១៥ មករា ២០២៦

Written on 03/10/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី០១ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ៤,១-១១)

ថ្ងៃមួយ ជនជាតិអ៊ីស្រាអែលចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេ​​បោះទ័ពនៅជិតអេបេនអេស៊ែរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។ ជនជាតិភីលីស្ទីន​បានតម្រៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនធ្វើឱ្យជនជាតិអ៊ីស្រាអែលបរាជ័យ ព្រមទាំងសម្លាប់ទាហានអ៊ីស្រាអែលនៅ​លើសមរភូមិអស់ប្រហែលបួនពាន់នាក់។ ប្រជាជនអ៊ីស្រាអែលបាក់ទ័ពវិលត្រ​ឡប់​មកស្រុកវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖«ហេតុអ្វីបានជាថ្ងៃនេះព្រះអម្ចាស់បណ្តោយឱ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃ​សម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ យកមកជាមួយពួកយើង ដើម្បីឱ្យហិបនេះជួយសង្គ្រោះពួកយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។ គេក៏ចាត់មនុស្សឱ្យទៅស៊ីឡូ ហើយ​នាំយកហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់នៃពីភពទាំងមូល ជាព្រះដែលគង់នៅលើពួក​​ខេរូប៊ីន។ កូនប្រុសទាំងពីររបស់លោកហេលី គឺហូបនី និងភីនេអាស បាននាំមកជាមួយ​ហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ដែរ។ ពេលគេនាំហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះ​អម្ចាស់មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រាអែលទាំងមូលស្រែកជ័យឃោសយ៉ាងខ្លាំងរហូតដល់ធ្វើឱ្យខ្ទរផែនដី។ កាលពួកភីលីស្ទីនឮសម្រែកជ័យឃោសយ៉ាងខ្លាំងនេះ​គេពោលថា៖ «តើមានរឿងអ្វី បានជាពួកហេប្រឺស្រែកហ៊ោកញ្រ្ជៀវនៅក្នុងជំរុំខ្លាំង​ម្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថា ហិបរបស់ព្រះអម្ចាស់បានមកដល់ជំរំហើយ ។ ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេយាងមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុ​ការណ៍​ដូច្នេះទេ។ យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយ ដែលបានវាយជនជាតិអេស៊ីបឱ្យរងទុក្ខវេទនាគ្រប់បែបយ៉ាងនៅវាលរហោស្ថាន។ ភីលីស្ទីនអើយ! ចូរមានកម្លាំង និងមានចិត្ដ​អង់អាចឡើង ដើម្បីកុំឱ្យធ្លាក់ខ្លួនទៅជាទាសកររបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាទាសកររបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!។ ពួក​ភីលីស្ទីនក៏ចូលប្រយុទ្ធ ធ្វើឱ្យជនជាតិអ៊ីស្រាអែលចាញ់ បាក់ទ័ពរត់ទៅជំរុំរបស់គេ​រៀងៗខ្លួន ។ នៅ​ពេលនោះ អ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺកងពលថ្មើរជើងរបស់គេ​ស្លាប់អស់បីម៉ឺននាក់។ ហិបរបស់ព្រះជាម្ចាស់ត្រូវខ្មាំងដណ្តើមយកបាន ហើយកូនប្រុស​​ទាំងពីរបស់លោកហេលីក៏បាត់បង់ជីវិតដែរ។

ទំនុកតម្កើងលេខ ៤៤ (៤៣),១០-១១.១៤-១៥.២៤-២៥ បទកាកគតិ

 
១០. តែឥឡូវនេះ ព្រះអង្គបានលះ ចោលខ្ញុំសូន្យបង់
  មិនយាងជាមួយ មិនជួយតម្រង់ មិននាំទ័ពផង
    ឱ្យខ្ញុំបាក់មុខ ។
១១. ព្រះអង្គធ្វើឱ្យ ខ្ញុំដកទ័ពថយ នៅមិនបានសុខ
  មុខបច្ចាសមិត្ត ដែលបានសម្រុក ប្រមូលទ្រព្យទុក
    ធ្វើជាជយភណ្ឌ ។
១៤. ព្រះអង្គបណ្តោយ ប្រទេសមុខក្រោយ ជិតខាងជុំវិញ
  មើលងាយយើងខ្ញុំ ចំអកជ្រក់ជ្រេញ ខ្ញុំសែនទោម្នេញ
    ដោយក្តីអាម៉ាស់ ។
១៥. ព្រះអង្គធ្វើឱ្យ ប្រជាជិតឆ្ងាយ យករឿងខ្ញុំនេះ
  ជាល្បែងលេងសើច ចំអកដៀលត្មះ ឱ្យពួកទាំងនេះ
    មើលងាយយើងខ្ញុំ ។
២៤. ឱព្រះម្ចាស់អើយ កុំបង្អង់ឡើយ សូមប្រែកាយា
  ម្តេចក៏ព្រះអង្គ ផ្ទំលក់ច្នេះណា កុំដាច់មេត្តា
    ខ្ញុំរហូតឡើយ ។
២៥. ហេតុអ្វីព្រះអង្គ បែរភ័ក្រ្តចេញវឹង គ្មានស្រណោះស្តាយ
  ធ្វើដូចមិនស្គាល់ បំភ្លេចព្រងើយ ខ្ញុំវេទនាហើយ
    ត្រូវគេជិះជាន់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,២៣)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជា​រាស្រ្តរបស់ព្រះអង្គ ឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១,៤០-៤៥)

មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមានបំណង លោកអាចប្រោសខ្ញុំប្របាទឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូមានព្រះហប្ញទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ត​ទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖«ខ្ញុំចង់! ចូរឱ្យអ្នកបានជាស្អាតបរិសុទ្ធចុះ!»។ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឱ្យចេញ​ទៅភ្លាម ទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្នឱ្យមែនទែន! កុំនិយាយហេតុ​ការណ៍នេះប្រាប់នរណាឱ្យដឹងឮឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនឱ្យលោក​បូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជា​សក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយ»។ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឱ្យគេដឹង។ ហេតុនេះយើងបានជាព្រះយេស៊ូមិនអាច​យាងចូលទីក្រុងដូចពីមុនបានទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកគាល់ព្រះអង្គ ។