូលបង្គំ។ ដូច្នេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឱ្យគេបាន​ស្ថិតស្ថេរ នៅចំពោះព្រះភក្រ្តរបស់ព្រះអង្គតរៀងទៅ។ ឱព្រះជាអម្ចាស់អើយ! សូម​ប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! នោះ​ពួកគេនឹងទទួលព្រះពរអស់កល្បជានិច្ច»។

ទំនុកតម្កើងលេខ ១៣២ (១៣១),១-៥.១១-១៤ បទព្រហ្មគតិ

១. ឱ! ព្រះអម្ចាស់អើយ កុំកន្តើយសូមនឹកដល់  
  ដាវីឌសែនខ្វាយខ្វល់ នឿយហត់ជ្រុលគ្រប់កិច្ចការ
២. ព្រះរាជាបានស្បថ ជាកំណត់ទ្រង់សន្យា  
  ព្រះដ៏មានចេស្តា នៃលោកយ៉ាកុបគ្រប់គ្នា
៣. ថាខ្ញុំមិនចូលជ្រក ក្នុងជំរកព្រះពន្លា  
  មិនព្រមចូលនិន្រ្ទា លើគ្រែគ្រានេះឡើយណា
៤. ខ្ញុំមិនព្រមបិទភ្នែក មិនព្រមដេកលង់នេត្រា  
  ដរាបខ្ញុំនេះណា ចាត់ចែងការថ្វាយមិនបាន
៥. គឺព្រះតំណាក់ជ័យ ថ្វាយក្សត្រថ្លៃខ្លាំងក្លាហាន  
  ព្រះយ៉ាកុបថ្កើងថ្កាន បើមិនបានខ្ញុំសោកា
១១. ព្រះអង្គបានសន្យា នឹងស្តេចដាវីឌល្អឯក  
  យើងនឹងតែងតាំងពូជ ឱ្យគ្រងរាជ្យជាបន្ត
១២. ប្រសិនបើបុត្រអ្នក កាន់បានជាក់សម្ព័ន្ធល្អ  
  មេត្រីយើងតៗ គ្រប់តំណយើងប្រដៅ
  នោះពូជគេនឹងបាន ល្អថ្កើងថ្កានមិនអាស្រូវ  
  ឡើងគ្រងរាជ្យតទៅ តកូនចៅឥតស្រាកស្រាន្ត
១៣. ព្រះអម្ចាស់បានជ្រើស ពិនិត្យរើសក្រុងថ្កើងថ្កាន  
  ជាទីល្អចំណាន ស៊ីយ៉ូនបានជាលំនៅ
១៤. យើងនឹងស្នាក់សម្រាក មួយរយៈមិនចេញទៅ  
  ចង់រស់ស្នាក់និត្យនៅ មិនចេញទៅកន្លែងណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១១៨,១០៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់​ពិតជាពន្លឺបំភ្លឺត្រចង់ ជីវិតផូរផង់ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៤,២១-២៥)

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«គេមិនដែលអុជចង្កៀង ហើយ​​យកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែងឡើយ។ គេតែងយកចង្កៀងទៅដាក់​លើជើងចង្កៀងវិញ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌​កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញច្បាស់ដែរ។ អ្នកណាឮពាក្យនេះសូម​យកទៅពិចារណាចុះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្តីដែលអ្នករាល់គ្នាស្តាប់នេះឱ្យមែនទែន! ព្រះជាម្ចាស់នឹងវាល់ឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ​ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នា ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឱ្យថែមទៀត តែអ្នកណាដែល​គ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។