១២ មករា ២០២៦

Written on 06/10/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី០១ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ១,១-៨)

មានបុរសម្នាក់ឈ្មោះអែលកាណា រស់នៅភូមិរ៉ាម៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណ្ណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណា មានកូនច្រើន រីឯនាងហាណ្ណាវិញ នាងគ្មានកូនទេ។ រៀងរាល់ឆ្នាំ លោកអែលកាណា​តែងតែធ្វើដំណើរទៅភូមិស៊ីឡូ ទៅថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល និងថ្វាយយញ្ញបូជាទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកហេលី គឺលោកហូបនី និងលោកភីនេអាស ធ្វើជាបូជាចារ្យរបស់ព្រះអម្ចាស់នៅភូមិស៊ីឡូ។ នៅថ្ងៃថ្វាយ​​យញ្ញបូជា លោកអែល កាណាមានទម្លាប់យកសាច់មួយចំណែកឱ្យទៅនាងពេនីណាជាប្រពន្ធ ព្រមទាំងកូនប្រុសស្រីរបស់នាង។ ប៉ុន្ដែ ចំពោះនាងហាណ្ណាវិញ គាត់ឱ្យមួយ​​ទ្វេជាពីរ ព្រោះគាត់ស្រឡាញ់នាងច្រើនជាង ទោះបីព្រះអម្ចាស់បានធ្វើឱ្យនាងទៅជា​ស្រ្ដី​អារក៏ដោយ។ នាងពេនីណាតែងតែរុកគួនបញ្ឃឺចិត្ដនាងហាណ្ណា ក្នុងគោលបំណង​ឱ្យ​នាងខឹងនឹងព្រះអម្ចាស់ដែលបានធ្វើឱ្យនាងទៅជាស្រ្ដីអារ។ នាងពេនីណាធ្វើបែប​នេះ​ជារៀងរាល់ឆ្នាំ គឺនៅពេលដែលនាងហាណ្ណាឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់​នៅស៊ីឡូម នាងពេនីណាតែងតែរុកគួននាងជានិច្ច។ នាងហាណ្ណាក៏អង្គុយយំ ហើយ​មិន​​ព្រមបរិភោគអ្វីសោះ។ ពេលនោះ លោកអែលកាណាជាប្ដីក៏សួរទៅនាងថា៖«ហាណ្ណា​​អើយ! ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជា​​នាងព្រួយចិត្ដ? ឬមួយខ្ញុំគ្មានតម្លៃស្មើនឹងកូនដប់នាក់ទេឬ?»។

ទំនុកតម្កើងលេខ ១១៦ (១១៥), ១២-១៤.១៧-១៩ បទព្រហ្មគិតិ

១២. ព្រះគុណព្រះអង្គថ្លៃ ទោះយកអ្វីក៏មិនបាន  
  ប្រសើរឱ្យស្មើបាន ត្រូវតបស្នងឱ្យសមរម្យ
១៣. គឺខ្ញុំត្រូវលើកពែង ទាំងសម្ដែងនាមឧត្ដម  
  ព្រះអង្គរំដោះខ្ញុំ ដោយស្រែករកព្រះជាម្ចាស់
១៤. ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយក្រាបសំពះ  
  លាបំណន់ពីព្រះ នៅចំពោះមុខប្រជា
១៧. ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយគួរគាប់  
  អង្វររកនាមជាប់ នាមព្រះអង្គខ្ពស់ពេកពន់
១៨. ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់  
  នៅមុខប្រជាជន ដែលជារាស្រ្តនៃព្រះអង្គ
១៩. គឺនៅក្នុងទីធ្លា ព្រះវិហារស្រស់បំព្រង  
  ស្ថិតនៅកណ្តាលក្រុង សូមសរសើរតម្កើងព្រះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មក ១,១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់​មក​ជិតបង្កើយហើយ!​ ចូរនាំគ្នាជឿដំណឹងល្អចុះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១,១៤-២០)

ក្រោយពេលគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុក​​កាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា ៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ ក៏មកជិតបង្កើយដែរ។ ចូរ​​នាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រ​​កាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអន់ដ្រេជាប្អូនរបស់គាត់កំពុងតែបង់​សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ កាលព្រះយេស៊ូ​​យាងទៅ​មុខបន្តិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនកំពុងតែ​រៀបចំ​អួននៅ​ក្នុងទូកមួយ។ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះអង្គត្រាស់ហៅ​អ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឱ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។