២៧ មករា ២០២៦

Written on 21/09/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី០៣ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (២​សម ៦,១២-១៥.១៧-១៩)

ព្រះបាទដាវីឌយាងទៅផ្ទះលោកអូបេដ-អេដុម ដើម្បីនាំយកហិបបៃសម្ពន្ធមេត្រី ចូល​មកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។ នៅពេលពួកអ្នកសែងហិបរបស់ព្រះអម្ចាស់ដើរបានប្រាំមួយជំហាន ព្រះបាទដាវីឌយកគោឈ្មោលមួយនិងកូនគោធាត់មួយមកថ្វាយជាយញ្ញបូជា។ បន្ទាប់មក ព្រះអង្គក៏រាំលោតកញ្ឆេង​​ថ្វាយព្រះអម្ចាស់យ៉ាងអស់ពីកម្លាំងកាយ ដោយប៉ឹងតែក្រណាត់ព្រែ ដូចសម្លៀកបំពាក់​បូជាចារ្យ។ ព្រះបាទដាវីឌនិងប្រជាជនអ៊ីស្រាអែលទាំងមូល ដង្ហែហិបរបស់ព្រះអម្ចាស់ឡើយមកក្រុងយេរូសាឡឹម ក្រោមសំឡេងជ័យឃោស និងសំឡេងត្រែយ៉ាងរំពង។ កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅក្នុងព្រះពន្លាដែលព្រះបាទដាវីឌបានបម្រុងទុក។ បន្ទាប់មក ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជា​មេត្រីភាព។ លុះបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពរួចហើយ​ព្រះបាទដាវីឌក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់នៃពិភពលោកទាំងមូល។ ព្រះបាទដាវីឌប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុសទាំងស្រី​គឺម្នាក់ៗទទួលបាននំប័ុងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

ទំនុកតម្កើងលេខ ២៤ (២៣),៧-១០ បទពាក្យ ៧

 
៧. ឱទ្វារទាំងឡាយចូរកក្រើក ចូរអ្នកខំបើកកុំឈរឈប់  
  ចូរបើកចំហទាំងថ្ងៃយប់ មហាក្សត្រជាម្លប់យាងចូលមក
៨. តើព្រះមហាក្សត្រជានរណា រុងរឿងថ្លៃថ្លាជាជំរក  
  គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមក មានជ័យមានជោគលើពិភព
៩. ឱទ្វារទាំងឡាយចូរកក្រើក ចូរអ្នកខំបើកកុំឈរឈប់  
  ចូរបើកចំហទាំងថ្ងៃយប់ មហាក្សត្រជាម្លប់យាងចូលមក
១០. តើព្រះមហាក្សត្រជានរណា រុងរឿងថ្លៃថ្លាជាជំរក  
  គឺទ្រង់ជាម្ចាស់ពិភពលោក ពីដើមរៀងមកលុះឥឡូវ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​​តាម (មថ ១១,២៣)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់ដែលជាព្រះបិតាយើងខ្ញុំ និង​ជាព្រះអម្ចាស់នៃពិភព! យើងខ្ញុំសូមសសើរតម្តើងព្រះអង្គ ព្រោះទ្រង់បាន​​សម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យ ឱ្យអ្នកតូចតាចស្គាល់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៣,៣១-៣៥)

ពេលនោះ ព្រះយេស៊ូគង់នៅក្នុងផ្ទះ។ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ឈរនៅខាងក្រៅ ហើយចាត់គេឱ្យចូលមកហៅព្រះអង្គ។ បណ្តាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ! ម្តាយ និងបងប្អូនលោកនៅខាងក្រៅ​មករកលោក!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្តាយខ្ញុំ? នរណាជា​បងប្អូនខ្ញុំ?»។ ព្រះអង្គក៏ទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូល​ថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនខ្ញុំ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហប្ញទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយខ្ញុំ»។