១៣ មករា ២០២៦

Written on 05/10/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា ​អាទិត្យទី០១ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ១,៩-២០)

មានមួយថ្ងៃ ក្រោយថ្វាយសក្ការបូជារួចហើយ នាងហាណ្ណាក្រោកឡើងចូលទៅព្រះវិហារនៅស៊ីឡូ។ ពេលនោះ លោកបូជាចារ្យហេលីអង្គុយនៅមាត់ទ្វារព្រះវិហារនៃ ព្រះអម្ចាស់។ នាងតូចចិត្តជាខ្លាំង ហើយអង្វរព្រះអម្ចាស់ទាំងយំហូរទឹកភ្នែករហាម។ នាងទូលអង្វរព្រះអង្គដោយសច្ចាថា៖ «ឱ!ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូម ទតមកខ្ញុំម្ចាស់ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ កុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឱ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះ​មកថ្វាយព្រះអង្គ ដើម្បីឱ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយខ្ញុំម្ចាស់នឹងមិនកោរ ឬ​កាត់សក់ឱ្យវាឡើយ» ។ នាងហាណ្ណាអធិដ្ឋានយ៉ាងយូរនៅចំពោះព្រះអម្ចាស់។ ពេលនោះលោកហេលីក៏​សង្កេតមើលមាត់របស់នាង។ នាងអធិដ្ឋានស្ងាត់ៗ ឃើញតែបបូរមាត់កម្រើកតិចៗ​ឥតមានឮសូរសំឡេងទេ។ ដូច្នេះ លោកហេលីនឹកស្មានថា នាងស្រវឹងស្រា។ លោកក៏​ពោលទៅនាងថា៖«តើនាងនៅស្រវឹងដល់អង្កាល់ទៀត? ល្មមស្វាងហើយ!»។ នាង​​ហាណ្ណាឆ្លើយ​តបថា ៖«ទេ! លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទាន​​ស្រា ឬគ្រឿងស្រវឹងណាទេ។ ខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាង​ខ្ញុំ។ សូមកុំចាត់ទុកនាងខ្ញុំថា ជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាង​យូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់ និងមានទុក្ខកង្វល់ហួសប្រមាណ»។ លោកហេលីមាន​ប្រសាសន៍ទៅកាន់នាងថា៖ «សុំអញ្ជើញទៅឱ្យបានសុខសាន្ត សូមព្រះនៃជនជាតិ​​អ៊ីស្រាអែលប្រោសប្រទានឱ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។ នាងហាណ្ណា​​ឆ្លើយ​ថា៖«សូមឱ្យនាងខ្ញុំបានទទួលសេចក្តីមេត្តាករុណាពីលោកម្ចាស់ផង!»។ បន្ទា​ប់​មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់​ឡើងវិញ ។ លោកអែលកាណា និងគ្រួសារគាត់បានក្រោកពីព្រលឹមថ្វាយបង្គំព្រះអម្ចាស់ រួច​នាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាង​ហាណ្ណា​ជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។ នៅឆ្នាំនោះ នាងហាណ្ណាមានផ្ទៃ​ ហើយ​សម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្នោះថា «សាមូអែល» ឈ្មោះនេះ​មាន ន័យថា “ព្រះជាម្ចាស់ប្រោសប្រទានតាមពាក្យសុំ” ដ្បិតនាងពោលថា៖ «ខ្ញុំបានទូល​​​សុំកូននេះពីព្រះអម្ចាស់»។

ទំនុកតម្កើងរបស់នាងហាណ្ណា ១ សម ២,១.៤-៨ បទកាកគតិ

 
១. ព្រះជាម្ចាស់ប្រទាន ចិត្តខ្ញុំអោយមាន អំណរសប្បាយ
  ព្រោះព្រះអង្គលើក ខ្ញុំខ្ពស់ពេកក្រៃ ខ្ញុំអាចនិយាយ
    តទល់ពួកខ្មាំង​
៤. អ្នកខ្លាំងពូកែ ព្រះអង្គបំបែរ បំបាក់ទាំងអស់
  បំផ្លាញទាំងធ្នូ តែទ្រង់សន្តោស ប្រទានដល់មនុស្ស
    កម្លាំងទន់ខ្សោយ
៥. ពួកអ្នកដែលមាន អាហារគ្រប់គ្រាន់ ឥឡូវគេធ្លោយ
  ធ្លាក់ខ្លួនទេទនា ខ្វះខាតមុខក្រោយ គ្មានអ្វីនឹងឱ្យ
    ចំអែតក្រពះ
  ឯអ្នកធ្លាប់ឃ្លាន បែរទោជាមាន អាហារមិនខ្វះ
  គេបរិភោគឆ្អែត បរិបូណ៍ពេញពាស មានច្រើនដេរដាស
    លែងមុខស្រពោន
  មិនតែប៉ុណ្ណោះ ព្រះអង្គសន្តោស ស្រីអារគ្មានកូន
  មិនឱ្យដាច់ពូជ វិនាសសាបសូន្យ អាចសំរាលកូន
    បានប្រាំពីរដង
៦. ជីវិតមនុស្ស ត្រូវស្លាប់រស់ ស្រេចលើព្រះអង្គ
  គេត្រូវធ្លាក់ទៅ ស្ថានមនុស្សស្លាប់ផង ឬក៏បានឡើង
    លើទ្រង់ចាត់ចែង
៧. មនុស្សយើងមានក្រ អាក្រក់ឬល្អ មិនមែនខ្លួន​ឯង
  ព្រះម្ចាស់បន្ទាប ឬក៏លើកឡើង ព្រះអង្គចាត់ចែង
    តាមព្រះហប្ញទ័យ
៨. ទ្រង់លើមនុស្ស ទុគ៌តស្រីប្រុស ពីធូលីដី
  ដកអ្នកកំសត់ វេទនាក្រក្រី នោះគឺដើម្បី
    ឱ្យស្មើអ្នកធំ
  ឱ្យបានគ្រងរាជ្យ ពេញដោយអំណាច រុងរឿងឧត្តម
  ដ្បិតព្រះអម្ចាស់ តាំងគ្រឹះរឹងមាំ ផែនដីដ៏ធំ
    មិនរលំឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១ថល ២,១៣)

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចាត់ទុកជាពាក្យសម្តីរបស់មនុស្សទេ គឺទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១,២១-២៨)

ព្រះយេស៊ូយាងចូលក្រុងកាផានុមជាមួយក្រុមសាវ័ក។ នៅថ្ងៃសប្ប័ទព្រះយេស៊ូ​យាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនអ្នកស្រុក។ អ្នកដែលបានស្តាប់ព្រះអង្គ​ងឿង​ឆ្ងល់យ៉ាងខ្លាំង អំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកប​ដោយអំណាច ខុសប្លែកពីពួកធម្មាចារ្យ។ នៅពេលនោះ ក្នុងធម្មាសាលាមាន​បុរស ម្នាក់ខ្មោចចូល ស្រែកឡើងថា៖«ព្រះ​យេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើ​ព្រះអង្គចង់ធ្វើអ្វីដល់យើង? ព្រះអង្គមកបំផ្លាញយើង!? ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ ខ្មោចក៏ធ្វើឱ្យអ្នកនោះដួលប្រកាច់ប្រកិន ហើយ​វាចេញ​ទៅទាំងស្រែកយ៉ាងខ្លាំងផង។ មនុស្សទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖«ម្តេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកប​ដោយអំណាច​។ លោកបញ្ជាទៅខ្មោច ហើយខ្មោចក៏ស្តាប់បង្កាប់លោក»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់ស្រុកកាលីឡេ។